អានតួអត្ថបទ
កម្ពុជា

សកម្មជន​អង្គការ​សង្គមស៊ីវិល​កម្ពុជា​​លើកបដា​​និង​ដាក់​ញត្តិ​នៅ​សហភាពអឺរ៉ុប​ ជុំវិញ​ថ្នាំ​ពន្យារជីវិត​ប្រឆាំង​​មេរោគ​អេដស៍​​

បណ្តាញ​អង្គការ​សង្គម​ស៊ីវិល ចំនួន ១៣ ស្ថាប័ន ដែល​ធ្វើការ​ងារ​ពាក់ព័ន្ធ​នឹង​ស្ត្រី និង​ក្រុម​អ្នករកស៊ី​ផ្លូវភេទ​ជាដើម បាន​ប្រមូលផ្តុំ​លើក​បដា​តវ៉ា នៅមុខ​ទីស្នាក់ការ​របស់​សហភាព​អឺរ៉ុប នៅ​ជិត​វិមានឯករាជ្យ ក្នុង​ទីក្រុង​ភ្នំពេញ នា​ព្រឹក​ថ្ងៃ​អង្គារ ទី​៩​មេសា​នេះ។ ក្រុម​សកម្មជន​អង្គការ​ទាំងនោះ បាន​តវ៉ា​ប្រឆាំង​នឹង​ការប៉ុនប៉ង​ចុះ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​រវាង​សហភាព​អឺរ៉ុប និង​ឥណ្ឌា ស្តីពី ឱសថ​មូលដ្ឋាន​ប្រឆាំង​មេរោគ​អេដស៍​សម្រាប់​ពន្យារ​ជីវិត។ កិច្ចព្រមព្រៀង​នោះ ត្រូវបាន​សកម្មជន​អង្គការ​កម្ពុជា អ្នក​តវ៉ា ចាត់ទុកថា ជា​ការរារាំង​មិន​ឲ្យ​ប្រទេស​ឥណ្ឌា បន្ត​ផលិត​ថ្នាំ​ពន្យារ​ជីវិត​ប្រឆាំង​មេរោគ​អេដស៍ ដើម្បី​លក់​ក្នុង​តម្លៃ​ថោក ដូច​សព្វថ្ងៃ។​

កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​សហភាព​អឺរ៉ុប និង​ឥណ្ឌា អាច​​ប៉ះពាល់​​​ស្ថិរភាព​ក្នុង​ការផ្គត់ផ្គង់​ឱសថ​សង្គ្រោះ​ជីវិត​មនុស្ស ដល់​បណ្តា​ប្រទេស​ក្រីក្រ​
កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​សហភាព​អឺរ៉ុប និង​ឥណ្ឌា អាច​​ប៉ះពាល់​​​ស្ថិរភាព​ក្នុង​ការផ្គត់ផ្គង់​ឱសថ​សង្គ្រោះ​ជីវិត​មនុស្ស ដល់​បណ្តា​ប្រទេស​ក្រីក្រ​ RFI/Siv Channa
ផ្សាយពាណិជ្ជកម្ម

ញត្តិ​របស់​សកម្មជន​អង្គការ​សង្គម​ស៊ីវិល ជូន​លោក ហ្សង់ ហ្វ្រង់​ស្វ័រ កូតង់ ឯកអគ្គរាជទូត​នៃ​សហភាព​អឺរ៉ុប​ប្រចាំ​កម្ពុជា ចុះ​ថ្ងៃ​ទី​៩ ខែ​មេសា ឆ្នាំ​២០១៣ ធ្វើឡើង​ដោយ​ក្រុម​កម្មករ​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា អ្នក​ប្រកប​របរផ្លូវភេទ អ្នក​ធ្វើការ​នៅ​តាម​គ្រឹះស្ថាន​សេវា​កំសាន្ត អ្នករស់នៅ​ជាមួយ​មេរោគ​អេដស៍ និស្សិត សកម្មជន​ស្ត្រី និង​សកម្មជន​សិទ្ធិមនុស្ស មក​ពី​បណ្តាញ និង​អង្គការ​ផ្សេងៗ សរុប ១៣ ស្ថាប័ន។

សកម្មជន​អ្នក​តវ៉ា បាន​បង្ហាញ​នូវ​ក្តី​កង្វល់​របស់​ខ្លួន អំពី​កត្តា​គំរាមកំហែង​ដល់​អាយុជីវិត​ប្រជាជន​កម្ពុជា និង​ប្រទេស​កំពុងអភិវឌ្ឍន៍​រាប់លាន​នាក់ ដែល​បណ្តាល​មកពី​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​រវាង​សហភាព​អឺរ៉ុប និង​រដ្ឋាភិបាល​ឥណ្ឌា​។ កិច្ចព្រមព្រៀង​នោះ អាច​នឹង​ត្រូវ​ធ្វើឡើង នា​ពេល​ខាងមុខ​ដ៏​ឆាប់​នេះ។​

​ញត្តិ​ដដែល​លើកឡើងថា របាយការណ៍​ជា​ច្រើន​បានបង្ហាញ​ថា កិច្ចចរចា​ពាណិជ្ជកម្ម​សេរី​រវាង​សហគមន៍​អឺរ៉ុប និង​ឥណ្ឌា ជិត​ត្រូវបាន​អនុម័ត​ហើយ។ ដូច្នេះ​ក្រុម​សកម្មជន​អ្នក​តវ៉ា មាន​ការព្រួយបារម្ភ​ថា កិច្ចព្រមព្រៀង​នេះ​នឹង​ក្លាយជា​មហន្តរាយ​ដ៏​ធ្ងន់ធ្ងរ ហើយ​អាច​ប៉ះពាល់​ដល់​អាយុជីវិត​មនុស្ស​រាប់លាន​នាក់ ក្នុង​ប្រទេស​ក្រីក្រ​ដូច​ប្រទេស​កម្ពុជា។ មូលហេតុ​មក​ពី​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​សហភាព​អឺរ៉ុប និង​ឥណ្ឌា អាចមាន​ផល​ប៉ះពាល់​ដល់​ស្ថិរភាព​ក្នុង​ការផ្គត់ផ្គង់​ឱសថ​សង្គ្រោះ​ជីវិត​មនុស្ស ដល់​បណ្តា​ប្រទេស​ក្រីក្រ​លើ​ពិភពលោក។
ញត្តិ​លើកឡើងថា ប្រសិនបើ​មិន​មាន​ឱសថ​មូលដ្ឋាន​ពី​ប្រទេស​ឥណ្ឌា​ទេ តម្លៃ​ព្យាបាល​មេរោគ​អេដស៍ សម្រាប់​ប្រជាជន​កម្ពុជា​ម្នាក់ នឹង​កើនឡើង​ប្រហែល ១៥ ដង ពី ១៧៥ ដុល្លារ នៅ​ពេល​បច្ចុប្បន្ន ទៅ​ដល់​ជាង ២.៥០០ ដុល្លារ ក្នុង​មួយ​ខែ។​

តាម​សកម្មជន​អ្នក​តវ៉ា នៅ​កម្ពុជា មាន​ប្រជាជន​ប្រមាណ ៧៥.០០០ នាក់ ដែល​កំពុង​រស់នៅ​ជាមួយ​មេរោគ​អេដស៍ ហើយ​ពឹងផ្អែក​យ៉ាងខ្លាំង​ទៅលើ​ឱសថ​មូលដ្ឋាន ផលិត​នៅ​ប្រទេស​ឥណ្ឌា ដើម្បី​ជីវិត​រស់នៅ​របស់​ពួកគេ។ ក្នុងនោះ មាន ៤៨.០០០ នាក់ កំពុង​ប្រើប្រាស់​ថ្នាំ​ប្រឆាំងនឹង​មេរោគ​អេដស៍ (ថ្នាំ​ពន្យារ​អាយុជីវិត) ដែល​ជា​ឱសថ​មូលដ្ឋាន ដោយ​ផ្តល់​ការគាំទ្រ​ដោយ​ម្ចាស់ជំនួយ​។ យោងតាម​អង្គការសហប្រជាជាតិ ប្រយុទ្ធ​នឹង​ជំងឺអេដស៍ UNAIDS នៅ​ឆ្នាំ​២០០៩ បាន​ថវិកា​ចំណាយ​សំរាប់​សេវា​ព្យាបាល​អ្នក​ផ្ទុក​មេរោគ​អេដស៍​នៅ​កម្ពុជា អស់​ប្រមាណ ១២ លាន​ដុល្លារ​អាមេរិក ក្នុង​មួយ​ឆ្នាំ។​

​បន្ទាប់​ពី​ជួបជុំ​លើក​បដា និង​ដាក់​ញត្តិ​នៅ​ទីស្នាក់ការ​សហភាព​អឺរ៉ុប​រួចមក នៅ​ព្រឹក​មិញ ក្រុម​សកម្មជន​អ្នក​តវ៉ា ក៏​បាន​លើកគ្នា​ទៅ​ប្រមូលផ្តុំ​តវ៉ា និង​ដាក់​ញត្តិ នៅ​ស្ថានទូត​ឥណ្ឌា។​
​លោក ហ្សង់​ហ្វ្រង់​ស្វ័​រ កូ​តង់ ឯកអគ្គរាជទូត នៃ​សហភាព​អឺរ៉ុប​ប្រចាំ​កម្ពុជា មិន​ទាន់​ឆ្លើយតប​បែបណា ជុំវិញ​ការតវ៉ា​របស់​សកម្មជន​ខាងលើ​ទេ​។ តែ​ញត្តិ​តវ៉ា ៤ ទំព័រ​នោះ ត្រូវបាន​តំណាង​សហភាព​អឺរ៉ុប​ទទួលយក​ហើយ៕​

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ