អានតួអត្ថបទ
កម្ពុជា​

សមយុទ្ធ​យោធា​ពហុជាតិ​សាសន៍​ចាប់ផ្តើម​ជា​ផ្លូវការ

លំហាត់​សមយុទ្ធ​យោធា​ពហុជាតិ​សាសន៍​ដែល​ប្រទេស​កម្ពុជា​ធ្វើ​ជា​ម្ចាស់​ផ្ទះ ​​បាន​ចាប់ផ្តើម​ជា​ផ្លូវការ​ហើយ​នៅ​ថ្ងៃ​សៅរ៍​នេះ​ នៅ​ឯ​ខេត្ត​កំពង់ស្ពឺ។​ ពិធី​បើក​សមយុទ្ធ​យោធា​ដែល​គាំទ្រ​ដោយ​កងទ័ព​សហរដ្ឋ​អាមេរិក​​ និង​មាន​ប្រទេស​២៦​ចូល​រួម​​បាន​​ប្រារព្ធ​ធ្វើ​ឡើង​នៅ​ព្រឹក​មិញ​ក្រោម​ វត្តមាន​របស់​លោក​នាយក​រដ្ឋមន្ត្រី ​ហ៊ុន​​ សែន។​ ព្រឹត្តិការណ៍​នេះ​ជា​ឱកាស​ដែល​ប្រមុខ​ដឹកនាំ​រដ្ឋាភិបាល​ខ្មែរ​លើក​ឡើង​ពី​ កិច្ច​សហប្រតិបត្តិការ​យោធា​របស់​កម្ពុជា​លើ​ឆាក​អន្តរជាតិ​​ ជា​ពិសេស​ជា​មួយ​សហរដ្ឋ​អាមេរិក។​​

លោក​ ហ៊ុន សែន ជាមួយ​លោក Broderick អ្នក​​សម្រប​សម្រួល​របស់​អង្គការ​សហប្រជាជាតិប្រចាំ​កម្ពុជា (ឆ្វេង​) និង​មេបញ្ជាការ​ទ័ព​អាកាស​អាមេរិក(ស្តាំ) ក្នុង​ពិធី​បើក​សម​យុទ្ធ​ពហុ​សាសន៍​ជាផ្លូវការ
លោក​ ហ៊ុន សែន ជាមួយ​លោក Broderick អ្នក​​សម្រប​សម្រួល​របស់​អង្គការ​សហប្រជាជាតិប្រចាំ​កម្ពុជា (ឆ្វេង​) និង​មេបញ្ជាការ​ទ័ព​អាកាស​អាមេរិក(ស្តាំ) ក្នុង​ពិធី​បើក​សម​យុទ្ធ​ពហុ​សាសន៍​ជាផ្លូវការ © Reuters
ផ្សាយពាណិជ្ជកម្ម

02:27

សេចក្តីរាយការណ៍​របស់ ប៉ែន បូណា

ប្រទេស​កម្ពុជា​បាន​ទទួល​ធ្វើ​ជា​ម្ចាស់​ផ្ទះ​សម្រាប់​លំហាត់​ហ្វឹកហ្វឺន​យោធា​​ពហុជាតិ​សាសន៍​ដែល​មាន​ប្រទេស​២៤​ និង​អង្គការ​ចំនួន​២​ចូលរួម។​ ​លំហាត់​ហ្វឹកហ្វឺន​​យោធា​ដ៏ធំ​ដែល​មាន​ឈ្មោះ​ថា​ ​«ឆ្មាំអង្គរ​២០១០»​ កើត​ឡើង​ក្រោម​ការ​រៀបចំ​របស់​​បញ្ជាការដ្ឋាន​យោធា​សហរដ្ឋ​អាមេរិក​ប្រចាំ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក។​

 
         លំហាត់​ហ្វឹកហ្វឺន​យោធា​ដ៏​ធំ​នេះ​ដែល​បាន​ចាប់ផ្តើម​ជា​ផ្លូវការ​នៅ​ព្រឹក​ថ្ងៃ​សៅរ៍​​នេះ​នៅ​ឯ​ទីលាន​បាញ់​គ្រាប់​ពិត​​A.C.O​ក្នុង​ខេត្ត​កំពង់ស្ពឺ​ នឹង​ត្រូវ​ដំណើរការ​ក្នុង​​រយៈ​​ពេល​២​សប្តាហ៍។ ​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន​ ​សែន​ ដែល​ចូល​រួម​ជា​អធិបតី​ក្នុង​ពិធី​​បើក​សមយុទ្ធ​យោធា​ជា​ផ្លូវការ​នេះ​​បាន​លើក​ឡើង​ពី​មោទនភាព​របស់​ប្រទេស​កម្ពុជា​​នៅ​ក្នុង​កិច្ច​សហប្រតិបត្តិការ​យោធា​នៅ​លើ​ឆាក​អន្តរជាតិ។​

         លោក​នាយក​រដ្ឋមន្ត្រី​បាន​​ថ្លែង​ថា​ ​កម្ពុជា​បាន​ក្លាយ​ពី​ប្រទេស​ដែល​ទទួល​កងទ័ព​​មួក​ខៀវ​នៅ​លើ​ទឹកដី​របស់​ខ្លួន​ ​ទៅ​ជា​ប្រទេស​ដែល​បាន​បញ្ជូន​ទាហាន​មួក​ខៀវ​ទៅ​​បរទេស​ ដើម្បី​រក្សា​សន្តិភាព​ក្នុង​ក្របខ័ណ្ឌ​អង្គការ​សហប្រជាជាតិ។​ ​កងទ័ព​មួក​ខៀវ​​ផ្នែក​ដោះ​មីន​របស់​កម្ពុជា​បាន​និង​កំពុង​បំពេញ​បេសកកម្ម​នៅ​ឯ​ប្រទេស​ស៊ូដង់​​ ឆាត​​ និង​អាហ្វ្រិក​ខាង​ត្បូង។​ ​ឥឡូវ​នេះ​​កម្ពុជា​បាន​ធ្វើ​ជា​ម្ចាស់​ផ្ទះ​ក្នុង​ការ​ទទួល​​ព្រឹត្តិការណ៍​អន្តរជាតិ​ដ៏ធំ​មួយ​ទៀត​ផ្នែក​យោធា​នៅ​ក្នុង​ប្រទេស​របស់​ខ្លួន។

         លោក​នាយក​រដ្ឋមន្ត្រី ​ហ៊ុន​ ​សែន ​​បាន​ថ្លែង​កោត​សរសើរ​ដល់​ការ​រីក​ចម្រើន​នៃ​កិច្ច​​សហប្រតិបត្តិការ​ផ្នែក​យោធា​រវាង​កម្ពុជា​​និង​សហរដ្ឋ​អាមេរិក។​​ គួរកត់​សម្គាល់​ថា​​កាល​ពី​ពេល​ថ្មីៗ​នេះ​ ​សហរដ្ឋ​អាមេរិក​បាន​ប្រកាស​ផ្អាក​ជំនួយ​យោធា​ដល់​កម្ពុជា​មួយ​​រយៈ​ ដោយ​សារ​តែ​ការ​ខឹង​សម្បារ​នឹង​កម្ពុជា​ដែល​បាន​បញ្ជូន​ជនជាតិ​ភាគតិច​អ៊ុយហ្គួរ​​២០​នាក់​ដែល​ស្វែង​រក​សិទ្ធិ​ជ្រក​កោន​នយោបាយ​​ត្រឡប់​ទៅ​ប្រទេស​ចិន​វិញ។​ ​ភ្លាមៗ​​បន្ទាប់​ពី​ការ​ផ្អាក​ជំនួយ​យោធា​របស់​អាមេរិក​ ​ប្រទេស​ចិន​បាន​ផ្តល់​ជំនួយ​ជា​រថយន្ត​​យោធា​ចំនួន​២៥៧​គ្រឿង​​ និង​សម្លៀក​បំពាក់​យោធា​ចំនួន​៥​ម៉ឺន​សម្រាប់​ដល់​កម្ពុជា។

         យ៉ាងណា​ក៏ដោយ​​ទីក្រុង​វ៉ាស៊ីនតោន​ បាន​រៀបចំ​លំហាត់​ហ្វឹកហ្វឺន​យោធា​​ដ៏ធំ​មួយ​នៅ​កម្ពុជា​នា​ពេល​នេះ។​ ​លោក​នាយក​រដ្ឋមន្ត្រី​ខ្មែរ​បាន​សម្តែង​ការ​អបអរ​ចំពោះ​ខួប​ទី​​៦០​ឆ្នាំ​នៃ​ចំណង​ការទូត​កម្ពុជា​​និង​អាមេរិក​ ដែល​កំពុង​រីកចម្រើន​យ៉ាង​ខ្លាំង។​ តាម​រយៈ​​ការ​រៀបចំ​លំហាត់​សមយុទ្ធ​យោធា​នៅលើ​ទឹកដី​កម្ពុជា​នេះ​ លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន ​​សែន​ បាន​បង្ហាញ​ក្តី​សង្ឃឹម​ថា​​ទំនាក់​ទំនង​កម្ពុជា​និង​អាមេរិក​នឹង​កាន់តែ​រីកចម្រើន​ទៅ​មុខ​​ថែម​ទៀត៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ