អានតួអត្ថបទ
កម្ពុជា

លោក​ ស៊ុន​ ចាន់​ថុល​ បង្ហាញ​កំណែ​ទម្រង់​ក្នុង​ក្រសួង​ពាណិជ្ជកម្ម​ក្នុង​ដែន​អំណាច​របស់​ខ្លួន​

លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម​នៅ​ព្រឹក​ថ្ងៃ​អង្គារ​ទី២៧ ឧសភា​នេះ បានរៀបចំ​សិក្ខាសាលា​មួយ​បង្ហាញ​ពី​កំណែទម្រង់​នៅក្នុង​ក្រសួងពាណិជ្ជកម្ម​ទៅដល់​និស្សិត​សកលវិទ្យា​ល័យ។ លោក​រដ្ឋមន្ត្រី​បាន​បញ្ជាក់ថា ក្រសួង​បាន​លុបបំបាត់​បក្សពួកនិយម​ដោយ​ការជ្រើសរើស​ដោយ​តម្លាភាព ការ​កិបកេង​ផលប្រយោជន៍​តាម​នាយក​ដ្ឋា​ន ការបង្កើត​ប្រព័ន្ធ​ការងារ​តាមបែប​អេ​ឡិច​ត្រូវ​និ​ច​ដើម្បី​លុបបំបាត់​អំពើពុករលួយ រួមទាំង​ការផ្ទេ​អំណាច​ទៅដល់​ថ្នាក់ក្រោម​ជាដើម។

លោក ស៊ុន ចាន់ថុល រដ្ឋ​មន្ត្រី​ក្រសួង​ពាណិជ្ជ​កម្ម​
លោក ស៊ុន ចាន់ថុល រដ្ឋ​មន្ត្រី​ក្រសួង​ពាណិជ្ជ​កម្ម​ RFI-mesa
ផ្សាយពាណិជ្ជកម្ម

ការលុបបំបាត់​អំពើពុករលួយ កំណែទម្រង់​ប្រព័ន្ធ​ការងារ និង​ការលុបបំបាត់​ការ​កិបកេង​តាម​ផ្នែក​ក្នុង​ក្រសួង។ ទាំងនេះ​គឺជា​ចំណុច​កំណែទម្រង់​ដែល​រដ្ឋមន្ត្រី​ក្រសួងពាណិជ្ជកម្ម លោក ស៊ុន ចាន់ថុល​បានប្រកាស​ទៅកាន់​សិស្ស​និស្សិត​ប្រមាណ​ជាង៣០០នាក់​មកពី​សកលវិទ្យា​កសិកម្ម។

ថ្លែង​ក្នុង​សាលប្រជុំ​ក្រសួងពាណិជ្ជកម្ម លោក​រដ្ឋមន្ត្រី​ដែលមាន​សំលៀកបំពាក់​អាវ​ស និង​ខោ​ខ្មៅ​បាន​ថ្លែង​ពីលើ​ឆាក​ទៅកាន់​អ្នកចូលរួម​ថា ក្រសួង​កំពុង​ដាក់ឱ្យ​ដំណើរការ​នូវ​នាយកដ្ឋាន​ច្រកចេញចូល​តែមួយ​ដើម្បី​កាត់បន្ថយ​របៀប​ធ្វើការ​ការិយាធិបតេយ្យ រួមទាំង​ការចុះបញ្ជី​ពាណិជ្ជកម្ម​តាមបែប​ប្រព័ន្ធ​អេ​ឡិច​ត្រូវ​និ​ច​ជាដើម។ លោក​ស៊ុន ចាន់ថុល បាន​និយាយ​ត្រង់​ៗ​ថា​​ក្រសួង​បានកែតម្រូវ​មិនឱ្យ​នាយកដ្ឋាននីមួយៗមាន​ហិប​ប្រាក់​ទុក​សម្រាប់​បម្រើ​ផលប្រយោជន៍​តាម​នាយក​ដ្ឋា​ន​បក្សពួក​នោះទេ។

លោក​រដ្ឋមន្ត្រី​ដែល​បាន​អះអាងថា កំណែទម្រង់​ទាំងនេះ គឺ​ដើម្បី​កាត់បន្ថយ​ការចំណាយ​ពេលវេលា​នៃ​ពាណិជ្ជករ និង ការចំណាយ​ក្រៅផ្លូវការ​ណ៍ និង​ដើម្បី​បង្កើន​ប្រសិទ្ធភាព​ការងារ។​ លោក​ស៊ុន ចាន់ថុល​ដែល​ទើបបាន​ឡើងជា​រដ្ឋមន្ត្រី​ក្នុង​អាណត្តិ​ទី៥នេះ បាន​បន្តថា ក្រសួងពាណិជ្ជកម្ម​បាន​បង្កើតឱ្យមាន​ប្រព័ន្ធ​ទូ​រស​ព័​ទ្ទ​ទាន់​ហេតុការណ៍​ចំនួន​បី​ខ្សែ​ដើម្បីឱ្យ​ពាណិជ្ជករ ឬ​ពលរដ្ឋ​អាច​រាយការណ៍​ពី​ភាព​អសកម្ម​របស់​មន្ត្រី​ក្រសួង ឬ​ការទារ​កំរៃ​ក្រៅផ្លូវការ​ណ៍​ជាដើម។ លេខ​ទូរស័ព្ទ​ទាំងបី​ខ្សែ​នោះ គឺ ០១៦ ៨៥៥៥និង៨៩ មួយ​ខ្សែ​ទៀត​គឺ ០១២ ៩៩ ២០ និង ៣៥ មួយ​ខ្សែ​ចុងក្រោយ គឺ០១២ ៨៦ ៨៣ និង ៥៨ ។

សូម​រំលឹក​ជូន​ថា ក្រសួង រដ្ឋាភិបាល​នៃ​គណបក្ស​ប្រជាជន​កម្ពុជា ត្រូវបាន​គេ​រិះគន់ថា ធ្វើការ​គ្មាន​ប្រសិទ្ធភាព និង​បាន​ប្រព្រឹត្ត​អំពើពុករលួយ​ស្ទើ​គ្រប់​ទីកន្លែង ដែល​បណ្តាលឱ្យ​គណបក្ស​កាន់​អំណាច​មួយ​នេះ បាន​ធ្លាក់​ប្រជាប្រិយភាព​របស់ខ្លួន​យ៉ាងខ្លាំង​ក្នុងការ​បោះឆ្នោត​អាណត្តិ​ទី៥ កន្លងទៅនេះ។

ទាក់ទង​នឹង​កំណែទម្រង់​របស់​ក្រសួងពាណិជ្ជកម្ម​នេះ អ្នកនាំពាក្យ​គណបក្ស​​សង្គ្រោះ​ជាតិ លោក យ៉ែម​បុញ្ញា​ឫទ្ធិ បាន​មានប្រសាសន៍ថា កំណែទម្រង់​របស់​ក្រសួងពាណិជ្ជកម្ម​តែមួយ មិន​គ្រប់គ្រាន់​នោះទេ ព្រោះថា រដ្ឋាភិបាល​កម្ពុជា​សព្វ​ថ្ងៃ​បាន​ចំណាយ​ថវិកាជាតិ​យ៉ាងច្រើន​លើ​មន្ត្រីរាជការ​ដែល​មិនសូវមាន​ប្រសិទ្ធភាព​ការងារ។ យ៉ាងណាក៏ដោយ លោក​យ៉ែម បុញ្ញា​ឫទ្ធិ នៅតែ​លើកឡើងថា បញ្ហា​បក្សពួកនិយម​គឺ​នៅតែ​បញ្ហា​ប្រឈម​សម្រាប់​រដ្ឋាភិបាល​គណបក្ស​ប្រជាជន​កម្ពុជា៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ