អានតួអត្ថបទ
នាទីសុខភាពនិងអនាម័យ

របេងស៊ាំថ្នាំច្រើន​មុខ​​ពិបាក​ព្យាបាល​ និងត្រូវ​ការ​ពេល​យូរ

ចុះផ្សាយ​នៅ​ថ្ងៃ៖

ថ្ងៃ​ទី ២៤​មីនា ជា​ទិវា​ពិភពលោក​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​របេង។ នា​ឱកាស​​នេះ​អង្គការ​សុខភាព​ពិភពលោក បាន​អំពាវនាវ​ឱ្យ​មាន​ការ​សន្យា​ថ្មី សកម្មភាព​ថ្មី​ សម្រាប់​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​ឆ្លង​មួយ​នេះ។ អង្គការ​សុខភាពពិភពលោក បាន​កំណត់​យុទ្ធសាស្ត្រ​ ដ៏​មាន​មហិច្ឆតា រយៈ​ពេល​២០​ឆ្នាំ (២០១៦-២០៣៥) កាត់​បន្ថយ​​​ការ​ស្លាប់​ដោយ​ជំងឺ​របេងឱ្យ​បាន​ដល់​៩៥% កាត់​ ​ឈឺចាប់​​បង្ក​ឡើង​ ​ជំងឺ​របេង ឱ្យ​បាន​៩០% និង​គ្មាន​គ្រួសារ​អ្នក​ជំងឺ​ណា​ត្រូវ​រីង​រៃ​ ហិន​ហោច​ថវិកា​ ដើម្បី​ព្យាបាល​ខ្លួន​ពី​ជំងឺ​របេងឡើយ។ សម្រាប់​បច្ចុប្បន្ន​នេះ ថ្វី​បើ​មាន​ការ​ជឿន​លឿន​ខ្លាំង​ ពិភពលោក​កំពុង​ឈាន​ទៅ​សម្រេច​កម្មវត្ថុ​សហវត្សរ៍​ក៏​ដោយ ក៏​របេង​នៅ​តែមាន​​បន្ត​ចម្លង​ និង​សម្លាប់​អ្នក​ជំងឺ​​ច្រើន​ជាង​គេ​​នៅ​លើ​ពិភពលោក ជា​ពិសេស​ជំងឺ​របេង​ដែល​មាន​ការ​ស៊ាំ​នឹង​ថ្នាំ​ព្យាបាល។

គ្រូពេទ្យ​គ្មានព្រំដែន​កំពុង​ជួយ​ស្ថាប័ន​ខ្មែរ​ពិនិត្យ​ជំងឺ​របេង​នៅមន្ទីរ​ពេទ្យ​ខេត្ត​កំពង់ចាម
គ្រូពេទ្យ​គ្មានព្រំដែន​កំពុង​ជួយ​ស្ថាប័ន​ខ្មែរ​ពិនិត្យ​ជំងឺ​របេង​នៅមន្ទីរ​ពេទ្យ​ខេត្ត​កំពង់ចាម Sean Brokenshire/MSF
ផ្សាយពាណិជ្ជកម្ម

តើ​គេ​អាច​ស្រមៃ​បាន​ទេ ទៅ​ថ្ងៃ​អនាគត​ ពិភពលោក នឹង​គ្មាន​ជំងឺ​របេង ?! ​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​របេង​នេះ មាន​ការ​ជឿន​ខ្លាំង​គួរ​កត់​សម្គាល់​ខ្លាំង​ណាស់ នា​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ។ ពិភពលោក​​កំពុង​ឈាន​ទៅ​សម្រេច​កម្មវត្ថុ​របស់​ខ្លួន​ហើយ ! ប៉ុន្តែ​នៅ​មិន​គ្រប់​គ្រាន់​ទេ​ ត្រូវ​ប្រឹង​​ប្រែង​បន្ថែម​ទៀត ព្រោះ​បើ​តាម​តួលេខ មាន​មនុស្ស​ប្រមាណ​៩​លាន​នាក់​មាន​ផ្ទុក​​ជំងឺ​របេង នៅ​ឆ្នាំ ២០១៣ ក្នុង​នោះ​៤៨០០០០​នាក់​ជា​អ្នក​ឆ្លងថ្មី និង​១​លាន​នាក់​កន្លះ​បាន​ស្លាប់។

 

ហេតុ​ដូច្នេះ​ហើយ​បាន​ជា អង្គការ​សុខភាព​ពិភពលោក​នៅ​តែ​ចាត់​ទុក​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​របេង​នេះ ជា​បញ្ហា​ចម្បង​មួយ​នៅឡើយ និង​ជំរុញ​ឱ្យ​ដៃគូសុខាភិបាល ដៃ​គូ​នយោបាយ​រដ្ឋាភិបាល​ បង្កើន​សកម្មភាព ដើម្បី​សម្រេច​គោល​ដៅ​សហវត្សរ៍។ បើ​ពុំ​នោះទេ​​ជំងឺ​របេង ជាពិសេស​របេង​ស៊ាំ​ថ្នាំ នឹងអាច​​សម្លាប់​មនុស្សអស់​​៧៥​លាន​នាក់ ក្នុង​រយៈ​ពេល​តែ​៣៥​ឆ្នាំ ពោល​គឺ​ពី​ពេល​នេះ ដល់​ឆ្នាំ​២០៥០។ ឯ​ផល​ប៉ះពាល់​ផ្នែក​សេដ្ឋកិច្ច​ពិភពលោក​វិញ នឹង​មាន​ការ​ខាត​បង់​ជា​ថវិកា​អស់​ប្រមាណ​១៦៧០០​ពាន់​លាន​ដុល្លារ​អាមេរិក។ នេះ​​បើ​យោង​តាម​​របាយការណ៍​​ប្រទេស​អង់គ្លេសចេញ​ផ្សាយ​នៅ​ក្នុង​ថ្ងៃ​អង្គារ​ទី ២៤​មីនា២០១៥ ដែល​ជា​ទិវា​ពិភពលោក​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​របេង​ផ្ទាល់​តែ​ម្តង។

គេ​ហៅ​ជំងឺ​របេង​ថា​ស៊ាំ​នឹង​ថ្នាំ នៅ​ពេល​ដែល​ ​ថ្នាំ​ព្យាបាលជំងឺ​របេង​ធម្មតា​​ ចំនួន​ចាប់ពី​ពីរ​មុខ​ (Isoniazide និង​Rifampicine)ឡើង​ទៅ លែង​មាន​ប្រសិទ្ធិភាព​ចំពោះ​អ្នក​ជំងឺ។ ការ​ស៊ាំ​ថ្នាំ​នេះ បណ្តាល​មក​ពី​ការ​ព្យាបាល​មិន​បាន​ត្រឹម​ត្រូវ លេប​ថ្នាំ​មិន​ជាប់​លាប់ មិន​គ្រប់​ចំនួន​តាម​វេជ្ជបញ្ជា និង​ជួន​កាល​ទៀត​បណ្តាល​មក​ពី​គុណភាព​ថ្នាំ​មិន​ល្អ អាច​ថា​ជា​ថ្នាំ​ក្លែងក្លាយ​ក៏​បាន។

ផលវិបាក​នៃ​ជំងឺ​របេង​​​ស៊ាំថ្នាំ មាន​លក្ខណៈ​ធ្ងន់ធ្ងរ​ណាស់​ ព្រោះ​ជា​បឋម​អ្នក​ជំងឺ​អាច​ស្លាប់​ និង​អាច​ចម្លង​មេរោគ​របេង​ដែល​ជា​ពពួក​ស៊ាំ​ថ្នាំ​ទៅ​កាន់​មនុស្ស​នៅ​ជិត​ខ្លួន។ ចំពោះ​អ្នក​ជំងឺ​ដែល​បាន​ទទួល​ការព្យាបាល​ ត្រូវ​ប្រើ​ពេលវេលា​យូរ​​ខ្លាំង​។ អ្នក​កើត​ជំងឺ​របេង​ធម្មតា​អាច​ជា​សះ​ស្បើយ​បាន​ក្នុង​រវាង​ពី ៦​ទៅ​៨​ខែ ឯ​អ្នក​មាន​ជំងឺ​របេង​ស៊ាំថ្នាំ​វិញ ត្រូវ​ចំណាយ​ពេល​ព្យាបាល​ពី​២០​ទៅ ២៤​ខែ ហើយ​អត្រា​មាន​ប្រសិទ្ធិភាព​ជា មាន​ត្រឹម​តែ​៦០%​ប៉ុណ្ណោះ​ជា​មធ្យម​ បើ​ប្រៀប​ទៅ​ជំងឺ​របេង​ធម្មតា​ដែល​អាចជា​ដល់​ទៅ ៩០%។ ផល​ប៉ះពាល់​សំខាន់​មួយ​ទៀត គឺ​ថ្នាំ​ព្យាបាល​ជំងឺ​របេង​ស៊ាំថ្នាំ មាន​តម្លៃខ្ពស់​ណាស់ ប្រមាណ​ជា​២០០​ដង​លើ​តម្លៃ​ថ្នាំ​របេង​ធម្មតា។

ការ​កម្ចាត់​ជំងឺ​របេង​ នៅ​ជួប​ការ​លំបាក​នៅ​ឡើយ​ ដោយ​ហេតុ​តែ​​កង្វះ​ថ្នាំ​វ៉ាក់សាំង។ ថ្នាំ​បង្ការ​តែ​មួយ​គត់ BCG​ ដែល​​កំពុង​ធ្វើ​ចរាចរណ៍សព្វ​ថ្ងៃ​នេះ ​មាន​ប្រសិទ្ធិភាព​​អាច​ការពារ​​បាន​តែ​ទម្រង់ធ្ងន់ធ្ងរ​នៃ​ជំងឺ​របេង​​តែ​ប៉ុណ្ណោះ​ តែ​មិន​អាច​ការពារ​បាន​ទាំង​ស្រុង​​ជំងឺ​របេង​​សួត​ ដែល​ជា​ប្រភេទ​ជំងឺ​របេង​កើត​មានច្រើន​ជាង​គេ​នោះ​ទេ៕​

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ