អានតួអត្ថបទ
នាទីសុខភាពនិងអនាម័យ

សំណួរ​១០​យ៉ាង ទាក់ទង​នឹង​​ជំងឺ​ហ្ស៊ីកា

ចុះផ្សាយ​នៅ​ថ្ងៃ៖

ពិភពលោក​កាន់​តែ​ព្រួយ​បារម្ភឡើងៗ​នឹង​ជំងឺ​ហ្ស៊ីកា។ រីករាត​ត្បាត​ដូច​លាជ​ផ្ទុះ ជំងឺ​ហ្ស៊ីកា ត្រូវ​ជាប់​សង្ស័យ​ខ្លាំង​ថា​ជា​ភ្នាក់ងារ​បង្ក​ឱ្យ​មាន​ជំងឺ​ទាក់ទង​នឹង​ប្រព័ន្ធ​ប្រសាទ ជំងឺ​ហ្គីឡាំងបារ៉េ ​ការ​បង្ក​កំណើត​មិន​ប្រក្រតី ទារក​ក្នុង​ផ្ទៃ​អាច​ស្លាប់ ឬ​កើត​មក​មាន​ក្បាល​តូច​ខុស​ធម្មតា។ ហ្ស៊ីកា​បង្ក​ឡើង​តាម​រយៈ​មូស​ខ្លា​ខាំ ប៉ុន្តែ​ថ្មីៗ​នេះ និង​ជា​បន្តបន្ទាប់ មាន​ករណី​ឆ្លង​ហ្ស៊ីកា ច្រើន​ឡើងៗ តាម​ផ្លូវ​ភេទ។

មូស​ខ្លា Aedes aegypti ភ្នាក់ងារ​បង្ក​ជំងឺ​ហ្ស៊ីកា
មូស​ខ្លា Aedes aegypti ភ្នាក់ងារ​បង្ក​ជំងឺ​ហ្ស៊ីកា Marvin Recinos/AFP
ផ្សាយពាណិជ្ជកម្ម

ចម្លង​ដោយ​មូស​ខ្លា ដូច​ជំងឺ​គ្រុន​ឈាម​ ឬ​ឈីគុនហ្គុនយ៉ា វីរ៉ុសហ្ស៊ីកា ​បាន​ចម្លង​លើ​មនុស្ស​ជិត​ពីរ​លាន​នាក់​នៅ​ប្រេស៊ីល និង​បន្ត​រាតត្បាត​ដល់បី​​ទៅ៤លាន​នាក់ នៅ​ទ្វីប​អាមេរិក​ក្នុង​ឆ្នាំ​២០១៦។

១-តើ​វីរ៉ុស​ហ្ស៊ីកា​មាន​ប្រភព​មក​ពីណា ? និងអាច​ធ្វើ​ដំណើរ​ទៅ​ដល់​ណា ?

ហ្ស៊ីកា​ជា​វីរ៉ុស​ដែល​ចម្លង​ដោយ​មូស​ខ្លា​​ ប្រភេទ​ Aedes aegypti ឬ albopictus។ ស្ថិត​នៅក្នុង​ចង្កោម​គ្រួសារ​ជាមួយ​​ គ្រុន​ឈាម ឬ​គ្រុន​លឿង ហ្ស៊ីកា​ត្រូវ​បាន​រក​ឃើញ​ជា​លើក​ទី​មួយ​នៅ​ឆ្នាំ​១៩៤៩៧ នៅ​លើ​សត្វស្វា រស់​នៅក្នុង​ព្រៃ​ប្រទេស​អ៊ូហ្កង់ដា និង​រកឃើញ​នៅ​លើ​មនុស្ស​ជា​លើក​ដំបូង នៅ​ឆ្នាំ​១៩៥២ នៅប្រទេស​អ៊ូហ្កង់ដាដដែលនិង​ប្រទេសតង់ហ្សានី។

នៅ​ឆ្នាំ​២០០៧ មាន​ការ​រាតត្បាត​ដំបូង​នៅ​លើកោះ​ យ៉ាប់ ប្រទេស​មីក្រូនេស៊ី ដែល​កាលណោះ​មាន​ប្រជាជន​បីភាគ​បួន​បាន​ឆ្លង​ហ្ស៊ីកា។ គេ​បាន​ឃើញ​ហ្ស៊ីកា​ម្តង​ទៀត នៅ​ខែ​តុលា ២០១៤-ដល់​មេសា​២០១៤ នៅកោះ​ប៉ូលីណេហ្ស៊ី​បារាំង​ ក្នុង​មហាសមុទ្ទ​ប៉ាស៊ីហ្វិក និង​ចុងក្រោយ​កាលពី​ខែ​ឧសភា ២០១៥ នៅ​ប្រទេស​ប្រេស៊ីល ដោយ​រាលដាល​បន្ត​ដល់​ប្រទេស​ជិត​ខាង​ក្នុងទ្វីប​អាមេរិក​កណ្តាល។

តំបន់​អាស៊ី ក៏​មិន​បាន​គេច​ផុត​ទាំង​ស្រុង​ពី​ជំងឺ​ហ្សីកា​នេះ​ដែរ! កម្ពុជា​ធ្លាប់​ជួប​ប្រទះ​ករណី​ហ្ស៊ីកា​មួយករណី។ នៅ​ថៃ មាន​បួន​ប្រាំ​ករណី ក្នុង​មួយ​ឆ្នាំៗ គិត​ចាប់​ពី​ឆ្នាំ​២០១២​មក។ ឥណ្ឌា​ប្រទេស​ក្តៅ​សើម មាន​មូស​ខ្លា​គ្រប់​ប្រភេទ ក៏​កំពុង​ព្រួយ​បារម្ភ​ខ្លាច​មាន​ការ​រាត​ត្បាត​ឆ្លង​ទៅ​ដល់​ដែរ។ គ្រប់​ប្រទេស​កំពុង​ស្ថិត​ក្នុង​ស្ថានភាព​តានដាន​ ដោយ​ប្រុង​ប្រយ័ត្ន​បំផុត។

២- ហ្ស៊ីកា​ជា​វីរ៉ុស​អាច​បំផ្លែង​ខ្លួន ?

ការ​ផ្ទុះ​ឡើង​លឿន​ជា​ច្រើន​ករណី​នៅ​ស្ទើរ​គ្រប់ទ្វីប​ អាច​ធ្វើ​ឱ្យ​គេ​គិត​បាន​ថា​វីរ៉ុស​ហ្ស៊ីកា​ចេះ​បំផ្លែង​ខ្លួន​​។ នេះ​បើ​តាមប្រសាសន៍​​អ្នក​ឯកទេសចុះ​ផ្សាយ​ក្នុង​ទំព័រ​ទស្សនាវដ្តី​ New Scientist។ ប៉ុន្តែអ្នក​ជំនាញ​ផ្សេង​ទៀត ហាក់​មិន​យល់​ស្រប​តាម​សម្មតិកម្ម​ខាង​លើ​ទេ។ ការវិភាគ​រូបរាង​ហ្សែន​ទាំងមូល​របស់​ហ្ស៊ីកា ចម្លង​នៅ​ប្រេស៊ីល បាន​បង្ហាញ​ពី​លក្ខណៈ​ស្រដៀង​គ្នា​ ស្ទើរ​តែ​ទាំង​ស្រុង​ទៅ​នឹង​មេរោគ​ដើម​ ដែល​ជា​ប្រភព​នៃ​ការ​រាតត្បាត​នៅ​ឆ្នាំ​២០១៣ និង​២០១៤ ក្នុង​តំបន់​កោះ​មហាសមុទ្ទ​ប៉ាស៊ីហ្វិក។​ នេះ​បើ​តាម​ការ​សិក្សា​របស់​ក្រុមអ្នក​ស្រាវ ជ្រាវ នៅវិទ្យាស្ថាន​ប៉ាស្ទ័រ​ហ្គីយ៉ាន ចុះ​ផ្សាយ​ក្នុង​ទំព័រ​ទស្សនាវដ្តី​សុខភាព The Lancet។

៣- តើ​គេ​អាច​សម្គាល់​រោគសញ្ញា​ហ្ស៊ីកា​បាន​យ៉ាង​ដូចម្តេច​ខ្លះ ?

ការ​ចម្លង​វីរ៉ុស​ហ្ស៊ីកាបីភាគ​បួន គ្មាន​ផ្តល់​រោគ​សញ្ញា​អ្វី​ទាំង​អស់។ ប្រសិន​បើ​មាន រោគសញ្ញា​អាច​នឹង​ស្តែង​ចេញ​ឡើង​នៅ​រវាង​បី​ទៅ ១២​ថ្ងៃ ក្រោយ​មូស​ខាំ ដូច​ជា​ មាន​កន្ទួល​ក្រហម​លើ​ស្បែក អម​ដោយ​អាការៈ​ក្តៅ​ខ្លួន​ឬ​អត់។ បន្ថែម​ពី​លើ​នេះ​ទៀត គេ​អាច​រក​ឃើញ​អាការៈ​សញ្ញា នឿយ​ហត់ ឈឺក្បាល ឈឺ​ឆ្អឹង​ឈឺ​ឆ្អែង ពោល​គឺ​ដូច​អាការៈ​សញ្ញា​នៃ​អ្នក​ចង់​កើត​គ្រុន​ក្តៅ​យ៉ាង​ដូច្នោះ។ វីរ៉ុស​ហ្ស៊ីកា​ក៏​អាច​បង្ក​ឱ្យ​មាន​អាការៈ​ ក្រហម​ភ្នែក រលាក ឈឺ​ភ្នែក ហើម​ដៃ ហើមជើង​។ រោគ​សញ្ញា​ទាំង​អម្បាលម៉ាន​នេះ ត្រូវ​រលុប​បាត់​ទៅ​វិញ​ដោយ​ឯកឯង នៅ​រវាង​ពីរ​ទៅ​៧​ថ្ងៃ​បន្ទាប់។ នេះ​បើ​តាម​ការ​គូស​បញ្ជាក់​របស់​អង្គការ​សុខភាព​ពិភពលោក។

ការ​ចម្លង​មេរោគ​ នៅលើក​ដំបូង​​ មានទម្រង់​ដូច​ជា​ការ​ផ្តល់​ភាព​ស៊ាំ​ដល់​មេរោគ មាន​ន័យ​ថា​ យើង​មិនអាច​មាន​ជំងឺ​នៅ​ពេល​ជួប​វីរ៉ុស​នេះ​ជា​លើកទីពីរ​ទេ។ ហ្ស៊ីកា និង​ផលវិបាក​​មក​លើ​មនុស្ស​ នៅ​តែ​ពុំ​ទាន់​ត្រូវ​បាន​គេ​ស្គាល់​ច្បាស់​នៅ​ឡើយ​ទេ។ ​នេះ​ជា​ការ​ទទួល​សារភាព​របស់​អ្នក​ឯកទេស។

៤- តើ​គេ​អាច​វិភាគ​រក​ឃើញ​មេរោគ​ហ្ស៊ីកាយ៉ាង​ដូចម្តេច ?

ការ​វិភាគ​ឈាម វិភាគ​ទឹក​មាត់​ ឬ​ទឹក​នោម អាច​អនុញ្ញាត​ឱ្យ​គេ​រក​ឃើញ​វត្តមាន​វីរ៉ុស​ហ្ស៊ីកា។ ប៉ុន្តែ​គេ​ត្រូវ​រួសរាន់​ឆាប់​ធ្វើ​វិភាគ ព្រោះ​វីរ៉ុស​នេះ​​អាច​បង្ហាញ​វត្តមាន​នៅក្នុង​ឈាម​តែ​ក្នុង​រយៈ​ពេល​បី​​ទៅ​៥​ថ្ងៃ ក្រោយ​មូស​ខាំ​ភ្លាម នៅ​ក្នុង​ទឹក​នោម​ប្រមាណ​១០​ថ្ងៃ និង​ក្នុង​ទឹក​មាត់ ពី​បី​ទៅ​៥​ថ្ងៃ។ វីរ៉ុស​នេះ​គ្មាន​ស្នាមដាន​រក​ឃើញនៅ​ក្នុង​ទឹក​ដោះ​ម្តាយ។

នៅក្នុង​ករណី ធ្វើ​វិភាគ​បី​មុខ​នេះ​ហើយ នៅ​តែ​គ្មាន​សញ្ញា​វិជ្ជមាន​អ្វី​ទេ ប៉ុន្តែ​អ្នក​ជំងឺ​មាន​បង្កប់​រោគ​សញ្ញា​គ្រប់​យ៉ាង​នៃ​ជំងឺ​ហ្ស៊ីកា គេ​ត្រូវ​បន្ត​វិភាគ​ស្វែង​រក​ទៀត តាម​រយៈ​ការ​វិភាគ​អង្គបដិបក្ស​។ ការ​វិភាគ​ចុងក្រោយ​នេះ​មាន​លក្ខណៈ​ស្មុគស្មាញ​ជាង និង​ប្រើ​ពេល​វេលាយូរ​។ មិន​តែ​ប៉ុណ្ណោះ​ ភាព​ស្រដៀង​គ្នា​នឹង​ជំងឺ​គ្រុន​ឈាម ឬ​គ្រុន​ឈីគុនហ្គុនយ៉ាង រឹត​តែ​ធ្វើ​ការ​វិភាគ​កាន់​តែ​លំបាក មិន​ថា​ក្នុង​ផ្នែក​វែក​រក​អាការៈ​សញ្ញា​រោគ ឬ​ខាងវិភាគ​ជីវសាស្ត្រ​ទេ។

៥- តើ​ស្ត្រី​មាន​ផ្ទៃ​ពោះ អាច​ប្រឈម​នឹង​ហានិភ័យ​ហ្ស៊ីកា​យ៉ាង​ណាខ្លះ ?

នេះ​ជា​កង្វល់​ដ៏​ចំបង​បំផុត ! ថ្វីបើ​ពុំ​មាន​ភស្តុតាង​ផ្លូវការ​​​បញ្ជាក់​មែន ប៉ុន្តែ​បើ​មាន​ការ​ចម្លង​វីរ៉ុសហ្ស៊ីកា​កំពុង​ពេល​មាន​ផ្ទៃពោះ អាច​នឹង​បង្ក​ឱ្យ​ទារក​ក្នុង​ផ្ទៃ​មាន​ការ​លូតលាស់ ខួរ​ក្បាល​​ខុស​ប្រក្រតី ក្បាល​តូច​ជ្រុល​ ទំហំ​ក៏​តូច​ខ្លាំង មាន​ខួរក៏​តិច​។ ក្នុង​ករណី​ធ្ងន់ធ្ងរ​ខ្លាំង ទារក​នោះ​អាច​ស្លាប់​ក្នុង​ផ្ទៃ​ ឬ​កើត​មក​ស្លាប់។

នៅ​ដើម​ឆ្នាំ​២០១៦​នេះ ក្នុង​ពេល​ដែល​ជំងឺ​ហ្ស៊ីកា​ផ្ទុះ​ឡើង​ខ្លាំង អាជ្ញាធរ​ប្រេស៊ីល​បាន​ធ្វើ​ជំរឿន​រាប់​ឃើញ​មាន​ករណី​ទារក​កើត​មក​ មាន​ជំងឺ​ក្បាល​តូច​ ដែល​សង្ស័យ​ថា​បណ្តាល​មក​ពី​មាន​វីរ៉ុស​ហ្ស៊ីកា ដល់ទៅ​៤​ពាន់​​ករណី​ថ្មី ពោល​គឺ​លើស​ឆ្នាំ​មុនៗ​ដល់​ទៅ ២០​ទៅ​៣០ដង។
ជំងឺក្បាល​តូច​ ជា​ជំងឺ​ដ៏​កម្រ។ នៅ​សហរដ្ឋ​អាមេរិក​ គេ​សង្កេត​ឃើញ​មាន​ករណី​ទារក​កើត​មក​ក្បាល​តូច​ខុសប្រក្រតី ពី ២​ទៅ​១២​ករណី ក្នុង​ចំណោម​ទារក​១០០០០នាក់។ ក្បាល​តូច​អាច​​បង្ក​ឱ្យ​ភាព​ពិការ​ជាប់​នឹង​ខ្លួន​យ៉ាង​ធ្ងន់ធ្ងរ មាន​វិបត្តិប្រព័ន្ធប្រសាទ វិបត្តិ​ផែ្នក​លូតលាស់​សតិបញ្ញា វិបត្តិ​បញ្ញាញាណ​។

“ជំងឺ​ក្បាល​តូច” អាច​បង្ក​ឡើង​ដោយ​មូលហេតុ​ច្រើន​យ៉ាង មាន​ជា​អាទិ៍​ដោយ​ហេតុ​មាន​ជាតិ​ពុល មាន​បញ្ហា​ហ្សែន ឬ ដោយ​មាន​ការ​បង្ក​រោគ។ ប៉ុន្តែ​នៅ​ប្រេស៊ីល ការ​ផ្ទុះ​ករណី​ទារក​កើត​មក​មាន​ក្បាល​តូច​ខុស​ប្រក្រតី​ ក្រោយ​ពី​ការរាតត្បាត​នៃ​ជំងឺ​ហ្ស៊ីកា ធ្លាក់​មក​ជួន​ចំពេល ចំ​វេលា​និង​ចំកន្លែង ដែល​អាច​បញ្ជាក់​បាន​ថា​មាន​ហេតុ​និង​ផល​ រវាង​ហ្ស៊ីកា និង​ការ​លូតលាស់​មិន​ប្រក្រតី​របស់​ទារក។

អ្នក​ស្រាវជ្រាវ​កំពុង​សិក្សា​ ដើម្បី​វែក​រក​មើល​ទំនាក់ទំនង​ជា​ផ្លូវការ​​រវាង​ហ្ស៊ីកា​និង​ជំងឺ​ក្បាល​តូច ព្រមទាំង​ដើម្បី​ឆ្លើយ​តប​ឱ្យ​នូវ​សំណួរ​ជា​ច្រើន​ដែល​គ្មាន​ចម្លើយ​នៅ​ឡើយ។ « តើ​សុកអាច​​ដើរ​តួនាទី​ការ​ពារ​ទារក ប្រឆាំង​នឹង​​វីរ៉ុស​ផ្សេង​ទៀត ដូច​យ៉ាងករណី​មានប្រឆាំង​នឹង​វីរ៉ុស​​ស៊ីតូមេហ្កាឡូវីរ៉ុសដែរ​ឬអត់”។ បើ​តាម​ការ​ពន្យល់​របស់​សាស្ត្រាចារ្យ Yves Ville ​ ប្រធាន​មន្ទីរ​សម្ភព​នៃ​មន្ទីរ​ពេទ្យកុមារ Necker ​ ក្រុង​ប៉ារីស ការ​បង្ក​រោគ​លើ​ស្រ្តី​មាន​ផ្ទៃ​ពោះ​អាច​ឬ មិន​អាច​ចម្លង​ទៅ​ឱ្យ​ទារក​បាន គឺ​​អាស្រ័យ​ទៅនឹង​​ពេល​វេលា​នៃ​ការ​ចម្លង​មេរោគ ​ដែល​ជា​អ្នក​​កំណត់​បាន​ថា​ប៉ះពាល់​ដល់​ទារក​ក្នុងផ្ទៃ​ឬ​អត់ ៖ ប្រសិន​បើ​ការ​បង្ក​រោគ​​កើត​ឡើង​ក្នុង​ដំណាក់កាល​ពរ​ពោះ​ត្រីមាស​ដំបូង ចម្លើយ​មាន​ច្បាស់ បើគ្មានការ​ចម្លង​គឺ​កូន​ល្អ បើ​មាន​ការ​ចម្លង​មេរោគ កូន​ត្រូវ​រលូត។ ប្រសិន​បើ​ការ​បង្ក​រោគ​កើត​ឡើង​នៅ​ត្រីមាស​ទីពីរ​ឬ​ទីបី​ កាន់​តែ​ក្រ​មាន ផលវិបាក​ក៏​មាន​តិច​ (ដោយ​គ្រាន់តែ​ធ្វើ​ការ​លូត​លាស់​របស់​ទារក​ក្នុង​ផ្ទៃ​យឺតយ៉ាវ​បន្តិច) ប៉ុន្តែ​អាច​កែ​តម្រូវ​ស្រង់​ដើម​បាន​វិញ​នៅ​កើត​មក។ ចុះ​តើ​ករណី​វីរ៉ុស​ហ្ស៊ីកា​មាន​ដំណើរ​ដូច​គ្នា​ដែរឬ​យ៉ាងណា។

៦- ប្រឈម​នឹង​គ្រោះ​​ហ្ស៊ីកា តើ​ស្ត្រី​កំពុង​មាន​ផ្ទៃ​ពោះ ត្រូវ​ធ្វើ​ដូចម្តេច ?

សារ​ដ៏​សំខាន់​បំផុត ដែល​បារាំង ក៏​ដូច​ជា​ភ្នាក់ងារ​សុខាភិបាល​ប្រទេស​ដទៃ​មួយ​ចំនួន​ធំ គឺ​ណែនាំ​ស្ត្រី​មាន​ផ្ទៃ​ពោះ​កុំឱ្យធ្វើ​ដំណើរ​ទៅ​​កាន់​​តំបន់​មាន​មូស​ខ្លា​ហ្ស៊ីកា។ បើ​ជា​ស្ត្រី​អ្នក​រស់​នៅក្នុង​តំបន់​មានការ​រាត​ត្បាត​ស្រេច​ទៅ​ហើយ ត្រូវ​តាមដាន​សុខភាព​ឱ្យ​បាន​ម៉ត់ហ្មត់ ក្រែង​មាន​ភាពមិន​​ប្រក្រតី​ណា​មួយ​កើត​ឡើង ​ ​ពី​​​កំណើត ឬ​ដោយ​មេរោគ ប៉ះពាល់​ឬ​អត់ដល់​​​ប្រព័ន្ធ​ប្រសាទ។

អាការៈ​​ក្បាល​តូច​ខុស​ពី​ធម្មតា អាច​កំណត់​មើល​ដឹង​​តាម​រយៈ​ការ​ធ្វើ​អេក្រូសាស្ត្រ​ នៅ​ត្រីមាស​ទីពីរ ចាប់​ពី​១៨​ទៅ​២០​អាទិត្យ។ នៅ​មាន​វិធី​ធ្វើ​តេស្ត​វិភាគ​ម្យ៉ាង​ទៀត ដែល​គេ​ញែក​រក​វីរ៉ុស​ហ្ស៊ីកា​ក្នុង​ទឹក​ភ្លោះ ដើម្បី​បាន​ដឹង​ថា​មានការ​បង្ក​រោគ​ឬអត់។​

៧-តើ​ហ្ស៊ីកា​អាច​បង្ក​ផលវិបាក​អ្វី​ផ្សេង​ទៀត​ដែរឬទេ ?

ការ​លេចឡើង​នៃអាការៈ​សញ្ញា Guillain-Barré (SGB) ​ក៏​ជា​មូលហេតុ​ចំបង​មួយ​ទៀត​នៃ​ការ​ព្រួយ​បារម្ភ​ដែរ។ តើ​អ្វី​ទៅ​ជា​រោគសញ្ញា​ហ្គីឡាំង បារ៉េ ? ​ជារោគសញ្ញា​ដែល​មាន​ការ​ប៉ះពាល់​ដល់​ឬស​គល់​នៃ​សរសៃ​ញាណ អម​ដោយ​អាការៈ​ឈឺ​ចុក​ចាប់ តាម​សាច់​ដុំ និង​នៅ​តាម​សរសៃ​ពួរ មាន​អារម្មណ៍​ស្កៀប​រមាស់ ស្ពឹក​ស្រពន់​ច្រើន​ឬ​តិចប្រែប្រួល​ពិបាក​កំណត់។ ក្រោយ​ពី​មូសហ្ស៊ីកា​ខាំ​រួច​ភ្លាម វីរ៉ុស​ចាប់​ផ្តើម​រីក​សាយ​​ពេញ​ខ្លួន និង​ដែល​អាច​មាន​សកម្មភាព​រយៈ​ពេល​ជា​ច្រើនសប្តាហ៍។ បន្ទាប់​មក​ រោគ​សញ្ញា​ រមាស់​ កន្ទួល​ ... នឹង​ត្រូវ​រលុប​ ជាបាត់​ទៅ​វិញ សម្រាប់​អ្នក​ជំងឺ​ហ្ស៊ីកាភាគ​ច្រើន ៨០%។ អ្វី​ដែល​ក្រុមគ្រូពេទ្យ​ខ្វល់​ខ្វាយ​បំផុត គឺ​វីរ៉ុស​អាច​វាយ​លុក​ប៉ះពាល់​ដល់​​សាច់​ដុំ​ផ្លូវ​ដង្ហើម​​ រួច​ធ្វើ​ឱ្យ​អ្នក​ជំងឺ​ ២០% ជួប​ការ​លំបាក​ផ្នែក​ដក​ដង្ហើម ត្រូវ​ការ​ជំនួយ។

រោគ​សញ្ញា​ហ្គីឡាំងបារ៉េ ជា​ករណី​កម្រ​ខ្លាំងណាស់ បើ​តាម​ប្រេវ៉ាឡង់​គឺ​មាន​ត្រឹម​តែ​១​ឬ​២​ករណី​ក្នុង​ចំណោម​ ១សែននាក់​ នៅ​អឺរ៉ុប។ ពាក់កណ្តាល​បាន​ផ្តើម​ឡើង​ដោយមាន​អាការៈ​សញ្ញា​ដូច​​មាន​ការ​បង្ក​រោគ ដោយ​មីក្រុប បាក់តេរី ឬ​វីរ៉ុស ដែល​ជា​ប្រភព​នៃ​ជំងឺ​គ្រុន​ផ្តាសាយ​ ឬ​ដូច​ទើប​ចាក់​ថ្នាំ​ការពារ​រួច។ បច្ចុប្បន្ន​នេះ មាន​អ្នក​កើត​ជំងឺ​ ហ្គីឡាំងបារ៉េ ជាង​៤២​ករណី​​ បង្ក​ឡើង​ហ្ស៊ីកា និង​ដែលកំពុង​ស្ថិត​ក្រោម​ការ​តាមដាន​អង្កេត។

៨- តើ​ហ្ស៊ីកា​អាច​ចម្លង​ពី​មនុស្ស​ទៅ​មនុស្ស​ដែរឬទេ ?

ការ​ចម្លង​ មានជា​សំខាន់​​តែ​តាម​រយៈ​មូស​ខាំ​ទេ ! ប៉ុន្តែ​ភ្នាក់ងារ​សុខាភិបាល​អាមេរិក​ នៅ​រដ្ឋ​តិចសាស់ ទើប បាន​បង្ហាញ​ជា​សាធារណៈ មាន​ករណី​ចម្លង​តាម​ផ្លូវ​ភេទ​ ពី​បុរស​​ម្នាក់​ដែល​បាន​ធ្វើ​ដំណើរ​ទៅ​កាន់​ប្រទេស​វ៉េណេស៊ុយអេឡា និង​ឆ្លង​​វីរ៉ុស​ហ្សីកា រួច​ចម្លង​ទៅ​ឱ្យ​ដៃ​គូ ដែល​មិន​បាន​ធ្វើ​ដំណើរ​ទៅ​ជាមួយ​ផង។ ហ្ស៊ីកា​​ឆ្លង​តាម​ផ្លូវ​ភេទ​មាន​រក​ឃើញ​១៤​ករណី​នៅ​សហរដ្ឋ​អាមេរិក និង​មួយ​ករណី​នៅ​ប្រទេស​បារាំង។ ក្រុម​គ្រូពេទ្យ​សូម​ណែនាំ​​បុគ្គល​គ្រប់​រូប​ដែល​ធ្វើ​ដំណើរ​ទៅ​កាន់​តំបន់​មាន​ហ្ស៊ីកា ឱ្យ​ចេះ​ការពារ​ខ្លួន​ពាក់​ស្រោម​អនាម័យ​រាល់​គ្រប់​ការ​រួម​ភេទ​ យ៉ាង​ហោច​ណាស់​មួយ​ខែ​ដំបូង ក្រោយ​ពី​ត្រលប់​មក​​ផ្ទះ​​ជួប​ប្រពន្ធ​កូន​វិញ។

ការ​សិក្សា​មួយ​ទៀត កាលពី​ខែ​កុម្ភៈ​ឆ្នាំ​២០១៥ បាន​កត់​សម្គាល់​ឃើញ​ថា វីរ៉ុស​ហ្ស៊ីកា អាច​សំងំ​លាក់​ខ្លួន​នៅ​ក្នុង​ទឹក​កាម​បុរស​ម្នាក់​ អាយុ​ ៤៤​ឆ្នាំ រស់​នៅ​កោះ​តាហ៊ីទី រយៈ​ពេល​១៥​ថ្ងៃ​ មុន​នឹង​ផ្តល់​រោគ​សញ្ញា។ ក៏​ប៉ុន្តែ​អំណះអំណាង​ទាំង​អស់​នេះ មិន​ទាន់​គ្រប់​គ្រាន់​ សម្រាប់​ជំរុញ​ឱ្យ​អាជ្ញាធរ​ ប្រកាស​បញ្ជាក់ថា​មាន​ការ​ចម្លង​​តាម​ផ្លូវ​ភេទ​បាន​ឡើយ។ ​

ឯការ​បង្ក​រោគ​ ដែលអាច​កើត​ឡើង​បាន​នៅ​ពេល​សម្រាល​កូន​វិញ ត្រូវ​បាន​គេ​រក​ឃើញថា​គ្មាន​ផលវិបាក​អ្វី​ប៉ះពាល់​ដល់​សុខភាព​ទារក​ទើប​នឹង​កើត​ទេ។ ចំណែក​ការ​ចម្លង​តាម​រយ​ការ​បញ្ជូល​ឈាម​ ពុំ​ទាន់​មាន​ការ​សិក្សា​បំភ្លឺ​អ្វី​ទេ តែ​ហានិភ័យ​នៃ​ការ​ចម្លង​មិន​ត្រូវ​បាន​ច្រាន​ចោល​ទាំង​ស្រុង​ឡើយ។ ហេតុដូច្នេះ​ហើយ​បាន​ជា​ភ្នាក់ងារ​សុខាភិបាល​បាន​ណែនាំ​បុគ្គល​គ្រប់រូប​ទើប​ត្រលប់​មក​ពី​តំបន់​មាន​ការ​រាតត្បាត​ហ្ស៊ីកា កុំ​ចូល​មក​ផ្តល់​ឈាម ក្នុង​​រយៈ​ពេល​២៨ថ្ងៃដំបូង។

៩-​តើ​មាន​ថ្នាំ​ការពារ ឬ​ថ្នាំ​ព្យាបាល​ទេ ?

គ្មាន​ទេ​ថ្នាំ​ព្យាបាល និង​ក៏​គ្មាន​ដែរ​ថ្នាំ​វ៉ាក់សាំង ប្រាកដ​ប្រជា​អាច​មាន​ប្រសិទ្ធិភាព​ប្រយុទ្ធ​ប្រឆាំង​នឹង​ហ្ស៊ីកា។ គេ​ត្រូវ​រង់ចាំ​យូរ​ខែ​ឆ្នាំ​ទៀត។ ថ្នាំ​វ៉ាក់សាំង​ដំបូង នឹង​អាច​យក​ទៅ​ធ្វើ​តេស្ត​សាកល្បង​លើ​មនុស្ស​នៅ​​ខែ​កញ្ញា​ ២០១៦ ហើយ​នឹង​អាច​ដាក់​ឱ្យ​ចរាចរណ៍​បាន​នៅ​ដំណាច់​ឆ្នាំ។ តែ​នេះ​ជា​វ៉ាក់សាំង​បែប​ADN ផលិត​ចេញ​ដោយ​អ្នក​ស្រាវជ្រាវ​អាមេរិក​​នៅ​សកលវិទ្យាល័យ Pennsylvanie ​ និង​ក្រុមហ៊ុន​ឱសថ​កូរ៉េ​ខាង​ត្បូង។​

១០- កម្ពុជា​គួរ​ភ័យ​ខ្លាច​ហ្ស៊ីកា​ដែរឬទេ ?

ហ្ស៊ីកា​មិន​មែន​ជា​ជំងឺ​ថ្មី​ សម្រាប់​កម្ពុជា​ទេ និង​គ្មាន​ការ​រាតត្បាត​ទេ​រហូត​មក​ទល់​ពេល​នេះ ប៉ុន្តែ ការ​ប្រុង​ប្រយ័ត្ន​​ត្រូវ​មាន​ជាប់​ជា​និច្ច។ ​អង្គការសុខភាព​ពិភពលោក ​បាន​ទាញ​សញ្ញា​អាសន្ន​ កាលពី​ដើម​ខែ​កុម្ភៈ​អំពី​គ្រោះ​ហានិភ័យ​នៃ​ការ​គំរាមកំហែង​ហ្ស៊ីកា​លើ​ពិភពលោក។ ឯ​អ្នក​ជំនាញ​សុខាភិបាល​វិញ​បាន​សម្តែង​ការ​ព្រួយ​បារម្ភ​ខ្លាំង ជា​ទូទៅ​ចំពោះ​បណ្តា​ប្រទេស​នៅ​តំបន់​អាស៊ី អាស៊ីអាគ្នេយ៍ អាស៊ីខាង​ត្បូង នៅ​តំបន់​ត្រូពិក ​សុទ្ធ​សឹង​ជា​តំបន់​មាន​មូស​ច្រើន និង​អាច​មាន​ការ​ចម្លង​និង​រាតត្បាត​លឿន ព្រោះ​បរិយាកាស​រស់​នៅគ្មាន​អនាម័យ រស់​នៅ​ផ្តុំ​ប្រជៀត​គ្នា៕​

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ