អានតួអត្ថបទ
ចិន-អាមេរិក

អាមេរិក​ប្រាប់​ឲ្យ​ចិន​បន្ធូរបន្ថយ​ភាព​តានតឹង​នៅតំបន់​​អាស៊ី

នៅក្នុង​ប្រទេស​ចិន អនុប្រធានាធិបតី​អាមេរិក​ Joe Biden បាន​បង្ហាញ​ជំហរ​រឹងមាំ​ដើម្បី​ទាមទារ​ឲ្យ​ប្រទេស​ចិន​ចាត់​វិធានការ​ណាមួយ​ដើម្បី​បន្ធូបន្ថយ​ភាព​តានតឹង​នៅ​អាស៊ី។ កាលពី​ចុងខែ​វិច្ឆិកា ទីក្រុង​ប៉េកាំង​បាន​បង្កើត​តំបន់ការពារ​ដែន​អាកាស លើស​ពី​ដែន​អធិបតេយ្យភាព​របស់ខ្លួន ដែល​បាន​បណ្តាល​ឲ្យ​មាន​ការខឹងសម្បារ​ពី​សំណាក់​ជប៉ុន កូរ៉េខាងត្បូង និង​ការប្រឆាំង​ពី​អាមេរិក។

លោក​អនុប្រធានាធិបតី អាមេរិក​ចាប់ដៃ​ជាមួយ​លោក​ប្រធានាធិបតី​ចិន​ស៊ី ជិនពីង
លោក​អនុប្រធានាធិបតី អាមេរិក​ចាប់ដៃ​ជាមួយ​លោក​ប្រធានាធិបតី​ចិន​ស៊ី ជិនពីង ©REUTERS/Lintao Zhang/Pool
ផ្សាយពាណិជ្ជកម្ម

 

នៅក្នុង​ជំនួប​កាលពីថ្ងៃពុធ និង​ថ្ងៃ​ព្រហស្បតិ៍ ជាមួយ​លោក​ប្រធានាធិបតី​ស៊ី ជីនពីង និង​លោកនាយក​រដ្ឋមន្រ្តី​ចិន លី ខឺឈាំង លោកអនុប្រធានាធិបតី​អាមេរិក Joe Biden បាន​លើកឡើង​ពីក្តី​ព្រួយបារម្ភ​​ជាក់ស្តែង​របស់​អាមេរិក និង​ប្រទេស​នៅ​អាស៊ី​ដទៃ​ទៀត នៅក្នុង​តំបន់ បន្ទាប់ពី​ចិន​បាន​ប្រកាស​បង្កើត​តំបន់​ការពារ​ដែន​អាកាស ដែល​បាន​គ្របដណ្តប់​ទៅលើ​ដែន​អាកាស​របស់​ជប៉ុន។

“ខ្ញុំបាន​និយាយ​ត្រង់ទៅ ត្រង់មក​ជាមួយ​លោកប្រធានាធិបតី​ចិន និង​បាន​បញ្ជាក់​ជំហរ​រឹងមាំ និង​ការចង់​បាន​របស់​អាមេរិក”។ លោក​អនុ​ប្រធានាធិបតី​អាមេរិក​បាន​លើក​ឡើង​យ៉ាង​ដូច្នេះ ទៅកាន់​អ្នកជំនួញ​អាមេរិក​ក្នុង​ទីក្រុង​ប៉េកាំង ដោយ​មិន​ភ្លេច​បញ្ជាក់ថា ទីក្រុង​វ៉ាស៊ីនតោន​ដែល​មាន​ផល​ប្រយោជន៍​ច្រើន​នៅក្នុង​តំបន់​អាស៊ី ​នៅ​តែ​ចង់ក្លាយ​ជា​មហា​អំណាច សេដ្ឋកិច្ច និង​យោធា នៅ​អាស៊ី។ លោកអនុ​ប្រធានាធិបតី​អាមេរិក បាន​បញ្ជាក់​ដែរថា ប្រទេស​ចិន​ត្រូវ​រក្សា​ស្ថិរភាព​នៅក្នុង​តំបន់ ដើម្បី​សន្តិសុខ និង​សន្តិភាព ពោល​គឺ​ត្រូវ​កាត់បន្ថយ​គ្រោះថ្នាក់​ដែល​អាច​បណ្តាល​ឲ្យ​ទៅ​ជា​ជម្លោះ។

យោង​តាម​សេចក្តី​ថ្លែងការណ៍​របស់​ក្រសួងការបរទេស​ចិន ដែល​ចេញផ្សាយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍ ទីក្រុង​ប៉េកាំង​បាន​បញ្ជាក់​ជាថ្មី ទៅ​អនុប្រធានាធិបតី​អាមេរិក ថា ប្រទេស​ចិន​បាន​អនុវត្ត​ទៅ​តាម​ច្បាប់ និង​បទដ្ឋាន​អន្តរជាតិ។ ដូច្នេះ អាមេរិក​គួរគោរព ការសម្រេច​ចិត្ត​របស់​ចិន និង​ឈប់​កាន់ជើង​ភាគី​ណាមួយ។

The Global Time វិញ​ដែល​ជា​កាសែត​ផ្លូវរដ្ឋ​ចិន បាន​រិះគន់​ជប៉ុន​ថា បាន​ទាញ​អាមេរិក​ឲ្យ​ចូល​មក​ពាក់ព័ន្ធ​ក្នុង​ជម្លោះ ដែល​បើតាម​ចិន គឺ​ជប៉ុន​ជា​ដើមហេតុ រំលោភ​មក​លើ​ចិន។ នៅក្នុង​បទវិចារណកថា​របស់ខ្លួន ​កាសែតបាន​រំលឹកថា វា​នឹង​ក្លាយ​ជារឿងអាក្រក់​បំផុត បើសិន​ជា​ចិន និង​អាមេរិក​ត្រូវ​ប្រឈមមុខដាក់​គ្នា។

សូមបញ្ជាក់ថា បន្ទាប់ពី​ប្រទេស​ចិន លោក​អនុ​ប្រធានាធិបតី​អាមេរិក​បាន​ចាកចេញ​ទៅ​កូរ៉េខាងត្បូង កាល​ពីថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ ដោយ​គេ​រំពឹងថា លោក​នឹង​និយាយ​ធានា​អះអាង​ដូចគ្នា​ទៅនឹង​ជប៉ុន ពីជំនួយ​គំាទ្រ​របស់​អាមេរិក​ទៅ​លើ​កូរ៉េខាងត្បូង ដែល​រងគ្រោះ​ដូចជប៉ុន ដោយ​ការបង្កើត​តំបន់​ការពារ​ហោះហើរ​របស់​ចិន៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ