អានតួអត្ថបទ
កម្ពុជា

ទី​ភ្នាក់ងារ​ អ.ស.ប​ ស្វាគមន៍​ការ​បង្កើត​គណៈកម្មការ​ពិសេស​ស៊ើប​អង្កេត​ករណី​ឃាតកម្ម​លើ​សព​លោក​ ជា វិជ្ជា​

ទីភ្នាក់ងារ អ.ស.ប ស្វាគមន៍​ការបង្កើត​គណៈកម្មការ​ពិសេស​ស៊ើបអង្កេត​ករណី​ឃាតកម្ម​លើ​សព​លោក ជា វិជ្ជាការិយាល័យ​ឧត្តម​ស្នងការ​អង្គការសហប្រជាជាតិ ទទួលបន្ទុក​សិទ្ធិមនុស្ស​ប្រចាំ​កម្ពុជា (OHCHR Cambodia) និង​អង្គការ​ពលកម្ម​អន្តរជាតិខាងការងារ​ហៅ​កាត់​ថា (ILO) បាន​ស្វាគមន៍​ចំពោះ​រដ្ឋាភិបាល​កម្ពុជា​ដែល​បាន​សម្រេច​បង្កើត​គណៈកម្មការ​ពិសេសមួយ ដើម្បី​បើក​ការស៊ើបអង្កេត​ទៅលើ​ឃាតកម្ម​ករណី​សព​​លោក ជា វិជ្ជា ​មេដឹកនាំ​សហជីព​សេរីកម្មករ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា រួម​នឹង​សហការី​របស់លោក២រូប​ទៀត។ គណៈកម្មការ​ពិសេស​នេះ មាន​រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ​ម្នាក់​ជា​ប្រធាន និង​អមដោយ​អនុប្រធាន​ពីររូប​និង​សមាជិក​មួយចំនួនទៀត។

លោកជា មុន្នី ប្រធាន​សហជីព​សេរីកម្មករ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា
លោកជា មុន្នី ប្រធាន​សហជីព​សេរីកម្មករ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ©ចាន់ណា
ផ្សាយពាណិជ្ជកម្ម

តាមរយៈ​សេចក្តីថ្លែងការណ៍​របស់​ខ្លួន ដែល​បានចេញ​ផ្សាយ​កាលពី​ល្ងាច​ថ្ងៃទី២៦មិថុនា ការិយាល័យ​ឧត្តម​ស្នងការ​ទទួលបន្ទុក​សិទ្ធិមនុស្ស​ប្រចាំ​កម្ពុជា (OHCHR Cambodia) និង​ការិយាល័យ​អង្គការ​ពលកម្ម​អន្តរជាតិ​ខាង​ការងារ ហៅ​កាត់​ថា (ILO) ប្រចាំ​ប្រទេស​ថៃ កម្ពុជា និង​ឡាវ បាន​ស្វាគមន៍​ចំពោះ​រដ្ឋាភិបាល​កម្ពុជា ដែល​បានសម្រេច​បង្កើត​គណៈកម្មការ​ពិសេសមួយ ស៊ើបអង្កេត​លើ​ករណី​ឃាតកម្ម​សព​លោក ជា វិជ្ជា និង​សហការី​ពីរ​នាក់​ទៀត។

សេចក្តីថ្លែងការណ៍​របស់​ទីភ្នាក់ងារ​អង្គការសហប្រជាជាតិ​ទាំងពីរ​សង្ឃឹមថា គណៈកម្មការ​អន្តរក្រសួង​មួយ​នេះ នឹង​ខិតខំ​ប្រឹងប្រែង​ស្វែងរក​ជនដៃដល់​ពិតប្រាកដ ដែល​បាន​ប្រព្រឹត្ត​អំពើ​ឧក្រិដ្ឋកម្មនេះ មក​ផ្តន្ទាទោស​តាមច្បាប់​បាន។ សេចក្តីថ្លែងការណ៍​បានបញ្ជាក់​ទៀតថា តាមរយៈ​គណៈកម្មការ​ពិសេស​នេះ គេ​នឹង​រកឃើញ​យុត្តិធម៌​នៅ​ទីបញ្ចប់ ស្របតាម​ការប្តេជ្ញាចិត្ត​របស់​ប្រទេស​កម្ពុជា​ទាំង​នៅ​កម្រិត​ជាតិ និង​កម្រិត​អន្តរជាតិ។  

សូមបញ្ជាក់ថា កាលពី​ថ្ងៃទី១០មិថុនា កន្លងទៅ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បានសម្រេច បង្កើត​គណៈកម្មការ​អន្តរក្រសួង​មួយ ដើម្បី​បើក​ការស៊ើបអង្កេត ទៅលើ​បណ្តឹង​លេខ២៣១៨ ករណី​ឃាតកម្ម​លើ​សព​លោក ជា វិជ្ជា ប្រធាន​សហជីព​សេរីកម្មករ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​សហការី​ពីររូប​ទៀត​របស់លោក គឺ លោក រស់ សុវណ្ណារ៉េត និង​លោក ហ៊ី វុទ្ធី។

លោក ជា វិជ្ជា អតីត​ប្រធាន​សហជីព​សេរីកម្មករ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​ត្រូវបាន​ឃាតក​បាញ់សម្លាប់​កាលពី​ថ្ងៃទី២២ ខែមករា​ឆ្នាំ២០០៤ នៅពេលដែល​លោក​កំពុង​អាន​កាសែត​នៅក្បែរ​វត្តលង្កា​ក្នុង​រាជធានី​ភ្នំពេញ។ ចំណែកឯ​លោក រស់ សុវណ្ណា​រ៉េត សហការី​របស់លោក ជា វិជ្ជា និង​ជា​ប្រធាន​សហជីព​ប្រចាំ​នៅ​រោងចក្រ កុមារ​ទុងហ្គា ត្រូវបាន​ឃាតករ​បាញ់សម្លាប់​នៅ៣ខែ​បន្ទាប់។ ហើយ៣ឆ្នាំ​ក្រោយមក ឃាតក​ក៏បាន​បន្ត​បាញ់សម្លាប់ លោក ហ៊ី វុទ្ធី អតីត​ប្រធាន​សហជីព​សេរីកម្មករ​ជា​បន្តទៀត។ លោក ជា វិជ្ជា ដែល​ក្រុមកម្មករ​កម្មការិនី​នៅ​កម្ពុជា​ចាត់ទុកថា ជា​វីរជន​នោះ បាន​ចេញមុខ​ដឹកនាំ​កម្មករ​ធ្វើបាតុកម្ម​យ៉ាង​ផុសផុល​ក្នុងអំឡុង​ឆ្នាំ២០០០-២០០៤។ បាតុកម្ម ដើម្បី​ទាមទារ​សិទ្ធិ​និង​ល​ក្ខ័​ណ្ឌ​ការងារ​កាន់តែ​ប្រសើរឡើង។ ពី​ឆ្នាំ២០០៤ រហូតមក​ទល់នឹង​ចុងខែ​មិថុនា​ឆ្នាំ២០១៥នេះ ឃាតករ​ពិតប្រាកដ​មិនទាន់​ត្រូវបាន​គេ​រកឃើញ​នៅឡើយ​ទេ បន្ទាប់ពី​ឃាតករ​សិប្បនិមិត្ត​ពីររូប គឺ​លោក ប៊ន សំណាង និង​លោក​សុខ សំអឿន ត្រូវបាន​គេ​ដោះលែង​វិញ។

គណកម្មការ​ពិសេស​ដែល​រដ្ឋាភិបាល​ទើប​បង្កើត​នេះ រួមមាន​រដ្ឋលេខាធិកា​រ​ក្រសួងមហាផ្ទៃ​ម្នាក់​ជា​ប្រធាន អមដោយ​អនុប្រធាន​ពីររូប​មកពី​ក្រសួង​ការងារ​និង​ក្រសួងយុត្តិធម៌ និង​មាន​សមាជិក​មួយចំនួន​ទៀត​មកពី​ទីស្តីការគណៈរដ្ឋមន្ត្រី១រូប អគ្គស្នងការ​នគរបាល​ជាតិ មេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​តំណាង​អាជ្ញាធរ​ពាក់ព័ន្ធ​ជា​សមាជិក។
លោក ខៀវ សុភ័ក្រ អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ បាន​បញ្ជាក់ថា គណៈកម្មការ​ពិសេស​នេះ​មិនទាន់​កើតចេញ​ជា​រូបរាង​នៅឡើយ​ទេ ដោយ​គេ​នៅ​រងចាំ​ការបញ្ជូន​ឈ្មោះ​ពី​ក្រសួង​ពាក់ព័ន្ធ​ជាមុនសិន៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ