បញ្ហាប្រាសាទព្រះវិហារ មិនត្រូវបានលើកឡើងនៅក្នុងជំនួបរដ្ឋមន្ត្រីការបរទេសកម្ពុជា-ថៃ
រដ្ឋមន្ត្រីការបរទេសកម្ពុជា-ថៃ បានជួបពិភាក្សាគ្នានៅថ្ងៃនេះ ដោយបានផ្តោតជាសំខាន់ទៅលើ ការពង្រឹងកិច្ចសហប្រតិបត្តិការ និងទំនាក់ទំនងល្អរវាងប្រទេសទាំងពីរ ក៏ប៉ុន្តែបញ្ហាប្រាសាទព្រះវិហារមិនត្រូវបានលើកឡើងនោះទេ។
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០២:៤៤
ជំនួបរវាងរដ្ឋមន្ត្រីការបរទេសកម្ពុជា-ថៃ បានធ្វើឡើងនៅឯទីស្តីការក្រសួងការបរទេសកម្ពុជា នៅព្រឹកថ្ងៃទី៣០តុលានេះ ដោយភាគីកម្ពុជាដឹកនាំដោយលោកឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង រដ្ឋមន្ត្រីការបរទេស និងសមភាគីថៃ ដឹកនាំដោយលោក ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីការបរទេសថៃ ថាណៈសាក់ ប៉ាទិម៉ាប្រាកន (Tanasak PATIMAPRAGORN) ។
នៅក្នុងជំនួបរយៈពេលជិត២ម៉ោងនេះ ភាគីទាំងពីរ មិនបានលើកឡើងពីបញ្ហាប្រាសាទព្រះវិហារ និងបញ្ហាការអនុវត្តសាលដីការរបស់តុលាការក្រុងឡាអេនោះទេ។ នេះបើតាមការបញ្ជាក់ពីលោក កុយ គួង អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា។ បញ្ហាប្រាសាទព្រះវិហារ និងការអនុវត្តសាលដីការបស់តុលាកាក្រុងឡាអេ ត្រូវបានជាប់គាំង ចាប់តាំងពីប្រទេសថៃបានធ្លាក់ទៅក្នុងជម្លោះផ្ទៃក្នុង រហូតដល់មានការធ្វើរដ្ឋប្រហារយោធាទម្លាក់រដ្ឋាភិបាលស្របច្បាប់របស់លោកស្រី យីងឡាក់ស៊ីណាវ៉ាត់ត្រា នាពេលកន្លងមក។
ពាក់ព័ន្ធនឹងប្រាសាទព្រះវិហារនេះដែរ លោក កុយ គួង បានបញ្ជាក់ថា កម្ពុជាទំនងជាមិនបើកច្រកព្រំដែនត្រង់នេះឡើងវិញទេ ពីព្រោះថា កម្ពុជាមិនចាំបាច់ឲ្យភ្ញៀវទេសចរណ៍បរទេសឆ្លងកាត់ប្រទេសថៃមកទស្សនាប្រាសាទព្រះវិហារទៀតនោះទេ ព្រោះកម្ពុជាក៏មានផ្លូវឡើងទៅភ្នំប្រាសាទព្រះវិហារនេះដែរ។
ទោះជាបញ្ហាប្រាសាទព្រះវិហារមិនត្រូវបានលើកឡើងនៅក្នុងជំនួបថ្នាក់រដ្ឋមន្ត្រីការបរទេសនេះក្តី ប៉ុន្តែយ៉ាងហោចណាស់ ភាគីទាំងពីរបានព្រមព្រៀងគ្នាថា នឹងបន្តបើកកិច្ចប្រជុំគណៈកម្មការចម្រុះព្រំដែនគោក (JBC) នៅដើមឆ្នាំ២០១៥ខាងមុខនេះឡើងវិញ រួមទាំងកិច្ចប្រជុំចំនួន២ទៀត ដែលត្រូវធ្វើនៅដើមឆ្នាំ២០១៥ខាងមុខនេះ។
ក្រៅពីនេះ ភាគីទាំងពីរក៏បានពិភាក្សាគ្នាផងដែរ លើការជំរុញឲ្យបន្តបើកច្រកព្រំដែនចំនួន៤ទៀត គឺច្រកអានសេះស្ថិតក្នុងខេត្តព្រះវិហារឈមខេត្តអ៊ូប៊ុនថានី ប្រទេសថៃ, ច្រកថ្មដា ខេត្តពោធិសាត់ ឈមខេត្តត្រាតប្រទេសថៃ, ច្រកភ្នំដីខេត្តបាត់ដំបងឈមខេត្តស្រះកែវប្រទេសថៃ និងច្រកជប់គគី ឧត្តរមានជ័យ ឈមខេត្តបូរីរ៉ាំ ប្រទេសថៃ ដែលធ្វើឲ្យច្រកព្រំដែនអន្តរជាតិរវាងប្រទេសទាំងពីរកើនដល់ចំនួន១០។
ភាគីទាំងពីរក៏បានពិភាក្សាផងដែរ ពីបញ្ហាពលករខ្មែរខុសច្បាប់ បញ្ហាពលរដ្ឋកម្ពុជាឆ្លងដែនទៅកាប់ឈើនៅប្រទេសថៃ បញ្ហាការលក់កសិផលខ្មែរនៅតាមព្រំដែន បញ្ហាការបង្កើតតំបន់សេដ្ឋកិច្ចពិសេសនៅខេត្តត្រាត និងខេត្តស្រះកែវ ជាប់ខេត្តបន្ទាយមានជ័យជាដើម។ ជាងនេះទៅទៀត ភាគីទាំងពីរក៏បានសម្រេចបង្កើតប្រព័ន្ធទូរស័ព្ទ Hotline មួយនៅក្នុងកម្រិតថ្នាក់រដ្ឋមន្ត្រីនិងរដ្ឋមន្ត្រី, ថ្នាក់រដ្ឋលេខាធិការនិងរដ្ឋលេខាទៅតាមជំនាញ ប្រសិនបើមានរឿងបន្ទាន់ណាមួយ។
សូមបញ្ជាក់ថា ជំនួបរវាងរដ្ឋមន្ត្រីការបរទេសកម្ពុជា-ថៃនេះ បានធ្វើឡើង ស្របពេលដែលនាយករដ្ឋមន្ត្រីថៃ លោក ប្រាយុទ្ធ ច័ន្ទអូចា បានមកបំពេញទស្សនកិច្ច រយៈពេលពីរថ្ងៃនៅកម្ពុជា ចាប់ពី ថ្ងៃទី៣០-៣១ខែតុលាឆ្នាំ២០១៤នេះ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ