អានតួអត្ថបទ
កម្ពុជា-នយោបាយ

ព្រះមហាក្សត្រ ត្រាស់​បង្គាប់ចាត់​តាំង​លោក​ហ៊ុន សែន ជា​នាយករដ្ឋ​មន្ត្រី​អណត្តិ​ទី​៦​

ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រកម្ពុជា ព្រះករុណា​ព្រះបាទ​សម្តេច​ព្រះបរមនាថ នរោត្តម សីហមុនី ក្នុង​ព្រះរាជ​ក្រឹត្យ​ចុះ​ថ្ងៃ​ទី ១៧​សីហា​នេះ បាន​ប្រកាស​ចាត់​តាំង​លោក​ ហ៊ុន សែន ជា​នាយក​រដ្ឋមន្ត្រី​កម្ពុជា អណត្តិ​ទី ៦​។​ ព្រះរាជក្រឹត្យ​ប្រកាស​តែង​តាំង​នេះ បាន​ធ្វើ​ឡើង​តែ ២​ថ្ងៃ បន្ទាប់​ពី​គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះឆ្នោត ទើប​បាន​ប្រកាស​លទ្ធផល​បោះឆ្នោត​ផ្លូវ​ការ ដែល​គណបក្ស​ប្រជាជន​កម្ពុជា ឈ្នះ​សម្លេង​ដាច់ ទទួល​បាន ១២៥​អាសនៈ​ក្នុង​រដ្ឋសភា​។ 

ព្រះ​​មហាក្សត​ សម្ដេច​ ព្រះ​បរម​នាថ​ ព្រះបាទ​នរោតម្ដ​ សីហមុនី​ និង​ លោក​នាយក​រដ្ឋមន្រ្តី​ ហ៊ុន​ សែន​ កាល​ពី​ពេល​កន្លង​ទៅ​
ព្រះ​​មហាក្សត​ សម្ដេច​ ព្រះ​បរម​នាថ​ ព្រះបាទ​នរោតម្ដ​ សីហមុនី​ និង​ លោក​នាយក​រដ្ឋមន្រ្តី​ ហ៊ុន​ សែន​ កាល​ពី​ពេល​កន្លង​ទៅ​ RFI/Siv Channa
ផ្សាយពាណិជ្ជកម្ម

ដូចការគ្រោងទុក លោក​ហ៊ុន សែន ត្រូវបន្ត​ធ្វើជានាយករដ្ឋមន្ត្រី ដឹកនាំ​រាជរដ្ឋាភិបាល​ អណត្តិទី ៦ជាបន្តទៀត។ ជានាយករដ្ឋមន្ត្រី ដែល​លោក​ហ៊ុន សែន មាន​ភារកិច្ច​រៀបចំ​សមាសភាពរាជរដ្ឋាភិបាលកម្ពុជា ដើម្បី​សុំ​សេចក្តីអនុម័តទុកចិត្តពីរដ្ឋសភា។

ក្រោយ​ទទួលបានព្រះរាជក្រឹត្យ​របស់អង្គព្រះមហាក្សត្រ លោក​ហ៊ុន សែន បាន​ថ្វាយ​សារលិខិត​តបភ្លាមៗ ថ្លែង​​អំណរព្រះ​គុណ ដល់អង្គ​ព្រះមហាក្សត្រវិញ និង​ប្តេជ្ញា​ខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយ​ចិត្ត និង​ស្មារតី ដើម្បីបំពេញ​ភារកិច្ច​ បម្រើ​ប្រទេសជាតិ មាតុភូមិ និង​ប្រជារាស្ត្រទូទាំងប្រទេស។ ក្នុងនោះ លោក​ហ៊ុន សែន បានបញ្ជាក់ថា នឹង​រៀបចំ​សមាសភាព​រាជរដ្ឋាភិបាល​ បញ្ជូនទៅព្រឹទ្ធសមាជិក​នៃរដ្ឋសភា នីតិកាលទី ៦ ដើម្បីសុំការ​ផ្តល់​សេចក្តីទុកចិត្ត ពីសមាជិក​ សមាជិកា​នៃរដ្ឋសភា ដែលនឹង​ប្រជុំ​ នៅថ្ងៃទី ៦ខែកញ្ញា ឆ្នាំ ២០១៨។

សូម​បញ្ជាក់ជូនថា បើ​តាម​នីតិវិធី ​រដ្ឋសភា នីតិកាលទី ៦ នឹងត្រូវ​កោះប្រជុំ​ជាលើកដំបូង ក្រោម​ព្រះរាជាធិបតីភាពនៃអង្គព្រះមហាក្សត្រ នៅព្រឹក​ថ្ងៃទី ៥ខែកញ្ញា ខណៈដែល​សមាជិក​ទាំងអស់ នឹង​ត្រូវ​ចូល​ស្បថសច្ចាប្រណិធាន នៅពេល​ល្ងាចថ្ងៃទី ៥កញ្ញាដែរនោះ។ ចំណែក​ក្បាលម៉ាស៊ីនដឹកនាំ​​សភាជាតិ និង​រាជរដ្ឋាភិបាល អណត្តិទី ៦ នឹង​ត្រូវប្រកាសបង្កើតឡើង នៅថ្ងៃទី ៦ខែកញ្ញា ខណៈគណៈរដ្ឋមន្ត្រីអណត្តិថ្មី នឹង​បើក​ប្រជុំ​ជាលើកដំបូង នៅថ្ងៃទី ៧ខែកញ្ញា ឆ្នាំ ២០១៨។

ជាការកត់​សម្គាល់ ក្នុងអណត្តិថ្មី តំណែងអនុរដ្ឋលេខាធិការ នឹងត្រូវឈប់រាប់បញ្ចូល ទៅក្នុងសមាសភាពរាជរដ្ឋាភិបាលទៀតហើយ។ មិនតែប៉ុណ្ណោះ គណ:រដ្ឋមន្ត្រី ដែល
ត្រូវឆ្លងកាត់មុខសភាដើម្បីទទួលការទុកចិត្ត មានតែរដ្ឋមន្ត្រីសុទ្ធសាធហើយ គ្មាន​រដ្ឋ​លេខាធិការទេ។ នេះបើតាម​ច្បាប់​ស្តីពីការរៀបចំ​ និង​ការប្រព្រឹត្តិទៅនៃគណៈរដ្ឋមន្ត្រីថ្មី។ អ្នក​វិភាគ ​ស្រាវជ្រាវផ្នែកសង្គម និង​នយោបាយមួយចំនួន យល់​ថា សមាសភាព​នៃ​គណៈ​រដ្ឋមន្ត្រី​ថ្មី គួរតែមានការផ្លាស់ប្តូរខ្លះ ដើម្បី​បង្កើន​ប្រសិទ្ធិភាពការងារ​របស់​រដ្ឋាភិបាលអណត្តិថ្មី ឲ្យកាន់តែប្រសើរជាងមុន។

ប៉ុន្តែលោក​សុខ ឥសាន្ត អ្នក​នាំពាក្យ​គណបក្ស​ប្រជាជនកម្ពុជា អះអាងថា​សមាសភាពក្នុងគណៈរដ្ឋមន្ត្រីថ្មី​ ត្រូវបាន​លោក​ហ៊ុន សែន ជ្រើសរើសយ៉ាងផ្ចិតផ្ចង់ ដោយសារលោក​មាន​បទពិសោធន៍យូរឆ្នាំ ក្នុងការ​ដឹកនាំប្រទេសជាតិ ដូច្នេះ​ការជ្រើសរើសនោះ ប្រាកដជាមិន​ខុសនោះទេ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ