អានតួអត្ថបទ
កម្ពុជា

រដ្ឋសភា និងព្រឹទ្ធសភា​ជ្រើស​តាំង​បេក្ខភាព​សម្រាប់​ក្រុម​ប្រឹក្សា​ជាតិ​ប្រឆាំង​អំពើ​ពុករលួយ

រដ្ឋសភា និង​ព្រឹទ្ធសភា​នឹង​ចាប់ផ្តើម​ធ្វើ​ការ​បោះឆ្នោត​នៅ​ថ្ងៃ​ស្អែក​ជ្រើសតាំង​ បេក្ខភាព​តំណាង​ស្ថាប័ន​ខ្លួន​ ដើម្បី​បញ្ចូល​ ទៅក្នុង​សមាសភាព​នៃ​ក្រុម​ប្រឹក្សា​ជាតិ​ប្រឆាំង​អំពើ​ពុករលួយ។ ក្រុមប្រឹក្សា​ជាតិ​ប្រឆាំង​អំពើ​ពុករលួយ​ត្រូវ​បាន​ កំណត់​បង្កើត​ឡើង​ដោយ​ច្បាប់​ប្រឆាំង​អំពើ​ពុករលួយ។ សមាសភាព​ក្នុង​ក្រុមប្រឹក្សា​ជាតិ​នេះ​មាន​១១​រូប។

ទិដ្ឋភាព​ទូទៅ​នៃ​​រដ្ឋសភា​​កម្ពុជា
ទិដ្ឋភាព​ទូទៅ​នៃ​​រដ្ឋសភា​​កម្ពុជា ©ភក្រ្តា/RFI
ផ្សាយពាណិជ្ជកម្ម

03:25

បទ​អន្តរាគមន៍​របស់ លាង ដឺលុច

យោង​តាម​ការ​អះអាង​ពី​ប្រភព​ពី​រដ្ឋសភា ស្ថាប័ន​រដ្ឋសភា​ជ្រើសរើស​បាន​បេក្ខភាព​៦​រូប​ពី​ស្ថាប័ន​ផ្សេងៗ ដើម្បី​ដាក់​នៅក្នុង​ការ​បោះឆ្នោត​នៅ​ថ្ងៃ​ស្អែក ហើយ​រដ្ឋសភា​នឹង​ជ្រើសរើស​យក​បេក្ខភាព​មួយ​រូប​ក្នុង​ចំណោម​៦​រូប​នោះ។ ចំណែក​នៅ​ព្រឹទ្ធសភា​ក៏​ដូច​គ្នា។ គណៈកម្មាធិការ​អចិន្ត្រៃយ៍​នៃ​ព្រឹទ្ធសភា​បាន​កំណត់​របៀបវារៈ​រួច​ហើយ​កាល​ពី​ព្រឹកមិញ​នេះ អំពី​ការ​បោះឆ្នោត​នៅ​ថ្ងៃ​ស្អែក​ដើម្បី​ជ្រើស​តាំង​បេក្ខភាព​មួយ​រូប ក្នុង​ចំណោម​បេក្ខភាព​ប្រមាណ​១០​រូប​ដែល​ខ្លួន​បាន​ជ្រើសរើស​ពី​ស្ថាប័ន​ខាង​ក្រៅ។ រដ្ឋសភា និង​ព្រឹទ្ធសភា​នឹង​ជ្រើសរើស​បេក្ខភាព​មួយ​រូប​ចេញ​ពី​ការ​បោះឆ្នោត ហើយ​បញ្ជូន​ទៅ​ធ្វើ​ជា​សមាសភាព​ក្រុមប្រឹក្សា​ជាតិ​ប្រឆាំង​អំពើ​ពុករលួយ។

            សមាសភាព​ ​និង​តួនាទី​របស់​ក្រុមប្រឹក្សា​ជាតិ​ប្រឆាំង​អំពើ​ពុករលួយនេះ មាន​ចែង​នៅ​ក្នុង​មាត្រា​៦​ក្នុង​ច្បាប់​ស្តី​ពី​ការ​ប្រឆាំង​អំពើ​ពុករលួយ។ បើ​យោង​តាម​ច្បាប់​នេះ សមាសភាព​នៅក្នុង​ក្រុមប្រឹក្សា​ជាតិ​ប្រឆាំង​អំពើ​ពុក​រលួយ​មាន​ដល់​ទៅ​១១​រូប។ ហើយ​សមាសភាព​ទាំងនោះ​រួមមាន ឥស្សរជន​១​រូបតែងតាំង​ដោយ​ព្រះមហាក្សត្រ។ មួយ​រូប​ជ្រើសតាំង​ដោយ​ព្រឹទ្ធសភា​តាម​សំឡេង​ភាគច្រើន​ដាច់ខាត។ មួយ​រូប​ជ្រើសតាំង​ដោយ​រដ្ឋសភា​តាម​សម្លេង​ភាគច្រើន​ដាច់ខាត​ដូចគ្នា។ មួយរូប​ជ្រើសតាំង​ចេញ​ពី​រដ្ឋាភិបាល។ មួយ​រូប​ជ្រើសតាំង​ដោយ ឬ​ចេញ​ពី​អាជ្ញាធរ​សវនកម្ម​ជាតិ។ មួយ​រូប​ជ្រើសតាំង​ដោយ ឬ​ចេញ​ពី​ក្រសួង​ទំនាក់ទំនង​រដ្ឋសភា ព្រឹទ្ធសភា និង​អធិការកិច្ច។ មួយ​រូប​ជ្រើសតាំង​ដោយ ឬ​ចេញ​ពី​ក្រុមប្រឹក្សា​អ្នក​ច្បាប់។ មួយ​រូប​ជ្រើសតាំង​ដោយ ឬ​ចេញ​ពី​ក្រុមប្រឹក្សា​កំណែ​ទម្រង់​ច្បាប់ និង​ប្រព័ន្ធ​យុត្តិធម៌។ មួយ​រូប​ជ្រើសតាំង​ដោយ ឬ​ចេញ​ពី​ឧត្តម​ក្រុមប្រឹក្សា​នៃ​អង្គ​ចៅក្រម។ មួយ​រូប​ជ្រើសតាំង​ចេញ​ពី​គណៈកម្មាធិការ​សិទ្ធិ​មនុស្ស​កម្ពុជា និង​សមាសភាព​ចុងក្រោយ​គឺ​ជា​ប្រធាន​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ។

អង្គការ​ក្រៅ​រដ្ឋាភិបាលចូល​រួម​ប្រយុទ្ធ​ប្រឆាំង​នឹង​អំពើ​ពុក​រលួយ
អង្គការ​ក្រៅ​រដ្ឋាភិបាលចូល​រួម​ប្រយុទ្ធ​ប្រឆាំង​នឹង​អំពើ​ពុក​រលួយ ©សុវណ្ណារ៉ា/RFI

 
លោក ខៀវ កាញារីទ្ធ ​ដែល​ជា​អ្នកនាំពាក្យ​របស់​រដ្ឋាភិបាល​បាន​មាន​ប្រសាសន៍​ថា រហូត​ដល់​ពេល​នេះ រដ្ឋាភិបាល​នៅ​មិន​ទាន់​តែងតាំង​ឥស្សរជន​រូបណា​មួយ​ជា​ផ្លូវការ​នៅឡើយ​ទេ ដើម្បី​បញ្ជូន​ទៅ​ធ្វើ​ជា​សមាសភាព​ក្រុមប្រឹក្សា​ជាតិ​ប្រឆាំង​អំពើ​ពុករលួយ​នោះ។ ក៏​ប៉ុន្តែ​លោក​ ខៀវ កាញារីទ្ធ ​អះអាង​បន្ត​ថា ជា​គោលការណ៍​គឺ​លោក​ ឱម យិនទៀង។ សូម​បញ្ជាក់​ថា លោក​ ឱម យិនទៀង ​គឺ​ជា​ប្រធាន​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​របស់​រដ្ឋាភិបាល។

            យោង​តាម​មាត្រា​៨​នៃ​ច្បាប់​ស្តី​ពី​ការ​ប្រឆាំង​អំពើ​ពុករលួយ សមាជិក​នៃ​ក្រុមប្រឹក្សា​ជាតិ​នេះ​ត្រូវ​មាន​លក្ខណៈ​សម្បត្តិ​ដូច​ខាង​ក្រោម ៖ គឺ​ត្រូវ​មាន​សញ្ជាតិ​ខ្មែរ​ពី​កំណើត មាន​សីលធម៌​ល្អ​និង​កេរ្តិ៍ឈ្មោះ​ស្អាតស្អំ មិន​ដែល​មាន​ទោស​មជ្ឈឹមឬឧក្រិដ្ឋ ឬ​មិន​មាន​ក្ស័យធន មាន​សញ្ញាបត្រ​ ចាប់​ពី​ឧត្តមសិក្សា​ឡើង​ទៅ មាន​បទពិសោធន៍​ការងារ​ក្នុង​សង្គម​យ៉ាងតិច​១០​ឆ្នាំ និង​ត្រូវ​មាន​អាយុ​យ៉ាង​តិច​៤៥​ឆ្នាំ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ