លោកសម រង្ស៊ី បង្ហាញសេណារេយ៉ូចំនួនបីជុំវិញដំណើរការបោះឆ្នោតនាពេលខាងមុខ
លោកសម រង្ស៊ី ប្រធានចលនាសង្គ្រោះជាតិតាមរយៈទំព័រហ្វេសប៊ុកនៅថ្ងៃអាទិត្យនេះ បានបង្ហាញនូវសេណារេយ៉ូបីចំណុចទាក់ទងទៅនឹងដំណើរការរៀបចំការបោះឆ្នោតក្នុងខែកក្កដា។ ក្នុងចំណោមសេណារេយ៉ូទាំងបីនេះ លោកសម រង្ស៊ី ជឿជាក់ថា ពលរដ្ឋដែលធ្លាប់គាំទ្រអតីតគណបក្សសង្គ្រោះជាតិនឹងមិនទៅបោះឆ្នោតឡើយ។ ប៉ុន្តែអ្នកនាំពាក្យគណបក្សកាន់អំណាចថា នេះគ្រាន់តែជាការរវើរវាយរបស់លោកសម រង្ស៊ី ប៉ុណ្ណោះ។
ចុះផ្សាយនៅថ្ងៃ៖
សេណារេយ៉ូចំនួនបី ដែលលោកសម រង្ស៊ី លើកបង្ហាញនោះគឺការបោះឆ្នោតប្រព្រឹត្តទៅដោយរលូនមានអតីតគណបក្សសង្គ្រោះជាតិ ចូលរួមក្នុងការបោះឆ្នោតនៅថ្ងៃទី២៩កក្កដា។ ដែលចំណុនេះលោកសម រង្ស៊ី ចង្អុលបង្ហាញថា លោកនាយករដ្ឋមន្រ្តី ហ៊ុន សែននឹងមិនបណ្ដោយឲ្យចេញជាដាច់ខាត។ មិនឲ្យចេញ បើតាមលោកសម រង្ស៊ី ព្រោះនឹងមានពលរដ្ឋ៥លាននាក់ក្នុងចំណោម១០លាននាក់បោះឆ្នោតឲ្យអតីតគណបក្សសង្គ្រោះជាតិ។ រីឯគណបក្សប្រជាជនកម្ពុជាមានពលរដ្ឋ៣លាននាក់បោះឆ្នោតជូន។ ចំនួន២លាននាក់ដែលនៅសល់គឺពលរដ្ឋមិនទៅបោះឆ្នោតឡើយ។ នេះបើតាមលោក សម រង្ស៊ីដដែល។
ចំណែកសេណារេយ៉ូបន្ទាប់គឺការបោះឆ្នោតក្រោយការរំលាយអតីតគណបក្សសង្គ្រោះជាតិហើយក្នុងនោះអតីតគណបក្សប្រឆាំងបែកជាពីរបក្ស។ បក្សទាំងពីរចូលរួមការបោះឆ្នោតដាច់ពីគ្នា គឺជាសេណារេយ៉ូមួយអាក្រក់បំផុត សម្រាប់ការមើលឃើញរបស់លោក សម រង្ស៊ី ដែលចំណុចនេះ លោក សម រង្ស៊ី ជឿជាក់ថា ជាការចង់បានរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ។
សេណារេយ៉ូចុងក្រោយ គឺក្រោយពីរំលាយគណបក្សសង្គ្រោះជាតិគណបក្សនេះនៅតែរឹងមាំ មិនបែកគ្នា និងបានអំពាវនាវកុំឲ្យពលរដ្ឋទៅបោះឆ្នោត។ នៅក្នុងបរិបទនេះលោក សម រង្ស៊ី ជឿជាក់ថា ពលរដ្ឋ៥លាននាក់នឹងមិនទៅបោះឆ្នោតឡើយបើទោះបីជាគណបក្សជាច្រើនបានបង្កើតឡើងក្រោយរំលាយអតីតគណបក្សសង្គ្រោះជាតិក៏ដោយ។
ឆ្លើយតបនឹងការលើកឡើងរបស់លោក សម រង្ស៊ី អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន ថាលោក សម រង្ស៊ី កំពុងស្ថិតនៅក្នុងការរវើរវាយដែលមិនអាចក្លាយជាការពិតឡើយ។ រឹតតែមិនអាចក្លាយជាការពិតទៀតនោះ សម្រាប់លោកសុខ ឥសាន គឺពលរដ្ឋមិនស្ដាប់តាមលោក សម រង្ស៊ី ដែលអំពាវនាវមិនឲ្យទៅបោះឆ្នោតឡើយ តែផ្ទុយទៅវិញពលរដ្ឋកំពុងតែត្រៀមខ្លួនទៅបោះឆ្នោត។ បើតាមលោក សុខ ឥសាន ពលរដ្ឋមិនតិចជាង៧០ភាគរយដែលស្ថិតនៅក្នុងចន្លោះ៦ទៅ៧លានអ្នកនឹងទៅបោះឆ្នោតនៅថ្ងៃទី២៩កក្កដាខាងមុខនេះ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ