អានតួអត្ថបទ
កម្ពុជា-អាមេរិក

លោក​ ហ៊ុន សែន ដាក់​ចំណោទ​៣ ​ឲ្យ​ឯកអគ្គរដ្ឋទូត​អាមេរិក​ដោះ​ស្រាយ

ពី​សួន​ឧស្សាហកម្ម​វឌ្ឍនៈ១​នៅ​ព្រឹក​ថ្ងៃ​សុក្រ​នេះ លោក​នាយករដ្ឋ​មន្ដ្រី ហ៊ុន សែន បាន​ថ្លែង​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ​ទាំង​អស់ ក្រោក​ឈរ​ឡើង​ប្រកាន់​នយោបាយ​ជាតិ​និយម ការពារ​អធិបតេយ្យភាព​របស់​កម្ពុជា ប្រឆាំង​នឹង​ការ​ជ្រៀតជ្រែករបស់​បរទេស​។ ឆ្លៀត​ក្នុង​​ឱកាស​នោះ ប្រមុខ​រដ្ឋាភិបាល​កម្ពុជា​មិន​ភ្លេច​លើក​ឡើង​ពី​ទំនាក់ទំនង​ជាមួយ​អាមេរិក​ដែល​កំពុង​តែ​ឡើង​កម្ដៅ​ទេ​។ លោក​នាយករដ្ឋ​មន្ដ្រី បាន​​ដាក់​ចំណោទ​ចំនួន​៣ ​ឲ្យ​ឯកអគ្គរដ្ឋទូត​អាមេរិក​ដោះ​ស្រាយ​។ រឿង​ទាំង​៣​នោះ​រួម​មាន៖ ទំនាក់ទំនង​អាមេរិក​ជាមួយ​លោក កឹម សុខា, ការ​ប្រកាស​អាសន្ន​របស់​ស្ថានទូត​​ពី​បញ្ហា​សន្តិសុខនៅ​ស្រុក​ខ្មែរ, និងចុង​ក្រោយ ពាក់ព័ន្ធនឹង​ការ​ផ្អាក​ទិដ្ឋាការ​របស់​អាមេរិក​មក​លើ​កម្ពុជា​។

លោក ហ៊ុន សែន នាយករដ្ឋ​មន្ដ្រី​នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា
លោក ហ៊ុន សែន នាយករដ្ឋ​មន្ដ្រី​នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា REUTERS
ផ្សាយពាណិជ្ជកម្ម

នៅ​ក្នុង​សំណុំ​រឿង​លោក កឹម សុខា​។ លោក​នាយករដ្ឋ​មន្ដ្រី ហ៊ុន សែន បាន​អះអាង​ថា កម្ពុជា​មិន​បាន​ចោទ​អាមេរិក​ទេ​។ គឺ​លោក កឹម សុខា ទេ ដែល​បាន​ថ្លែង​ថា បាន​ទទួល​ការ​បណ្ដុះ​បណ្ដាល​ពី​អាមេរិក ដើម្បី​ផ្ដួល​រំលំ​របប​ដឹក​នាំ​នៅ​កម្ពុជា​។ នៅ​ក្នុង​សំណុំ​រឿង​នេះ លោក ហ៊ុន សែន ចង់​ស្ដាប់​ការ​ពន្យល់​បក​ស្រាយ​ពី​ឯកអគ្គរដ្ឋទូត​អាមេរិក​ប្រចាំ​នៅ​ទីក្រុង​ភ្នំពេញ ថា​តើ​សម្ដី​របស់​លោក កឹម សុខា នោះ ពិត​ឬ​មិន​ពិត​? បន្ថែម​ពី​លើ​នេះ លោក​នាយករដ្ឋ​មន្ដ្រី​បាន​បញ្ជា​ឲ្យ​អគ្គស្នងការ​នគរបាល​ជាតិ និង​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ ស៊ើប​អង្កេត​លើ​ជនជាតិ​អាមេរិក​នៅ​កម្ពុជា​ទាំង​អស់ ដើម្បី​ស្វែង​រក​អ្នក​ធ្វើ​ចារកម្ម​នៅ​កម្ពុជា​ផង​ដែរ​ ទាំង​មុន និង​ក្រោយ​ឆ្នាំ​២០១៣​។

រឿង​ទី​២ ទាក់ទង​នឹង​ការ​ប្រកាសរបស់​ស្ថានទូត ដែល​ប្រាប់​ឲ្យ​ពលរដ្ឋ​អាមេរិកាំងប្រុង​ប្រយ័ត្នចំពោះ​​បញ្ហា​សន្តិសុខ​នៅ​ស្រុក​ខ្មែរ​។ លោក ហ៊ុន សែន នាយករដ្ឋ​មន្ដ្រី ចង់​ដឹង​ពី​ហេតុផល​នៅ​ពី​ក្រោយ​ការ​ប្រកាស​នោះ​។ តើ​ស្ថានទូត​អាមេរិកមាន​ព័ត៌មាន​ពី​គម្រោង​ភេរវកម្ម​នៅ​កម្ពុជា ឬ​អាមេរិក​មាន​បំណង​បាញ់​ម៊ីសីល​មក​លើ​កម្ពុជា ឬ​ថាការ​ប្រកាស​នោះ មាន​បំណង​​ចង់​បំភិតបំភ័យ​ប្រជាជន​កម្ពុជា​?

បញ្ហា​​ទី​៣ ស្ដី​អំពី​ការ​ដាក់​ទណ្ឌកម្ម​ទិដ្ឋាការ​របស់​អាមេរិក​មក​លើ​កម្ពុជា​, លោក​នាយករដ្ឋ​មន្ដ្រី​​ឆ្លើយ​តប​ទៅ​វិញ​ដោយ​សម្រេច​ផ្អាក​កិច្ច​សហប្រតិបត្តិការរុក​រក​អដ្ឋិធាតុ​ទាហាន​អាមេរិក​នៅ​កម្ពុជា​។ ប្រសិន​បើ​អាមេរិក​ចង់​បន្ត​ការ​រុក​រក​អដ្ឋិធាតុ​ទាហាន​អាមេរិក​៤៩​នាក់​ទៀត​ដែល​ស្លាប់​ចោល​ឆ្អឹង​នៅ​ស្រុក​ខ្មែរ ប្រមុខ​រដ្ឋាភិបាល​កម្ពុជា​សង្កត់​ធ្ងន់​ថា គឺ​ទាល់​តែ​អាមេរិក​ដក​ទណ្ឌកម្ម​ទិដ្ឋាការ​លើ​មន្ដ្រី​ការទូត​ខ្មែរ​ចេញ​វិញសិន។

បើ​តាម​លោក​នាយករដ្ឋ​មន្ដ្រី ហ៊ុន សែន កម្ពុជា​គ្មាន​ចេតនា​រក​រឿង​អាមេរិ​កទេ​។ ប៉ុន្តែ​អាមេរិកមិន​ត្រូវ​មើល​កម្ពុជា​ក្នុង​ខ្សែ​ភ្នែក​អាក្រក់ ហើយ​​ក៏​មិន​ត្រូវតាំង​ខ្លួន​​ជា​ម៉ែ​ឪ​កម្ពុជាដែរ​​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ