គណបក្សប្រជាជនកម្ពុជាបញ្ជាក់ថាកិច្ចចរចាត្រូវឈរលើលទ្ធផលនៃការបោះឆ្នោត
នៅក្នុងលិខិតឆ្លើយតបទៅលោក សម រង្ស៊ី ដែលស្នើសុំបើកកិច្ចចរចាជាថ្មីដើម្បីដោះស្រាយបញ្ហាបោះឆ្នោត លោក ជា ស៊ីម ប្រធានគណបក្សប្រជាជនកម្ពុជាបានស្តីបន្ទោសគណបក្សសង្គ្រោះជាតិថាបានធ្វើឲ្យកិច្ចចរចារកដំណោះស្រាយជួបនឹងបរាជ័យ។ យ៉ាងណាក៏ដោយគណបក្សកាន់អំណាចអះអាងថាខ្លួននៅតែមានសុឆន្ទៈក្នុងការចរចាតែត្រូវឈរលើលទ្ធផលនៃការបោះឆ្នោត។
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
ស្តាប់ - ០២:០២
គណបក្សជាប់ឆ្នោតទាំងពីរនៅតែបន្តបាចទឹកដាក់គ្នាដដែលចំពោះបរាជ័យនៃកិច្ចចរចារកដំណោះស្រាយបញ្ហាបោះឆ្នោត។ ក្រោយពីទទួលលិខិតស្នើសុំចរចាជាថ្មីរបស់មេដឹកនាំបក្សប្រឆាំង លោក ជា ស៊ីម ប្រធានគណបក្សប្រជាជនកម្ពុជាបានឆ្លើយតបវិញដោយស្តីបន្ទោសគណបក្សសង្គ្រោះជាតិថាជាអ្នកធ្វើឲ្យកិច្ចចរចាជួបនឹងបរាជ័យ។
ក្នុងលិខិតចុះថ្ងៃទី ២៩ សីហានេះ លោក ជា ស៊ីម បានរម្លឹកឡើងវិញអំពីកិច្ចចរចាគ្នារវាងគណបក្សទាំងពីរដែលបានចាប់ផ្តើមតាំងពីថ្ងៃទី៣សីហាដោយបានឯកភាពគ្នាបង្កើតគណៈកម្មការចម្រុះមួយដោយមានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ជាអ្នកសម្របសម្រួល។ ប៉ុន្តែ ក្រោយមក គណបក្សសង្គ្រោះជាតិបានប្រែក្រឡះវិញ។ លោក ជា ស៊ីម បន្តថា ចាប់តាំងពីពេលនោះមក គម្រោងកិច្ចចរចានានាបានជួបនឹងបរាជ័យដោយសារតែគណបក្សសង្គ្រោះជាតិមិនបានចាត់តំណាងមកចូលរួមតាមសំណើរបស់ គ.ជ.ប។
សូមបញ្ជាក់ថា គណបក្សសង្គ្រោះជាតិដែលបដិសេធមិនទទួលស្គាល់តួនាទីរបស់ គ.ជ.ប តែងបានស្តីបន្ទោសគណបក្សប្រជាជនកម្ពុជាថា ជាអ្នកបង្កឧបសគ្គដល់កិច្ចចរចាដោយលើកយកបញ្ហាគ.ជ.ប មកនិយាយដដែល។ យ៉ាងណាក៏ដោយ កាលពីថ្ងៃទី ២៨ សីហា លោក សម រង្ស៊ី បានផ្ញើលិខិតមួយច្បាប់ទៅជូនលោក ជា ស៊ីម ដើម្បីសុំបើកកិច្ចចរចាថ្នាក់កំពូលរវាងគណបក្សទាំងពីរ។ ទន្ទឹមនឹងនោះ គណបក្សប្រឆាំងក៏បានប្រកាសពីគម្រោងធ្វើបាតុកម្មប្រឆាំងលទ្ធផលបោះឆ្នោតដែរនៅថ្ងៃទី៧កញ្ញា។
ការប្រកាសគម្រោងបាតុកម្មប្រឆាំងលទ្ធផលបោះឆ្នោតនៅមុនពេលដែល គ.ជ.ប ប្រកាសលទ្ធផលផ្លូវការ ត្រូវបានគណបក្សប្រជាជនកម្ពុជាចាត់ទុកថា ជាការប្រឆាំងនឹងឆន្ទៈរបស់ប្រជាពលរដ្ឋម្ចាស់ឆ្នោតដែលបានបង្ហាញតាមរយៈការបោះឆ្នោត។ បាតុកម្មនេះក៏ត្រូវបានគណបក្សកាន់អំណាចអះអាងថានឹងធ្វើឲ្យប៉ះពាល់ដល់សន្តិសុខរបស់ប្រជាពលរដ្ឋ។
ក្នុងសេចក្តីថ្លែងការណ៍មួយដែលចេញផ្សាយនៅថ្ងៃព្រហស្បតិ៍ទី ២៩ សីហានេះ គណបក្សប្រជាជនកម្ពុជាបានអំពាវនាវឲ្យគណបក្សសង្គ្រោះជាតិតម្កល់ប្រយោជន៍ជាតិនិងប្រជាជនជាធំហើយចៀសវាងការប្រើប្រាស់មធ្យោបាយផ្ទុយពីប្រជាធិបតេយ្យ។ គណបក្សនេះក៏បានអំពាវនាវឲ្យប្រជាពលរដ្ឋស្ងប់ស្ងាត់ផងដែរ។ គណបក្សប្រជាជនកម្ពុជានៅតែបញ្ជាក់ថា ខ្លួនមានសុឆន្ទៈក្នុងកិច្ចចរចាជានិច្ច ប៉ុន្តែត្រូវឈរលើលទ្ធផលនៃការបោះឆ្នោត៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ