អានតួអត្ថបទ
កម្ពុជា

ក្រុម​យុវជន ចាប់​ផ្តើម​ខ្វល់​ពី​សេចក្តី​ព្រាង​ច្បាប់ NGO

ក្រុម​យុវជន​ខ្មែរ​មួយ​ក្រុម​ បាន​ចាប់​ផ្តើម​សម្តែង​ការ​ព្រួយ​បារម្ភ​ពី​ផល​ប៉ះពាល់ នៃ​សេចក្តី​ព្រាង​ច្បាប់​ស្តី​ពី​សមាគម និង​អង្គការ​ក្រៅ​រដ្ឋាភិបាល។ ក្រុម​យុវជន អះអាង​ថា ច្បាប់​នេះ នឹង​ក្លាយ​ជា​ឧបសគ្គ​យ៉ាង​ខ្លាំង​ ចំពោះ​ការ​ចូលរួម​របស់​យុវជន ក្នុង​សកម្មភាព​សង្គម។ ការ​លើក​ឡើង​នេះ បាន​ធ្វើ​ឡើង​នៅ​ក្នុង​សន្និសីទ​កាសែត​របស់​ក្រុម​យុវជន​នៃ​សភា​យុវជន​ត្រាប់ នា​អង្គការ OXFAM នៅ​ថ្ងៃ​អង្គារ​ ទី​ ៣០មិថុនា​នេះ។

សន្និសីទ​កាសែត​របស់​ក្រុម​យុវជន​នៃ​សភាយុវជន​ត្រាប់​ នា​អង្គការ ​OXFAM ​នៅ​ថ្ងៃ​អង្គារ​ ទី​៣០​មិថុនា​នេះ។ ​
សន្និសីទ​កាសែត​របស់​ក្រុម​យុវជន​នៃ​សភាយុវជន​ត្រាប់​ នា​អង្គការ ​OXFAM ​នៅ​ថ្ងៃ​អង្គារ​ ទី​៣០​មិថុនា​នេះ។ ​ សហការី
ផ្សាយពាណិជ្ជកម្ម

ក្រុម​យុវជន​នៃ​សភា​យុវជន​ត្រាប់​ បាន​បង្ហាញ​ក្តី​បារម្ភ ​នៅ​ក្នុង​សន្និសីទ​របស់​ខ្លួន​ថា សេចក្តី​ព្រាង​ច្បាប់​ស្តី​ពី​សមាគម និង​អង្គការ​ក្រៅរដ្ឋា​ភិបាល ត្រង់​មាត្រា​៥ មាត្រា១០ មាត្រា២៤ មាត្រា២៥ មាត្រា២៦ ​មាត្រា​៣០ និង​មាត្រា៣២ បាន​ធ្វើ​ឲ្យ​ប៉ះពាល់​យ៉ាង​ខ្លាំង​ដល់​សកម្មភាព​ជួយ​សង្គម របស់​ក្រុម​យុវជន។ ថ្លែង​នៅ​ក្នុង​សន្និសីទ​កាសែត ក្រុម​យុវជន បញ្ជាក់​ថា បើ​សេចក្តី​ព្រាង​ច្បាប់​នេះ ត្រូវ​បាន​អនុម័ត​ដោយ​សភាជាតិ នោះ​វា​នឹង​ក្លាយ​ជា​ឧបសគ្គ​យ៉ាង​ខ្លាំង ដល់​ការ​ចូលរួម​របស់​យុវជន​យ៉ាង​ប្រាកដ។

យុវជន បារម្ភ​ថា​ការ​តម្រូវ​ឲ្យ​មាន​ការ​ចុះ​បញ្ជី​អង្គការ និង​សមាគម គឺ​មិន​បាន​លើក​ទឹក​ចិត្ត​ឲ្យ​ក្រុម​យុវជន​ មាន​លទ្ធភាព​បង្កើត​សមាគម និង​អង្គការ​ដោយ​សេរី​នោះ​ទេ។ ហើយ​វាជា​ហេតុ ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ការ​ផ្តួចផ្តើម​គំនិត​របស់​យុវជន ក្នុង​ការ​បង្កើត​ការងារ និង​ស្វែង​រក​បទ​ពិសោធន៍។ កត្តា​នេះ​ នឹង​នាំ​ឲ្យ​យុវជន​ដែល​គ្មាន​ការងារ​ធ្វើ អាច​ក្លាយ​ជា​ជន​ក្រីក្រ ហើយ​អាច​បង្ក​ចលាចល​ ក្នុង​សង្គម នៅ​ថ្ងៃ​អនាគត។

ក្រៅ​ពី​នេះ ការ​ធ្វើ​របាយការណ៍​ហិរញ្ញវត្ថុ និង​សកម្មភាព​ប្រចាំ​ឆ្នាំ ផ្ញើរ​ឲ្យ​រដ្ឋាភិបាល ក៏​ជា​ការ​បង្អាក់​ស្មារតី​នៃ​ការ​អភិវឌ្ឍ​សង្គម​របស់​យុវជន​ផង​ដែរ។ ក្រុម​យុវជន អះអាង​ថា រដ្ឋមាន​កាតព្វកិច្ច​បង្ហាញ​របាយការណ៍​ចំណូល​ចំណាយ​ប្រចាំឆ្នាំ ដល់​ក្រុម​អង្គការ ដោយសារ​រដ្ឋបាន​ប្រើប្រាស់​ថវិកា​ប្រមូល​ពន្ធ​ពី​ពលរដ្ឋ។ ប៉ុន្តែ​អង្គការ​មិន​គួរ ផ្តល់​គ្រប់​របាយការណ៍​ពី​សកម្មភាព​របស់​ខ្លួន ទៅ​រដ្ឋ​ទេ ព្រោះ​អង្គការ សមាគម​ ទទួល​បាន​ថវិកា​ជំនួយ។

តាម​ក្រុម​យុវជន សេចក្តី​ព្រាង​ច្បាប់​នេះ វា​ក៏​ជា​ឧបសគ្គ ក្នុង​ការ​អនុវត្ត​គោល​នយោបាយ​ជាតិ ស្តី​ពី​ការ​អភិវឌ្ឍ​យុវជន​កម្ពុជា ដែល​បាន​ចែង​ថា ត្រូវ​បង្ក​លក្ខណៈ​ងាយ​ស្រួល​ឲ្យ​យុវជន​ចូលរួម​ឲ្យ​បាន​ពេញ​លេញ​ក្នុង​សហគមន៍​មូលដ្ឋាន និង​ស្ថាប័ន​នានា។

ក្រុម​យុវជន​សភា​យុវជន​ត្រាប់ ចង់ឲ្យ​សភា​បើក​កិច្ច​ប្រជុំ​ពិភាក្សា​ជា​សាធារណៈ ជាមួយ​នឹង​ក្រុម​អង្គការ​សង្គម​ស៊ីវិល ជាមុន​សិន មុន​នឹង​សម្រេច​អនុម័ត​សេចក្តី​ព្រាង​ច្បាប់​នេះ។ យុវជន គិតថា​ពេល​នេះ​ជា​ពេល​វេលា​ល្អ សម្រាប់​មាន​ច្បាប់​គ្រប់គ្រង​អង្គការ​នៅ​កម្ពុជា ប៉ុន្តែ​ច្បាប់​នេះ គួរតែ​ជា​ច្បាប់​មួយ​ដែល​ប្រកប​ដោយ​តម្លាភាព ហើយ​មិន​រឹតត្បិត​ដល់​សេរីភាព​ និង​សិទ្ធិ​របស់​យុវជន។ យុវជន គាំទ្រ​វប្បធម៌​សន្ទនា រវាងបក្ស​ជាប់ឆ្នោត​ទាំងពីរ ដើម្បី​ស្វែង​រក​ដំណោះ​ស្រាយ​រួម​មួយ ធ្វើ​ឲ្យ​ល្អ​ប្រសើរ​ឡើង​នូវ​សេចក្តី​ព្រាង​ច្បាប់​ស្តី​ពី​អង្គការ​ក្រៅ​រដ្ឋាភិបាល​នេះ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ