អានតួអត្ថបទ
កម្ពជា

រដ្ឋសភា​​នៅ​​មិន​​ទាន់​​មាន​​ចំណាត់​​ការ​​បន្ទាប់​​ពី​​ទាហ៊ាន​​និង​​សមាគម​​និស្សិត​​បង្កើន​​ការ​​ដាក់​ញត្តិ​

ញត្តិ​ទាមទារ​ឲ្យ​លោក កឹម សុខា ចុះ​ចេញ​ពី​តំណែង​អនុ​ប្រធាន​ទី១​រដ្ឋសភា​ធ្លាក់​មក​ជាបន្ត​បន្ទាប់​ដោយ​ដំបូង​ផ្ដើម​ចេញ​ពី​កម្លាំង​ទាហ៊ាន​ប្រចាំ​សមរភូមិ​ព្រំដែន​កម្ពុជា ថៃ និង​បន្តជា​ហូរហែ​ដូចជា៖​ក្រុម​និស្សិត​ដែល​អះអាង​ថា​ជា​បណ្ដាញ​ក្រុម​បញ្ញវ័ន្ត និង គណបក្សប្រជាជន​នៅ​តាម​បណ្ដា​ខេត្ត​ជាដើម។ តែ​យ៉ាង​ណា​ក៏​ដោយ​រដ្ឋសភា​ថា នៅ​មិន​ទាន់​បានទទួល​ញត្តិ​ទាំង​អស់​នៅ​ឡើយ​ទេ​ហើយ​ក៏​មិន​ទាន់​បាន​គិត​ពី​សំណើ​ទាំង​នេះដែរ។

ក្រុម​ទាហាន ​លើក​បដា​ទាមទារ​ដក​លោក​កឹម សុខា​
ក្រុម​ទាហាន ​លើក​បដា​ទាមទារ​ដក​លោក​កឹម សុខា​
ផ្សាយពាណិជ្ជកម្ម

ខ្លឹមសារ​របស់​ញត្តិ​បង្កប់​ន័យ​តែ​មួយ​គឺ​ចោទ​ប្រកាន់​លោក កឹម សុខា ថា​ជា​មនុស្ស«ឃោសនា​បោកប្រាស់ ប្រជាពលរដ្ឋ ញុះញង់​អុជអាល​លាបព័ណ៌ បង្ករកំហឹងពូជសាសន៍​នឹង​ឈាន​ទៅ​បង្ក​សង្គ្រាម​ផ្ទៃ​ក្នុង​ប្រទេស»​ជាអ្វី​ដែល​ម្ចាស់​ញត្តិ​ចាត់​ទុក​ថា​មិនសម​ជា​ទង្វើ​របស់​ថ្នាក់​ដឹកនាំ​នៃ​ស្ថាប័ន​កំពូល​របស់​ជាតិ។

ហេតុផល​នេះ​ហើយ​ភ្លាមៗ​បន្ទាប់​ពី​បាតុកម្ម​ទាមទារ​ឲ្យ​លោក កឹម សុខា ចុះ​ចេញ​ពីតំណែង​កាល​ពី​ថ្ងៃ​ទី២៦​តុលា ដែល​បក្ស​ប្រឆាំង​ថា​ជា​ទង្វើ​មាន​ការ​រៀប​ចំ​ពី​គណបក្សប្រជាជន​កម្ពុជា​លោក គន់ គីម  តំណាង​ទាហ៊ាន​នៅ​ព្រំដែន​កម្ពុជា-ថៃ បាន​អំពាវនាវដោយ​ទទូច​ជម្រុញ​ទៅ​លោក ហេង សំរិន និង អ្នក​តំណាង​រាស្ត្រ​ទាំង​អស់​មេត្តា​ដកលោក កឹម សុខា ចេញ​ពី​អនុ​ប្រធាន​ទី១​រដ្ឋសភា​ឲ្យ​បាន​ឆាប់​តាម​ដែល​អាច​ធ្វើ​ទៅ​បាន​។ លោក គន់ គីម សង្ឃឹម​ទៀត​ថា ប្រធាន​រដ្ឋសភា​និង​តំណាង​រាស្ត្រ​ទាំង​អស់​នឹង​ចាត់វិធានការ​តាម​ការ​ស្នើ​សុំ​របស់​លោក​ជាក់​ជា​មិន​ខាន។

ឈរ​ក្រោម​កំដៅ​ថ្ងៃ​ពី​ខេត្ត​ព្រះវិហារ​ព្រំដែន​កម្ពុជា-​ថៃ​កម្លាំង​ទាហ៊ាន​ក៏​បាន​លើក​បដាចម្រុះ​ព័ណ៌​ជម្រុញ​លោក កឹម សុខា ចុះ​ចេញ​ពី​ដំណែង។ ដោយ​ឡែក​ចំពោះ​ញត្តិ​របស់​សមាគម​សិស្ស​និស្សិត​បញ្ញាវន្ត​ក្មេង​វត្ត​ក៏​មិន​ខុស​គ្នា​ប៉ុន្មាន​ដែរ​ពី​ក្រុម​ទាហ៊ាន​ដោយ​ពួកគេ​យល់​ថា​ដើម្បី​រក្សា​បាន​នូវ​សន្តិសុខ សុវត្ថិភាព ស្ថិរភាព​នៅ​កម្ពុជា​ឲ្យ​បាន​ល្អ​ប្រសើរដូច​ពេល​បច្ចុប្បន្ន​នេះ​ចាំ​បាច់​ត្រូវ​បោះឆ្នោត​ទំលាក់​លោក កឹម សុខា ចេញ​ពី​ដំណែង។

គេ​នៅ​ចាំមើល​ទៀត​ថា​តើ​នឹង​មាន​ក្រសួង​ស្ថាប័ន​រដ្ឋ ឫ​វិស័យ​ឯកជន​ណា​ខ្លះ? ធ្វើ​ញត្តិគាំទ្រ​ឲ្យ​លោក កឹម សុខា ​ចុះ​ចេញ​ពី​តំណែង​អនុ​ប្រធាន​ទី១​រដ្ឋសភា​បន្ទាប់​ពី​បាតុកម្មកាល​ពី​ថ្ងៃ​ទី​២៦​តុលា។ 

ឆ្លើយ​តប​ទៅ​នឹង​ម្ចាស់​ញត្តិ​លោក ​ឈាង វុន​​ ឲ្យ​ដឹង​ថា​ទាល់​តែ​មាន​ទឡ្ហីករណ៍​​ផ្នែក​​ច្បាប់​ច្បាស់​​លាស់​​ទើប​សភា​មាន​សិទ្ធ​សម្រេច​លើ​ជោគ​វាសនា​លោក កឹម សុខា​។ ​ម្យ៉ាង​​ទៀត​​បើ​​ផ្អែក​​ទៅ​​តាម​​សិទ្ធ​​អំណាច​របស់​អ្នក​តំណាង​រាស្ត្រ​មាន​សិទ្ធ​បោះឆ្នោត​ជ្រើស​​តំណែង​អនុ​ប្រធាន​​​រដ្ឋ​​សភា​ឫ​ប្រធាន​សភាក៏​មាន​សិទ្ធ​បោះឆ្នោត​ទម្លាក់​វិញ​បាន​ដែរ។​ តែ​យ៉ាង​ក៏​ដោយ​ទាំង​លោក​ ឈាង វុន ​អ្នក​នាំពាក្យ​រដ្ឋសភា​និង​លោក អេង ឆៃអ៊ាង ​ប្រធាន​គណៈ​កម្មការ​ទី១​សភា​គឺ​ គណៈកម្មការ​សិទ្ធិ​មនុស្ស​អង្កេត​ទទួលពា​ក្យ​បណ្តឹង​ និង​ទំនាក់​ទំនង​រដ្ឋសភា ​ព្រឹទ្ធសភា​នៅមិនទាន់ទទួលបានញត្តិមួយច្បាប់ណានៅឡើយទេ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ