អានតួអត្ថបទ
កម្ពុជា

សកម្ម​ជន​ការពារ​ព្រៃឈើ​រម្លឹក​ខួប​២ឆ្នាំ​នៃ​ការ​ស្លាប់​របស់​លោក​ ឈុត​ វុទ្ធី​

សកម្ម​ជន​​ការពារ​​ព្រៃ​ឈើ​ ​និង​​ព្រះ​ស​ង្ឈ​​មក​ពី​​ខេត្ត​​ចំនួន​៦ ​នឹង​​ជួប​ជុំ​គ្នា​​​នៅ​​ស្រុក​​មណ្ឌល​សីមា ​ត្រង់​ចំណុច​​វាល​​បី​​ដែល​ជា​​ទីតាំង​​នៃ​​ការ​បាញ់​សម្លាប់​​លោក​ ឈុត ​វុទ្ធី​​សកម្មជន​​ការពារ​​ព្រៃ​ឈើ​​យ៉ាង​សកម្ម​​នៅ​​ប្រទេស​​កម្ពុជា​។ ​គឺ​ជា​​គម្រោង​​ជួប​ជុំ​គ្នា​​នៅ​​ថ្ងៃ​ទី​២៦ ​មេសា​​ស្អែក​​នេះ ​ដើម្បី​​ប្រារ​ព្ឋ​​ខួប​​ពី​​ឆ្នាំ​​នៃ​​ការ​បាញ់​សម្លាប់​។ ពិធី​​សាសនា​ និង​​កា​​ដង្ហែ​​ក្បួន​ ​គឺ​​នឹង​​គ្រោង​​ធ្វើ​ឡើង​​ផង​ដែរ​។ កូនប្រុស​ លោក​ ឈុត ​វុទ្ធី​ នៅ​តែ​​អះអាង​ថា ​ការ​ស្លាប់​​របស់​​ឪពុក​ ​គឺ​ជា​​ការ​បាត់​ប​ង់​​ធន​ធាន​មនុស្ស​​ដ៏​​មាន​​សក្តា​នុពល ​និង​​បាត់បង់​​វីរៈ​ជន​ជាតិ​​ពិត​ប្រាកដ​។ 

ពិធី​បុណ្យ​សព​លោក​ឈុត វុទ្ធី
ពិធី​បុណ្យ​សព​លោក​ឈុត វុទ្ធី RFI/Channa Siv
ផ្សាយពាណិជ្ជកម្ម

សកម្មជន​ការពារ​ព្រៃឈើ និង​ព្រះ​ស​ង្ឈ​ប្រមាណ​ជា១០០នាក់​ដែល​រួមមាន​ទាំង​ព្រះសង្ឃ នឹង​រៀបចំ​ប្រារ​ព្ឋ​ខួប​ពី​ឆ្នាំ​នៃ​ការស្លាប់​របស់លោក ឈុត វុទ្ធី​នៅ​ទីតាំង​ស្លាប់​តែម្តង។ នេះ​បើតាម​ការបញ្ជាក់​របស់​លោក ឈឹម សាវុធ នាយក​ប្រតិបត្តិ​អង្គការ​ការពារ​ធនធាន​ធម្មជាតិ នៅ​ថ្ងៃ​សុក្រ​នេះ។ លោក​បន្តថា សកម្មជន​ការពា​ព្រៃឈើ រួមទាំង​ព្រះសង្ឃ​ដែល​មកពី​ខេត្ត​ចំនួន​៦​បានធ្វើ​ដំណើរ​ចេញពី​ទីតាំង​រៀងខ្លួន​ឆ្ពោះទៅ​កន្លែង​ដែល​លោក​ឈុត វុទ្ធី​ត្រូវបាន​គេ​បាញ់​សម្លាប់។

ប្រធាន​អង្គកា​រូបនេះ បានឱ្យដឹងថា​ក្នុង​ថ្ងៃ​រំលឹក​ខួប​ស្អែក​នេះ អ្នកចូលរួម​ទាំងអស់​នឹង​ដើរ​ដង្ហែ​ក្បួន រួមទាំង​ស្រែកច្រៀង​ចម្រៀង​រំលឹក​ពី​សកម្មភាព​របស់គាត់​ក្នុង​ការពារ​ព្រៃឈើ​ផងដែរ។ ក្រៅពីនោះ​ពិធី​សាសនា​ក៏​នឹង​ត្រូវបាន​ធ្វើឡើង​ផងដែរ។

សូមបញ្ជាក់ថា លោក ឈុត វុទ្ធី ដែលជា​ប្រធាន​អង្គការ​ការពារ​ធនធាន​ធម្មជាតិ​ដ៏​ល្បីល្បាញ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ត្រូវបាន​គេ​បាញ់សម្លាប់​កាលពី​ថ្ងៃទី២៦ មេសា ឆ្នាំ២០១២​កន្លង​ទៅ នៅត្រង់ចំណុច​វាល​បី ក្នុងស្រុក​មណ្ឌលសីមា ខេត្តកោះកុង​ខណៈដែល​លោក​ចុះទៅ​ស៊ើប​អង្កេត និង​ថតរូប​សកម្មភាព​បទ​ល្មើ​ល​ព្រៃឈើ​ខុសច្បាប់​នៅ​តំបន់​ព្រៃ​ជួរ​ភ្នំក្រវាញ។ ភ្លាមៗក្រោយ​មរណភាព​នោះ រដ្ឋាភិបាល​បាន​បង្កើត​ក្រុម​គណៈកម្មការ​ស៊ើបអង្កេត ហើយ សាលាដំបូង​ខេត្តកោះកុង​បាន​ជម្រះក្តី​សំណុំ​រឿងនេះ ជា​រឿងក្តី​មនុស្សឃាត​ដោយ​អ​ចេតនា។

លោក ឈឹម សាវុធ បាន​រំលឹកថា ការបាត់បង់​វីរៈជន​ការពារ​ព្រៃឈើ លោក ឈុត វុទ្ធី​នេះ គឺ​ហាក់ដូចជា​ការបាត់បង់​ដៃ​ម្ខាង​របស់លោក​យ៉ាង​ដូច្នោះ​ដែរ។ យ៉ាងណាក៏ដោយ កូនប្រុស​លោក​ឈុត វុទ្ធី គឺ​លោក ឆឺ​យ ឧ​ត្ត​មរ​ស្មី ដែល​បានប្រកាស​ខ្លួន​ថា​ជា​អ្នក​ចង់​បន្តវេន​ការងារ​របស់​ឪពុក​នោះ បាន​លើកឡើងថា ការ​ប្រារ​ព្ឋ​ខួប​របស់​ឪពុក​នេះ គឺជា​ការ​រំលឹក​ពី​វីរៈភាព និង​ការលើកកម្ពស់​ឱ្យមាន​ការពារ​ព្រៃឈើ​ឡើងវិញ។ ព្រៃឈើ​នៅ​កម្ពុជា ដែល​អង្គការ​ការពារ​ធនធានធម្មជាតិ​បាន​អះអាង​គឺ​កំពុងស្ថិត​នៅក្នុង​ដំណាក់​ចុងក្រោយ​នៃ​ការ​សាបសូន្យ។ ដូចនេះ លោក ឈឹម សាវុធ សូម​អំពាវនាវ​ឱ្យមាន​វិធានការ​ទប់ស្កាត់​ជាបន្ទាន់ និង​មាន​ប្រសិទ្ធភាព​បំផុត៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ