អានតួអត្ថបទ
នាទីសុខភាពនិងអនាម័យ

សម្រាល​កូន​ដោយ​វះកាត់ អាច​ប៉ះពាល់​ដល់​សុខភាព​ដែរឬយ៉ាងណា ?

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅ​ប្រទេស​បារាំង ស្ត្រី​ម្នាក់​ក្នុង​ចំណោម​៥​នាក់ ផ្តល់​កំណើត​កូន​ដោយ​ការ​វះ​កាត់ ជួន​ដោយ​ភាព​បន្ទាន់ និង​ចាំ​បាច់ តែ​ជាង​ពាក់​កណ្តាល គឺ​បាន​ត្រៀម​ទុក​ជា​មុន។ អាជ្ញាធរ​សុខាភិបាល​បារាំង បាន​សម្គាល់​ឃើញ​​ ជម្រើស​បង្កើត​កូន​ដោយ​វះ បាន​កើន​ឡើ​ង​ទ្វេ​ដង។ អង្គការ​សុខភាព​ពិភពលោក ក៏​បាន​ទាញ​សញ្ញា​អាសន្ន​អំពី​កំណើនហួស​ហេតុ​​នៃ​ការ​វះ​បង្កើត​កូន​តើ​គេ​ត្រូវ​មាន​អាការៈ​សញ្ញា​បែប​ណា​ទើប​ត្រូវ​ជ្រើសរើស​ការវះ​បង្កើត​កូន ? ការ​សម្រេច​វះ​បង្កើត​កូន ដើម្បី​ផាសុក​ទាំង​ម្តាយ​និង​កូន​ មាន​គ្រោះ​ហានិភ័យ​យ៉ាងណា​ បើ​ប្រៀប​ទៅ​នឹង​ការ​បង្កើត​កូន​តាម​បែប​ធម្មជាតិ ?!

អង្គការ​សុខភាព​ពិភពលោក​បាន​សម្តែង​ការ​ព្រួយ​បារម្ភ​ចំពោះ​ជម្រើស​បង្កើត​កូន​ដោយ​វះ​កាត់​
អង្គការ​សុខភាព​ពិភពលោក​បាន​សម្តែង​ការ​ព្រួយ​បារម្ភ​ចំពោះ​ជម្រើស​បង្កើត​កូន​ដោយ​វះ​កាត់​ gettyimage
ផ្សាយពាណិជ្ជកម្ម

បង្កើត​កូន​ដោយ​វះកាត់ មិន​មែន​ជា​សកម្មភាព​ថ្មី​ថ្មោង​សម័យ​វិទ្យាសាស្ត្រ​ជឿន​លឿន​ទេ ! វះពោះ​ម្តាយ​យក​កូន​ ធ្លាប់​មាន​ធ្វើ​តាំង​ពី​សម័យ​១០០​ឆ្នាំ​មុន​គ្រិស្តសករាជ​ទៅ​ទៀត។ នេះ​បើ​គេ​ជឿតាម​រឿង​ព្រេង​ ដែល​ពន្យល់​អំពី​កំណើត​ព្រះ​ ដែល​មាន​លក្ខណៈ​អភិនិហារ ខុស​ពី​មនុស្ស​លោក​។

 

នៅ​ក្នុង​ជីវិត​លោក​ជាក់​ស្តែង ការ​វះ​កាត់​បង្កើត​កូន​ ត្រូវ​បាន​អនុវត្ត​តាំង​ពី​សតវត្សរ៍​ទី ១៦​មក និង​ត្រូវ​​ធ្វើ​ឡើង​ចំពោះ​តែ​ការ​ឆ្លង​ទន្លេ​​ដែល​​លំបាក​ខ្លាំង​ប៉ុណ្ណោះ។ រហូត​មក​ទល់​នឹង​សតវត្សរ៍​ទី ២០​ទៅ​ហើយ ក៏​ការ​កើត​កូន​ដោយ​វះកាត់​នៅ​តែ​​តំណាង​គ្រោះថ្នាក់​ និង​ហានិភ័យ​ដ៏​ខ្ពស់​ ដំឡើង​​​អត្រា​ស្លាប់​របស់​ម្តាយ​និង​ទារក​ដដែល។

ការ​សម្រាល​កូន​ដោយ​វះកាត់​ជា​អ្វី ? ដូច​ពាក្យ​ដែល​បាន​ហៅ ការ​វះកាត់​បង្កើត​កូន ត្រូវ​ប្រព្រឹត្ត​ទៅ​ក្នុង​សាល​វះ​កាត់។ នៅ​ក្នុង​ប្រតិបត្តិការ​វះកាត់ គេ​ត្រូវ​វះ​សាច់​ពោះ បន្ទាប់​មកវះ​អារ​ស្បូន​ ដើម្បី​អាច​ទាញ​យក​ទារក​ចេញ​មក​ក្រៅ​បាន។ ការ​វះកាត់​បែប​នេះ តម្រូវ​ឱ្យ​មាន​ការ​ចាក់​ថ្នាំ​សន្តំ ដល់​សន្លប់​ទាំង​ស្រុង ឬ​ចាក់​ថ្នាំ​ស្ពឹក​មួយ​កំណាត់​ខ្លួន ដែល​ជា​វិធី​សាស្ត្រ​​ដ៏​ ​ពេញនិយម​បំផុត​នាពេល​បច្ចុប្បន្ន​នេះ។

​វិទ្យាសាស្ត្រ​ពេទ្យ​​កាន់​តែ​ជឿន​លឿន ការ​បង្កើត​កូន​ដោយ​ការ​វះកាត់ ក៏​មាន​កើន​ឡើង​ជា​លំដាប់ ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ។ អត្រា​នៃការ​វះកាត់​សម្រាល​កូន​ បាន​ឡើង​ដល់​៣០%​ជា​មធ្យម។ នៅ​តាម​មន្ទីរ​សម្ភព​ខ្លះ​ និង​ក្រុង​ខ្លះ ដូច​យ៉ាង​នៅ​សហរដ្ឋ​អាមេរិក ៣៥,៦% នៃ​ការ​សម្រាលកូន ជា​ការ​វះកាត់ ២៤%​នៅ​អឺរ៉ុប និង​២៣%​នៅ​តំបន់​ប៉ាស៊ីហ្វិក មាន​តែ​ទ្វីប​អាហ្វ្រិ​ក​មួយ​ប៉ុណ្ណោះ ដែល​សកម្មភាព​នេះ​មិន​សូវ​រីក​លូតលាស់ (៣,៨%) អាស៊ី ៨,៨%។

កាលពី​ឆ្នាំ​ទៅ​អង្គការ​សុខភាព​ពិភពលោក បាន​ទាញ​សញ្ញា​អាសន្ន អំពី​ការ​ងាក​ទៅ​ជ្រើសរើស​វិធីសាស្ត្រ​សម្រាល​កូន​ តាម​ការ​វះកាត់ និង​បាន​ចេញ​អនុសាសន៍​រំលឹក​ថា ការ​វះកាត់​បង្កើត​កូន ត្រូវ​តែ​ធ្វើ​ឡើង​​ក្នុងករណី​វេជ្ជសាស្ត្រ​តម្រូវ​ប៉ុណ្ណោះ។ អង្គការ​សុខភាព​ពិភពលោក បាន​ចេញ​ផ្សព្វផ្សាយ​ឯកសារ​មួយ​ទាក់​ទង​នឹង​ការ​បង្កើត​កូន​ដោយ​វះកាត់ ដោយ​បាន​បរិហារ​ថា ការវះកាត់​បង្កើត​កូន បាន​ក្លាយ​ជា​​ជំងឺ​រាតត្បាត ! គ្រូ​ពេទ្យ​ កំពុង​តែ​សម្រួល​ជីវិត ដោយ​ជ្រើសរើស​ការ​​វះកាត់​ ព្រោះ​អាចដាក់​ផែនការ​និង​​កំណត់​ពេលវេលាបាន។ 

ប្រទេស​ខ្លះ​ទៀត បាន​បង្កើត​វប្បធម៌​បង្កើត​កូន​ដោយ​វះកាត់ ដើម្បី​សម្រួល​កាលវិភាគ​ការងារ ទាំង​គ្រូពេទ្យ ទាំង​អ្នក​ជា​ឪពុកម្តាយ​។ ប្រេស៊ីល​ជា​ជើង​ឯកខាង​វះកាត់​សម្រាល​កូនដោយ​មាន​ភាគ​រយ​ទៅ​ជាង​៥០%។ នេះ​បើ​តាម​អង្គការ​សុខភាព​ពិភពលោក​ដដែល ដែល​បាន​អះអាង​ថា ករណី​បង្កើត​កូន​ដោយ​​​វះកាត់ គួរ​មាន​ត្រឹម​ជាង​១០% ដើម្បី​អាច​​កាត់​បន្ថយគ្រោះ​​មរណៈ​របស់​ម្តាយ​និង​ទារក​។ មាន​ន័យ​ថា​ការ​សម្រាល​កូន​ជា​ជំងឺ​ធម្មជាតិ ដែល​ម្តង​ម្កាល​អាច​មាន​ករណី​លំបាក​ និង​គ្រោះ​ថ្នាក់​ខ្លះ ទាមទារ​ការ​វះកាត់​ ដើម្បី​ជួយ​សង្គ្រោះ​ជីវិត​​អ្នក​ជា​ម្តាយ និង​ទារក។

ចុះ​តើ​ពេល​ណា​ដែល​ត្រូវ​ធ្វើ​ការ​វះកាត់ ?

នៅ​ប្រទេស​បារាំង ស្ត្រី​ម្នាក់​ក្នុង​ចំណោម​ស្ត្រី​៥​នាក់​បង្កើត​កូន​តាម​ការ​វះកាត់​។ ជួន​ដោយ​ភាព​បន្ទាន់ ប៉ុន្តែ​ជិត​ពាក់​កណ្តាល​ គឺ​ជាជម្រើស​ដែល​ដឹង​មុន និង​បាន​​ដាក់​កម្មវិធី​ កំណត់​ថ្ងៃ​​វះ រួច​ជា​ស្រេច​ហើយ។ នៅ​ប្រទេស​កម្ពុជា និន្នាការ​ជ្រើសរើស​មធ្យោបាយ​វះ​កាត់​បង្កើត​កូន ក៏​បាន​កើន​ឡើង​ឥត​ឈប់​ឈរ​ដែរ។

តាម​ច្បាប់​ក្បួន​វេជ្ជសាស្ត្រ គ្រូពេទ្យ​អាច​សម្រេច​ចិត្ត​ធ្វើ​ការ​វះ​បង្កើត​កូន ដោយ​យោល​ទៅ​តាម​ជំហរ​របស់​ទារក​ក្នុង​ផ្ទៃ។ ឧទាហរណ៍​ ទារក​មិន​បង្វិល​ក្បាល ដែល​ជា​ហេតុ​នាំ​ឱ្យ​កូន​អាច​កើត​ច្រាស​ជើង ឬ​ក៏​ទារក​បង្វិល​ក្បាល​ដែរ​តែ​មិន​អស់ បែរ​ជា​ត្រូវ​ស្ថិត​ក្នុង​ទទឹង​ពោះ​ដែល​​អាច​ធ្វើ​ឱ្យ​ដំណើរ​ការ​ឆ្លង​ទន្លេ​ជួប​ការ​លំបាក ឬ​ប្រសូត​មិន​ចេញ។​ ទីតាំង​របស់​សុក ក៏​ជា​មូលហេតុ​ដ៏​ចំបង​មួយ​ដែល​ជំរុញ​ឱ្យគ្រូពេទ្យ​សម្រេច​ចិត្ត​ធ្វើ​ការបង្កើត​កូន​ដោយ​វះកាត់​ដែរ មាន​ជា​អាទិ៍​នៅ​ពេល​សុក​មក​បាំង​មាត់​ស្បូន។ ជា​ធម្មតា​ សុក​ស្ថិត​នៅ​ផ្នែក​ខាង​លើ​នៃ​ស្បូន តែ​បើ​សុក​រំកិល​មក​ផ្នែក​ខាង​ក្រោម​ ឬ​ចំហៀង​ វា​អាច​រំខាន​ ឬ​បាំង​ផ្លូវ​មិន​ឱ្យ​ទារក​អាច​ចេញ​មក​ក្រៅ​បាន​នៅ​ពេល​ប្រសូត។

ជួន​កាល​ទៀត នៅ​ពេល​ពិនិត្យ​ផ្ទៃពោះ គ្រូពេទ្យ​វាស់​ ទំហំ​ក្បាល​ទារក​ក្នុង​ផ្ទៃ និង​ទំហំ​រង្វង់​​ឆ្អឹង​ត្រគៀក​អ្នក​ម្តាយ​ទៅ ឃើញ​អាច​មាន​បញ្ហា​ ត្រគៀក​តូច​ជា​ក្បាល​ទារក​ខ្លាំង គ្រូពេទ្យ​ក៏​អាច​គ្រោង​ផែនការ​វះបង្កើត​កូន​បាន​ដែរ បើ​ទោះ​បី​ជា​ដឹង​ថា​នៅ​ពេលប្រសូត​ ឆ្អឹង​ត្រគៀក​ម្តាយ​ អាច​បើក​បាន​បន្ថែម​ទៀត​ក៏​ដោយ។
ជា​ចុងក្រោយ​ ការ​ពរ​ពោះ​កូន​ភ្លោះ​ ឬ​កូន​ច្រើន​ក្នុង​ពោះ ក៏​អាច​ជា​ដើម​ហេតុ​នាំ​ឱ្យ​គ្រូពេទ្យ​គិត​គូរ​អំពី​ការ​បង្កើត​​តាម​ផ្លូវ​វះ​ដែរ។​ ប៉ុន្តែក្នុង​ករណី​នេះ វាមិន​មែន​ជា​ការ​ចាំ​បាច់​ត្រូវ​តែ​វះ​ នោះ​ទេ។
 

តើ​ត្រូវ​បំពេញ​លក្ខខណ្ឌ​អ្វី​ខ្លះ ដើម្បី​អាច​រៀប​គម្រោង​វះ​បង្កើត​កូន ?

 

 

ជា​ទូទៅ នៅ​ពេលការ​ទម្ងន់​​ចូល​ដល់​​​ខែទី​៨ ឬ​៨​ខែ​កន្លះ គេ​អាច​ចាប់​ផ្តើម​កំណត់​កាលបរិច្ឆេទ​នេះ​ការ​វះ​បាន​ហើយ។ ព្រោះ​ជា​រយៈ​ពេល​ដែល​គ្រូពេទ្យ​អាច​ព្យាករ​បាន​ ថា​អាច​មាន​ការ​លំបាក​​អ្វី​មួយ​នៅ​ក្នុង​ដំណើរ​ការ​ឆ្លង​ទន្លេ និង​មាន​ផលវិបាក​​ប៉ះពាល់​ដល់អ្នក​ជា​​ម្តាយ ឬ​ទារក​។ ខាង​ក្រោម​នេះ លក្ខខណ្ឌ​ ផ្សេងៗ ដែល​នាំ​ឱ្យ​យើង​គិត​គូរ​រៀប​ចំ​ការ​វះ

-       ប្រសិន​បើ​អ្នក​ជា​ម្តាយ​ ធ្លាប់​បាន​ឆ្លង​កាត់​ការ​វះកាត់​បង្កើត​កូន​ម្តង​ហើយ។ គ្រូពេទ្យ​អាច​នឹង​ស្នើ​វះ​ ជា​លើក​ទីពីរ ប៉ុន្តែ​លទ្ធភាព​បង្កើត​កូន​តាម​ផ្លូវ​ធម្មជាតិ អាច​នឹង​ត្រូវ​លើក​មក​ពិចារណា​​បាន​ជា​មួយ​ក្រុម​គ្រូពេទ្យ។
-       ប្រសិនបើ​កូន​មិន​បង្វិល ហើយ​ស្ថិត​ក្នុង​ជំហរ​អង្គុយ។ ការ​វះ​មិន​មែន​ជា​ដំណោះស្រាយ​ចាំបាច់​ទេ តែ​គ្រូពេទ្យ​អាច​ផ្តល់​អនុសាសន៍​ ក្នុង​ករណី​ជាក់​ស្តែង​ខ្លះ ដើម្បី​បញ្ចៀស​ផលវិបាក​ខ្លាំង​នៃ​ការ​បង្កើត​កូន​ដោយ​ច្រាស​ជើង។
-       ប្រសិន​បើ​ទារក​ក្នុង​ផ្ទៃ​ ធំខ្លាំង (មាន​ទម្ងន់​លើស​ពី​ ៤​គីឡូ​ក្រាម​ឡើង​ទៅ) ការ​បង្កើត​កូន​តាម​ផ្លូវ​វះកាត់​ គួរ​តែ​ត្រូវ​លើក​យក​ពិចារណា ជា​ពិសេស​ប្រសិន​បើ​អ្នក​ជា​ម្តាយ​មាន​ជំងឺ​ជាប់​ខ្លួន ឧទាហរណ៍​ជំងឺ​ទឹក​នោម​ផ្អែម។
-       ប្រសិន​បើ​ជា​កូន​ភ្លោះ គេ​អាច​គិត​គូរ​ជ្រើសរើស​ការ​វះកាត់​ ដោយ​ផ្អែក​ទៅ​តាម​ស្ថានភាព​ទារក តែ​មិន​មែន​ត្រូវ​វះ​ជា​ស្វ័យ​ប្រវត្តិ​ឡើយ
-       ប្រសិន​បើ​អ្នក​ជា​ម្តាយ​ មាន​ផ្ទុក​មេរោគ​ឆ្លង​ ដូច​ជា​ ស៊ីដា រលាកថ្លើម​ប្រភេទ​សេ ឬ​បេ។ ការ​បង្កើត​​កូន​ដោយ​វះ​ពោះ ជា​ការ​ចាំ​បាច់ ដើម្បី​បញ្ចៀស​គ្រោះ​ឆ្លង​មេរោគ​ទាំង​នោះ​ពី​ម្តាយ​ទៅ​កូន នៅ​ពេល​ប្រសូត​តាម​ទ្វារ​មាស។
-       ជា​ករណី និង​ជា​ផលវិបាក​ដ៏​កម្រ គឺ​បញ្ហាទីតាំង​​សុក​ដែល​អាច​មក​បាំង​មាត់​​ស្បូន ឃាំង​មិន​ឱ្យ​ដំណើរ​ការ​​​ប្រសូតប្រព្រឹត្ត​ទៅ​បាន។ បើ​មើល​ឃើញ​ស្ថានភាព​បែប​នេះ គ្រូពេទ្យ​ចាំ​បាច់​ និង​ជា​ដាច់​ខាត​ត្រូវរៀប​ចំ​គម្រោង​​វះ​កាត់ ដើម្បី​សង្គ្រោះ​ជីវិត​ម្តាយ​ផង និង​ជីវិត​ទារក​។

តើ​ការ​វះ​កាត់​បង្កើត​កូន មាន​ហានិភ័យ​យ៉ាងណា ?

រាល់​គ្រប់​សកម្មភាព​វះកាត់ មិន​ថា​ជា​ការ​វះកាត់​ធំ ឬ​តូច ធ្ងន់ឬ​ស្រាល​ទេ សុទ្ធ​តែ​មាន​ហានិភ័យ !
យ៉ាង​ណា​មិញ ការ​វះ​បង្កើត​កូន ក៏​ជា​ប្រតិបត្តិការ​វះកាត់ ! នៅ​ក្នុង​អំឡុង​ពេល​វះ​នោះ សរីរាង្គ​​ ក្នុង​ពោះ​នៅ​ជិតៗ​ស្បូន ដូច​ជា ពោះវៀន ផ្លូវ​បញ្ចេញ​ទឹក​មូដ សរសៃឈាម​តូចៗ ... អាច​នឹង​​ត្រូវ​ប៉ះ​ទង្គិច​ និង​ត្រូវ​រង​​របួស ដំបៅ ជាំ ឬ​រលាក។ ថ្វី​បើ​ជា​ការ​កម្រ​ក៏​ដោយ តែ​វា​អាច​កើត​ឡើង​បាន​ប្រសិនបើ​ មាន​ជ្រុលជ្រួស​បន្តិច​បន្តិច​ និង​ជា​យថាហេតុ​ណាមួយ។ ដូច្នេះ​ចាំ​បាច់​ត្រូវ​ប្រុង​ប្រយ័ត្ន និង​ចាំ​បាច់​ត្រូវ​មាន​ការ​ត្រួតពិនិត្យ​តាម​ដាន​សុខភាព​ ក្រោយការ​វះកាត់​ដោយ​ពិសេស​តែ​ម្តង។

ការ​ហូរ​ឈាម ! នៅ​ក្នុង​ករណី​មាន​ការ​ហូរ​ឈាម​ច្រើន​​ខុស​ប្រក្រតី​ ចេញ​ពី​ស្បូន ដែល​អាច​ប៉ះពាល់​ដល់​ជីវិត អ្នក​ជំងឺ (​ស្ត្រីកំពុង​ឆ្លង​ទន្លេ) គេ​ត្រូវ​តែ​បញ្ចូល​ឈាម។
ក្រោយ​ការ​វះកាត់។ ២៤​ម៉ោង​ដំបូង ជា​ពេលវេលា​ដែល​​មាន​ការ​ឈឺ​ចុក​ចាប់​ខ្លាំង​ណាស់ និង​ទាមទារ​ត្រូវ​មាន​ការ​ផ្តល់​ថ្នាំ​បំបាត់​ការ​ឈឺចាប់​​ខ្លាំង។​ ស្ត្រី​ជា​ម្តាយ​អាច​មាន​ស្នាម​ជាំ ការ​បង្ក​រោគ​លើ​ស្នាម​វះ​។ របួស​នេះ​ត្រូវ​ការ​ព្យាបាល​​ក្រៅ​ៗ​ទេ។ ជា​ចុងក្រោយ​ ការវះ​បង្កើត​កូន​ អាច​នឹង​បង្ក​ឱ្យ​មាន​ការ​រលាក​ផ្លូវ​ទឹក​នោម​បន្តិច​បន្តួច ប៉ុន្តែ​មិន​មែន​ជា​ជំងឺ​អ្វី​ធ្ងន់ធ្ងរ គួរ​ឱ្យ​ព្រួយ​បារម្ភ​ខ្លាំង​ឡើយ គ្រាន់​តែ​ត្រូវការ​ថែរក្សា​ខ្លួន​​និង​ប្រុង​ប្រយ័ត្ន​ខ្លាំងបន្តិច​ជាង​ ការ​បង្កើត​កូន​តាម​បែប​ធម្មជាតិ​ប៉ុណ្ណោះ។

ការព្យាបាល ! មាន​ករណី​ពិសេស​ខ្លះ ក្រោយ​ការ​វះកាត់​បង្កើត​កូន​ហើយ គ្រូពេទ្យ​បាន​ផ្តល់​ការ​ថ្នាំព្យាបាល​ ប្រឆាំង​នឹង​ការ​ឆាប់កក​ឈាម​ ក្នុងរយៈ​ពេល​ស្នាក់​នៅ​ក្នុង​មន្ទីរសម្ភព​ ដើម្បី​កាត់​បន្ថយ​គ្រោះ​​មាន​ដុំ​កំណក​ឈាម ក្នុង​សរសៃ​វែន នៅ​ជើង​ ឬ​ស្ទះ​ប្រហោង​សរសៃ​ឈាម​embole នៅ​សួត។

ការ​វះ​បន្ទាន់

​ ​​ការ​វះ អាច​ជា​ជម្រើសជា​បន្ទាន់ និង​ដ៏​ប្រពៃ​ដើម្បី​សង្គ្រោះ​ជីវិត​ម្តាយ-​កូន នា​ពេល​ឆ្លង​ទន្លេ។ ពាក្យ​ថា​ឆ្លង​ទន្លេ​ ជំងឺ​ធម្មជាតិ តែ​ក៏​ជា​​វេលា​នៃ​គ្រោះ​ភ័យ​សម្រាប់​ស្ត្រី​ និង​ក្រុមគ្រួសារមួយ​​ចំនួនដែរ ប្រសិនបើ​កូន​ចង់​ចេញ​ហើយ តែ​ស្បូន​ម្តាយ​មិន​បើក​ ឬ​ប្រសិន​បើ​ទារក​ចាប់​ខ្សោយ​ ថប់​ដង្ហើម​ ឬ​ប្រសិន​បើ​ ​សុក​របូត​ដាច់​ពី​​ផ្ទៃ​ស្បូន​ ឬ​ពេល​ខ្លះទៀត​​អ្នក​ជា​ម្តាយ​ស្រាប់​តែ​មាន​អាការៈ​ឡើង​ឈាម​ធ្ងន់ធ្ងរ​ពេល​កំពុង​សម្រាល​ ​ ដែល​ជីវិត​អ្នក​ទាំង​ពីរ​ត្រូវ​រង​ការ​គំរាម​កំហែង​យ៉ាង​ខ្លាំង។ មាន​តែ​ការ​វះ​កាត់​បង្កើត​ទារក​ទាន់​ពេល​វេលា​ទេ ដែល​អាច​សង្គ្រោះ​ជីវិត​អ្នក​ទាំង​ពីរ​បាន។
ផលវិបាក​នៃ​ការ​វះបង្កើត​កូន​បែប​នេះ​ មិន​មែន​មាន​ត្រឹម​​រូប​រាង​ខាង​ក្រៅ​ឡើយ ដែល​ជា​ការ​ឈឺចុក​ចាប់​ទេ តែ​បើ​ទោះ​បី​ជា​បាន​ត្រៀម​ទុក​ជា​មុន​ក្តី ក៏​ជា​ញឹកញយ​តែង​ប៉ះពាល់​ដល់​ផ្លូវ​ចិត្ត​ ​ដល់​ស្ត្រី​ខ្លះ​ឱ្យ​ពិភល​ជាប់​ក្នុង​ចិត្ត​ ទាំង​មុន និង​បន្ថែម​ការ​លំបាក​មួយ​ចំនួន នៅ​ពី​រ​បី​ថ្ងៃ​ដំបូង​ភ្លាម៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ