អានតួអត្ថបទ
កម្ពុជា

ស្ថានទូត​​បារាំង​​កំពុង​​សហការ​​ជាមួយ​​ក្រសួង​បរិស្ថាន​​រឿង​​ប្រែប្រួល​​អាកាសធាតុ​

លោក​​ឯកអគ្គរដ្ឋទូត​​បារាំង​​ប្រចាំ​​នៅ​​កម្ពុជា​ មាន​ប្រសាសន៍​ថា ​បញ្ហា​​អាកាសធាតុ​​ជា​​កង្វល់​​របស់​​ពិភពលោក​ គឺ​​មិនមែន​​តែ​​កម្ពុជា​​ប៉ុណ្ណោះ​ទេ​ ​និង​​ថា​ ទូត​​បារាំង​​បាន​​ចូលរួម​​សិក្ខាសាលា​​និង​ត្រៀម​​ចូលរួម​​កម្មវិធី​ផ្សេងៗ​ដែល​​ក្រសួង​បរិស្ថាន​​រៀបចំ​ឡើង ​ដើម្បី​​រួម​ចំណែក​​រក​​ដំណោះ​ស្រាយ​​ចំពោះ​​បញ្ហា​​ប្រឈម​​នៃ​​ប​ម្រួ​ល​ប​ម្រួ​ល​​អាកាសធាតុ​​នៅ​​កម្ពុជា​។ ​នេះ​​បើតាម​​សុន្ទរកថា​​យ៉ាង​ខ្លី​​របស់​លោក​នៅក្នុង​​ពិធី​​សម្ពោធ​ការ​តាំង​ពិព័រណ៍​​រូបភាព​​នៅ​​វិទ្យាស្ថាន​​បារាំង​ល្ងាច​មិញ​​នេះ​។

លោក Jean-Claude Poimboeuf (ហ្សង់ ក្លូដ ពាំបឺហ្វ) ឯកអគ្គរដ្ឋទូតបារាំង ថ្លែងចំពោះមុខអ្នកស្រី មាស ម៉ូរិន អនុរដ្ឋលេខាធិការនៃក្រសួងបរិស្ថាន អំពីបញ្ហាបម្រែបម្រួលអាកាសធាតុ
លោក Jean-Claude Poimboeuf (ហ្សង់ ក្លូដ ពាំបឺហ្វ) ឯកអគ្គរដ្ឋទូតបារាំង ថ្លែងចំពោះមុខអ្នកស្រី មាស ម៉ូរិន អនុរដ្ឋលេខាធិការនៃក្រសួងបរិស្ថាន អំពីបញ្ហាបម្រែបម្រួលអាកាសធាតុ RFI/ សហការី
ផ្សាយពាណិជ្ជកម្ម

«រឿង​ប​ម្រែ​សម្រួល​អាកាសធាតុ មិនមែន​តែ​ព្រះរាជាណាចក្រ​កម្ពុជា​ទេ​ដែល​ត្រូវ​ចាប់អារម្មណ៍ គឺ​ពិភពលោក​ទាំងមូល​ដែល​ត្រូវ​ខ្វល់ខ្វាយ ហើយ​នេះ​គឺជា​អ្វីដែល​ប្រទេស​បារាំង​នឹង​រៀបចំ​ពិភាក្សា​នៅ​ចុងឆ្នាំ២០១៥» នេះ​គឺជា​ប្រសាសន៍​របស់ ឯកអគ្គរដ្ឋទូត​បារាំ​ង​ប្រចាំ​នៅ​កម្ពុជា លោក Jean-Claude Poimboeuf (ហ្ស​ង់ ក្លូដ ពាំ​បឺ​ហ្វ) ដែល​បាន​ថ្លែង​ចំពោះមុខ​អ្នកស្រី មាស ម៉ូ​រិ​ន អនុរដ្ឋលេខាធិការ​នៃ​ក្រសួងបរិស្ថាន និង​អ្នកចូលរួម​ទស្សនា​ពិព័រណ៍ នៅ​វិទ្យាស្ថាន​បារាំង នា​ល្ងាច​ថ្ងៃទី៥មីនា។

លោក​ឯកអគ្គរដ្ឋទូត​បារាំង បាន​ថ្លែងបន្តថា «ប្រទេស​ទាំងអស់​ត្រូវតែ​យល់ដឹង​ពី​បញ្ហា​បម្រែបម្រួល​អាកាសធាតុ ដើម្បី​ឈានទៅដល់​កិច្ចព្រមព្រៀង​រួមមួយ ដែល​ជាម​ហិ​ច្ច​តា​អន្តរជាតិ និង​ជា​គោលបំណង​ដ៏​សំខាន់​នៃ​ស​ន្នី​សីទ​ក្រុង​បារី​ស៍ នៅក្នុង​ខែធ្នូ​ខាងមុខនេះ»។ លោក​រីករាយ​ចូលរួម​សកម្មភាព​ជាមួយ​ក្រសួងបរិស្ថាន ដែល​ដឹកនាំ​ដោយ លោក សាយ សំ​អាល់ ដូចដែល​បានធ្វើ​នៅ​ថ្ងៃទី៣មីនា​កន្លងទៅ ហើយ​លោក​នឹង​ត្រៀម​ចូលរួម​កម្មវិធី​ផ្សេងទៀត​ដែល​រៀបចំឡើង​ដោយ​ក្រសួង​មួយ​នេះ។

ឯកអគ្គរដ្ឋទូត​បារាំ​ង​ប្រចាំ​នៅ​កម្ពុជា បាន​ជំរុញ​ឲ្យ​សាធារណជន​ចូលរួម​ទស្សនា​ភាពយន្ត កម្មវិធី​តាំងពិព័រណ៍ និង​ស​ន្នី​សីទ ដែល​ធ្វើ​នៅ​វិ​ទ្យ​ស្ថាន​បារាំង​ក្នុង​ក្រុងភ្នំពេញ  និង​ដែល​សកម្មភាព​ទាំងនេះ ត្រូវគេ​រំពឹងថា អាច​នឹងមាន​ដំណោះស្រាយ​មួយចំនួន​សម្រាប់​កម្ពុជា។

គួរ​បញ្ជាក់ថា «៦០ដំណោះស្រាយ​ទប់ទល់​នឹង​ការប្រែប្រួល​អាកាសធាតុ» គឺជា​ប្រធានបទ​នៃ​ការតាំងពិព័រណ៍។ ផ្ទាំង​រូបថតធំៗជាច្រើន​សន្លឹក ត្រូវបាន​ដាក់តាំង​ឲ្យ​សាធារណជន​ទស្សនា។ រូបថត​ទាំងនេះ គឺជា​របស់លោក យ៉ាន អា​ទូ​ស្ស ប៊ែ​ក​ត្រង់​ដ៍ (Yann Artus-Bertrant) ដែលជា​អ្នក​ផលិត​ខ្សែភាពយន្ត​ស្តីពី​បរិស្ថាន​ដ៏​ល្បី។ រូប​ដែល​ដាក់​តាំងនៅ​ទីនោះ គឺ​ឆ្លុះបញ្ចាំង​ពី​ការ​ប្រែ​ប្រែ​ធាតុអាកាស​នៅក្នុង​ក្រុង ហើយ​រូប​ខ្លះ​ស្តីពី​កសិកម្ម អន្តរកាល​ថាមពល និង​ការ​សម្រប​ខ្លួន​ទៅនឹង​បម្រែបម្រួល​អាកាសធាតុ។ សាធារណជន អាច​ចូលទៅ​ទស្សនា ឈ្វេងយល់ ដោយ​សេរី ពេញ​មួយខែ​មីនា​នេះ។

នៅ​ថ្ងៃ​សៅរ៍ ទី៧មីនា ស្អែក​នេះ វិទ្យាស្ថាន​បារាំង​ប្រចាំ​នៅ​កម្ពុជា ក៏​នឹង​រៀបចំ​ទិវា​ភាពយន្ត​និង​បរិស្ថាន ពេញ​មួយថ្ងៃ​ផងដែរ ដោយមាន​បញ្ចាំង​កុន ដែល​ផ្តោតលើ​ការប្រែប្រួល​អាកាសធាតុ ចាប់ពី​ម៉ោង១០ព្រឹក ដល់​ម៉ោង៨យប់។ ក្នុងនោះ​មានរឿង​គំនូរជីវចល​សម្រាប់​កុមារ និង​ភាពយន្ត​ឯកសារ​សម្រាប់​មនុស្ស​ទូ​ទៅ ចំនួន៥រឿង  នឹងត្រូវ​ដាក់​បញ្ចាំង​ជូន​សាធារណជន​ទស្សនា​ដោយ​ឥតគិតថ្លៃ។

«តើ​ធ្វើ​ដូចម្តេច​ដើម្បី​ទប់ទល់​នឹង​ការ​ប្រឈម​នៃ​ការប្រែប្រួល​អាកាសធាតុ?» គឺជា​ប្រធានបទ​នៃ​ស​ន្នី​សីទ​មួយ ដែល​វិទ្យាស្ថាន​បារាំង​នឹង​រៀបចំ នៅ​ថ្ងៃ១១មីនា​ខាងមុខនេះ។ តើ​កម្ពុជា​ធ្វើ​ដូចម្តេច​ដើម្បី​ទប់​ទល់នឹង​ការប្រែប្រួល​អាកាសធាតុ? តើ​មាន​វិធានការ​វិជ្ជមាន​អ្វីខ្លះ​ដើម្បី​ដោះស្រាយ​បញ្ហា​នេះ? តើ​គេ​អាច​រំពឹង​អ្វី​ពីស​ន្នី​សីទ​អាកាសធាតុ​លើ​ទី២១ ក្នុងប្រទេស​បារាំង នៅ​ចុងឆ្នាំ២០១៥? គឺជា​សំណួរ​មួយចំនួន​ដែល​គេ​អាច​នឹង​ផ្តល់​ចម្លើយ​នៅ​ថ្ងៃ១១មីនា នៅឯ​វិទ្យាស្ថាន​បារាំង​ក្នុង​ក្រុងភ្នំពេញ។ ការធ្វើ​បទ​បង្ហាញ និង​ជជែក​ពិភាក្សា​នោះ នឹង​ចាប់ផ្តើម​នៅ​ម៉ោង៦កន្លះ​ល្ងាច ដោយមាន​វាគ្មិន​ជំនាញ មកពី សម្ព័ន្ធ​បម្រែបម្រួល​អាកាសធាតុ​កម្ពុជា បេសកជន​ផ្នែក​អាកាសធាតុ​និង​ការអភិវឌ្ឍ ព្រមទាំង​វាគ្មិន​ជំនាញ​មកពី​សហភាព​អឺរ៉ុប​ទៀតផង។

គួរ​រម្លឹក​ជូន​ថា កម្ពុជា​ជា​ប្រទេស​ដែលមាន​ចំណាត់ថ្នាក់​សូវ​មិនល្អ​ប៉ុន្មាន​ទេ នៅក្នុង​ផ្នែក​បម្រែបម្រួល​អាកាសធាតុ។ ពោលគឺ កម្ពុជា​ជា​ប្រទេសមួយ​ក្នុងចំណោម១០ប្រទេស​នៅលើ​ពិភពលោក​ដែល​កំពុង​រង​វិបត្តិ​បម្រែបម្រួល​អាកាសធាតុ​ធ្ងន់ធ្ងរ។ នេះ​បើតាម «វិទ្យាស្ថាន​ដើម្បី​បរិស្ថាន​និង​សុវត្ថិភាព​មនុស្សជាតិ» ដែលជា​ស្ថាប័ន​ស្រាវជ្រាវ​មួយ​របស់​អង្គការសហប្រជាជាតិ មាន​មូលដ្ឋាន​ក្នុងប្រទេស​ជប៉ុន៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ