អានតួអត្ថបទ
កម្ពុជា

កម្ពុជា​ត្រូវ​ការ​ពង្រឹង​ស្ថាប័ន​ដើម្បី​ជំរុញ​ល្បឿន​នៃ​កំណែ​ទម្រង់!

បច្ចុប្បន្ន​នេះ កម្ពុជា​កំពុង​ស្ថិត​ក្នុង​ដំណាក់កាល​នៃ​កំណែ​ទម្រង់​ក្នុង​គ្រប់​វិស័យ។ ពាក្យ​កំណែទម្រង់​កំពុង​ពេញ​និយម រាប់​តាំងពី​កំណែ​ទម្រង់​ការ​បោះ​ឆ្នោត​រហូត​ដល់​ទម្លាប់​ធ្វើការ​និង​ផ្នត់គំនិត​មនុស្ស​ក្នុង​សង្គម។ ប៉ុន្តែ កិច្ចការ​មួយ​ដែល​សំខាន់​ដើម្បី​ពង្រឹង​ប្រសិទ្ធ​ភាព​ការងារ និង​ជំរុញ​ល្បឿន​នៃ​កំណែ​ទម្រង់ គឺ​ការពង្រឹង​ស្ថាប័នរដ្ឋ​ឲ្យ​រឹងមាំ​និង​ឲ្យ​មាន​ដំណើរការ​ស្រប​តាម​គោល​ការណ៍​នីតិរដ្ឋ​ពិត​ប្រាកដ។ ម្យ៉ាង​ទៀត ការ​ពង្រឹង​ស្ថាប័ន​អាច​កាត់​បន្ថយ​អំណាច​បុគ្គល និង លុប​បំបាត់​ទម្លាប់​ដឹកនាំ​តាម​បែប​បក្ខពួក និង​គ្រួសារ​និយម​ទៀត​ផង។

អគ្គិសនី​កម្ពុជា ដែល​កំពុង​តែ​ធ្វើ​កំណែទម្រង់​តបណ្តាញ​អគ្គិសនី​ដល់​បន្ទប់​ជួល​ក្នុង​តំលៃ​៦១០រៀល​ ក្នុង​មួយ​គីឡូវ៉ាត់​ម៉ោង​ សម្រាប់​អ្នក​ប្រើ​ក្រោម​៥០​គីឡូ​វ៉ាត់ម៉ោង​ក្នុង​មួយ​ខែ​។
អគ្គិសនី​កម្ពុជា ដែល​កំពុង​តែ​ធ្វើ​កំណែទម្រង់​តបណ្តាញ​អគ្គិសនី​ដល់​បន្ទប់​ជួល​ក្នុង​តំលៃ​៦១០រៀល​ ក្នុង​មួយ​គីឡូវ៉ាត់​ម៉ោង​ សម្រាប់​អ្នក​ប្រើ​ក្រោម​៥០​គីឡូ​វ៉ាត់ម៉ោង​ក្នុង​មួយ​ខែ​។ @EDC Facebook
ផ្សាយពាណិជ្ជកម្ម

នៅលើ​លោក​នេះ មាន​ប្រទេស​មិន​ច្រើន​ទេ​ដែល​បាន​ឆ្លង​កាត់​របប​កាប់​សម្លាប់​មនុស្ស​និង​រង​ការ​បំផ្លិច​បំផ្លាញ​យ៉ាង​ដំណំ​ដូច​ជា​កម្ពុជា។ ប្រវត្តិសាស្ត្រ​ដែល​ដិតដាម​ដោយ​សង្គ្រាម​ហែកហួរ​គ្នា​រហូតដល់​ធ្លាក់​ក្នុង​របប​ខ្មែរក្រហម​កាលពី​ចន្លោះ​ឆ្នាំ ១៩៧៥​ដល់​១៩៧៩ គឺជា​សោកនាដ​កម្ម​ដ៏​ធំ​ធេង​បំផុត។ ដូច្នេះ សន្តិភាព ស្ថិរភាព​នយោបាយ និង​ការអភិវឌ្ឍ​ដែល​កម្ពុជា​ទទួល​បាន​សព្វ​ថ្ងៃ​គឺជា​សមិទ្ធផល​ដែល​គេ​មិន​អាច​មើល​រំលង​បាន​។

ប៉ុន្តែ ការ​ផ្តេកផ្តួល​ទៅលើ​អតីតកាល​ខ្លាំងពេក​អាច​ក្លាយជា​លេស​ក្នុងការ​បិទបាំង​ភាព​យឺត​យ៉ាវ​នៃ​ដំណើរ​ឆ្ពោះ​ទៅ​អនាគត​ជា​មិន​ខាន។ ក្នុង​ន័យ​នេះ កម្ពុជា​ត្រូវគេ​មើល​ឃើញ​ថា​មាន​ឱកាស​អាច​ដើរ​ចេញពី​ភាព​ក្រីក្រ​បាន​លឿន​ជាង​នេះ ហើយ​ក៏​អាច​ចាក់​គ្រឹះ​ប្រជាធិបតេយ្យ​និង​នីតិរដ្ឋ​បាន​ឆាប់​រហ័ស​ជាង​នេះដែរ ប្រសិន​បើ​អ្នក​នយោបាយ​នាំគ្នា​កែ​តម្រូវ​ចំណុច​អសកម្ម​របស់​ខ្លួន​ហើយ​នាំ​គ្នា​ពង្រឹង​ស្ថាប័ន​ឲ្យ​បាន​រឹងមាំ​ជំនួស​ឲ្យ​ទម្លាប់​ដឹកនាំ​តាមបែប​បុគ្គល​និយម​ឬ​«​ប្រធាន​និយម​»។

នៅ​កម្ពុជា មាន​កត្តា​ពីរ​ដែល​ធ្វើ​ឲ្យ​មនុស្ស​មាន​ឥទ្ធិពល​ខ្លាំង​ជាង​ស្ថាប័ន៖ ទី​១​គឺ​ប្រាក់ និង​ទី​២​គឺ​អំណាច។ ដើម្បី​បង្កើន​ឥទ្ធិពល​របស់​ខ្លួន​ឲ្យ​កាន់​តែ​ខ្លាំង មនុស្ស​ត្រូវ​ការ​ប្រាក់​ផង​និង​អំណាច​ផង។ ហេតុ​ដូច្នេះ​ហើយ​បាន​ជា​អ្នក​មាន​ប្រាក់​ប្រើ​ទឹក​ប្រាក់​ដើម្បី​ទាក់​អំណាច រីឯ​អ្នក​មាន​អំណាច​ប្រើ​អំណាច​ដើម្បី​រកប្រាក់។ ជា​ផល​វិបាក ទម្លាប់​បែប​នេះ​ធ្វើ​ឲ្យ​និតិរដ្ឋ​ចុះខ្សោយ​ជា​ស្វ័យ​ប្រវត្តិ រីឯ​ស្ថាប័នរដ្ឋ​វិញ​ក៏​ទន់​ខ្សោយ​និង​ខ្វះ​ប្រសិទ្ធ​ភាព​ដែរ​។

វា​មិន​មែន​ជា​រឿង​ពិបាក​យល់​នោះ​ទេ៖ នៅ​ពេល​ដែល​មនុស្ស​ទូទៅ​ងាក​ទៅ​ស្ងប់​ស្ងែង​ហើយ​កោត​ខ្លាច​អំណាច​បុគ្គល ពួកគេ​នឹង​មិន​សូវ​ឲ្យ​តម្លៃ​ទៅ​លើ​ការ​គោរព​ច្បាប់​ឡើយ។ រីឯ​បុគ្គល​ដែលមាន​អំណាច​ទៀត​សោត​ក៏​ងាយ​នឹង​បំពាន​ច្បាប់​ដែរ​ដោយ​សារតែ​ពួកគេ​ដឹង​ច្បាស់​ថា ឥទ្ធិពល​របស់ខ្លួន​ដែល​កើត​ចេញ​ពី​ការ​ផ្សំ​កម្លាំង​ធាតុ​ទាំង​ពីរ (គឺ​ប្រាក់ និង​អំណាច) ពិត​ជា​គ្មាន​អ្នកណា​អាច​យក​ឈ្នះ​បាន​ឡើយ។ សូម្បីតែ​អ្នក​អនុវត្ត​ច្បាប់​ក៏​គង់​តែ​ស្រវាំង​ភ្នែក​នៅ​ចំពោះ​មុខ​ឥទ្ធិពល​ទឹក​ប្រាក់​និង​អំណាច​ដែរ។ ហេតុដូច្នេះ​ហើយ​បាន​ជា​នៅ​កម្ពុជា ដំណើរ​ការ​របស់​រដ្ឋ​បាល​សាធារណៈ​ក៏​ដូចជា​របស់​គណបក្ស​នយោបាយ​មួយ​ដែរ​ច្រើន​តែ​គោរព​ប្រធាន​ធំ​ជាង​គោរព​គោល​ការណ៍​ស្ថាប័ន។ ឲ្យ​តែ​លោក​ប្រធាន​ថា​យ៉ាង​ម៉េច កូនចៅ​ក៏​រត់​ខ្វែង​ដៃជើង​តាម​បទបញ្ជា​ទោះជា​បញ្ជា​នោះ​ខុសពី​គោល​ការណ៍​ច្បាប់​ក៏ដោយ​។

យ៉ាង​ណា​ក៏​ដោយ រយៈពេល​ពីរ​ទសវត្សរ៍​ចុងក្រោយ​នេះ មាន​ការវិវឌ្ឍ​វិជ្ជមាន​មួយ​ចំនួន​គួរ​ឲ្យ​កត់សម្គាល់៖ បច្ចុប្បន្ន គណបក្ស​នីមួយៗ​នាំគ្នា​និយាយ​អំពី​កំណែ​ទម្រង់។ កំណែ​ទម្រង់​ក៏​កំពុង​ត្រូវបាន​ធ្វើ​ឡើង​ក្នុង​គ្រប់​វិស័យ។ ប៉ុន្តែ ផ្នត់​គំនិត​ដឹកនាំ​តាម​បែប​«​ប្រធាន​និយម»​ដែល​នៅតែ​ចាក់ឫស​យ៉ាង​ជ្រៅ​នៅ​ឡើយ​នោះ​ក្លាយ​ជា​ឧបសគ្គ​ធំធេង​ណាស់​សម្រាប់​នយោបាយ​កំណែទម្រង់​ទាំង​ក្នុង​ស្ថាប័នរដ្ឋ ទាំង​ក្នុង​គណបក្ស​នយោបាយ។ ជាក់​ស្តែង នៅ​កម្ពុជា រដ្ឋ​ក្រ​ជាង​មន្ត្រី​រាជការ​ធំ​ៗ​ដែល​ជា​អ្នក​ធ្វើ​ការ​បម្រើ​រដ្ឋ។ ម្យ៉ាង​ទៀត នៅពេល​មាន​បញ្ហា​អ្វីមួយ ពលរដ្ឋ​រងគ្រោះ​ច្រើន​តែ​រត់រក​អន្តរាគមន៍​ពី​បុគ្គល​ដែលមាន​ឥទ្ធិពល​ច្រើន​ជាង​រត់រក​អន្តរាគមន៍​ពី​ស្ថាប័ន​អនុវត្ត​ច្បាប់​។

មាន​មូល​ហេតុ​ច្រើន​យ៉ាង​ដែល​គេ​អាច​លើក​មក​ពន្យល់​បញ្ហា​នេះ​បាន។ មូលហេតុ​សំខាន់​ជាងគេ​គឺ​មរតក​នយោបាយ​និង​ផ្នត់​គំនិត​ខុស​ឆ្គង​មួយ​ចំនួន​នៅ​ក្នុង​សង្គម​ពោល​គឺ​សង្គម​ខ្មែរ​ចូលចិត្ត​កោតខ្លាច​អំណាច​បុគ្គល​ជាង​កោតខ្លាច​ច្បាប់។ ចំណែក​អ្នក​នយោបាយ​ខ្មែរ​វិញ​ក៏មាន​ទម្លាប់​ចូលចិត្ត​ប្រើ​អំណាច​ជាង​ប្រើ​ច្បាប់​ដែរ។ តាម​ពិត ក្នុង​សង្គម​ប្រជា​ធិប​តេយ្យ ផ្នត់​គំនិត​បែប​នេះ​វា​គួរ​តែ​ហួស​សម័យ​ទៅ​ហើយ ប៉ុន្តែ ទស្សនៈ​ចាស់​គំរឹល​នេះ​នៅតែ​កប់​ជ្រៅ​ក្នុង​មនុស្ស​ខ្មែរ​ដែល​ពិបាក​នឹង​លាងជម្រះ​នៅឡើយ។

ដូច្នេះ ដល់ពេល​ហើយ​ដែល​កម្ពុជា​ត្រូវ​ពង្រឹង​ស្ថាប័នរដ្ឋ​ឬ​នីតិរដ្ឋ​ឲ្យ​បាន​រឹងមាំ​ដោយ​ត្រូវ​កាត់បន្ថយ​របៀប​ដឹកនាំ​តាមបែប​បុគ្គល​និយម​ជា​ចាំបាច់​ពី​ព្រោះ​ថា​ប្រទេស​មួយ​អាច​មាន​ស្ថិរភាព​បាន​ទាល់​តែ​ប្រទេស​នោះ៖ ទី១ មាន​ខឿន​សេដ្ឋកិច្ច​រឹងមាំ និង​ទី២ មាន​នីតិរដ្ឋ​ពិត​ប្រាកដ ពោលគឺ​គ្រប់​ស្ថាប័ន​ទាំងអស់​ជាពិសេស​ស្ថាប័ន​រដ្ឋ​ត្រូវ​ដំណើរ​ការ​ដោយ​គោរព​គោល​ការណ៍​ច្បាប់​ជាធំ។

នៅ​ពេល​ដែល​មនុស្ស​គ្រប់គ្នា​គោរព​និង​អនុវត្ត​ច្បាប់​ជំនួស​ឲ្យ​ការគោរព​និង​កោត​ខ្លាច​អំណាច​បុគ្គល​ឬ​អំណាច​ទឹក​ប្រាក់ រាល់​កំណែ​ទម្រង់​នឹង​សម្រេច​បាន​លទ្ធផល​យ៉ាង​លឿន​រហ័ស រីឯ​ស្ថាប័នរដ្ឋ​ក៏មាន​ស្ថិរភាព និង​ប្រសិទ្ធ​ភាព​ដែរ។ ផ្ទុយ​ទៅ​វិញ ការ​បណ្តែត​បណ្តោយ​ឲ្យ​អំណាច​ស្ថាប័ន​ទន់​ខ្សោយ​ជាង​អំណាច​បុគ្គល នីតិរដ្ឋ​ប្រាកដជា​មិនអាច​កើត​មាន​នៅ​កម្ពុជា​នោះ​ឡើយ។ រីឯ​កំណែ​ទម្រង់​ទាំង​ឡាយ​ក៏​មិនអាច​លឿន​ទៅមុខ​បាន​ដែរ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ