អានតួអត្ថបទ
កម្ពុជា-បោះឆ្នោត

អ្នក​នាំ​ពាក្យ​ថា ការ​ចាត់​តាំង លោក ហ៊ុន សែន ជា​នាយរដ្ឋមន្ត្រី មុន​បង្កើត​រដ្ឋសភា​មិនផ្ទុយ​រដ្ឋធម្មនុញ្ញ​ឡើយ

ភ្លាមៗ​បន្ទាប់​ពី​ព្រះមហាក្សត្រ​ចេញ​ព្រះរាជ​ក្រឹត្យ​ត្រាស់​បង្គាប់​ចាត់​តាំង លោក ហ៊ុន សែន ជា​នាយករដ្ឋមន្ត្រី នៅ​ថ្ងៃ​ទី​១៧​សីហា​ម្សិលមិញ នាំ​ឲ្យ​មាន​រិះគន់​ថា នីតិវិធី​នេះ បាន​ដើរ​ផ្ទុយ​ពី​រដ្ឋធម្មនុញ្ញ​។ ឆ្លើយតប​នឹង​ចម្ងល់​នានា លោកសុខ ឥសាន អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​នៅ​ថ្ងៃ​សៅរ៍​នេះ បាន​ពន្យល់​ថា ការ​ចាត់​តាំង លោក ហ៊ុន សែន ជា​នាយរដ្ឋមន្ត្រី មុន​បង្កើត​រដ្ឋសភា​មិន​បាន​ដើរ​ផ្ទុយ​រដ្ឋ​ធម្មនុញ្ញ​ឡើយ ។

ព្រះ​​មហាក្សត​ សម្ដេច​ ព្រះ​បរម​នាថ​ ព្រះបាទ​នរោតម្ដ​ សីហមុនី​ និង​ លោក​នាយក​រដ្ឋមន្រ្តី​ ហ៊ុន​ សែន​ កាល​ពី​ពេល​កន្លង​ទៅ​
ព្រះ​​មហាក្សត​ សម្ដេច​ ព្រះ​បរម​នាថ​ ព្រះបាទ​នរោតម្ដ​ សីហមុនី​ និង​ លោក​នាយក​រដ្ឋមន្រ្តី​ ហ៊ុន​ សែន​ កាល​ពី​ពេល​កន្លង​ទៅ​ @RFI
ផ្សាយពាណិជ្ជកម្ម

លោក សុខ ឥសាន អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​បាន​អះអាង​ថា ដ្បិត​តែសមាសភាព​រដ្ឋាភិបាល​បង្កើត​ឡើង មុន​កិច្ច​ប្រជុំ​សភា​ដែល​គ្រោង​នៅ​ថ្ងៃ​ទី​៥​កញ្ញា ពិតមែន តែ​សមាសភាព​ទាំង​នេះ​នៅ មិន​ទាន់​ទទួល​បាន​សុពលភាព​នៅ​ឡើយ​ទេ ដោយរង់​ចាំ​សេចក្ដី​ទុក​ចិត្ត​ពី​រដ្ឋសភា​សិន។ មុន​នឹង​ទទួល​បាន​សេចក្ដី​ទុក​ចិត្ត​ពី​រដ្ឋសភា​គឺនាយករដ្ឋមន្ត្រី​ដែល​ចាត់​តាំង​ដោយ​ព្រះមហាក្សត្រ ត្រូវ​មាន​ភារៈកិច្ច​រៀប​ចំ​សមាសភាព​រាជរដ្ឋាភិបាល​ដើម្បី​សុំ​សេចក្ដី​អនុម័ត​ទុក​ចិត្ត​ពី​រដ្ឋសភា​។ នេះ​បើ​ផ្អែក​តាម​ខ្លឹម​សារមាន​ចែង​នៅ​ក្នុង​ព្រះរាជក្រឹត្យ​ព្រះមហាក្សត្រ​ និង​ត្រូវ​បាន​ពន្យល់​បន្ថែម​ដោយ​លោក សុខ ឥសាន នៅ​ថ្ងៃ​សុក្រ​នេះ។

អ្នក​នាំ​ពាក្យ​ដដែល​នៅ​តែ​បន្ត​គូស​បញ្ជាក់ថា រដ្ឋាភិបាល​មិន​បាន​ធ្វើ​ការ​ងារមុន​ទទួល​បានសេចក្ដី​ទុក​ចិត្ត​ពី​រដ្ឋសភា​នោះ​ទេ ប៉ុន្តែ​គ្រប់​យ៉ាង​ដែល​ជា​ចម្ងល់​របស់​អ្នក​វិភាគ និង​សង្គ​ម​ស៊ីវិល​មួយ​ចំនួន​នោះ គ្រាន់​តែ​ជា​ការ​ត្រៀម​លក្ខណៈ​ដើម្បី​ឆ្ពោះ​ទៅ​ការ​ប្រជុំ​ពេញ​អង្គរបស់​រដ្ឋ​សភា។ បើតាម លោក សុខ ឥសាន បើ​មិន​ត្រៀម​លក្ខណៈ​មុន តើ​រដ្ឋសភាបាន​សមាភាព​មក​ពី​ណា​ដើម្បី​ផ្ដល់​សេក្ដី​ទុក​ចិត្ត។

សូមបញ្ជាក់ថា ប្រតិកម្ម​របស់​លោក សុខ ឥសាន ធ្វើ​ឡើង​បន្ទាប់​ពី​អតីត​តំណាង​រាស្រ្តនៃ​អតីត​គណបក្ស​សង្គ្រោះជាតិ លោក អេង ឆៃអ៊ាង បាន​រិះគន់​ការ​ចាត់​តាំង​លោក ហ៊ុន សែន ជា​នាយករដ្ឋមន្ត្រី​នៅ​ពេល​នេះ​ថា ផ្ទុយ​ពី​ស្មារតី មាត្រា៤ នៃរដ្ឋធម្មនុញ្ញបន្ថែម ព្រោះ​លោក ហ៊ុន សែន មិន​ទាន់​ទទួល​បាន​សុពលភាព​ជា​តំណាង​រាស្ត្រ ឲ្យ​ធ្វើ​ជានាយករដ្ឋ​មន្ត្រី​នៅ​ឡើយ។

បើតាម លោក អេង ឆៃអ៊ាង សម្រាប់​អណត្តិទី៦ លោក ហ៊ុន សែន មាន​ឋានៈ​ត្រឹម​តែជា​បេក្ខជន​ជាប់​ឆ្នោត ចេញ​ពី​ការ​បោះឆ្នោត​មួយ​ដែល​សម្រាប់ លោក អេង ឆៃអ៊ាង ចាត់​ទុក​ជា​ការ​បោះឆ្នោត​ក្លែង​ក្លាយ តែ​ប៉ុណ្ណោះ ព្រោះ​មិន​ទាន់​បាន​ប្រកាស​សុពល​ភាព និង​ស្បថ ចូល​កាន់​តំណែង ។

ចំណែក លោក ​កន ​សាវ៉ាង​ ជា​អ្នក​​សម្រប​​សម្រួល​​ផ្នែក​​អង្កេត​​នៃ​អង្គការ​ខុម​​ហ្វ្រែលបានលើក​ឡើង​ដោយ​ផ្អែក​តាម ជំពូក​ទី១០ មាត្រា​១១៩ ​​ថា ជា​នាយករដ្ឋមន្ត្រី​លុះ​ណាមាន​ការ​ស្នើ​សុំ​ពី​ប្រធាន និង​ឯកភាព​ពី​អនុ​ប្រធាន​ទាំង​ពីរ នៃ​រដ្ឋសភា ទើប​ព្រះមហាក្សត្រ​ទ្រង់​ចាត់​តាំង​វីរៈជន​មួយ​រូប​ក្នុង​ចំណោម​តំណាង​រាស្រ្ត​នៃ​គណបក្ស​ដែល​ឈ្នះឆ្នោត​ឱ្យ​បង្កើត​រដ្ឋាភិបាល។ រីឯ​មាត្រា៤ នៃ​ច្បាប់​ធម្មនុញ្ញ​បន្ថែម ក៏​ត្រូវ​កើត​ទន្ទឹម​គ្នា​ផងដែរ​នៃ​រដ្ឋសភា។នេះ​បើ​តាម លោក ​កន ​សាវ៉ាង ៕​

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ