អានតួអត្ថបទ
កម្ពុជា

ក្រុម​អ្នក​ភូមិ​បឹង​កក់​ បន្ត​សកម្មភាព​រារាំង​អាជ្ញាធរ​ មិន​ឲ្យ​សាង​សង់​ស្នាក់​ការ​កង​រាជ​អាវុធហត្ថ​លើ​ដី​ទំនាស់​

តាំង​ពី​​រសៀល​​ថ្ងៃ​​សៅរ៍​​ម្សិល​មិញ​ ក្រុម​​អ្នក​ភូមិ​​បឹង​កក់​ ដឹក​នាំ​​ដោយ​​លោក​ស្រី​​ ទេព​ វ​ន្នី​ បាន​ និង​​កំពុង​​​បន្ត​​ចេញ​មុខ​​ប្រឆាំង​នឹង​​កង​កម្លាំង​​សន្តិ​សុខ​​ជា​ច្រើន​​នាក់​ ដែល​​បាន​​ចុះ​ម​ក​​ការ​ពារ​​ដី​​មួយ​កន្លែង​ សម្រាប់​​សាង​សង់​​ទី​ស្នាក់​ការ​​កង​រាជ​អាវុធ​ហត្ថ​ នៅ​​ភូមិ​២២​ ក្នុង​​តំបន់​​បឹង​កក់​។​ ក្នុង​ការ​​ប្រឈម​មុខ​គ្នា​​កាល​ពី​​ម្សិល​មិញ ​អ្នក​ភូមិ​​មួយ​ក្រុម​​ទៀត​ បាន​​ចេញ​មុខ​​គាំ​ទ្រ​​ការ​សាង​សង់​ ដែល​​បណ្ដាល​​ឲ្យ​​មាន​ការ​​ប៉ះ​ទង្គិច​​គ្នា​ រហូត​ដល់​​មាន​​អ្នក​របួស​​ថែម​​ទៀត​ផង​។ ​នៅ​​ថ្ងៃ​អាទិត្យ​​នេះ ​ក្រុម​​អ្នក​ភូមិ​​គាំ​ទ្រ​​លោក​ស្រី​​ ទេព​​ វ​ន្នី បាន​​អះ​អាង​ថា ​ខ្លួន​​កំពុង​តែ​បន្ត​​ជួប​ជុំ​គ្នា​​នៅ​​ទី​តាំង​​ជម្លោះ​​នោះ​​ដដែល​។

អ្នកភូមិបឹងកក់តវ៉ានឹងការសាងសង់ស្នាក់ការកងរាជអាវុធហត្ថ។
អ្នកភូមិបឹងកក់តវ៉ានឹងការសាងសង់ស្នាក់ការកងរាជអាវុធហត្ថ។ @Facebook
ផ្សាយពាណិជ្ជកម្ម

នៅ​ថ្ងៃអាទិត្យ ទី២៩មិថុនា​នេះ ក្រុម​អ្នកភូមិ​បឹងកក់ ដឹកនាំ​ដោយ​លោកស្រី​ទេព វ​ន្នី នៅតែ​បន្ត​ជួបជុំ​នៅ​ទីតាំង​ដី​មួយកន្លែង ស្ថិតនៅ​ភូមិ២២ ក្នុង​តំបន់​បឹងកក់ សង្កាត់​ស្រះចក ខណ្ឌដូនពេញ។ ការជួបជុំ​នេះ ធ្វើឡើង​នៅ​ទីតាំង​ដី​មួយកន្លែង ដែលមាន​ជម្លោះ និង​ដែល​កងកម្លាំង​សមត្ថកិច្ច ព្រមទាំង​កងកម្លាំង​សន្តិសុខ បាន​ចុះមក​ការពារ ដើម្បី​សាងសង់​ទីស្នាក់ការ​កងរាជអាវុធហត្ថ។

សកម្មជន​ដីធ្លី​តំបន់​បឹងកក់ កញ្ញា​សុង ស្រី​លាភ មានប្រសាសន៍ប្រាប់​វិទ្យុ​បារាំង​អន្ដរជាតិ នៅ​ព្រឹក​ថ្ងៃអាទិត្យ ទី២៩មិថុនា​នេះ​ថា ដី​ជម្លោះ ដែល​អាជ្ញាធរ​មានបំណង​សាងសង់​ទីស្នាក់ការ​កងរាជអាវុធហត្ថ​នេះ ស្ថិតនៅក្នុង​ចំណោម​ដី​ជម្លោះ ដែល​នៅ​មិនទាន់​ទទួលបាន​សំណង។ កញ្ញា​បន្តថា ការសាងសង់​អគារ ឬ​ទីស្នាក់ការ នៅ​លើដី​ទំនាស់​នេះ គឺ​មិនអាច​ធ្វើទៅ​រួច​ទេ ល្គឹកណា​មានការ​ដោះស្រាយ​រួចរាល់​ជាមុនសិន។ ហើយ​ថា ក្រុម​កញ្ញា នឹង​នៅតែ​បន្ត​ការរារាំង មិន​ឲ្យ​មានការ​សាងសង់​អគារ​ណាមួយ​នៅលើ​ដី​ទំនាស់​នេះឡើយ។

នៅ​ព្រឹក​ថ្ងៃអាទិត្យ​នេះ បើតាម​កញ្ញា​សុង ស្រី​លាភ មាន​លេចមុខ​ក្រុម​អ្នកភូមិ​ដែល​គាំទ្រ​ការសាងសង់​ស្នាក់ការ​កងរាជអាវុធហត្ថ បង្ក​ឲ្យ​មានការ​ប្រឈមមុខ​ដាក់​គ្នា​ជា​ពាក្យសម្ដី ជាមួយ​ក្រុម​អ្នកភូមិ​បឹងកក់​គាំទ្រ​លោកស្រី​ទេព វ​ន្នី ដែល​ប្រឆាំង​មិន​ឲ្យ​មានការ​សាងសង់​ទីស្នាក់ការ​លើដី​ជម្លោះ។

សូម​ជម្រាបជូន​ថា សកម្មភាព​របស់​ក្រុម​អ្នកភូមិ​បឹងកក់ ដឹកនាំ​ដោយ​លោកស្រី ទេព វ​ន្នី រារាំង​អាជ្ញាធរ មិន​ឲ្យ​សាងសង់​ស្នាក់ការ​នៅ​លើដី​ទំនាស់​នេះ បាន​កើតមានឡើង​តាំងពី​រសៀល​ថ្ងៃ​សៅរ៍ ទី២៨មិថុនា​មកម្ល៉េះ។ ក្នុងការ​ប្រឈមមុខ​ដា​ក់​គ្នា​នោះ អ្នកភូមិ​មួយក្រុម​ទៀត បាន​ចេញមុខ​គាំទ្រ​ការសាងសង់ រហូតដល់​មានការ​ប៉ះទង្គិច​គ្នា​ថែម​ទៀតផង។

ស្ដ្រី​បឹងកក់ វ័យ៧០ឆ្នាំ​ម្នាក់ រងរបួស​បែកក្បាល ដោយសារតែ​មានការ​គ​ប់​ដុំថ្ម មកលើ​ក្រុម​អ្នកភូមិ​ដែល​ប្រឆាំង​ជំទាស់​នឹង​វត្តមាន​កងកម្លាំង​មាន​សមត្ថកិច្ច។ ក្រោយពេល​ផ្ទុះ​អំពើហិង្សា​គប់​ដុំថ្ម​នោះ ជនរងគ្រោះ ត្រូវបាន​អ្នកភូមិ​បញ្ជូនទៅ​ដាក់ពាក្យ​បណ្ដឹង នៅ​ប៉ុស្តិ៍នគរបាល​ខណ្ឌ​ស្រះចក៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ