អានតួអត្ថបទ
កម្ពុជា

រដ្ឋមន្ត្រី​ការពារ​ជាតិ​កម្ពុជា បំពេញ​ទស្សនកិច្ច​នៅ​ចិន

នៅ​ថ្ងៃ​ច័ន្ទ​នេះ លោកនាយ​ឧត្តមសេនីយ៍ ទៀ បាញ់ ឧបនាយក​រដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​កម្ពុជា បាន​ដឹកនាំ​គណៈប្រតិភូ​យោធា​មួយ​ក្រុម ទៅ​បំពេញ​ទស្សនកិច្ច​នៅ​ប្រទេស​ចិន។ ទស្សនកិច្ច​​របស់​លោក ទៀ បាញ់ នៅ​ចិន​រយៈពេល ១ សប្តាហ៍​នេះ ដើម្បី​ពង្រឹង​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​យោធា​រវាង​កម្ពុជា និង​ចិន។

លោក ទៀ បាញ់​ មុន​ពេល​ចាក​ចេញ​ដំណើរ​ទៅ​កាន់​ប្រទេស​ចិន
លោក ទៀ បាញ់​ មុន​ពេល​ចាក​ចេញ​ដំណើរ​ទៅ​កាន់​ប្រទេស​ចិន © ចាន់ណា-RFI
ផ្សាយពាណិជ្ជកម្ម

លោក​នាយ​ឧត្តមសេនីយ៍ ទៀ បាញ់ រដ្ឋមន្ត្រី​ការពារ​ជាតិ បាន​ដឹកនាំ​គណៈប្រតិភូ​យោធា​កម្ពុជា​ដ៏​ធំ​មួយ ចេញ​​ដំណើរ​​ទៅ​បំពេញ​ទស្សនកិច្ច នៅ​ប្រទេស​ចិន រយៈពេល ១ សប្តាហ៍ ចាប់ពី​ថ្ងៃ​ទី​២០​មិថុនា ឆ្នាំ២០១១។​

 
មុន​ឡើង​យន្តហោះ នៅ​ព្រឹក​មិញ លោក​នាយ​ឧត្តមសេនីយ៍ ទៀ បាញ់ បាន​លើក​ឡើង​ថា ក្រៅ​តែ​ពី​សួរ​សុខទុក្ខ និង​ផ្លាស់ប្តូរ​យោបល់ ដំណើរ​ទស្សនកិច្ច​ ១ សប្តាហ៍ នៅ​ប្រទេស​ចិន គណៈប្រតិភូ​យោធា​កម្ពុជា នឹង​បន្ត​ពិភាក្សា​ការងារ​មួយចំនួន​ជាមួយ​មិត្ត​ចិន។

លោក ទៀ បាញ់ បាន​ប្រាប់​ក្រុម​អ្នកកាសែត​ថា ដំណើរ​ទស្សនកិច្ច​របស់​លោក ដើម្បី​ពង្រឹង​ទំនាក់ទំនង​ខាង​វិស័យ​យោធា រវាង​ក្រសួង​ការពារ​ជាតិ​ប្រទេស​កម្ពុជា និង​ចិន។ ដំណើរ​ទស្សនកិច្ច​នេះ ក៏​ជា​ការពង្រឹង​ចំណង​ទំនាក់ទំនង​រវាង​កម្ពុជា និង​ចិន ដែល​តែងតែ​ផ្លាស់ប្តូរ​គណៈប្រតិភូ​យោធា​ទៅ​វិញ​ទៅ​មក ក្នុង​ការពង្រឹង​មិត្តភាព​រវាង​ប្រទេស​ទាំង​ពីរ។

រយៈពេល​ចុងក្រោយ​នេះ ទំនាក់ទំនង​យោធា​រវាង​កម្ពុជា និង​ចិន មាន​ការរីក​ចម្រើន​ទៅ​មុខ​គួរ​ឲ្យ​កត់​សម្គាល់។ ចិន​បាន​ផ្តល់​សម្ភារៈ​យោធា​ជាច្រើន រួម​ទាំង​ឯកសណ្ឋាន​យោធា និង​រថយន្ត​យោធា​ចំនួន ២៥៧ គ្រឿង។

​ក្នុង​ដំណើរ​ទស្សនកិច្ច​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ​ទៅ​កាន់​ប្រទេស​ចិន កាលពី​ដើម​ខែ​ឧសភា ឆ្នាំ​២០១០ លោក ហ៊ូ ជិន​តាវ ប្រធានាធិបតី​ចិន បាន​ប្រកាស​ផ្តល់​ជំនួយ​ដល់​កម្ពុជា នូវ​សម្ភារៈ​យោធា ដែល​មាន​តម្លៃ​ប្រមាណ ១៤ លាន​ដុល្លារ​អាមេរិក។ សម្ភារៈ​ទាំងនោះ ត្រូវ​បាន​បញ្ជូន​មកដល់​កម្ពុជា ជា​បន្តបន្ទាប់ ចាប់​តាំងពី​ឆ្នាំ​២០១០។​

ទំនាក់ទំនង​កាន់តែ​ល្អ​លើ​វិស័យ​យោធា​រវាង​កម្ពុជា និង​ចិន បាន​កើត​ឡើង បន្ទាប់​ពី​អាមេរិក​បាន​ផ្អាក​ជំនួយ​យោធា​ដល់​កម្ពុជា។ នោះ​ក៏​ដោយសារ​តែ​រដ្ឋាភិបាល​កម្ពុជា បាន​បញ្ជូន​ជនជាតិ​ភាគតិច​ចិន​អ៊ុយហ្គួរ ២០ នាក់ ត្រឡប់​ទៅឲ្យ​ចិន កាលពី​ខែ​មេសា​ឆ្នាំ​២០១០៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ