អ្នកកាសែតកម្ពុជាស្នើឲ្យសាលាដំបូងពិចារណាទម្លាក់បទចោទលើអតីតអ្នកយកព័ត៌មាន RFA
មួយថ្ងៃក្រោយសាលាដំបូងរាជធានីភ្នំពេញ សម្រេចចោទប្រកាន់លើអតីតអ្នកយកព័ត៌មានវិទ្យុអាស៊ីសេរី (RFA) អ្នកសារព័ត៌មានកម្ពុជាមកពីគ្រប់ស្ថាប័នបាននាំសសេរលិខិតចំហមួយ ទៅកាន់សាលាដំបូងរាជធានីពិចារណាទម្លាក់បទចោទប្រកាន់លើអតីតអ្នកកាសែតទាំងពីររូប។ អ្នកកាសែតទាំងពីររូប ដែលត្រូវតុលាការចោទប្រកាន់ពីបទប្រគល់អោយរដ្ឋបរទេសនូវព័ត៌មានជាអាទិ៍ដែលបង្កអោយមានការអន្តរាយដល់ការការពារ ហើយត្រូវបានបញ្ជូនទៅឃុំខ្លួននៅពន្ធនាគារព្រៃសរួចហើយកាលពីយប់ថ្ងៃសៅរ៍ ទី១៨វិច្ឆិកា។
ចុះផ្សាយនៅថ្ងៃ៖
តាមរយៈលិខិតចំហចុះថ្ងៃទី១៩ខែវិច្ឆិកា ក្រុមអ្នកសារព័ត៌បានសម្ដែងក្ដីព្រួយបារម្ភអំពីការចោទប្រកាន់ទៅលើអតីតអ្នកយកព័ត៌មានវិទ្យុអាស៊ីសេរីទាំងពីរ គឺលោក អ៊ួន ឈិន និងលោក យាង សុធារិន ហៅ យាង សុជាមេត្តា ទាក់ទងនឹងការផ្ដល់ព័ត៌មានដែលនាំឲ្យអន្តរាយដល់ការការពារជាតិ។ សម្រាប់ក្រុមអ្នកសារព័ត៌មាន ការចោទប្រកាន់នេះ មានលក្ខណៈធ្ងន់ធ្ងរ ហើយវាកំពុងតែបង្កភាពភ័យខ្លាចដល់អ្នកសារព័ត៌មានដែលកំពុងបំពេញវិជ្ជាជីវៈ ក៏ដូចជាធ្វើឲ្យសេរីភាពសារព័ត៌មាននៅកម្ពុជាធ្លាក់ចុះ។នេះបើតាមក្រុមអ្នកសារព័ត៌មានកម្ពុជា។
លិខិតចំហដែលមានស្នាមមេដៃអ្នកកាសែតរាប់សិបនាក់មកពីស្ថាប័នព័ត៌មានចម្រុះ បានលើកឡើងទៀតថា នៅក្នុងសង្គមប្រជាធិបតេយ្យ សារព័ត៌មានបានដើរតួនាទីយ៉ាងសំខាន់ក្នុងការផ្តល់ព័ត៌មានពិតប្រាកដជូនដល់ប្រជាពលរដ្ឋ។ ហើយសេរីភាពសារព័ត៌មានត្រូវបានធានាដោយរដ្ឋធម្មនុញ្ញ ដែលបានចែងថា ប្រជាពលរដ្ឋខ្មែរ មានសេរីភាពខាងការបោះពុម្ពផ្សាយ សេរីភាពខាងការប្រជុំ។ សេរីភាពនៃសារព័ត៌មានក៏មានចែងក្នុងច្បាប់ស្តីពីរបបសារព័ត៌មានឆ្នាំ១៩៩៥ដែរ។
ទន្ទឹមគ្នានេះ ក្រុមអ្នកសារព័ត៌មានដដែល យល់ឃើញទៀតថា អ្នកសារព័ត៌មានខ្មែរ បានអនុវត្តមានមាត្រា៥នៃច្បាប់សារព័ត៌មាន។ មាត្រា៥នៃច្បាប់របបសារព័ត៌មានដែលចែងថា សារព័ត៌មានមានសិទ្ធិទទួលព័ត៌មានដែលស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋាភិបាល លើកលែងតែព័ត៌មានណាដែលបណ្ដាលឲ្យមានអន្តរាយដល់សន្តិសុខជាតិ និងដល់ទំនាក់ទំនងជាមួយប្រទេសដទៃ។
ជាការកត់សម្គាល់ លិខិតចំហរបស់ក្រុមអ្នកសារព័ត៌មាននេះ ធ្លាក់ចុះមកតែមួយថ្ងៃប៉ុណ្ណោះ បន្ទាប់ពីតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ សម្រេចចោទប្រកាន់អតីតបុគ្គលិកវិទ្យុអាស៊ីសេរីគឺ លោក អ៊ួន ឈិន និងលោក យាង សុធារិន ហៅ យាង សុជាមេត្តា ជាផ្លូវការ ពីបទចោទលួចបញ្ចេញព័ត៌មានទៅឲ្យបរទេស។ តាមរយៈបទចោទនេះ អតីតអ្នកកាសែតទាំងពីររូប អាចត្រូវប្រឈមមុខនឹងការជាប់ពន្ធនាគារពី៧ឆ្នាំ រហូតទៅដល់១៥ឆ្នាំឯណោះ។
សូមជម្រាបជូនថា លោក អ៊ួន ឈិន និងលោក យាង សុធារិន ហៅ យាង សុជាមេត្តា ត្រូវបានអាជ្ញាធរខណ្ឌមានជ័យឃាត់ខ្លួន កាលពីរាត្រីថ្ងៃទី ១៤ វិច្ឆិកា នៅក្នុងបន្ទប់សណ្ឋាគារមួយ ស្ថិតនៅក្បែរស្ពានអាកាសស្ទឹងមានជ័យ ក្រុងភ្នំពេញ។ ក្រោយការសាកសួរ នៅយប់ថ្ងៃទី១៨វិច្ឆិកា ចៅក្រមស៊ើបសួរបានសម្រេចបញ្ជូនអ្នកទាំងពីរទៅឃុំខ្លួនជាបណ្តោះអាសន្នក្នុងពន្ធនាគារព្រៃស ដើម្បីរង់ចាំការសាកសួរបន្ថែមទៀត។
លោក កែវ វន្នី មេធាវីការពារក្តីឲ្យអតីតបុគ្គិលវិទ្យុអាស៊ីសេរីទាំងពីររូប បានចាត់ទុកការចោទប្រកាន់មកលើកូនក្តីខ្លួន ពីបទលួចបញ្ចេញព័ត៌មានឲ្យទៅបរទេស ថាមានភាពអយុត្តិធម៌។ អយុត្តិធម៌ ព្រោះផ្អែកតាមចម្លើយសារភាពរបស់កូនក្តីរបស់លោកគឺមិនមានធាតុផ្សំណាមួយស៊ីសង្វាក់គ្នានឹងបទចោទប្រកាន់នេះឡើយ។ តាមគម្រោងលោកមេធាវីនឹងពិភាក្សាជាមួយកូនក្ដីដើម្បីដាក់ពាក្យសុំនៅក្រៅឃុំបណ្ដោះអាសន្នក្នុងរយៈពេលពីរបីថ្ងៃខាងមុខទៀត។ លោកមេធាវីបញ្ជាក់ថា លោកនៅតែមានសង្ឃឹមនៅឡើយចំពោះរឿងក្តីនេះ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ