អានតួអត្ថបទ
នាទីសុខភាពនិងអនាម័យ

ហេតុអ្វី ឈឺ​ពោះ​ពេល​មក​រដូវ ?

ចុះផ្សាយ​នៅ​ថ្ងៃ៖

ឈឺ​​ចាប់​ពេល​ធ្លាក់​​រដូវ ជា​រោគ​​ស្រាល​មួយ ​និង​គ្មាន​បង្កគ្រោះ​ថ្នាក់​អ្វី​ដល់​សុខភាព​ទេ ជា​ទូទៅ។ អាការៈ​នេះ​ច្រើន​កើត​លើ​យុវតី ទើប​មាន​ខែ​ដំបូង។ ប៉ុន្តែ​ចំពោះ​ស្ត្រី​ពេញ​វ័យ​ មាន​កូន​ហើយ​ បែរ​ជា​លេច​មាន​ករណី​ឈឺចាប់​ពេល​ធ្លាក់​រដូវ​ទៀត សូម​ប្រុង​ប្រយ័ត្ន និង​ឆាប់​ទៅ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ឯក​ទេស ដើម្បី​ស្វែង​​មូល​ហេតុ​។ ការ​ឈឺចាប់​ពេល​ធ្លាក់​រដូវ​របស់​មនុស្ស​ចាស់​អាច​បណ្តាល​មក​ពី​មាន​ជំងឺ​អ្វីមួយ។

ស្ត្រីពេញ​វ័យ​បង្ក​កំណើត​ប្រមាណ​​ពី​៥០​ទៅ​៨០% មាន​អាការៈ​ឈឺចាប់​ក្នុង​ពេល​ធ្លាក់​រដូវ
ស្ត្រីពេញ​វ័យ​បង្ក​កំណើត​ប្រមាណ​​ពី​៥០​ទៅ​៨០% មាន​អាការៈ​ឈឺចាប់​ក្នុង​ពេល​ធ្លាក់​រដូវ maxi-mag.fr
ផ្សាយពាណិជ្ជកម្ម

ស្ត្រីពេញ​វ័យ​បង្ក​កំណើត​ប្រមាណ​​ពី​៥០​ទៅ​៨០% មាន​អាការៈ​ឈឺចាប់​ក្នុង​ពេល​ធ្លាក់​រដូវ ! ៥០ទៅ​៧០%​នៃ​យុវតី ​ឈឺ​ជា​អល្លជីរាល់​ខែ ឬ​ជួន​ឈឺ​ជួន​អត់។ ៥ទៅ​១៥% ឈឺ​ចាប់​ខ្លាំង​រហូត​ទ្រាំ​មិន​បាន ក្លាយ​ជា​រំខាន​ក្នុង​ជីវិត​រស់​នៅ​ប្រចាំ​ថ្ងៃ ទៅ​ធ្វើការ​មិន​កើត ទៅ​រៀន​មិន​រួច​ ... បង្ខំ​ចិត្ត​ត្រូវ​ឈប់​សម្រាក​នៅ​ផ្ទះ។

រោគ​សញ្ញា​នៃ​ការ​ឈឺ​ពេល​ធ្លាក់​រដូវ

ឈឺ​ពេល​ធ្លាក់​រដូវ ជា​អាការៈ​ដែល​កើត​ឡើង​នៅ​ពេល​មុន និង​កំពុង​ធ្លាក់​រដូវ ហើយ​អាចអូស​បន្លាយ​​រយៈ​ពេល​ ពីរ​​ ទៅ​បី​​ថ្ងៃ ជា​មធ្យម។ កំរិត​នៃ​ការ​​ចាប់​ឈឺ មាន​កាន់​តែ​ខ្លាំង​ នៅថ្ងៃ​​ណា​មាន​ឈាម​​ធ្លាក់​ច្រើន ! បរិមាណ​នៃ​ឈាម​​រដូវធ្លាក់​​កាន់​តែ​ច្រើន ទំហំ​នៃ​ការ​ឈឺ​ចុក​ចាប់​មាន​កាន់​តែ​ខ្លាំង។ អារម្មណ៍​ឈឺ​ចាប់​អាច​ស្តែង​ឡើង​តាំង​ពី​ឈាម​រដូវ​មិន​ទាន់​ធ្លាក់ ហើយ​ជួន​កាល​អូស​​បន្លាយ​យូរ ឈាម​​រដូវ​លែង​ធ្លាក់​​ហើយ​ក៏មិន​ទាន់​អស់​ចំហាយ​ឈឺ​ទៀត។ ដោយ​ហេតុ​ថាការ​ធ្លាក់​ឈាម​រដូវ​ជា​វដ្ត (២៧​ថ្ងៃ​ម្តង​ជា​មធ្យម) ដូច្នេះ​ការ​ឈឺ​ចាប់​​នឹង​វិល​មក​​ជា​ថ្មី​ទៅ​ទៀត ជា​រៀង​រាល់​ខែ។

ការ​ឈឺ​ចាប់​ព្រោះ​រដូវ ភាគ​ច្រើន​តែង​​ផ្តុំ​នៅ​ភាគ​ខាង​ក្រោម​នៃ​ពោះ នៅ​លើ​ថ្ងាស​ប្រដាប់​ភេទ។ ប៉ុន្តែ​ការ​ឈឺ​នេះ​ ជួន​អាច​រាល​ដាល​ដល់​ខ្នង ចង្កេះ​ និង​ភ្លៅ។ មិន​ត្រឹម​តែ​ ឈឺ​ពោះ​ ចុកខ្នង​ចុក​ចង្កេះ ស្រយ៉ង់​ដៃ​ស្រយ៉ង់​ជើង ស្ត្រី​ខ្លះ​ទៀត​ មាន​អារម្មណ៍និង​អាការៈ​ មិន​ស្រួល​ខ្លួន នឿយហត់ អស់​កម្លាំង ចង់​ក្អួត ចង់​ចង្អោរ រាគ ងងឹត​មុខ ឈឺ​ក្បាល បន្ថែម​ទៀត។

បុគ្គល​ងាយ​ជួប​គ្រោះ​ឈឺ​ចាប់​

ស្ត្រី​គ្រប់​រូប​សុទ្ធ​មាន​គ្រោះ​ឈឺ​ចាប់​ពេល​ធ្លាក់​រដូវ​គ្រប់គ្នា ប៉ុន្តែ​មាន​កត្តា​មួយ​​ចំនួន​ខាង​ក្រោម ដែល​អាច​បង្កើន​ហានិភ័យ​ឱ្យ​កាន់​ខ្ពស់ ៖

មាន​ម្តាយ​ ឬ​បង​ស្រី មាន​អាការៈ​ឈឺ​ចាប់​ពេល​មក​រដូវ

ចាប់​មាន​រដូវ​នៅ​អាយុក្មេង​ខ្លាំង ក្រោម​១១​ឆ្នាំ

ធាត់​លើស​ទម្ងន់

មាន​លក្ខខណ្ឌ​ជីវិត​រស់​នៅ​ក្នុង​​លំបាក ក្នុង​សង្គម និង​វិបត្ត​ផ្លូវ​ចិត្ត

ជក់​បារី កង្វះ​កីឡា និង​លំហាត់​ប្រាណ​ ទទួល​ទាន​សុរា ពេល​មាន​រដូវ ​មានកង្វល់ មាន​ស្ត្រេស​ខ្លាំង មាន​ដាក់​កង​ក្នុង​ស្បូន (កង​ស្ពាន់) សុទ្ធ​ជា​កត្តា​ក្រៅ​ខ្លួន ដែល​ទំនង​ជា​បាន​ចូល​ចំណែក​ធ្វើ​ការ​មាន​ការ​ឈឺ​ចាប់​កាន់​ខ្លាំង​បន្ថែម​ទៀត​នៅ​ពេល​មាន​រដូវ។

យន្តការ​នៃ​ការ​​​ធ្លាក់រដូវ​

ការ​ឈឺចា​ប់​ពេល​មក​រដូវ​អាច​ជា​រឿង​ធម្មតារបស់​ស្ត្រី​ ! ​ពេល​មក​រដូវ​ម្តងៗ សាច់ដុំ​របស់​ស្បូន​នឹង​ត្រូវ​កន្ត្រាក់​លាៗ​ដើម្បី​ជម្រុះ​ភ្នាស់​របស់​វា​ចេញ​។ ដោយ​គ្មាន​ការ​បង្ក​ជីវិត​ សរីរាង្គ​នៃ​ស្បូន​ បាន​បញ្ឈប់​ងក់​​ការ​ផលិត​អ័រមូន​ Oestrogènes និង Progestérone។ ​តួ​ស្បូនចាប់​រីកឡើង និង​ចាប់​កន្ទ្រាក់ ដើម្បី​ធាក់​បញ្ចេញរដូវ​ ជា​​ឈាម និង​ជា​ភ្នាស​ស្បែក​ស្តើងៗ​លើ​ជញ្ជាំងស្បូន​​ ឱ្យ​ធ្លាក់​ចេញ​មកក្រៅ ។ ស្បួន​កន្ទ្រាក់​ព្រោះ​តែ​​ស​ម្ពាធ​ខ្ពស់​រវាង​ឈាម​ដែល​ហូរ​ចេញ​ទៅក្នុ​ង​ស្បូន​ និង​ប៉ះ​ជា​មួយ​ជញ្ជាំង​ស្បូន​ ធាក់​ខ្ទប់​ គ្នា​ទៅ​វិញ​ទៅ​មក​ផង។ ​ជញ្ជាំង​ស្បូន​ខ្លួន​ឯង​ក៏​ត្រូវ​ដាច់​ចេញ​ផង​ ហើយ​កា​រ​ដាច់​ចេញ​នៃ​ភ្នាស​នៅ​ជញ្ជាំង​ស្បូន​នេះក៏​ជា​កត្តា​ធ្វើ​ឱ្យ​ស្បូន​កន្ទ្រាក់​ដែរ និង​អាច​មាន​ឥទ្ធិពល​លើ​សាច់​ដុំ​ផ្សេង​ទៀត ក្រៅ​អំពី​ស្បូន ហេតុ​ដូច្នេះ​ហើយ​ បាន​ជា​ពេល​ខ្លះ​ស្ត្រី​មាន​អាការៈ​ឈឺក្បាល​ ចង់​ក្អួត ចង្អោរ។ និយាយ​​ជា​រួម ការ​ធ្លាក់​រដូវ ​មាន​ដំណើរ​ការ​ដូច​គ្នា​នឹង​​ឆ្លង​ទន្លេ​យ៉ាង​ដូច្នោះ គឺ​ស្បូន​ត្រូវ​កន្ទ្រាក់​ដើម្បីមានសម្ពាធ​ធាក់​​បញ្ចេញទារក​ឱ្យ​ចេញ​​មក​ចាប់​កំណើត។ ​

ការ​ឈឺ​ចាប់​ពេល​មក​រដូវ​របស់​ស្ដ្រី​អាច​តិច​ឬ​ខ្លាំង​ខុស​ៗ​​គ្នា​​ពី​ មនុស្ស​ស្រី​ម្នាក់​ទៅ​មនុស្ស​ស្រី​ម្នាក់​ទៀត​។​ ​បើ​តាម​ចំណាំ ការ​ឈឺ​ចាប់​មាន​កាន់​តែ​ខ្លាំង នៅ​ពេល​មាន​ឈាម​រដូវ​ធ្លាក់​ច្រើន ព្រោះ​ស្បួន​ត្រូវ​កន្ទ្រាក់​ខ្លាំង ដើម្បីអាច​បញ្ចេញ​ឈាម​រដូវ​នោះ​អស់​ពី​ស្បូន​។

ផលវិបាក​ជា​យថាហេតុ​នៃ​ការ​ឈឺចាប់​ពេល​មក​រដូវ

ការ​ឈឺចាប់​នេះ​ជា​ទូទៅ គ្មាន​​លាក់​សញ្ញា​រោគ​អ្វី​គួរ​ឱ្យ​ព្រួយ​បារម្ភ​ និង​ប៉ះពាល់​ដល់​សុខភាព​​ទេ មិន​ថា​ជា​សុខភាព​ក្នុង​ន័យ​ទូទៅ ឬ​សុខភាព​ផ្លូវ​ភេទ​ឡើយ។ ការ​ឈឺចាប់​ពេល​ធ្លាក់​រដូវ​ច្រើន​កើត​ឡើង​ ចំពោះ​ក្មេង ទើប​​មាន​រដូវ​ឆ្នាំ​ៗដំបូង នៅ​ក្នុង​វ័យ​​ជំទង់​ជិត​ពេញ​រូប​រាង​មែន​ទែន និង​នៅ​ពេល​ក្នុង​ឆ្នាំ​ពេល​ជិត​អស់​រដូវ ព្រោះ​រយៈ​កាល​​នេះ សរីរាង្គ​កាយ​មនុស្ស​ស្រី​មាន​អ័រមូន​ចុះ​ឡើង​ខ្លាំង។ ចំពោះ​យុវតី អាការៈ​ឈឺ​ចុកចាប់​​ពេលធ្លាក់​រដូវ នឹង​ចុះ​ថយ​ទៅៗ ទៅ​ពេល​ពេល​វេលា​ចាស់​ឆ្នាំ និង​បាត់​ទាំង​ស្រុង​តែ​ម្តង​ផង នៅ​ពេល​ចាប់​មាន​គភ៌ជា​លើក​ទីមួយ​។ ​

ប៉ុន្តែ​សូម​កុំ​ភ្លេច​រូត​រះ​ទៅ​ជួប​គ្រូពេទ្យ​ឯកទេស ប្រសិន​បើ​ការ​ឈឺចាប់​​ពេល​ធ្លាក់​រដូវ មាន​កំរិត​ខ្លាំង​ហួស​ហេតុ​ទ្រាំ​លែង​បាន។ ស្ត្រី​មាន​រដូវ​យូរ​ហើយ ស្រាប់​ស្ងៀមៗ​មាន​លេច​អាការៈ​ឈឺចាប់​ឡើង ពេល​ធ្លាក់​រដូវ ហើយ​បរិមាណ​នៃឈាម​រដូវ​មាន​កំរិត​ច្រើន​ហួស​ពីធម្មតា រដូវ​លែង​ទៀង មក​មួយ​ខែ​ពីរ​ដង​ជា​ដើម​។ល។ ធ្លាក់​រដូវ​ចុក​រមួល​​ពោះ​ហើយ​ អម​ដោយ​អាការៈ​ក្តៅ​ខ្លួន​។

គ្មាន​បង្ក​ផល​វិបាក​អ្វី​ផ្សេង​ ក្រៅ​អំពី​ការ​​ឈឺ​​ប្រចាំ​ខែ​មែន ប៉ុន្តែ​បើការ​ឈឺ​ចាប់​ នេះ​មាន​សភាព​កាន់​តែ​ខ្លាំង​ទៅ ៗ គ្មាន​ការ​ធូរ​ស្វាងសោះ វា​អាច​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ផ្លូវ​ចិត្ត​ស្ត្រី និង​នាំ​ឱ្យ​មាន​ជំងឺ​ធ្លាក់​ទឹក​ចិត្ត​ផង។ ផលវិបាក​ដ៏​ធ្ងន់ធ្ងរ និង​ដ៏​កម្រ​មួយ​គឺ​ការ​ឈឺ​ចាប់​ខ្លាំងនេះ​​​ អាច​ជា​សញ្ញា​ប្រាប់ថា​អ្នក​អាច​មាន​​ជំងឺ​មួយ​ឈ្មោះ​ថា endométrioses ដែល​មាន​កើត​លើ​ស្ត្រី ម្នាក់​ក្នុង​ចំណោម​១០​នាក់។ តើ​អ្វី​ទៅ​ជា​ជំងឺ​អង់ដូមេឌ្រីយូស្ស ? ជា​ធម្មតា ឈាម​រដូវ​ត្រូវ​ហូរ​ធ្លាក់​ចេញ​មក​ក្រៅ តែ​ក្នុង​ករណី​មាន​​អង់ដូមេទ្រីយូស្ស​​នេះ កោសិកា​​ភ្នាស​ស្បួន​ចេញ​ខុស​ផ្លូវ (មិនហូរ​​ធ្លាក់​មក​ក្រៅ​តាម​ទ្វារ​ធម្មតាទេ) និង​មិន​ត្រូវ​បាន​សម្អាត​រំលាយ​​អស់​ទេ បែរ​ជា​ទៅ​តោងកក​លើ​សរីរាង្គ​​ផ្សេង​ទៀត ដូច​ជា​ផ្លោក​នោម ស្បែក​ពោះ ពោះ​វៀន​ធំ​ ហើយ​រីក​ធំ​លូត​លាស់​ទៅ​តាម​ចង្វាក់​និង​វដ្ត​នៃអ័រមូន រាល់​ខែ ជា​ហេតុ​បង្ក​ឱ្យ​មាន​ការ​ឈឺ​ចាប់​ខ្លាំង ពិបាក​មាន​​កូន ឬ​ត្រូវ​កាត់​ស្បូន​ចេញ​តែ​ម្តង​ទើប​បាន។ ការ​ឈឺ​ចាប់​ពេល​មក​រដូវ​ខ្លះ បង្ក​ឡើង​ដោយ​សារ​មាន​ជំងឺ​រោគ​ស្ត្រី មាន​ការ​ដុះសាច់​ គីស នៅ​ស្បូន ឬ​នៅ​ដៃ​ស្បូន ឬ​នៅ​ប្រដាប់​ភេទ ដែល​អាការៈ​ទាំង​នេះ​ទាមទារ​ឱ្យ​មាន​ការ​ព្យាបាល​ជា​ចាំ​បាច់។

វិធី​ការពារ

ពេល​កំពុង​មាន​រដូវ​និង​ឈឺ​ចាប់ អ្នក​អាច​យក​ទឹក​ក្តៅមក​ស្អំ​ នៅ​លើ​ពោះ ឬ​នៅ​ចង្កេះ មុជ​ទឹក​សម្អាត​ខ្លួន​ដោយ​ទឹក​ក្តៅ ធ្វើ​លំហាត់ប្រាណ​ស្រាលៗ​ដូច​ជា​ ហាត់ប្រាណ​ទាញដៃ​ទាញ​ជើង ដើរ សម្រាក​លំហែ​ពេល​ដឹង​ថា​ជិត​ដល់​ថ្ងៃ​មក​រដូវ

ទទួល​ទាន​ថ្នាំ​ពពួក​ប៉ារ៉ាសេតាមុល ដើម្បី​កាត់​បន្ថយ​ការ​ឈឺចាប់។ ប្រើ​ថ្នាំ​ពពួក​អង់ទីអាំងផ្លាម៉ាទ័រ​ក៏​បាន ប៉ុន្តែ​ពពួក​ថ្នាំ​នេះ អាច​ផល​លំបាក​ច្រើន​ទៅ​ថ្ងៃ​មុខ។

កាត់​បន្ថយ​ស្ត្រេស តាម​រយៈ​ការ​ធ្វើ​មាស្សា សមាធិ និង​គាស់​ឬស​កាត់​នៃ​​មូល​ហេតុបង្ក​​ស្ត្រេស​

រក្សា​អនាម័យ​ក្នុង​ជីវិត​ដោយ​កាត់​បន្ថយ​ការ​ទទួល​ទាន​សារធាតុ​ស្ករ សាច់ កាហ្វេ តែ​បង្កើន​ការ​ទទួល​ទាន​អាហារជា​​ត្រី។ ផ្ទៀង​ផ្ទាត់​ថា​អ្នក​គ្មាន​កង្វះ​​​​វីតាមីន​សេ បេ ឬ​ម៉ាញេស្យូម​។

ដើម្បី​កាត់​បន្ថយ​និង​បញ្ចៀស​ការ​ឈឺ​ចាប់​ពេល​​ធ្លាក់​រដូវ ដំណោះ​ស្រាយ​ដ៏​មាន​ប្រសិទ្ធភាព​ជាង​គេ គឺ​ការ​ប្រើប្រាស់​​ថ្នាំ​ពន្យារ​កំណើត ជា​ថ្នាំ​គ្រាប់​លេប​ប្រចាំ​ថ្ងៃ ឬ​ជា​ថ្នាំចាក់ ឬ​ជា​ការ​ដាក់​កង ក្នុង​ស្បូន ជំនាន់​ក្រោយ​ គឺ​កងមាន​អ័រមូន Mirena ដែល​មិន​ត្រឹម​តែ​កាត់​បន្ថយ​ការ​ឈឺ​ចាប់​ទេ ថែម​ទាំង​កាត់​បន្ថយ​បរិមាណ​នៃ​ការ​ធ្លាក់​ឈាម​ ឬ​សឹង​ថា​លែង​មាន​រដូវ​ធ្លាក់​តែ​ម្តង​ផង។

ប៉ុន្តែ​សូម​ចង​ចាំ​រាល់​ការ​រៀប​រាប់​ខាង​លើ​នេះ ជា​ដំបូន្មាន​ចំពោះ​យុវតី​និង​ស្ត្រី​ជិត​អស់​រដូវ​ ដែល​ការ​ឈឺ​ចាប់​គ្មាន​លាក់​បញ្ហា​សុខភាព​។ តែ​បើ​ជា​ការ​ឈឺចាប់​ខ្លាំង​ និង​លេច​ឡើង​ខុស​ប្រក្រតី ត្រូវ​ឆាប់​ទៅ​ជួប​គ្រូពេទ្យ​ឯកទេសរោគ​ស្ត្រី៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ