អានតួអត្ថបទ
កម្ពុជា

គណបក្ស​សង្គ្រោះ​ជាតិ​ទាមទារ​បោះឆ្នោត​ឡើងវិញ​អោយ​បាន​ក្នុង៣ខែ​ទៀត

លោក ​កឹម សុខា ​បាន​​ប្រកាស​ប្រាប់​អ្នកគាំទ្រ​ថា គណបក្ស​សង្គ្រោះជាតិ​របស់លោក​នឹង​ទាមទារ​អោយ​មាន​ការបោះឆ្នោត​ឡើងវិញ​អោយ​បាន​ក្នុង​អំឡុង​ពេល៣ខែ​យ៉ាងយូរ។ ប្រតិកម្ម​នឹង​ការទាមទារ​នេះ មន្ត្រី​ជាន់​ខ្ពស់​របស់​គណបក្ស​ប្រជាជន​កម្ពុជា​លោក ជាម យៀប ថ្លែងថា នេះ​គ្រាន់តែ​ជា​ការស្រែក​ទាមទារ​ជា​លក្ខណៈ​បុគ្គល​តែប៉ុណ្ណោះ។

លោក សម រង្សី (ស្តាំ) និងលោក កឹម សុខា (ឆ្វេង) ដឹកនាំបាតុកម្មក្នុងក្រុងភ្នំពេញ ថ្ងៃទី១៥ ធ្នូ ២០១៣។
លោក សម រង្សី (ស្តាំ) និងលោក កឹម សុខា (ឆ្វេង) ដឹកនាំបាតុកម្មក្នុងក្រុងភ្នំពេញ ថ្ងៃទី១៥ ធ្នូ ២០១៣។ RFI/Siv Chana
ផ្សាយពាណិជ្ជកម្ម

នៅ​ចំពោះ​មុខ​អ្នកគាំទ្រ​របស់​ខ្លួន​ជិត១ម៉ឺន​នាក់ នៅ​លើ​ទីលាន​ប្រជា​ធិបតេយ្យ​ លោក កឹម សុខា ​អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ បាន​ប្រកាស​អំពី ផែនការ​ធ្វើ​បាតុកម្ម​ជា​រៀង​រាល់​ថ្ងៃ នៅ​ភ្នំពេញ និង​នៅ​តាម​បណ្តា​ខេត្ត​ទៀត​ផង ដើម្បី ទាមទារ​អោយ​មាន​ការបោះឆ្នោត​ឡើង​វិញ។ ការបោះឆ្នោត​ឡើង​វិញ ដែល​លោក កឹម សុខា ចង់​បាន​ក្នុង​អំឡុង៣ខែ​យ៉ាងយូរ ដោយ​រាប់​ចាប់​ពី​ពេលនេះ​ទៅ។

 
នៅ​លើ​វេទិកា​បាតុកម្ម​នៅ​រសៀល​ថ្ងៃអាទិត្យ​នេះ អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​បាន​ថ្លែង​សារ​ច្រើន ដែល​បង្ហាញ​អំពី​កំដៅ​តវ៉ា​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ឡើងវិញ។ លោក កឹម សុខា បាន​អំពាវនាវ​អោយ​ប្រជាជន​ចូលរួម​អោយ​បាន​កាន់តែច្រើន ក្នុង​បាតុកម្ម​ទាមទារ​ការបោះឆ្នោត​ឡើងវិញ​នេះ។

នៅ​រសៀល​ថ្ងៃអាទិត្យ ទី១៥ធ្នូ លោក សម រង្ស៊ី និងលោក កឹម សុខា ដែល​អម​ដំណើរ​យ៉ាង​ប្រកិត​ដោយ​កូនស្រី​របស់​លោក​នោះ បាន​នាំ​អ្នកគាំទ្រ​ដើរ​ដង្ហែ​ក្បួន​នៅ​លើ​មហាវិថី​នានា​ក្នុង​រាជធានី​ភ្នំពេញ ដែល​មាន​មន្ត្រី​ប៉ូលីស​សម្រួល​ចរាចរណ៍​អោយ​ទៀតផង។ បាតុករ​បាន​ស្រែក​អោយ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ចុះចេញ​ពី​ដំណែង​ទៀតផង។

ការទាមទារ​អោយ​លោក ហ៊ុន សែន ចុះ​ចេញពី​ដំណែង និង​ការទាមទារ​អោយ​មាន​ការបោះឆ្នោត​ឡើងវិញ​នោះ មិន​អាច​ទៅរួច​ឡើយ។ នេះ​បើ​តាម​ការបញ្ជាក់​របស់​លោក ជាម យៀប តំណាង​រាស្ត្រ និង​ជា​មន្ត្រី​ជាន់​ខ្ពស់​របស់​គណបក្ស​ប្រជាជន​កម្ពុជា។

សមាជិក​ការិយាល័យ​នយោបាយ​របស់​គណបក្ស​ប្រជាជន​កម្ពុជា​បាន​អត្ថាធិប្បាយ​ប្រាប់​វិទ្យុ​បារាំង​ថា ការទាមទារ​របស់​ថ្នាក់​ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ គឺ​ជា​សិទ្ធិ​របស់​អ្នកនយោបាយ​ទាំងពីរ។ ប៉ុន្តែ​ចំពោះ​លោក ជាម យៀប ច្បាប់​មិន​អនុញ្ញាត​ឡើយ។ លោក​ជាម យៀប​ពន្យល់​ថា បេក្ខភាព​នាយក​រដ្ឋមន្ត្រី​របស់​លោក ហ៊ុន សែន ត្រូវ​បាន​សម្រេច​ដោយ​សមាជ​របស់​គណបក្ស​ប្រជាជន​កម្ពុជា ដែល​ឈ្នះ​នៅ​ក្នុង​ការបោះឆ្នោត​កន្លង​ទៅ ហើយ​អ្វីៗ​ទាំងអស់​នេះត្រូវ​បាន​ទទួល​ស្គាល់​ដោយ​ច្បាប់​ទាំង​អស់​ហើយ។

ប្រសិន​បើ​មាន​មតិ​អត្ថាធិប្បាយ​ថា គណបក្ស​សង្គ្រោះ​ជាតិ​កំពុង​ទាមទារ​អោយ​មាន​ការ​បោះ​ឆ្នោត​ឡើង​វិញ ដើម្បី​ដាក់​សំពាធ​រក​ការចរចា​នយោបាយ​ទៅ​លើ​គណបក្ស​ប្រជាជន​កម្ពុជា​នោះ មន្ត្រី​ជាន់​ខ្ពស់​របស់​គណបក្ស​ប្រជាជន​កម្ពុជា លោក ជាម យៀម បាន​ព្រលយ​ថា ការចរចា​ណា​មួយ​ថ្មី​ទៀត​នោះ ត្រូវ​តែ​ធ្វើ​ឡើង​ក្នុង​កម្រិត​ថ្នាក់​ដឹកនាំ​តែម្តង។ ថ្នាក់​ដឹកនាំ ដែល​លោក​ថា អាច​មាន​សិទ្ធិ​សម្រេច​ភ្លាម លើ​ដំណោះស្រាយ​នយោបាយ ហើយ​ថា​គណបក្ស​ប្រជាជន​កម្ពុជា​របស់​លោក នៅ​បើក​ទ្វារ​ចំហ​រហូត​សម្រាប់​ការចរចា​បញ្ចប់​ទំនាស់​នយោបាយ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ