ក្រសួងមហាផ្ទៃ អំពាវនាវឲ្យអ្នកប្រើហ្វេសប៊ុកកុំចែកចាយព័ត៌មានមិនពិតពីករណីបាត់ក្មេង
បន្ទាប់ពីមានការផ្សព្វផ្សាយព័ត៌មានពីករណីបាត់ក្មេងជាបន្តបន្ទាប់លើបណ្តាញសង្គមហ្វេសប៊ុក ក្រសួងមហាផ្ទៃ នៅថ្ងៃនេះ បានអំពាវនាវដល់អ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុកកុំឲ្យចែកចាយព័ត៌មានពីករណីបាត់ក្មេងនេះតទៅទៀត។ ជាសកម្មភាពដែលត្រូវបានក្រសួងមហាផ្ទៃអះអាងថា អាចបង្កភាពចលាចល និងអស្ថេរភាពក្នុងសង្គម ខណៈរហូតមកទល់ពេលនេះ ក្រសួងមហាផ្ទៃមិនទាន់ទទួលបានសេចក្តីរាយការណ៍ពីករណីចាប់ក្មេងណាមួយកើតឡើងក្នុងប្រទេសកម្ពុជានោះឡើយ។
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
លោក ខៀវ សុភ័ក្ត្រ អ្នកនាំពាក្យក្រសួងមហាផ្ទៃ បានកត់សម្គាល់ថា នារយៈពេលប៉ុន្មានថ្ងៃមកនេះ មានអ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុកជាច្រើន ពីករណីបាត់ក្មេងជាបន្តបន្ទាប់នៅប្រទេសកម្ពុជា។ យ៉ាងណាក៏ដោយ ក្រសួងមហាផ្ទៃ អះអាងថា ព័ត៌មានទាំងនោះគឺជាព័ត៌មានមិនពិត ។ លោក ខៀវ សុភ័ក្រ្ត ចាត់ទុកថា សកម្មភាពបែបនេះគឺជាការបំផុសបំផុលឲ្យមានភាពចលាចលក្នុងសង្គម។ ធ្ងន់ធ្ងរជាងនេះ ការចូលរួមផ្សព្វផ្សាយព័ត៌មានមិនពិត ក៏ត្រូវបានចាត់ចូលថាជាការចូលរួមប្រព្រឹត្តិបទល្មើសដោយមិនដឹងខ្លួន។
យ៉ាងណាក៏ដោយ ឆ្លើយតបនឹងក្តីបារម្ភពីសុខសុវត្ថិភាពរបស់សិស្សសាលាបឋមសិក្សាពីសំណាក់មាតាបិតា អាណាព្យាបាល និងសាធារណៈជន ក្រសួងមហាផ្ទៃ សហការជាមួយក្រសួងអប់រំយុវជននិងកីឡា កាលពីពេលថ្មីៗនះ បានប្រកាសលេខទូរស័ព្ទចំនួនពីរ ដើម្បីឲ្យប្រជាពលរដ្ឋរាយការណ៍ពីករណីបាត់ក្មេងមកសមត្ថកិច្ច។ ទូរស័ព្ទ២ខ្សែលេខ 0៣១ ២០១ ២៣៤៥ , ០៣១ ៦០១ ២៣៤៥។
បន្ថែមលើនេះ លោកស្រី ជូ ប៊ុនអេង អនុប្រធានអចិន្ត្រៃយ៍របស់គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងការជួញដូរមនុស្សកម្ពុជា ក៏បានអំពាវនាវឲ្យមាតាបិតា អាណាព្យាបាល បង្កើនការប្រុងប្រយ័ត្នខ្ពស់ ចំពោះការមើលថែរក្សាបុត្រធីតា ជាពិសេសនៅពេលចេញពីសាលារៀន ឬ នៅតាមទីសាធារណៈនានា។
ជាការកត់សម្គាល់មួយរយៈពេលចុងក្រោយនេះ មានការផ្សព្វផ្សាយតាមរយៈបណ្តាញសង្គម ជាបន្តបន្ទាប់ថា មានករណីចាប់ក្មេងក្រោយហេតុផលផ្សេង នៅតាមបណ្តាខេត្តមួយចំនួន ដូចជា ខេត្តព្រះសីហនុ ស្វាយរៀង និងប៉ៃលិន ជាដើម។ យ៉ាងណាក៏ដោយ បន្ទាប់ពីការសិក្សាស៊ើបអង្កេត មន្រ្តីជំនាញអះអាងថា ៣ករណីខាងលើនេះ គឺជាការភាន់ច្រឡំប៉ុណ្ណោះ ហើយមិនមែនជាករណីចាប់ក្មេងដូចការផ្សព្វផ្សាយឡើយ។
ជុំវិញការផ្សព្វផ្សាយព័ត៌មានមិនពិតនេះដែរ អ្នកនាំពាក្យក្រសួងយុត្តិធម៌ លោក គឹម សន្តិភាព នៅថ្ងៃទី៣០ ខែកក្កដា បានអំពាវនាវដល់អ្នកប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយ និងអ្នកលេងបណ្តាញទំនាក់ទំនងសង្គមទាំងអស់ កុំឲ្យបន្តចែកចាយ ឬផ្សព្វផ្សាយនូវដំណឹងមិនពិត ឬពាក្យចចាមអារ៉ាម ដែលគ្មានប្រភពច្បាស់លាស់ ដែលធ្វើឲ្យមានភាពចលាចលនៅក្នុងសង្គម៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ