លោក កឹម សុខា ប្រាប់មេឃុំ បើកចិត្តឲ្យទូលាយធ្វើការជាមួយមេឃុំមកពីបក្សផ្សេង
ពីខេត្តកាកែវ លោក កឹម សុខា ប្រាប់មេឃុំ ជំទប់ទី១ ទី២ និងសមាជិកក្រុមប្រឹក្សាឃុំមកពីគណបក្សសង្គ្រោះជាតិចំនួន៣១៨នាក់ ត្រូវបើកចិត្តឲ្យទូលាយដើម្បីធ្វើការជាមួយមេឃុំមកពីគណបក្សនយោបាយផ្សេងដោយគ្មានការរើសអើង។
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
ស្តាប់ - ០២:០៧
ទន្ទឹមនឹងការស្នើឲ្យបើកចិត្តឲ្យបានទូលាយដើម្បីធ្វើការជាមួយមេឃុំ មកពីគណបក្សនយោបាយផ្សេងហើយនោះ លោក កឹម សុខា ស្នើឲ្យមេឃុំ ជំទប់ទី១ និងទី២ មកពីគណបក្សសង្គ្រោះជាតិក៏ត្រូវយកគំរូនៃការដឹកនាំល្អៗរបស់មេឃុំគណបក្សផ្សេងមកអនុវត្តផងដែរ។ ក្នុងន័យនេះ ប្រធានគណបក្សសង្គ្រោះជាតិបានគូសបញ្ជាក់ថា ជាគំរូល្អក្នុងការធ្វើការងាររួមគ្នាមិនមែនជាគំរូល្អនៅក្នុងការប្រព្រឹត្តអំពើពុករលួយរួមគ្នាឡើយ។
ចំណែកលោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនថា ការបើកចិត្តឲ្យទូលាយដើម្បីធ្វើការងាររួមគ្នាគឺជារឿងមួយល្អ។ ប៉ុន្តែការងារនោះត្រូវធ្វើយ៉ាងណាឲ្យស្របទៅនឹងច្បាប់ស្ដីពីការគ្រប់គ្រងថ្នាក់រដ្ឋបាលឃុំសង្កាត់។
លោក កឹម សុខា ក៏បានរម្លឹកទៅកាន់មេឃុំគណបក្សសង្គ្រោះជាតិ ត្រូវប្រើសម្ដី និងអប្បកិរិយាឲ្យបានទន់ភ្លន់ជាមួយពលរដ្ឋ។ យកចិត្តពលរដ្ឋសម្រាប់ លោក កឹម សុខា គឺអាចនាំឲ្យគណបក្សសង្គ្រោះជាតិឈ្នះការបោះឆ្នោតជាតិក្នុងឆ្នាំ២០១៨។
សូមបញ្ជាក់ថា នៅក្នុងខេត្តតាកែវ គណបក្សសង្គ្រោះជាតិទទួលបានតំណែងជាមេឃុំ ជំទប់ទី១ និងទី២ ចំនួន៣១៨នាក់ ដែលចំនួននេះ កើនលើសកាលបោះឆ្នោតឃុំ ក្នុងឆ្នាំ២០១២ជាងពាក់កណ្ដាល។ កាលណោះក្នុងឋានៈជាគណបក្សពីររួមបញ្ជូលគ្នាសិទ្ធិមនុស្ស និងសម រង្ស៊ី បង្កើតបានសង្គ្រោះជាតិគណបក្សនេះមិនទទួលបានតំណែងជាមេឃុំទេពោលគឺមានត្រឹមតំណែងជំទប់១៧៦នាក់។ នេះបើការបញ្ជាក់របស់លោក ប៉ុល ហំម អនុប្រធានគណបក្សសង្គ្រោះជាតិ។
តាមច្បាប់បោះឆ្នោត១៤ថ្ងៃ ក្រោយការប្រកាសលទ្ធផលបោះឆ្នោតផ្លូវការ ការផ្លាស់ប្ដូរតំណែងមេឃុំចៅសង្កាត់នៅទូទាំងប្រទេសនឹងចាប់ផ្ដើមឡើង។ លោក ហង្ស ពុទ្ធា ថា ការប្រកាសលទ្ធផលបោះឆ្នោតផ្លូវការនឹងធ្វើឡើងនៅថ្ងៃទី២៥មិថុនា ដោយគ្មានការលើកពេលឡើយ។ ដោយឡែក បើផ្អែកតាមលទ្ធផលបណ្ដោះអាសន្ន នៅទូទាំងប្រទេសគណបក្សប្រជាជន គ្រប់គ្រងតំណែងជាមេឃុំចៅសង្កាត់ចំនួន១១៥៦ ឃុំសង្កាត់ ។ ចំណែកគណបក្សសង្គ្រោះជាតិគ្រប់គ្រងតំណែងមេឃុំចៅសង្កាត់ចំនួន៤៨៩៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ