អានតួអត្ថបទ
កម្ពជា

ផ្អាក​​បុណ្យ​​អុំ​ទូក​​៖ អ្នក​​ភ្នំពេញ​​សម្រុក​​ទៅ​​ខេត្ត​​៦០​​ភាគ​រយ ​​និង​​១០​​ភាគ​​រយ​​ចេញ​​ទៅ​​ក្រៅ​

នៅ​ព្រឹក​​ថ្ងៃ​អង្គារ៍​​​ទី​២៤វិច្ឆិកា​នេះ​ រាជធានី​​ភ្នំពេញ​​មាន​​សភាព ​​ស្ងប់​​ស្ងាត់​​ជាង​​សព្វ​​មួយ​ដង​​ដោយ​​សារ​​តែ​​រដ្ឋាភិបាល​​សម្រេច​​ផ្អាក​​ព្រះរាជ​​ពិធី​បុណ្យ​អុំ​ទូក។ អ្នក​​ជំនាញ​​ក្នុង​​វិស័យ​ទេសចរណ៍​​បាន​​វា​យ​​តម្លៃ​​ជា​​បឋម​ថា ​ពលរដ្ឋ​​រស់​នៅ​​រាជធានី​​ភ្នំពេញ​​​៦០ភាគរយ សម្រុក​​ទៅ​​កំសាន្ត​​នៅ​​ខេត្ត ​និង​១០​ភាគរយ ​ទៀត​​ចេញ​​ទៅ​​កំសាន្ត​​នៅ​​ក្រៅ​​ប្រទេស។

មនុស្ស «រាប់លាននាក់» ចូល​កម្សាន្ត​នៅ​ភ្នំពេញ ទោះបី​គ្មាន​បុណ្យ​អុំទូកកាលពីឆ្នាំកន្លងទៅ
មនុស្ស «រាប់លាននាក់» ចូល​កម្សាន្ត​នៅ​ភ្នំពេញ ទោះបី​គ្មាន​បុណ្យ​អុំទូកកាលពីឆ្នាំកន្លងទៅ ©ចាន់ណា
ផ្សាយពាណិជ្ជកម្ម

ទិដ្ឋភាព​​ទូទៅ​​នៅ​​ក្នុង​​រាជធានី​​ភ្នំពេញ​​ នៅ​​ព្រឹក​ថ្ងៃ​អង្គារ៍​ ទី​២៤​វិច្ឆិកា​នេះ​ មាន​​សភាព​​ស្ងប់ស្ងាត់​​ជាង​​សព្វ​មួយ​​ដង​ ​ដោយ​សារ​​តែ​​អ្ន​ក​រស់​នៅ​​ធានី​ភ្នំពេញ​​ប្រមាណ​​៦០​ភាគរយ​ ​បាន​សម្រុក​​ទៅ​​កំសាន្ត​ ​និង​​ទៅ​​ស្រុក​​កំណើត​​នៅ​​តាម​​បណ្ដា​​ខេត្ត​​ និង​​ប្រមាណ​១០​ភាគ​រយទៀត​ ចេញ​​ទៅ​​កំសាន្ត​​នៅ​​ក្រៅ​​ប្រទេស​​ក្នុង​​ឱកាស​​ឈប់​​សម្រាក​​ចំនួន​​បី​​ថ្ងៃ​​នៃ​​ព្រះរាជពិធី​​បុណ្យ​​អុំ​ទូក។​ នេះ​​ជា​​ការ​​វាយ​​តម្លៃ​​ជំហាន​​ដំបូង​​ក្នុង​​ថ្ងៃ​​​ទី​​១​ ​នៃ​​ពិធី​បុណ្យ​អុំ​ទូក របស់លោក អាង គឹម​អៀង ប្រធាន​សមាគម​​ទី​ភ្នាក់​ងារ​​ទេសចរណ៍​​កម្ពុជា​។​

ថ្លែង​​ប្រាប់​​វិទ្យុ​​បារាំង​​អន្តរ​ជាតិ​RFI លោក​អាង គឹមអៀង យល់​ថា​​ការ​​ផ្អាក​​ព្រះ​​រាជ​ពិធី​បុណ្យ​​អុំ​ទូក​​នៅ​​ភ្នំពេញ ​គឺ​​ជា​​រឿង​​មួយ​ល្អ ​ ដើម្បី​​ជៀស​វាង​​ការ​​ប្រមូល​​ផ្ដុំ​​នៅ​​ក្នុង​​ក្រុង​។ ម្យ៉ាង​ទៀត​​ទាំង​​ភ្ញៀវ​​ទេសចរ​​ជាតិ​​និង​​អន្តរ​ជាតិ​ ​បាន​​ចាប់​​អារម្មណ៍​​ទៅ​​ទស្សនា​​នៅ​​តាម​បណ្ដា​​ខេត្ត​​ដែល​​មាន​​រៀប​ចំ​​ពិធី​​បុណ្យ​​អុំ​ទូក។ ​លោក​​បន្ត​​ថា​ ទោះ​​នៅ​​ភ្នំពេញ​​ មិន​រៀប​ចំ​​ពិធី​​បុណ្យ​​អុំ​ទូក​​ជា​​ផ្លូវ​ការ​​ក៏​​ដោយ​ ​តែ​​ចំនួន​​ភ្ញៀវ​ទេសចរណ៍​​ជាតិ​​ និង​​អន្តរ​ជា​តិ​​ទស្សនា​ក្រុង​​ភ្នំពេញ​​មិន​​មាន​​កា​រ​ថយ​​ចុះ​​ទេ។

ទន្ទឹម​​នេះ​​លោក ឡុង ឌីម៉ង់ អ្នក​​នាំ​ពាក្យ​​សាលា​​រាជធានី​​ភ្នំពេញ​​ឲ្យ​​ដឹ​ង​​ថា​ នៅ​​ម៉ោង​៧​យប់​​នេះ​​និង​​ពីរ​​យប់​​បន្ត​​ មាន​​ការ​​បាញ់​កាំ​​ជ្រួច​​ដូច​រៀង​រាល់​ឆ្នាំ​ ​ដើម្បី​​ចូល​រួម​​អប​អរ​​សាទរ​ព្រះរាជ​​ពិធី​​បុណ្យ​​អុំទូក។​ ជំនួស​​ឲ្យ​ការ​​ប្រណាំង​ទូក​​អាជ្ញាធរ​​ក្រុង​​ភ្នំពេញ ​​មាន​កម្ម​វិ​ធី​​ពិសេស២ ​គឺ​ទី១ ​ការ​​បណ្តែត​​គោម​​លើ​​ផ្ទៃ​​ជល​សា ​ប្រមាណ​​ជា​៥០០​គោម​​នៅ​​ទន្លេ​ចតុមុខ ​មុខ​ព្រះបរមរាជវាំង និង​ទី​​២​ គឺ​ការ​បង្ហាញ​​ពី​​ពិធី​​ដាល់​អំបុក ​អកអំ​បុក ​និង​​សំពះ​​ព្រះខែ​​ នៅ​​រមណីយដ្ឋាន​វត្តភ្នំ។ កម្មវិធី​​ទាំងពីរ​​នេះ​ ​នឹ​ងធ្វើ​​ឡើង​​នៅ​​ថ្ងៃ​ទី​២៥ ខែវិច្ឆិកា ​ដែល​ជា​​ថ្ងៃ​ទី​២ នៃ​​ព្រះរាជ​​ពិធីបុណ្យ។

ដោយ​​ឡែក​ទាក់​ទង​នឹង​​សកម្មភាព​​ទូទៅ​​នៅ​​ភ្នំពេញ​​វិញ​​ឃើញ​​ថា​ ស្តង់​​លក់​​ផលិត​ផល​​នានា និង​​ឆាក​​ប្រគុំ​​តន្ត្រី​​របស់​​ស្ថានីយ៍​ទូរទស្សន៍​​សម្រាប់​​ការ​​កំសាន្ត​​នៅ​​ពេល​​យប់​​បាន​​តំឡើង​​ និង​រៀប​ចំ​​ទុក​​ជា​​ស្រេច​​ដូចជា៖ នៅ​​មុខ​​វត្ត​បុទុម​វត្តី ​កោះពេជ្រ ទីលាន​​ប្រជាធិបតេយ្យ​ ផ្សារ​រាត្រី និង រមណីយដ្ឋាន​​វត្ត​ភ្នំ​​ជាដើម។ ជាមួយ​​គ្នា​​នេះ​​ បើ​​ក្រឡេក​​ទៅ​​មើ​ល​ចរាចរណ៍​វិញ ពុំ​មាន​​ភាព​​មមា​ញឹក​​ទេ​ នៅ​​តាម​​វិថី​​សំខាន់​ៗ​​ដូចជា៖ ព្រះមុន្នីវង្ស ​ព្រះនរោត្តម ​និង​មុខ​ព្រះ​បរមរាជវាំង៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ