អានតួអត្ថបទ
កម្ពុជា

ប្រធាន​បក្ស​សង្គ្រោះ​ជាតិ​ប្រកាស​ចូលរួម​វេទិកាសាធារណៈ​របស់​​សហជីព​​​នៅ​​ទីលាន​​ប្រជា​ធិប​តេយ្យ

ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី និង​លោក កឹម សុខា ប្រកាស​ចូលរួម​វេទិកាសាធារណៈ​របស់​ក្រុម​សហជីព​ដែល​គ្រោង​ប្រមូលផ្តុំ​នៅ​ទីលាន​ប្រជាធិបតេយ្យ​នៅ​ថ្ងៃ​សៅរ៍​ទី៨ មីនា​ស្អែក​នេះ។ រដ្ឋាភិបាល​បានប្រកាស​មិន​អនុញ្ញាត​ឱ្យមាន​ការប្រមូល​ផ្តុំ​នោះទេ ប៉ុន្តែ​អនុញ្ញាត​ឱ្យធ្វើ​នៅ​ទីតាំង​ផ្ទាល់ខ្លួន​ជំនួស​វិញ។ រដ្ឋាភិបាល​បាន​អះអាងថា ការមិន​អនុញ្ញាត​នេះ គឺ​ដើម្បី​បញ្ហា​សន្តិសុខ។

លោក សម រង្ស៊ី និង លោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ​​ក្នុងសិក្ខាសាលាស្តីពី​កំណែ​ទម្រង់​ការបោះ​ឆ្នោត​ កាលពី​ថ្ងៃ​ទី៧ មីនា ២០១៤
លោក សម រង្ស៊ី និង លោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ​​ក្នុងសិក្ខាសាលាស្តីពី​កំណែ​ទម្រង់​ការបោះ​ឆ្នោត​ កាលពី​ថ្ងៃ​ទី៧ មីនា ២០១៤ @rfi/channa
ផ្សាយពាណិជ្ជកម្ម

លោក សម រង្ស៊ី និង​លោក កឹម សុខា ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ បញ្ជាក់​ពី​វត្តមាន​ចូលរួម​វេទិកាសាធារណៈ​របស់​ក្រុម​សហជីព​កម្មករ​នៅ​ថ្ងៃ៨មីនា ដែលជា​ថ្ងៃ​សិទ្ធិ​នារី​អន្តរជាតិ​ស្អែក​នេះ។ ការប្រកាស​នេះ​គឺ​តប​តាម​ការអញ្ជើញ​របស់​ក្រុម​សហជីព​កម្មករ ដែល​បានដាក់​លិខិតអញ្ជើញ​ទាំង​រដ្ឋាភិបាល និង​បក្សប្រឆាំង​ឱ្យ​ចូលរួម​វេទិការ​សាធារណៈ​របស់ខ្លួន។ ជា​វេទិការ​ដែល​ធ្វើឡើង​នៅ​ទីលាន​ប្រជាធិបតេយ្យ ដើម្បី​ទាមទារ​ឱ្យ​រដ្ឋាភិបាល​ពន្យល់​ពី​ការចាប់ខ្លួន​សកម្មជន​សិទ្ធមនុស្ស និង​កម្ម​ករទាំង២៣ នាក់ រួមទាំង​គោលជំហរ​នៃ​ការដំឡើង​ប្រាក់​ឈ្នួល​គោល​អប្បរ​មា​ផងដែរ។

 
ថ្លែង​ទៅកាន់​អ្នកសារព័ត៌មាន​ក្នុងពេល​សម្រាក​នៃ​សិក្ខាសាលា​ស្តីពី​ក្របខ័ណ្ឌ​កំណែទម្រង់​កិច្ចការ​បោះឆ្នោត ដែល​រៀបចំឡើង​ដោយ​គណបក្ស​សង្គ្រោះ​ជាតិ នៅក្នុង​សណ្ឋាគារ អ៊ឹម​ផឺ​រៀល​ក្នុង​ក្រុងភ្នំពេញ លោក កឹម សុខា អនុប្រធាន​គណបក្ស​ស​ង្គ្រោះ​ជាតិ បាន​អះអាងថា​ក្នុងនាម​ជា​អ្នកនយោបាយ និង​ជា​តំណាងរាស្ត្រ ការ​ស្តាប់​មតិ​ប្រជាពលរដ្ឋ​គឺជា​កត្តា​សំខាន់។ សំខាន់​ព្រោះថា​អាច​បង្ហាញ​ពី​គោលនយោបាយ​របស់​គណ​បក្ស​ទៅកាន់​ពលរដ្ឋ​ដែលជា​ម្ចាស់ឆ្នោត និង អាច​យក​មតិ​ពលរដ្ឋ​ជា​គោលនយោបាយ ក្នុងនាម​ជា​ប្រទេស​ប្រកាន់​របស់​ប្រជាធិបតេយ្យ។

សូម​រំលឹក​ឱ្យដឹង​បន្ថែម​ដែរ​ថា នៅ​ព្រឹក​ថ្ងៃ​សុក្រ​នេះ ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី និង​លោក កឹម សុខា បាន​បង្កើត​វេទិកា​ដើម្បី​ស្នើសុំ​យោបល់ អង្គការ​សង្គម​ស៊ីវិល ដែល​ធ្វើ​ការងារ​ទាក់ទង​នឹង​ការបោះឆ្នោត​នៅ​កម្ពុជា។ វេទិកា​កាលពី​ព្រឹក​មិញ​បាន​ពិភាក្សា​លើ​​ចំណុច​ចំនួន​ពីរ គឺ​ការរៀបចំ​បញ្ជី​អ្នកបោះឆ្នោត និង​ច្បាប់​ហិរញ្ញវត្ថុ​របស់​គណបក្ស​នយោ​បាយ ដែល​ចំណុច​ទាំងពីរ​នេះ គណបក្ស​ប្រជាជន និង​គណបក្ស​សង្គ្រោះ​ជាតិ បាន​ឯកភាព​គ្នា ក្នុង​ក្របខ័ណ្ឌ​កំណែទម្រង់​កាបោះឆ្នោត។ ហើយ​ការពិភាក្សា​នេះ គឺធ្វើឡើង​នៅមុន​ពេល​ដែល​​គណបក្ស​ដែល​កំពុងមាន​ជម្លោះ​ទាំងពីរ​នឹងត្រូវ​ជួបគ្នា​សារជាថ្មី​ម្តងទៀត​នៅ​ថ្ងៃ​ចន្ទ​ទី១០ មីនា​ដើម​សប្តាហ៍​ក្រោយ។

ការប្រកាស​ពី​វត្តមាន​ចូលរួម​ក្នុង​វេទិកាសាធារណៈ​របស់​ប្រធាន​គណបក្សប្រឆាំង​ជាមួយ​ក្រុម​សហជីព​ដែល​គ្រោង​ឱ្យមាន​មនុស្ស​ចូលរួម​ប្រមាណ៣ម៉ឺន​នាក់ នៅ​ទីលាន​ប្រជាធិបតេយ្យ​នោះ រដ្ឋាភិបាល តាមរយៈ​លោក​ឧបនាយក​រដ្ឋមន្ត្រី ស ខេង រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​ បាន​បញ្ជាក់​សាជាថ្មី​ថា គ្មាន​ឡើយ​ការអនុញ្ញាតឱ្យ​មានកា​ប្រមូលផ្តុំ​ជួបជុំគ្នា​នៅ​ទីលាន​ប្រជាធិប​តេយ្យ ឬ ជាការ​ដង្ហែ​ក្បួន​តាម​ដងផ្លូវ​នោះទេ។

យ៉ាង​ណា​ក៏​ដោយ ក្រោយ​ការប្រកាស​ជំហរ​ផ្សេងគ្នា​រវាង​មេបក្ស​ប្រឆាំង ក្រុម​សហជីព រួម​ទាំង​​រដ្ឋាភិបាល​ស្តីពី​ការប្រមូលផ្តុំ​គ្នា​នៅ​ទីលាន​ប្រជាធិបតេយ្យ​នៅ​ថ្ងៃ៨ មីនា ដែលជា​ថ្ងៃ​សិទ្ធិ​នារី​នោះ នឹង​អាចមាន​ភាព​តានតឹង​ប្រឈម​ដាក់គ្នា​រវាង​កងកម្លាំង នឹង​អ្នកចូលរួម​វេទិកា​សាធារណៈ​ឬ​យ៉ាងណា!

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ