អានតួអត្ថបទ
កម្ពុជា

កម្ពុជា​នាំ​ចេញ​ផលិត​ផល​កសិកម្ម​ចំនួន​៦៦​មុខ​ទៅ​កាន់​ទីផ្សារ​អន្តរជាតិ​នៅ​ក្នុង​ឆ្នាំ​២០១៥

ផលិត​ផល​កសិកម្ម​ចំនួន​៦៦ មុខ ត្រូវ​បាន​នាំ​ចេញ​ទៅ​កាន់​ទីផ្សារ​នៅ​ក្នុង​តំបន់ និង​ពិភព​លោក នៅ​ក្នុង​ឆ្នាំ​២០១៥ មាន​ការ​កើន​ឡើង​ចំនួ​ន ២០% ប្រៀបធៀប​កាល​ពី​ឆ្នាំ​២០១៤ ដែល​មាន​ត្រឹម​តែ​៤៧​មុខ​ប៉ុណ្ណោះ។ របាយការណ៍​របស់​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ ដែល​បាន​ចេញ​ផ្សាយ​កាល​ពី​ថ្ងៃ​ទី​ ១១ ឧសភា​ម្សិលមិញ ក្នុង​ឱកាស​បើក​សន្និបាទ​បូក​សរុប​ការងារ​ឆ្នាំ​២០១៥-២០១៦ និង​លើក​ទិស​ដៅ​ឆ្នាំ​២០១៦-២០១៧ បាន​ឲ្យ​ដឹង​ថា ផលិត​ផល​កសិកម្ម​ទាំង ៦៦​មុខ​នោះ​មាន​ចំនួន​ប្រមាណ ៤ពាន់១៥៧ លាន​តោន។

ឃ្លាំង​ផ្ទក​អង្ករ​ សម្រាប់​នាំ​ចេញទៅ​ក្រៅ​ប្រទេស។​
ឃ្លាំង​ផ្ទក​អង្ករ​ សម្រាប់​នាំ​ចេញទៅ​ក្រៅ​ប្រទេស។​ REUTERS/Chaiwat Subprasom
ផ្សាយពាណិជ្ជកម្ម

ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បាន​រៀបចំ​កម្មវិធី​សន្និបាត​បូកសរុប​ការងារ​របស់​ខ្លួន​ក្នុង​រយៈ​ពេល​ពីរ​ថ្ងៃ គឺ​ចាប់​ពី​ថ្ងៃ​ទី​ ១១ ដល់ ១២ ឧសភា​នេះ។ ក្នុង​ឱកាស​បើក​សន្និបាទ កាល​ពី​ថ្ងៃ​ម្សិល​មិញ លោក​វេង សាខុន រដ្ឋ​មន្ត្រី​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បាន​បង្ហាញ​របាយការណ៍​ជា​ច្រើន​ទាក់​ទង​នឹង​ការងារ​របស់​ក្រសួង នៅ​ក្នុង​ឆ្នាំ​២០១៥ ធៀប​នឹង​ឆ្នាំ​២០១៤។

លោក​រដ្ឋ​មន្ត្រី​វេង សាខុន បាន​ឲ្យ​ដឹង​ថា ក្នុង​ឆ្នាំ​២០១៥ កន្លង​ទៅ កសិកម្ម​កម្ពុជា បាន​ប្រឈម​ទៅ​នឹង​ភាព​មិន​ប្រក្រតី​នៃ​ បាតុភូត​ធម្មជាតិ ពិសេស​គ្រោះ​រាំង​ស្ងួត ការ​កើន​ឡើង​កម្តៅ ហើយ​បាន​បង្ក​ផល​ប៉ះពាល់​លើ​ផ្ទៃ​ដី​បង្ក​បង្កើន​ផល​ដំណាំ​ស្រូវ​ជាង ២៥៣ ពាន់​ហិកតា។ ក្នុង​នោះ​ខូច​ខាត​ទាំង​ស្រុង ប្រមាណ​ជា​ ២៦ ពាន់​ហិកតា។ ការ​បង្ក​បង្កើន​ផល​ស្រូវ​នៅ​ទូទាំង​ប្រទេស​ក្នុង​ឆ្នាំ​២០១៥-២០១៦ មាន​កម្រិត​ទាប​ជាង​ឆ្នាំ​មុន​ប្រមាណ​ជា ០,១៣% ។ ដោយ​ឡែក​ការ​នាំ​អង្ករ​សម្រេច​បាន​ចំនួន​ជាង ៥៣៨ ពាន់​តោន ទៅ​កាន់​ប្រទេស​ចំនួន ៦០ ជា​ពិសេស​បណ្តា​ប្រទេស​ក្នុង​សហភាព​អឺរ៉ុប អាស៊ាន និង​ប្រទេស​ចិន។

លោក​រដ្ឋ​មន្ត្រី​កសិកម្ម​ក៏​បាន​បញ្ជាក់​ពី​ អង្ករ​ពូជ​ក្រអូប​ផ្កា​រំដួល​កម្ពុជា ដែល​ត្រូវ​បាន​ពិភព​លោក​ទទួល​ស្គាល់​ជា​អង្ករ​ល្អ​ បំផុត​នៅ​ក្នុង​ពិភព​លោក​រយៈ​ពេល​បី​ឆ្នាំ​ជាប់​ៗ​គ្នា​ផង​ដែរ គឺ​នៅ​ឆ្នាំ​២០១២ ២០១៣ និង ២០១៤។ ហើយ​ការ​នាំ​ចេញ​កៅស៊ូ​ស្ងួត​វិញ​គឺ​មាន​បរិមាណ​ជាង ១២៨ ពាន់​តោន កើន​លើស​ឆ្នាំ​មុន​ប្រមាណ ២៨,៨% ។ លោក​ក៏​បាន​បន្ត​ឲ្យ​ដឹង​ ទៀត​ដែរ​ថា ផលិត​កម្ម​ដំណាំ​រួម​ផ្សំ និង​ដំណាំ​ឧស្សាហកម្ម​សំខាន់​ៗ ​ក៏​មាន​ការ​កើន​ឡើង​លើស​ឆ្នាំ​មុន​ដែរ ហើយ​ក៏​កំពុង​តែ​រីក​ចម្រើន​ជា​បន្ត​បន្ទាប់ ជា​លក្ខណៈ​គ្រួសារ និង​ជា​លក្ខណៈ​វិនិយោគ​ខ្នាត​តូច មធ្យម និង​ធំ ដែល​មាន​ដូចជា​កៅស៊ូ ​ស្វាយ​ចន្ទី ដំណាំ​ឈើ​ហូប​ផ្លែ​ផ្សេង​ៗ និង​ចំការ​ជាដើម។

ក្រៅ​ពី​បង្ហាញ​ពី​តួលេខ​នេះ​ហើយ លោក​រដ្ឋ​មន្ត្រី​ក៏​បាន​បង្ហាញ​នូវ​ការ​ពិភាក្សា​ចំនួន​១១​ចំណុច​សំខាន់​ៗ​ផង​ដែរ ដើម្បី​ឲ្យ​ អង្គ​សន្និបាត​ធ្វើ​ការ​ពិចារណា ដើម្បី​ចូលរួម​ចំណែក​ក្នុង​ការ​ដោះស្រាយ និង​ចូលរួម​លើក​កម្ពស់​វិស័យ​កសិកម្ម​នៅ​កម្ពុជា​ឲ្យកាន់​តែ​មាន​ភាព​ល្អ​ប្រសើរ​ឡើង៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ