ប្រធានសភាពាណិជ្ជកម្មអឺរ៉ុបនៅកម្ពុជាជំរុញឲ្យគ្រប់គ្នាផ្ញើលិខិតទៅពន្យល់សហភាពអឺរុប ពីសារៈសំខាន់នៃ EBA ចំពោះកម្ពុជា
ប្រធានសភាពាណិជ្ជកម្មអឺរ៉ុបប្រចាំកម្ពុជា លោក Arnaud DARC បានទទួលស្គាល់ថា ប្រព័ន្ធអនុគ្រោះពន្ធក្រោមកម្មវិធី អ្វីៗគ្រប់យ៉ាងលើកលែងតែអាវុធ ហៅកាត់ថា EBA ពិតជាមានសារៈសំខាន់ខ្លាំងណាស់សម្រាប់កម្ពុជា និងវិនិយោគិនបរទេស។ លោក DARC ពិតជាបារម្ភមែនទែនប្រសិនបើប្រព័ន្ធអនុគ្រោះពន្ធ EBA នេះ ត្រូវដកចេញពីកម្ពុជា។ ដូច្នេះ លោកបានស្នើសុំឲ្យគ្រប់ភាគីទាំងអស់ នៅកម្ពុជា ទាំងរដ្ឋាភិបាល វិស័យឯកជន និងពលរដ្ឋ ត្រូវតែសរសេរលិខិតទៅកាន់ទីក្រុងព្រុចសែល ដើម្បីពន្យល់ពីសារៈសំខាន់របស់ EBA លើកម្ពុជា។ ការស្នើសុំនេះ បានធ្វើឡើងក្នុងពេលលោក DARC ចូលរួមជាវាគ្មិន ក្នុងកិច្ចពិភាក្សាស្តីពីការប្រកាសដំណើរការនីតិវិធីព្យួរជាបណ្តោះអាសន្ននៅ EBA ពីកម្ពុជា របស់គណៈកម្មការអឺរ៉ុប ដែលរៀបចំដោយរាជបណ្ឌិត្យសភាកម្ពុជា នៅរសៀលថ្ងៃសុក្រនេះ។
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
លោក Arnaud DARC ប្រធានសភាពាណិជ្ជអឺរ៉ុបប្រចាំនៅកម្ពុជា បានឲ្យដឹងក្នុងកិច្ចពិភាក្សាមួយរៀបចំដោយរាជបណ្ឌិត្យសភាកម្ពុជា និងក្រសួងពាណិជ្ជកម្មថា ប្រសិនបើប្រព័ន្ធអនុគ្រោះពន្ធ EBA ត្រូវដកចេញពីកម្ពុជា នោះគ្រប់គ្នា ត្រូវតែទទួលខុសត្រូវចំពោះបញ្ហានេះ។ ដូច្នេះ ដើម្បីជំនះដំណាក់កាល ដែលគណៈកម្មាការអឺរ៉ុប កំពុងតែពិចារណា ពីការដក ឬ មិនដកប្រព័ន្ធអនុគ្រោះពន្ធ EBA នេះ គ្រប់ភាគីទាំងអស់ និងសូម្បីតែពលរដ្ឋកម្ពុជាផ្ទាល់ ត្រូវតែប្រឹងប្រែងប្រឆាំងទាំងអស់គ្នា តាមរយៈការសរសេរលិខិតទៅកាន់សហភាពអឺរ៉ុប ពន្យល់ថាតើ EBA សំខាន់ខ្លាំងប៉ុន្មានដល់សង្គម និងសេដ្ឋកិច្ច របស់ពលរដ្ឋកម្ពុជាទាំងមូល។
លោក DARC ចង់ឲ្យគ្រប់ភាគីទាំងអស់ ប្រឹងប្រែងមែនទែន ក្នុងរយៈពេលជាងមួយឆ្នាំនេះ ដើម្បីធ្វើយ៉ាងណា កុំឲ្យគណៈកម្មការអឺរ៉ុប សម្រេចដកប្រព័ន្ធអនុគ្រោះពន្ធ EBA នៅឆ្នាំ ២០២០។ តាមលោក DARC ប្រសិនបើរឿងនោះកើតឡើង វិនិយោគិន ដែលគ្រោងនឹងមកវិនិយោគ នៅកម្ពុជា នឹងដកខ្លួនចេញទៅស្វែងរកការវិនិយោគក្នុងប្រទេសដទៃ ដែលមានគុណភាពប្រហែលគ្នា ដូចជាវៀតណាម បង់ក្លាដេស ឬ ភូមាជាដើម។ ហើយអ្នកដែលទទួលផលប៉ះពាល់ខ្លាំង គឺពលរដ្ឋកម្ពុជារាប់លាននាក់ ដែលភាគច្រើនជាស្ត្រី និងកុមារ។
សូមរម្លឹកជូនថា សហភាពអឺរ៉ុប បានប្រកាសផ្តើមជាផ្លូវការ នូវដំណើរការនីតិវិធី ដែលអាចព្យួរប្រព័ន្ធអនុគ្រោះពន្ធ(EBA)ពីកម្ពុជា បន្ទាប់ពីប្រទេសនេះរងការចោទប្រកាន់ថាបានរំលោភបំពានសិទ្ធិមនុស្ស។ នីតិវិធីនៃការព្យូរប្រព័ន្ធអនុគ្រោះពន្ធ ដែលមានរយៈពេល ១៨ខែ ត្រូវរាប់ចាប់តាំងពីថ្ងៃទី១២ ខែកុម្ភៈតទៅ ពោលគឺជាថ្ងៃដែលគណកម្មការអឺរ៉ុបចុះផ្សាយនូវសេចក្តីសម្រេចនៃនីតិវិធីនេះជាសាធារណៈ។
នីតិវិធីទាំងនោះ រួមមាន ដំណាក់កាលទីមួយ មានរយៈពេល ៦ខែ គឺជាពេលវេលាសម្រាប់តាមដាន ប្រមូលព័ត៌មាន និងចរចាជាមួយភាគីរដ្ឋាភិបាលកម្ពុជា។ ដំណាក់កាលទីពីរ មានរយៈ៦ខែ ដោយចែកចេញជាពីរផ្នែក គឺ ៣ខែ សម្រាប់សរសេររបាយការណ៍ និង ៣ខែទៀត សម្រាប់ស្តាប់ចម្លើយតបពីភាគីកម្ពុជា និងឈានទៅសម្រេចថាតើសហភាពអឺរ៉ុប ត្រូវព្យួរ ឬមិនព្យួរ EBA។ ដំណាក់កាលចុងក្រោយ ប្រសិនបើសហភាពអឺរ៉ុបសម្រេចព្យួរEAB គេត្រូវទុកពេល ៦ខែទៀត ទើបសេចក្តីសម្រេចនេះចូលជាធរមាន។
គួរជម្រាបជូនថា សហភាពអឺរ៉ុប គឺជាដៃគូពាណិជ្ជកម្មដ៏ធំបំផុតមួយរបស់កម្ពុជា ពោលគឺមានទំហំប្រមាណ៤៥ភាគរយនៃផលិតផលនាំចេញរបស់កម្ពុជា កាលពីឆ្នាំ២០១៨កន្លងទៅ។ នៅក្នុងនោះ ផលិតផលសំលៀកបំពាក់ និងស្បែកជើង គឺមានចំណែកទីផ្សារធំបំផុតនៃផលិតផលនាំចេញទៅកាន់ទីផ្សារអឺរ៉ុប៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ