អង្គការការពារអ្នកកាសែតមួយ ស្តីបន្ទោសកម្ពុជា ចំពោះការរឹតបណ្តឹងព័ត៌មានក្នុងពេលបោះឆ្នោត
គណៈកម្មាធិការការពារអ្នកកាសែត (CPJ) ដែលមានមូលដ្ឋាននៅទីក្រុងហុងកុង បានចេញសេចក្តីថ្លែងការណ៍មួយ កាលពីថ្ងៃទី ៤ មិថុនា ដោយបានស្តីបន្ទោសមកលើអាជ្ញាធរកម្ពុជា ចំពោះវិធានការរឹតបណ្តឹងការផ្សព្វផ្សាយព័ត៌មាននៅក្នុងអំឡុងពេលនៃការបោះឆ្នោតជាតិខាងមុខនេះ។ សេចក្តីថ្លែងការណ៍ បានអំពាវនាវឲ្យកម្ពុជា អនុញ្ញាតឲ្យមានការរាយការណ៍ព័ត៌មានដោយសេរី និងគ្មានការភ័យខ្លាច។
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
ស្តាប់ - ០២:៤១
ពីទីក្រុងហុងកុង អង្គការការពារអ្នកកាសែត CPJ ឬ គណៈកម្មាធិការការពារអ្នកកាសែត (Committee to Protect Journalists) បានអំពាវនាវឲ្យអាជ្ញាធរកម្ពុជា បើកទូលាយឡើងវិញ ដល់ប្រព័ន្ធផ្សព្វផ្សាយព័ត៌មាននៅកម្ពុជា ដើម្បីឲ្យពួកគេធ្វើសេចក្តីរាយការណ៍ដោយសេរី និង គ្មានការភ័យខ្លាច នៅក្នុងអំឡុងពេលនៃការបោះឆ្នោតជាតិ។ ការអំពាវនាវបែបនេះ ធ្វើឡើងបន្ទាប់ពីគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ថា គ.ជ.ប កាលពីថ្ងៃទី ២៤ ឧសភា បានចេញសេចក្តីប្រកាសព័ត៌មានមួយ ដោយបានរំឭកដល់អ្នកកាសែតឲ្យមានការប្រុងប្រយ័ត្ន ចំពោះសេចក្តីរាយការណ៍របស់ខ្លួន ជុំវិញដំណើរការបោះឆ្នោត។ ការបោះឆ្នោតជាតិ ដែលនឹងឈានចូលមកដល់ នៅចុងខែកក្កដាខាងមុខនេះ។ សេចក្តីថ្លែងការណ៍បានចាត់ទុកការរំឭករបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតនោះថា គឺជារារាំងឬការទាញអ្នកកាសែតឲ្យចាកឆ្ងាយពីសេរីភាពរបស់ខ្លួន។
សេចក្តីប្រកាសព័ត៌មានរបស់ គជប កាលពីថ្ងៃទី ២៤ ឧសភា បានដាក់បំរាមមួយចំនួនដល់អ្នកកាសែត ដោយមិនឲ្យមានការផ្សព្វផ្សាយព័ត៌មានណាដែលធ្វើឲ្យមានការភ័ន្តច្រឡំ នាំឲ្យបាត់ទំនុកចិត្តលើការបោះឆ្នោត, ការផ្សព្វផ្សាយព័ត៌មានដោយសំអាងលើពាក្យចចាមអារ៉ាម ឬព័ត៌មានដែលពុំមានភស្តុតាងបញ្ជាក់, ការប្រើប្រាស់ភាសាញុះញង់ ឬវាយប្រហារដែលអាចបង្កភាពគ្មានសណ្តាប់ធ្នាប់ឬអាចឲ្យមានអំពើហិង្សា, ការបោះពុម្ពផ្សាយឬផ្សាយបន្តនូវព័ត៌មានដែលបណ្តាលឲ្យប៉ះពាល់ដល់សន្តិសុខជាតិ ស្ថិរភាពនយោបាយនិងសង្គម, ការបញ្ចេញបញ្ចូលនូវទស្សនៈផ្ទាល់ខ្លួន ឬក៏ធ្វើបុរេវិនិច្ឆ័យនៅក្នុងហេតុការណ៍កំពុងកើតមាន ដែលខ្លួនធ្វើសេចក្តីរាយការណ៍, ការជ្រៀតជ្រែក ឬរំខានដល់ការងារចុះឈ្មោះបោះឆ្នោត ការបោះឆ្នោត និងការរាប់សន្លឹកឆ្នោត, ការផ្សព្វផ្សាយមិនឲ្យប្រជាពលរដ្ឋទៅចុះឈ្មោះបោះឆ្នោត និងទៅបោះឆ្នោត និងការធ្វើបទសម្ភាសន៍នៅក្នុងការិយាល័យចុះឈ្មោះបោះឆ្នោត ការិយាល័យបោះឆ្នោត និងការិយាល័យរាប់សន្លឹកឆ្នោតជាដើម។ ប្រសិនបើល្មើសនឹងការព្រមានខាងលើនេះ អ្នកកាសែតនឹងត្រូវប្រឈមការពិន័យជាប្រាក់ពី៥លានរៀល រហូតដល់ ៣០លានរៀល។ នេះនៅមិនទាន់រាប់បញ្ចូលពីទោសទណ្ឌផ្សេងៗទៀតនៅឡើយ។
សូមជំរាបជូនថា កម្ពុជានឹងរៀបចំការបោះឆ្នោតជាតិជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៦ នៅថ្ងៃទី ២៩ ខែកក្កដា ខាងមុខ ដោយមានគណបក្សនយោបាយចំនួន២០ចូលរួម។ ទន្ទឹមគ្នានេះ រដ្ឋាភិបាលកម្ពុជាតាមរយៈក្រសួងចំនួន៣ រួមមាន ក្រសួងមហាផ្ទៃ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងក្រសួងព័ត៌មាន ទើបតែបានចេញប្រកាសរួមគ្នាមួយ ស្តីពី ការគ្រប់គ្រងការផ្សព្វផ្សាយព័ត៌មានគ្រប់ទម្រង់ដែលដំណើរការតាមប្រព័ន្ធអ៊ីនធឺណែត ដែលធ្វើឲ្យអន្តរាយដល់វិស័យការពារជាតិនិងសន្តិសុខជាតិ។ ជាអ្វីដែលអង្គការការពារអ្នកកាសែត CPJ បានកត់សំគាល់ថា គឺជាការបង្រួមលំហសេរីភាពសារព័ត៌មាននៅកម្ពុជាកាន់តែខ្លាំងឡើង នៅមុនការបោះឆ្នោតជាតិមកដល់៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ