អានតួអត្ថបទ
កម្ពុជា-សេដ្ឋកិច្ច

ក្រសួង​ពាណិជ្ជកម្ម អំពាវ​នាវ​ឱ្យ​សហគ្រាស​យក​ចិត្ត​ទុក​ដាក់​លើ​គុណ​ភាព​ទំនិញ ដើម្បី​បង្កើន​ការ​នាំ​ចេញទៅ​បរទេស​

លោក ប៉ាន សូស័ក្ត រដ្ឋ​មន្រ្តី​ក្រសួង​ពាណិជ្ជកម្ម ជំរុញ​ឱ្យ​ម្ចាស់​សហគ្រាស ពាណិជ្ជករ និង អាជីវករ​ខ្មែរ ផ្តោត​ការ​យក​ចិត្ត​ទុក​ដាក់​បន្ថែម​ទៀត ចំពោះ តម្លៃ គុណភាព ព្រមទាំង ការ​វេច​ខ្ចប់​ទំនិញ ឱ្យ​ស្រប​តាមស្តង់​ដា​បច្ចេកទេស ដើម្បី​ពង្រីក​ទីផ្សារ​ទំនិញ​ទៅ​ក្រៅ​ប្រទេស។ ការអំពាវ​នាវ​របស់​រដ្ឋ​មន្រ្តី​ក្រសួងពាណិជ្ជកម្ម​នាពេ​ល​នេះ ចំ​ពេល​ដែល ទំហំ​នៃ​ការ​នាំ​ចេញ​ទំនិញ​របស់​កម្ពុជា កំពុង​កើន​ឡើង​ជា​បន្តបន្ទាប់ ដោយ​បរិមាណ​ទឹកប្រាក់​នាំ​ចេញ​ទំនិញ គិត​ត្រឹម ៦ ខែ ដើមឆ្នាំ ២០១៦ នេះ មានចំនួន ៤,៦ លាន​ដុល្លារ​មេរិក។

សំណង់អគារធំៗ ជាច្រើន កំពុងត្រូវបានសាងសង់៕
សំណង់អគារធំៗ ជាច្រើន កំពុងត្រូវបានសាងសង់៕
ផ្សាយពាណិជ្ជកម្ម

 

ការ​នាំ​ទំនិញ​ចេញ​របស់​កម្ពុជា បាន​កើន​ទ្បើង​ជា​លំដាប់ ដោយ​ក្នុង​នោះ​ទឹក​ប្រាក់​នាំ​ចេញ​ទំនិញ​​ឆ្នាំ ២០១៣ មាន​ចំនួន ៦,៩ពាន់​លាន​ដុល្លារ, ឆ្នាំ ២០១៤ ចំនួន ៧​ពាន់​លាន​ដុល្លារ និងឆ្នាំ ២០១៥ ចំនួន ៨,៥ ពាន់​លាន​ដុល្លារ។សម្រាប់​រយៈ​ពេល​ ៦ខែ ដើម​ឆ្នាំ​២០១៦ មាន​ចំនួន ៤,៦​ពាន់​លាន​ដុល្លារ​ គឺបាន​កើន​ទ្បើង​ចំនួន ០,៣៨ពាន់ លានដុល្លារ ​បើ​ធៀប​នឹង​រយៈ​ពេល​ដូច​គ្នា ក្នុង​ឆ្នាំ​២០១៥។  នៅ​ក្នុងនោះ​រួម​មាន ការ​កើន​ឡើង​នូវ​ការ​នាំ​ចេញ​ទំនិញ​ក្នុង​វិស័យ​វាយ​ន​ភណ្ឌ​កាត់​ដេរ​សម្លៀកបំពាក់ និង​ស្បែក​ជើង និង​ក​សិ​-​ឧស្សាហកម្ម ជាដើម។

ស្រប​ពេល​ទំហំ​ទឹក​បា្រក់​នៃ​ការ​នាំ​ចេញ​ទំនិញ កំពុង​ហក់​ឡើង​ខ្ពស់ រដ្ឋ​មន្ត្រី​ក្រសួង​ពាណិជ្ជកម្ម លោក ប៉ាន សូរស័ក្តិ បាន​ជំរុញ​ឱ្យ​ម្ចាស់​សហគ្រាស ខិត​ខំ​ប្រែង​ប្រែង​ធ្វើ​យ៉ាង​ណា​ឱ្យ ការ​រៀប​ចំ​ផលិតផល ទាំង​គុណ​ភាព និង តម្លៃ​ឲ្យ​ស្រប​តាម​ស្តង់​ដា ពិសេស ការ​វេច​ខ្ចប់ សោភណ​ភាព កាន់​តែ​មាន​លក្ខណៈល្អ​ប្រសើរ ដើម្បី​អាច​ប្រកួត​ប្រជែង​ជាមួយ​អន្តរជាតិ​បាន និង អាច​ជំនួស​ការ​នាំ​ចូល​ទំនិញ​ពី​បរទេស។

បន្ថែម​លើ​នេះ ដើម្បី​សម្រួល​ដល់​ការ​ធ្វើ​ពាណិជ្ជកម្ម និង​លើក​កម្ពស់​បរិយាកាស​ធុរកិច្ច ក្រសួង​ពាណិជ្ជកម្ម​បាន​ដាក់​ឲ្យ​ប្រើ​ប្រាស់​ជា​ផ្លូវការ​នូវ​ប្រព័ន្ធ​ស្វ័យ​ប្រវត្តិ​កម្ម​សំខាន់ៗ​ និង​ការ​បង់​ចំណាយ​លើ​សេវា​តាមប្រព័ន្ធ e-payment នៅ​ទូ​ទាំង​ប្រទេស។ ​ ក្រសួង​ពាណិជ្ជកម្ម កំពុង​ជំរុញ​ការ​រៀប​ចំ​សេចក្តី​ព្រាង​ច្បាប់ និង​លិខិត​បទ​ដ្ឋាន​គតិ​យុត្ត​ក្រោម​ច្បាប់​វិស័យ​ពាណិជ្ជកម្ម ដើម្បី​បង្កើន​ការ​ទាក់​ទាញ​វិនិយោគ​ថែម​ទៀត​។

រដ្ឋ​មន្រ្ដី​ក្រសួង ពាណិជ្ជកម្ម បាន​អះ​អាង​ថា ក្រសួង​ចាំ​ជួយ​ដោះ​ស្រាយ​គ្រប់​ពេល​វេលា​ដល់​កសិករ ពាណិជ្ជករ និង​ផលិតករ​ទាក់​ទង​នឹង​បញ្ហា​ទីផ្សារ​លក់ ផលិត​ផល​ក្នុង​ស្រុក និង​ការ​នាំ​ចេញ ទៅ​ក្រៅប្រទេស។​

យ៉ាង​ណា​មិញ លោក ក៏​ចង់​ឲ្យ​ពាណិជ្ជករ សហគ្រិន និង​វិនិយោគិន​ទាំង​ក្នុង ស្រុក និង​ក្រៅ​ប្រទេស ពិចារណា​វិនិយោគ​លើ​វិស័យ​អាទិភាព​មួយ​ចំនួន​ដូចជា កសិ-ឧស្សាហកម្ម ឧស្សាហកម្ម កែច្នៃ ទូរគមនាគមន៍ និងដឹកជញ្ជូន ឧស្សាហកម្ម និងថាមពល ហេដ្ឋា​រចនា​សម្ព័ន្ធ​រូប​វន្ត និង​ទេសចរណ៍ ដើម្បីទទួល​បាន​ការ​អនុ​គ្រោះ​ពន្ធ​រយៈ​ពេល​ វែង និង​ការ​លើក​ទឹក​ចិត្ត​ផ្សេង​ៗ​ពី​រដ្ឋាភិបាល។

ជាការកត់សម្គាល់ កាលពីខែ តុលា កន្លងទៅ ​វៀតណាម ​ បាន​យល់​ព្រម​ផ្តល់​ភាព​អនុគ្រោះ​ពន្ធ​សូន្យ​ភាគរយ​ដូច​គ្នា​នូវ​មុខ​ទំនិញ​ចំនួន ៣៩ ដល់​ភាគី​កម្ពុជា​ក្នុង​នោះ​មាន​អង្ករ​ចំនួន ៣០ ម៉ឺន​តោន​រៀងរាល់​ឆ្នាំ និង​សន្លឹក​ថ្នាំ​ជក់​ស្ងួត ៣ ០០០ តោន​សម្រាប់​ឆ្នាំ ២០១៦-២០១៧។

ដោយឡែក កាលពីដើមខែ​ កក្កដា វិញ ស.រ.អា.បាន​ប្រកាស​អំពី​ការ​អនុគ្រោះ​ពន្ធលើ​ទំនិញ​សម្រាប់​ការធ្វើ​ដំណើរ​ដែល​ផលិត​នៅ​កម្ពុជា​ជា​ច្រើន​ប្រភេទដូច​ជា​វ៉ាលីស ​កាបូប​ស្ពាយ ​កាបូបដៃ​ និង​កាបូប​លុយ​ដាក់​ក្នុង​ហោប៉ៅ​នឹង​អាច​នាំ​របស់​ទាំងនេះ​ទៅ​កាន់​សហ​រដ្ឋ​អាមេរិក។​

ចំណែក ប្រទេស​ចិន ​នឹង​បង្កើន​កម្រិត​កូតា​នាំចេញ​សម្រាប់​ស្រូវអង្ករ​កម្ពុជា ឲ្យ​បាន​រហូត​ដល់២០​ម៉ឺន​តោន​បន្ថែម​ទៀត​នៅ​ក្នុង​ឆ្នាំ​២០១៧។   ភាគី​ចិន ​នឹង​ពិគ្រោះ​យោបល់​ជាមួយ​ស្ថាប័ន​ពាក់ព័ន្ធ​នានា​ដើម្បី​ផ្តល់​ការ​អនុគ្រោះ​ពន្ធគយ​ក្នុង​កម្រិត​រហូត​ដល់ ​៩៧​ភាគរយ នៃ​ខ្សែ​បន្ទាត់​ពន្ធគយ​សរុប​ក្រោម​ក្របខ័ណ្ឌ​អនុគ្រោះ​ដោយ​ឲ្យ​រួច​ពន្ធគយ ​និង​គ្មាន​កូតា​កំណត់​ឲ្យ​បាន​ឆាប់​តាម​ដែល​អាច​ធ្វើ​ទៅ​បាន៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ