អានតួអត្ថបទ
កម្ពុជា

អត្តពលិក​កម្ពុជា​បាន​ទៅដល់​ទីក្រុង​ឡុងដ៍​ហើយ​ដើម្បី​ចូលរួម​ប្រកួត​កីឡា​អូឡាំពិក

កីឡាករ កីឡាការិនី​កម្ពុជា​៤​រូប​ ​​បាន​ចេញ​ដំណើរ​ទៅ​ទីក្រុងឡុងដ៍​ប្រទេស​អង់គ្លេស​ហើយ​ កាល​ពី​យប់​ថ្ងៃ​ទី​២២កក្កដា​ម្សិលមិញ។ ការរៀបចំ​ជូន​ដំណើរ​​អត្តពលិក​ជម្រើសជាតិ​កម្ពុជា​ត្រូវបាន​រៀបចំ​យ៉ាង​អ៊ឹកអធិក​ដោយ​គណៈ​កម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា។ លោក​ថោង ខុន ប្រធាន​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​បាន​ថ្លែង​ចាត់ទុក​កីឡាករ​ជម្រើសជាតិ​ទាំងនេះ ថា​ជា​វីរជន​កីឡា​របស់​ជាតិ។

ពិធី​ជូន​ដំណើរ​អត្តពលិក​ជម្រើសជាតិ​កម្ពុជា ទៅ​ចូលរួម​ប្រកួត​កីឡា​អូឡាំពិក​នៅ​អង់គ្លេស
ពិធី​ជូន​ដំណើរ​អត្តពលិក​ជម្រើសជាតិ​កម្ពុជា ទៅ​ចូលរួម​ប្រកួត​កីឡា​អូឡាំពិក​នៅ​អង់គ្លេស RFI/Delux Leang
ផ្សាយពាណិជ្ជកម្ម

កីឡាករ​ កីឡាការិនី​ហែល​ទឹក​២នាក់ និង​កីឡា​ករ កីឡាការិនី​រត់​ប្រណាំង​២​នាក់​ដែរ បាន​ចាកចេញ​ពី​កម្ពុជា​ហើយ​ កាល​ពី​យប់​ថ្ងៃ​អាទិត្យ​ម្សិលមិញ។ អត្តពលិក​ទាំង​៤​រូប ​ដែល​តំណាង​អោយ​ប្រជាជាតិ​កម្ពុជា​ត្រូវ​ចូលរួម​ប្រកួត​ក្នុង​កីឡា​អូឡាំពិក​លើក​ទី​៣០ ​នៅក្នុង​ទីក្រុងឡុងដ៍​ប្រទេស​អង់គ្លេស។ ការ​ប្រកួត​នេះ​នឹង​ចាប់ផ្តើម​បើក​ជា​ផ្លូវ​ការ​នៅ​ថ្ងៃ​ទី​២៧​កក្កដា​នេះ។

តាម​ពិត កម្ពុជា​មាន​អត្តពលិក​របស់​ខ្លួន​៦​រូប​ដែល​ត្រូវ​បាន​ជ្រើសរើស​អោយ​ចូល​រួម​ប្រកួតក្នុង​កីឡា​អូឡាំពិក​នេះ ប៉ុន្តែ​ ២​រូប​ទៀត ម្នាក់​ជា​កីឡាករ​យូដូ ​ដែល​កំពុង​ហាត់រៀន​នៅ​ប្រទេស​បារាំង ​បាន​ចាកចេញ​ឆ្ពោះ​ទៅ​ទីក្រុង​ឡុងដ៍​ដោយ​ផ្ទាល់​តែ​ម្តង និង​មួយ​រូប​ទៀត ​ជា​កីឡាការិនី​វិញ្ញាសារ​តៃក្វាន់ដូ​កំពុង​តែ​ហ្វឹកហាត់​នៅ​ក្នុង​ទីក្រុង​ឡុងដ៍​នោះ​រួច​ស្រាប់​ហើយ។​

លោក វ៉ាត់ ចំរើន អគ្គលេខា​ធិការ​នៃ​គណៈ​កម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​បាន​មាន​ប្រាប់​អោយ​ដឹង​ថា “អត្ត​ពលិក​ព្រមទាំង​ប្រតិភូ បាន​ទៅ​ដល់​ភូមិ​កីឡា​ នៅក្នុង​ទីក្រុង​ឡុងដ៍​រួចរាល់​អស់​ហើយ។ នៅ​ថ្ងៃ​ដំបូង ​អត្តពលិក​របស់​កម្ពុជា​មិនទាន់​ធ្វើ​ការ​ហ្វឹកហាត់​អ្វី​ទេ ពោល​គឺ ​ពួកគេ​​ត្រូវសម្រាក​យក​កម្លាំង​ដែល​បាត់បង់​ក្នុងពេល​ធ្វើ​ដំណើរ​។ បន្ទាប់​មក​ពួកគេ​នឹងត្រូវ​ហាត់ ដើម្បីត្រៀម​ចូលរួម​ព្យុហយាត្រា ​នា​ថ្ងៃ​បើក​ពិធី​នៅ​ថ្ងៃទី២៧កក្កដា”។

អត្តពលិក និង​ប្រតិភូ ត្រូវបាន​លោក​​​ថោង ខុន ប្រធាន​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​ជូន​ដំណើរ​ដល់​ជណ្តើរ​យន្តហោះ បន្ទាប់ពី​ពួកគេ​បាន​ដើរ​លើ​កម្រាលព្រំ​ក្រហម​មិន​ធ្លាប់មាន​កាល​ពីមុន​ក្នុង​ប្រវត្តិ​កីឡា​កម្ពុជា។

មុន​ពេល​ចេញ​ដំណើរ​បន្តិច លោក ថោង ខុន បាន​ផ្តល់​ការ​ណែនាំ​ដល់​កីឡាករ កីឡាការិនី​កម្ពុជា​អោយ​ចេះ​រក្សា​កម្លាំងចិត្ត ស្មារតី​ប្រយុទ្ធ ដើម្បី​ប្រសិទ្ធិភាព​នៃ​ការ​ប្រកួត។ លើស​ពី​នេះ​ទៀត គឺ​ការ​រក្សា​សេចក្តីថ្លៃថ្នូរ​ និង​កិត្តិយស​ ដើម្បី​ប្រទេស​ជាតិ។ សម្រាប់​លោក​ថោង ខុន ពលរដ្ឋ​កម្ពុជា​ជាង​១៤​លាន​នាក់​បាន​ផ្ញើ​សេចក្តី​ទុកចិត្ត​លើ​អត្តពលិក​ជម្រើស​ជាតិ​ទាំង​៦​រូប​នេះ ហើយ​អត្តពលិក​ជម្រើស​ទាំង​៦​រូប​ គឺ​ជា​វីរជន​កីឡា​កម្ពុជា។

សូម​បញ្ជាក់​ថា កម្ពុជា​បាន​ទទួល​សិទ្ធិ​អនុគ្រោះ​ ដើម្បី​អាច​ចូល​ប្រកួត​ក្នុង​កីឡា​អូឡាំពិក​នេះ​ដោយ​មិន​ចាំបាច់​ប្រកួត​ជម្រុះ​ក្នុង​ថ្នាក់​តំបន់​ឡើយ។ គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​បាន​ព្យាយាម​រៀបចំ​ព្រឹត្តិការណ៍​ជា​ច្រើន​ ដើម្បី​ស្វែងរក​ការ​ឧបត្ថម្ភ និង​ការ​លើក​ទឹកចិត្ត​ដល់​អត្តពលិក​កម្ពុជា មុន​នឹង​ពួកគេ​ចេញ​ទៅ​ទីក្រុង​ឡុងដ៍៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ