អានតួអត្ថបទ
កម្ពុជា

អ្នក​​ផ្ទុក​មេរោគ​​អេដស៍​​នៅ​​ភូមិ​​រកា​​ជាង​១០០​នាក់​​ទទួល​​ថ្នាំ​​ពន្យា​​រជីវិ​ត​

គិត​​ត្រឹម​​ថ្ងៃ​ទី២ ម​ករា​​ឆ្នាំ​២០១៥​នេះ ម​ន្ត្រី​​សុខាភិបាល​​បាន​​បញ្ជាក់​ថា ​មាន​​មនុស្ស​​ជាង​១០០​នាក់​​ហើយ​​ត្រូវ​បាន​​ផ្តល់​​ថ្នាំ​​ពន្យារ​​អាយុ​ជី​វិត​ ប្រឆាំង​​មេរោគ​អេដស៍​ ខណៈ​ដែល​​មនុស្ស​​ប្រមាណ​​ជាង​១០​នាក់​​កំពុង​​ធ្លាក់​ខ្លួន​​ឈឺ​។

​លោក​ស ខេង​​ចុះ​​សួរ​សុខទុក្ខ​​ប្រជាជន​​ដែល​​រក​ឃើញ​ថា ​មាន​​ឆ្លង​មេរោគ​អេដស៍​​នៅ​​ឃុំ​រកា ​ខេត្ត​បាត់ដំបង​
​លោក​ស ខេង​​ចុះ​​សួរ​សុខទុក្ខ​​ប្រជាជន​​ដែល​​រក​ឃើញ​ថា ​មាន​​ឆ្លង​មេរោគ​អេដស៍​​នៅ​​ឃុំ​រកា ​ខេត្ត​បាត់ដំបង​ ©AAC
ផ្សាយពាណិជ្ជកម្ម

យ៉ាងហោចណាស់​មនុស្ស​ជាង១០០នាក់​នៅ​ភូមិ​រកា ខេត្តបាត់ដំបង​ដែលជា​ទី​ផ្ទុះ​ករណី​ឆ្លង​មេរោគ​អេដស៍​នោះ បានទទួល​ថ្នាំ​ពន្យារ​ជីវិត​ប្រឆាំង​មេរោគ​អេដស៍​ហើយ។ នេះ​បើតាម​ការ​ការបញ្ជាក់​ពី​ប្រធាន​មណ្ឌល​សុខភាព​ឃុំ​រកា លោក ប៊ី ប៉េង​ស៊​ដែល​បាន​ប្រាប់​វិទ្យុ​បារាំង​អន្តរជាតិ​នៅ​ថ្ងៃ​សុក្រ​ទី០២ មករា​នេះ។

លោក​បាន​បន្តថា ​គិត​ត្រឹម​ថ្ងៃ​សុក្រ​នេះ មាន​មនុស្ស​ជាង១០០នាក់​ហើយ​មកពី​ភូមិ​ចំនួន៤ក្នុង​ឃុំ​រកា ដែល​ទទួលបាន​ថ្នាំ​ពន្យារ​ជីវិត​នេះ ខណៈ​ដែលមាន​អ្នកភូមិ​ប្រមាណ​ជាង១ពាន់៧រយ​នាក់ បានមក​ធ្វើតេស្ត ដើម្បី​រក​មេរោគ​អេដស៍។ លោក​ប្រធាន​មណ្ឌល​សុខភាព​រូបនេះ បាន​គូសបញ្ជាក់ថា ចំនួន​អ្នក​ដែល​រកឃើញថា​មាន​សញ្ញា​វិជ្ជមាន​មេរោគ​អេដស៍ថ្មីៗបន្ថែមទៀត​នោះ គឺមាន​ចំនួន​​ថយចុះ​ព្រោះថា ក្នុងចំណោម​មនុស្ស​ធ្វើតេស្ត​ប្រមាណ១០នាក់ មានតែ​មនុស្ស១ឬ២នាក់​តែប៉ុណ្ណោះ​ដែល​ត្រូវបាន​បញ្ជាក់ថា មាន​រោគសញ្ញា​អេដស៍។  តែ​យ៉ាងណាក៏ដោយ រហូតមកដល់​ពេលនេះ​មនុស្ស​វ័យ​ចំណាស់​ដែល​ឆ្លង​មេរោគ​អេដស៍​យ៉ាង​ហោចណាស់​១០នាក់​ហើយ​ត្រូវបាន​បញ្ជូនទៅ​សម្រាក​នៅ​មន្ទី​ពេទ្យ បន្ទាប់ពី​ធ្លាក់ខ្លួន​ឈឺ​ជា​បន្តបន្ទាប់។ នេះ​បើតាម​ប្រធាន​មណ្ឌល​សុខភាព​ដដែល។

លោកមាន ឈី​វុន ប្រធាន​មជ្ឈមណ្ឌល​ជាតិ​ប្រយុទ្ធនឹង​ជំងឺអេដស៍ សើ​ស្បែក និង​កាមរោគ​នៃ​ក្រសួងសុខាភិបាល បាន​បញ្ជាក់ថា​ការផ្តល់​ថ្នាំ​ពន្យារ​ជីវិត​ប្រឆាំងនឹង​មេរោគ​អេដស៍​នេះ គឺធ្វើឡើង​តាំងពី​ថ្ងៃទី២២ ធ្នូ​មក​ម្លេះ។ សូម​រំលឹកថា ប្រជាពលរដ្ឋ​ជាច្រើន​រយ​នាក់​តាំ​ងពី​ទារក រហូតដល់​មនុស្ស​ចាស់​ជរា​នៅក្នុង​ភូមិ រកា ឃុំ រកា ស្រុក​សង្កែ ខេត្តបាត់ដំបង ត្រូវបាន​ពេទ្យ​បញ្ជាក់ថា​ ​មាន​ផ្ទុកមេរោគ​អេស​ដ៍។ ការឆ្លង​នេះ​រដ្ឋាភិបាល​នៅ​មិនទាន់​អាច​បញ្ជាក់​ពី​មូលហេតុ​នៃ​ការឆ្លង​បាន​នៅឡើយ​នោះទេ។

សូមបញ្ជាក់ថា ក្រោយ​ការផ្ទុះ​ការឆ្លង​មេរោគ​អេដស៍​នៅ​ឃុំ​រកា​នោះ គ្រូពេទ្យ​ភូមិ​មាន​ប្រជាប្រិយភាព​ម្នាក់ គឺ​លោកយ៉ែម​ ជ្រិ​ន ត្រូវបាន​តុលាការខេត្ត​បាត់ដំបង​ចាប់ឃុំខ្លួន​ក្រោម​បទ​ចោទ​ចំនួន៣គឺ​ប្រព្រឹត្ត​ក្នុង​ចេតនាចម្លង​មេរោគ​អេដស៍ ទៅ​អ្នកដទៃ ទី២ ឃាតកម្ម ដោយ អំពើ​ឃោរឃៅ តាម​មាត្រា២០៥ នៃ​ក្រមព្រហ្មទណ្ឌ និង​ទី៣ បើក​កន្លែង​ពិគ្រោះ​ព្យាបាល ជំងឺ​ដោយ​គ្មាន​ការអនុញ្ញាត​ពី​ក្រសួងសុខាភិបាល។

ទន្ទឹមនឹង​ការបន្ត​ផ្តល់​ថ្នាំ​ពន្យារ​ជីវិត​ដល់​ប្រជាពលរដ្ឋ​នៅ​ភូមិ​រកា​នោះ គណៈកម្មការ​ទី៨របស់​រដ្ឋសភា​ដែល​ទទួល​ផែន​សុខាភិបាល បាន​ស្នើឱ្យ​ក្រសួងសុខាភិបាល ក្រៅពី​ការផ្តល់​ថ្នាំ​ព្យាបាល នោះ រដ្ឋាភិបាល​ត្រូវតែ​បង្កើន​លើក​ទឹក​ដល់​អ្នកភូមិ​ជា​បន្តទៀត​ខណៈដែល​ពួកគេ​កំពុង​បាក់​ទឹកចិត្ត​ជាខ្លាំង៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ