អានតួអត្ថបទ
កម្ពុជា

សហគមន៍​អន្តរជាតិ​អំពាវនាវ​ឲ្យ​បញ្ឈប់​អំពើ​ហិង្សា​ហើយ​វិល​ចូល​តុ​ចរចា​វិញ​

បន្ទាប់​ពី​​ការ​ចោទ​ប្រកាន់​​និង​​ឃុំ​ខ្លួន​​អ្នក​តំណាង​រាស្ត្រ​៥​នាក់​​និង​​សកម្មជន​​ម្នាក់​​របស់​​បក្ស​ប្រឆាំង​​កាល​ពី​​ថ្ងៃ​​ពុធ​​ដោយ​​តុលាការ​​រាជធានី​​ភ្នំពេញ ​ប្រតិ​កម្ម​បាន​​ធ្លាក់​​មក​ជា​​បន្ត​បន្ទាប់​។ ​លោក ​សូរិយា ​ប្រាសាទ​ ស៊ូ​​ប៊ែ​​ឌី ​អ្នក​រាយការណ៍​​ពិសេស​​អង្គការ​សហ​ប្រជាជាតិ​​ទទួល​បន្ទុក​​សិទ្ធិ​មនុស្ស​​ប្រចាំ​​កម្ពុជា​​ក៏​ដូចជា​​​ស្ថាន​ទូត​​បរទេស​​មួយ​ចំនួន​​ដែរ​​បាន​​អំពាវ​នាវ​​ឲ្យ​​ភាគី​​ទាំង​ពីរ​​បញ្ឈប់​​អំពើ​ហិង្សា ​និង​​វិល​​ចូល​​តុ​​ចរចា​​ដើម្បី​​បញ្ច​ប់​​វិបត្តិ​​នយោបាយ​។​

ការ​ប៉ះ​ទង្គិះ​គ្នា​រវាង​ពលរដ្ឋ​ និង ​សន្តិសុខ​កាល​ពី​ថ្ងៃ​ទី ​១៥ ​កក្កដា ​នៅ​ជិត​ទីលាន​ប្រជាធិប​តេយ្យ​។​
ការ​ប៉ះ​ទង្គិះ​គ្នា​រវាង​ពលរដ្ឋ​ និង ​សន្តិសុខ​កាល​ពី​ថ្ងៃ​ទី ​១៥ ​កក្កដា ​នៅ​ជិត​ទីលាន​ប្រជាធិប​តេយ្យ​។​ RFI/Siv Channa
ផ្សាយពាណិជ្ជកម្ម

អ្នករាយការណ៍​ពិសេស​អង្គការសហប្រជាជាតិ​ទទួលបន្ទុក​សិទ្ធិមនុស្ស​ប្រចាំ​កម្ពុជា លោក សូរិយា ប្រាសាទ ស៊ូ​ប៊ែ​ឌី បាន​អំពាវនាវ​ឲ្យ​គ្រប់ភាគី​ជម្លោះ​នៅ​កម្ពុជា​រក្សា​ភាព​ស្ងៀមស្ងាត់​និង​ការអត់ធ្មត់។ លោក​ក៏បាន​អំពាវនាវ​ឲ្យ​អាជ្ញាធរ​រដ្ឋាភិបាល​កម្ពុ​ជា​បញ្ឈប់​ការរារាំង​បាតុកម្ម​និង​បើក​ទីលាន​ប្រជាធិបតេយ្យ​ឡើងវិញ។

នៅក្នុង​សេចក្តីថ្លែងការណ៍​ពី​ទីក្រុង​ហ្សឺ​ណែវ​កាលពី​ល្ងាច​ថ្ងៃ​ពុធ លោក ស៊ូ​ប៊ែ​ឌី បាន​កត់សម្គាល់ថា ការ​រឹតបន្តឹង​សេរី​ភាពតាមបែប​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​ចាប់តាំងពី​ដើមខែ​មករា​មក​នោះបាន​ផ្តល់​ផលវិបាក​អវិជ្ជមាន​ដល់​ការគោរព​សិទ្ធិមនុស្ស​នៅក្នុង​ប្រទេស​នេះ។ លោក​បាន​អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​ត្រូវ​ធានា​ឲ្យ​មាន​សិទ្ធិ​ជួបជុំគ្នា​ដោយ​សន្តិវិធី​របស់​ប្រជាពលរដ្ឋ​គ្រប់គ្នា និង​ក៏​អំពាវនាវ​ឲ្យ​អ្នកធ្វើ​បាតុកម្ម​ចៀសវាង​អំពើហិង្សា​ផងដែរ។

ចំណែក​ស្ថានទូត​អាមេរិក​ប្រចាំ​កម្ពុជា​ក៏បាន​ថ្លែង​ថ្កោលទោស​អំពើហិង្សា​កាលពី​ថ្ងៃទី១៥កក្កដា។ តាមរយៈ​សារ​អេឡិចត្រូនិក​មកកាន់​វិទ្យុ​បារាំង​អន្តរជាតិ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ អ្នកនាំពាក្យ​ស្ថានទូត​អាមេរិក​ប្រចាំ​ទីក្រុង​ភ្នំពេញ លោក John Simmon បាន​បញ្ជាក់ថា មានតែ​ការចរចា​គ្នា​ដោយ​សន្តិវិធី​ទេ​ដែល​អាច​ដោះស្រាយ​វិបត្តិ​នយោបាយ​បច្ចុប្បន្ន​បាន។ ស្ថានទូត​អាមេរិក​ក៏បាន​អំពាវនាវ​ឲ្យ​ដោះលែង​តំណាងរាស្ត្រ​គណបក្សប្រឆាំង​ទាំង៥រូប​និង​សកម្មជន​មួយរូប​ដែល​កំពុង​ជាប់​មន្ទីរឃុំឃាំង​ផងដែរ។ ស្ថានទូត​អាមេរិក​អះអាងថា​នឹង​ផ្តល់​សេវា​ពិគ្រោះ​យោបល់​ដល់​លោកស្រី មួរ សុខ​ហួរ ផងដែរ​ពីព្រោះ​លោកស្រី​មាន​សញ្ជាតិ​អាមេរិកកាំង។

ស្ថានទូត​បារាំង​ប្រចាំ​កម្ពុជា​ក៏បាន​សម្តែង​ការសោកស្តាយ​ចំពោះ​អ្វីដែល​បានកើត​ឡើង​កាលពី​ថ្ងៃទី១៥កក្កដា​ផងដែរ។ ប្រឈមមុខ​នឹង​បញ្ហា​នេះ ស្ថានទូត​បារាំង​ក៏បាន​បញ្ជាក់​ឡើងវិញ​អំពី​ការយកចិត្តទុកដាក់រ​បស់​ខ្លួន​ចំពោះ​សេរីភាព​សម្តែង​មតិ និង​ការធ្វើ​បាតុកម្ម​ដោយ​សន្តិវិធី។ ឆ្លើយតប​នឹង​សំណួរ​របស់​វិទ្យុ​បារាំង​អន្តរជាតិ លោក Nicolas Baudouin លេខា​ទី១នៃ​ស្ថានទូត​បារាំង​បាន​បញ្ជាក់ថា ស្ថានទូត​បារាំង​សង្កត់ធ្ងន់​លើ​សារសំខាន់ ដែល​ភាគី​ទាំងពីរ​ត្រូវ​វិល​ទៅរក​ការចរចា​វិញ​ទើប​អាច​ទទួលបាន​ដំណោះស្រាយ​នយោបាយ​មួយ​ប្រកបដោយ​និរន្តរភាព៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ