អានតួអត្ថបទ
កម្ពុជា-អាមេរិក

កម្ពុជា​ស្នើ​ឲ្យ​អាមេរិក បូក​បំណុល​ឡើង​វិញ

នៅ​ថ្ងៃ​នេះ លោក ហោ ណាំហុង រដ្ឋមន្ត្រីការបរទេស​កម្ពុជា​បាន​ស្នើ​ឲ្យ​រដ្ឋាភិបាល​អាមេរិក​គិតគូរ​ជា​ថ្មី​ឡើង​វិញ លើ​ប្រាក់​បំណុល​ដែល​កម្ពុជា​ជំពាក់​អាមេរិក​ក្នុង​សម័យ លន់ នល់​។ លោក​ប្រមុខ​ការទូត​ក៏​បាន​លើក​ឡើង​នូវ​ដំណោះស្រាយ​សងបំណុល​អាមេរិក ដោយ​មាន​ទាំង​កាត់​បន្ថយ​ការប្រាក់​ពី ៣% មក​នៅ​ត្រឹម ១% និង​បង្វិលប្រាក់​បំណុល ៧០% ទៅ​ជា​ជំនួយ​សម្រាប់​អភិវឌ្ឍន៍​ប្រទេស​កម្ពុជា។

ផ្សាយពាណិជ្ជកម្ម

02:18

សេចក្តីរាយការណ៍​របស់ លី ម៉េងហួរ ពីទីក្រុងភ្នំពេញ

លី ម៉េងហួរ

បញ្ហា​បំណុល​កម្ពុជា​ជំពាក់​អាមេរិក​ក្នុង​សម័យ លន់ នល់ ជា​ប្រធានបទ​សំខាន់​ក្នុង​កិច្ច​ពិភាក្សា​រវាង​លោក ហោ ណាំហុង រដ្ឋមន្ត្រីការបរទេស​កម្ពុជា ជាមួយ​លោក Joseph Yun ឧបការីរង​រដ្ឋមន្ត្រី​ការបរទេស​អាមេរិក​នៅ​ព្រឹក​ថ្ងៃទី​១៧ ​មីនា ឆ្នាំ​២០១១ នៅ​ទីស្តីការ​ក្រសួង​ការបរទេស​ក្នុង​រាជធានី​ភ្នំពេញ​។ លោក​ឧបការីរង​រដ្ឋមន្ត្រី​ការបរទេស​អាមេរិក Joseph Yun ទទួល​បន្ទុក​កិច្ចការ​អាស៊ី​បូព៌ា​បាន​ធ្វើ​ដំណើរ​ទៅ​កាន់​កម្ពុជា​ពេល​នេះ ដោយ​ផ្តោត​សំខាន់​លើ​បញ្ហា​បំណុល​ដែល​កម្ពុជា​ជំពាក់​អាមេរិក​ក្នុង​សម័យ លន់ នល់​។ ដំណើរ​ទស្សនកិច្ច​របស់​លោក Joseph Yun ក៏​បាន​ធ្វើ​ឡើង បន្ទាប់​ពី​ដំណើរ​ទស្សនកិច្ច​របស់​លោកស្រី Hillary Clinton រដ្ឋមន្ត្រី​ការបរទេស​អាមេរិក​ទៅ​កាន់​កម្ពុជា កាល​ពី​ដើម​ខែ​វិច្ឆិកា ឆ្នាំ​២០១០​។

លោក កុយ គួង អ្នក​នាំពាក្យ​ក្រសួង​ការបរទេស​កម្ពុ​ជា​បាន​មាន​ប្រសាសន៍ នៅ​ក្រោយ​កិច្ចប្រជុំ​ថា ចំពោះមុខ ឧបការីរង​រដ្ឋមន្ត្រី​ការបរទេស​អាមេរិក លោក​ប្រមុខ​ការទូត ហោ ណាំហុង បាន​លើក​សំណើ​របស់​កម្ពុជា ឲ្យ​អាមេរិក​គិតគូរ​ពី​រឿង​បំណុល​ឡើង​វិញ​។ ទី​១៖ ភាគី​កម្ពុជា សុំ​ឲ្យ​អាមេរិក​គិត​ការ​ប្រាក់​លើ​បំណុល​ពី ៣% ក្នុង​មួយ​ឆ្នាំ មក​នៅ​ត្រឹម​ការប្រាក់ ១%​វិញ​។ ទី​២៖ បង្វិល​បំណុល ៧០% ទៅ​ជា​គម្រោង​អភិវឌ្ឍន៍​នៅ​ក្នុង​ប្រទេស​កម្ពុជា ហើយ​នៅ​សល់ ៣០% រដ្ឋាភិបាល​កម្ពុជា​នឹង​ធ្វើ​ការចរចា​ដើម្បី​សង​ទៅ​អាមេរិក​វិញ​។ លោក កុយ គួង បាន​បន្ត​ថា បំណុល​ជាក់ស្តែង​ដែល​កម្ពុជា​ជំពាក់​អាមេរិក​ក្នុង​សម័យ លន់ នល់ គិតគូរ​ឲ្យ​បាន​ម៉ត់ចត់​ក្នុង​ឆ្នាំ​២០០៥ មាន​ចំនួន​តែ ១៦២ លាន​ដុល្លារ​ប៉ុណ្ណោះ តែ​អាមេរិក គិត​ពី​ការប្រាក់ ( ៣% ក្នុង​ឆ្នាំ ) ហើយ​បូក​បញ្ចូល​អ្វី​ផ្សេងៗ​ទៀត អាច​ឡើង​ដល់​ជាង ៣០០ លាន​ដុល្លារ​។

ចំពោះ​បញ្ហា​បំណុល​នេះ លោក កុយ គួង បាន​អះអាង​ថា ឧបការីរង​រដ្ឋមន្ត្រី​ការបរទេស​អាមេរិក លោក Joseph Yun បាន​ថ្លែង​ថា នៅ​ថ្ងៃ​ស្អែក ( ថ្ងៃទី​១៨​មីនា ឆ្នាំ​២០១១ ) លោក​នឹង​ធ្វើ​ការពិភាក្សា​ជាមួយ​រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​កម្ពុជា ហើយ​នឹង​លើក​សំណើ​នេះ ទៅ​ធ្វើ​ការសិក្សា​។ ឧបការីរង​រដ្ឋមន្ត្រី​ការបរទេស​អាមេរិក​ក៏​បាន​សន្យាថា នឹង​ពាំនាំ​សំណើ​របស់​ប្រមុខ​ការទូត​កម្ពុជា យក​ទៅ​សិក្សា​នៅ​រដ្ឋាភិបាល​អាមេរិក​ផង​ដែរ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ