អានតួអត្ថបទ
កម្ពុជា

គណៈកម្មការ​រដ្ឋសភា​ចំនួន​៣​ បញ្ចប់​ការ​​ពិនិត្យ​ពិភាក្សា​លើ​សេចក្ដី​ព្រាង​ច្បាប់​អង្គការ

នៅ​ព្រឹក​ថ្ងៃ​ពុធ​នេះ គណៈកម្មការ​រដ្ឋសភា​ចំនួន​៣ បាន​បញ្ចប់​ការ​ពិភាក្សា​លើ​សេចក្ដីព្រាង​ច្បាប់​ស្ដី​ពី​សមាគម​និង​អង្គការមិន​មែន​​រដ្ឋាភិបាល​ហើយ​​ ដោយ​សម្រេច​តម្កល់​ខ្លឹម​សារ​នៃ​សេចក្ដី​ព្រាង​ច្បាប់​នេះ​ឲ្យ​នៅ​ដដែល​។ គួរ​ជម្រាបថា ជំនួប​នេះ​ធ្វើ​ឡើង​បន្ទាប់​ពី​រដ្ឋសភា​កំណត់​យក​ថ្ងៃ​ទី​១០​ខែ​កក្កដា​ខាង​មុខ ដើម្បី​រៀបចំ​សិក្ខាសាលា​ពិគ្រោះ​យោបល់​លើ​សេចក្ដី​ព្រាង​ច្បាប់​ដ៏​ចម្រូង​ចម្រាស់​នេះ​។ ជា​ការ​សម្គាល់​ គណៈកម្មការ​រដ្ឋសភា​ទាំង​៣ ដែល​ជួប​ពិភាក្សា​អំពី​សេចក្ដី​ព្រាង​ច្បាប់​អង្គការ​នេះ សុទ្ធ​សឹង​តែ​ជា​គណៈកម្មការ​ដែល​មាន​ប្រធាន​ជា​សមាសភាព​មក​ពី​គណបក្ស​កាន់​អំណាច​។ 

រដ្ឋសភា​កម្ពុជា
រដ្ឋសភា​កម្ពុជា ©បូណា
ផ្សាយពាណិជ្ជកម្ម

ការ​ពិភាក្សា​រវាង​អន្ដរគណៈកម្មការ​នៅ​រដ្ឋសភា អំពី​សេចក្ដី​ព្រាង​ច្បាប់​សមាគម​និង​អង្គការ​មិន​មែន​រដ្ឋាភិបាល បាន​រៀបចំ​ធ្វើ​ឡើង​នៅ​ថ្ងៃ​ពុធ​ទី​០១ ខែ​កក្កដា​នេះ នៅ​វិមាន​រដ្ឋសភា​។ នៅ​ក្នុង​ជំនួប​នោះ ​គណៈកម្មការ​ចំនួន​៣ដែល​ចូល​រួម សម្រេច​តំកល់​ទុក​ខ្លឹម​សារ​របស់​សេចក្ដី​ព្រាង​ច្បាប់​ឲ្យ​នៅ​ដដែល ដោយ​គ្រាន់​តែ​កែ​សម្រួល​នូវ​អក្ខរាវិរុទ្ធ​មួយ​ចំនួន​តែ​ប៉ុណ្ណោះ​។

 

ជា​ការ​កត់​សម្គាល់ គណៈកម្មការ​រដ្ឋសភា​ទាំង​៣ ដែល​ជួប​ពិភាក្សា​អំពី​សេចក្ដី​ព្រាង​ច្បាប់​អង្គការ​នេះ សុទ្ធ​សឹង​តែ​ជា​គណៈកម្មការ​ដែល​មាន​ប្រធាន​ជា​សមាសភាព​មក​ពី​គណបក្សប្រជាជន​កម្ពុជា ដែល​ជា​គណបក្ស​​កាន់​អំណាច​។ គណៈកម្មការ​ទាំង​៣​នោះ​រួម​មាន៖ ទី​១ គណៈកម្មការ​ទទួល​បន្ទុក​កិច្ច​ការ​បរទេស សហប្រតិបត្តិការ​អន្ដរជាតិ ឃោសនាការ និង​ព័ត៌មាន ដែល​មាន​លោក​ឈាង វុន ជា​ប្រធាន​។ ទី​២ គណៈកម្មការ​ទទួល​បន្ទុក​នីតិកម្ម​និង​យុត្តិធម៌ ដែល​មាន​លោក ប៉ែន បញ្ញា ជា​ប្រធាន​។ និង​ទី​៣ គឺ​គណៈកម្មការ​ទទួល​បន្ទុក​មហាផ្ទៃ ការពារ​ជាតិ និង​មុខងារ​សាធារណៈ ដែល​មាន​លោក​ហ៊ុន ណេង ជា​ប្រធាន​។

គួរ​ជម្រាប​ជូន​ថា ជំនួប​រវាង​គណៈកម្មការ​រដ្ឋសភា​ចំនួន​៣​នា​ពេល​នេះ ធ្វើ​ឡើង​បន្ទាប់​ពី​រដ្ឋសភា​បាន​កំណត់​យក​ថ្ងៃ​ទី​១០​ខែ​កក្កដា ដើម្បី​រៀប​ចំ​សិក្ខាសាលា​ពិគ្រោះ​យោបល់​ទៅ​លើ​សេចក្ដី​ព្រាង​ច្បាប់អង្គការ​​ដ៏​ចម្រូង​ចម្រាស់​។ រដ្ឋសភា​បាន​អះអាង​ថា សិក្ខាសាលា​នៅ​ថ្ងៃ​ទី​១០​កក្កដា​នោះ នឹង​មាន​ការ​អញ្ជើញ​ចូល​រួម​ពី​សំណាក់​អង្គទូត​នានា​ប្រចាំ​នៅ​កម្ពុជា អង្គការ​ជាតិ អង្គការ​អន្ដរជាតិ តំណាង​ក្រសួង​ពាក់ព័ន្ធ រដ្ឋសភា និង​ព្រឹទ្ធសភា​​ផង​ដែរ​។

ការ​រៀបចំ​ឲ្យ​មាន​សិក្ខាសាលា​ពិគ្រោះ​យោបល់​នេះ បាន​ទទួល​ការ​អបអរ​ស្វាគមន៍​។ ក៏​ប៉ុន្តែទន្ទឹម​គ្នា​នេះ ​សង្គម​ស៊ីវិល​ទទូច​ឲ្យ​មាន​ការ​ពិភាក្សា​ប្រកប​ដោយ​អត្ថន័យ មិន​មែន​ធ្វើ​ក្នុង​រយៈ​ពេល​ខ្លី​ដើម្បី​បង្គ្រប់​កិច្ច​ឡើយ ខណៈ​ដែល​សង្គម​ស៊ីវិល​ខ្លះ​ទៀត ទាមទារ​ឲ្យ​ទម្លាក់​ចោល​សេចក្ដី​ព្រាង​ច្បាប់ស្ដី​ពី​សមាគម​និង​អង្គការ​ក្រៅ​រដ្ឋាភិបាល​​នេះ​តែ​ម្ដង​៕

 

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ