អានតួអត្ថបទ
កម្ពុជា

លោក​ ហ៊ុន សែន ​ឡើង​ជា​ប្រធាន​បក្ស​ប្រជាជន​ អម​ដោយ​អនុ​ប្រធានថ្មី​ដល់​ទៅ​ពីរ​រូប​

នៅ​ព្រឹក​ថ្ងៃ​សៅរ៍​នេះ គណៈកម្មាធិការ​កណ្តាល​របស់​គណបក្ស​ប្រជាជន​កម្ពុជា បានរៀបចំ​សន្និបាត​លើក​ទី៣៨ ដើម្បី​បោះឆ្នោត​ជ្រើសរើស​ប្រធាន និង​អនុប្រធាន​ថ្មី​នៅ​ទីស្នាក់ការ​កណ្តាល​របស់​ខ្លួន​ក្នុង​រាជធានី​ភ្នំពេញ។ បន្ទាប់ពី​បោះឆ្នោត លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ជាប់ឆ្នោត​ធ្វើជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា ខណៈដែល​លោក សាយ ឈុំ និង លោក ស ខេង ជាប់​ជា​សហ​អនុប្រធាន។

លោក ​ហ៊ុន សែន ​ក្លាយ​ជា​​ប្រធាន​​ថ្មី​​​​គណបក្ស​​ប្រជាជន​​កម្ពុជា​​ជា​​ផ្លូវការ​
លោក ​ហ៊ុន សែន ​ក្លាយ​ជា​​ប្រធាន​​ថ្មី​​​​គណបក្ស​​ប្រជាជន​​កម្ពុជា​​ជា​​ផ្លូវការ​ RFI/Siv Channa
ផ្សាយពាណិជ្ជកម្ម

ការជ្រើសរើស​ថ្នាក់ដឹកនាំ​កំពូល​នេះ បាន​ធ្វើឡើង​តាមរយៈ​ការបោះឆ្នោត​ជាសំងាត់ និង​ជា​កញ្ចប់ ដោយមាន​សមាជិក​គណៈ​ក​ម្មា​ធិ​ការ​កណ្តាល​គណ​បក្ស​ប្រជាជន​កម្ពុជា​ចំនួន ៥០៧ រូប​បាន​ចូលរួម​បោះឆ្នោត។ ក្នុងនោះ សមាជិក​ចំនួន ៥០៦ រូប បាន​បោះឆ្នោត​គាំទ្រ​លោ​ហ៊ុន សែន ធ្វើជា​ប្រធាន និង គាំទ្រ​លោក សាយ ឈុំ និង​លោ​កស ខេង ធ្វើជា​សហ​អនុប្រធាន​ថ្មី​របស់​គណបក្ស។

លោក​សុខ ឥសាន អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា បាន​ពន្យល់ថា មូល​ហេតុដែល​គណបក្ស​ជ្រើសរើស​អនុប្រធាន​ដល់​ទៅ​ពីររូប​នោះ គឺ​ដើម្បី​ជួយ​កិច្ចការ​ក្នុង​គណបក្ស​ដល់​ប្រធាន​បក្ស​ថ្មី​លោក ហ៊ុន សែន។ លោក ហ៊ុន សែន ដែល​ប​ច្ច​ប្បន្ន​កំពុងកាន់​តំណែង​ជា​នាយករដ្ឋមន្ត្រី។ អ្នកនាំពាក្យ​រូបនេះ បាន​ពន្យល់​បន្ថែមថា ការណ៍​ដែល​មិន​កំណត់​ឲ្យ​មាន​អនុប្រធាន​ទី១ និង​ទី២នោះ​ទៀតសោត ព្រោះថា អនុប្រធាន​ថ្មី​ទាំងពីរ​រូបនេះ គឺជា​ឥស្សរជន​លេចធ្លោ​នៅក្នុង​ជួរ​គណៈកម្មាធិការ​អចិន្ត្រៃយ៍​របស់​គណបក្ស​ប្រជាជន​កម្ពុជា។ លោក​ថា ទោះបី​មាន​អនុប្រធាន​ដល់​ទៅ​ពីរ​ក្តី តែ​រចនាសម្ព័ន្ធ​ដឹកនាំ​គណបក្ស​នៅតែ​ដដែល។

គួរ​បញ្ជាក់ថា ការបោះឆ្នោត​ជ្រើសរើស​ថ្នាក់ដឹកនាំ​កំពូល​ថ្មី​របស់​គណបក្ស​ប្រជាជន​កម្ពុជា​គឺ​បានធ្វើ​ឡើង​តែមួយ​ថ្ងៃ​ប៉ុណ្ណោះ បន្ទាប់ពី​សព​លោក ជា ស៊ីម បាន​បូជា​រួចរាល់​កាលពី​ថ្ងៃទី១៩ មិថុនា ម្សិលមិញ។ លោក សុខ ឥសាន បាន​បញ្ជាក់ថា គណបក្ស​ប្រជាជន​កម្ពុជា​បានសម្រេច​ដក​រូបលោក​ជា ស៊ីម ចេញពី​ផ្ទាំង​​ឃោសនា​​​គណបក្ស ដោយ​រក្សាទុក​តែ​រូបលោក​ហ៊ុន សែន និង លោក ហេង សំរិន ដែលជា​ប្រធានកិត្តិយស​គណបក្ស​ប៉ុណ្ណោះ។ អ្នកនាំពាក្យ​គណ​ក្ស​កាន់អំណាច​ក៏បាន​គូសបញ្ជាក់​ឲ្យ​ដឹងផង​ដែរ​ថា ថ្វីបើ​លោក​សាយ ឈុំ ក្លាយជា​អនុប្រធាន​បក្ស​ក្តី តែ​លោក​នៅតែ​កាន់តំណែង​ជា​អគ្គលេខាធិការ​គណបក្ស​ប្រជាជន​កម្ពុជា​ដដែល។

លោក យឹម សុវណ្ណ អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ មិនបាន​អត្ថាធិប្បាយ​យ៉ាងណាទេ​ចំពោះ​ការជ្រើសរើស​ថ្នាក់ដឹកនាំ​កំពូល​របស់​គណបក្ស​ដែលជា​គូប្រកួត​ប្រជែង​របស់ខ្លួន​នេះ ដោយ លោក លើក​ហេតុផល​ថា វា​ជា​រឿង​ផ្ទៃក្នុង​របស់​គណបក្ស​ប្រជាជន​កម្ពុជា៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ