អានតួអត្ថបទ
កម្ពុជា

ក្រុម​​សហគមន៍​​ទំនាស់​​ដីធ្លី​​​ក្រុងភ្នំពេញ ​ដាក់​​លិខិត​​រក​​អន្តរាគមន៍​​ពី​​ជំទាវ​​ទី១​អាមេរិក​

ស្រី្ត​​តំណាង​​អ្នក​ភូមិ​​បឹងកក់​ អតីត​​អ្នកភូមិ​​បឹងកក់​ រួមទាំង​​សហគមន៍​​ព្រលាន​យន្តហោះ ​SOS​ នៅ​​ព្រឹក​​ថ្ងៃ​ទី១៣ ​មីនា​​នេះ ​បាន​ដាក់​​ញត្តិ​​​មួយ​ច្បាប់​​ទៅ​កាន់​​ស្ថានទូត​​សហរដ្ឋ​អាមេរិក​​ប្រចាំ​​នៅ​​ក្រុង​ភ្នំពេញ​​ ដើម្បី​​សុំ​​ជួប​​ជាមួយ​​ភរិយា​​ប្រ​ធានា​ធិបតី​​អាមេរិក​​ដែល​​គ្រោង​​មក​​ទស្សន​កិច្ច​​ផ្លូវ​រដ្ឋ​​ជា​​លើក​ដំបូង​​នៅ​​កម្ពុជា​។​

អ្នក​មាន​ជម្លោះ​ដីធ្លី​​​ដាក់​​​ញត្តិ​​​​​​ទៅ​​កាន់​​​ស្ថានទូត​​​​អាមេរិក​សុំ​ជួប​លោកស្រី ​Michelle Obama​
អ្នក​មាន​ជម្លោះ​ដីធ្លី​​​ដាក់​​​ញត្តិ​​​​​​ទៅ​​កាន់​​​ស្ថានទូត​​​​អាមេរិក​សុំ​ជួប​លោកស្រី ​Michelle Obama​ RFI/ Chiv Channa
ផ្សាយពាណិជ្ជកម្ម

តំណាង​ជម្លោះដីធ្លី​សហគមន៍​បឹងកក់ បុរី​កីឡា និង​សហគមន៍​ព្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ​sos ចង់​ជួប​ជាមួយ​ប្រពន្ធ​ប្រធានាធិបតី​អាមេរិក លោកស្រី មី​ឆែ​ល អូ​បា​ម៉ា​ដើម្បី​ពិភាក្សា និង​សុំ​យោបល់​ស្តីពី​ជម្លោះដីធ្លី​នៅក្នុង​ក្រុងភ្នំពេញ និង​ការឃុំខ្លួន​សកម្មជន​ដីធ្លី រួមទាំង​អ្នកនយោបាយ។

ក្នុង​លិខិត​ដែលមាន​ស្នាម​មេដៃ​អ្នកតំណាង​ជា​ស្ត្រី៤នាក់ បញ្ហា​ជម្លោះដីធ្លី​នៅ​ទីក្រុង​ភ្នំពេញ​ក្នុង​តំបន់​បឹងកក​ក់ និង​តំបន់​ជិត​ព្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ រួមទាំង​ការឃុំខ្លួន​សកម្មជន​បឹងកក់ អ្នកស្រី​ទេព វ​ណ្ណី​ជាដើម គឺជា​ខ្លឹមសារ​ពីរ​សំខាន់​ក្នុង​លិខិត​របស់​អ្នកតំណាង​ជម្លោះ​ដែល​បានដាក់​ទៅកាន់​ស្ថានទូត​អាមេរិក​ប្រចាំ​នៅ​កម្ពុជា។ ជាមួយ​អំ​ណះ​អ​ណា​ង​នេះ ស្រី្ត​អ្នក​តំបន់​ជម្លោះដីធ្លី​ទាំងអស់​រំពឹងថា ខ្លួន​នឹងមាន​ឱ្យ​កាស​ជួប​ជាមួយ​ជំទាវ​ទី១ដែលជា​ភរិយា​ប្រធានាធិបតី​អា​មេ​រិ​កំពុងកាន់​អំណាច ព្រោះថា​ដំណើរ​ទស្សនកិច្ច​ខាងមុខ គឺមាន​ទិសដៅ​លើកស្ទួយ​បញ្ហា​ស្ត្រី និង​កុមា រួមទាំង​ជាការ​ស្វែងយល់​ពី​វប្បធម៌​កម្ពុជា​ផងដែរ។

ស្ថានទូត​សហរដ្ឋអាមេរិក​ប្រចាំ​នៅ​កម្ពុជា មិន​អត្ថាធិប្បាយ​យ៉ាងណាទេ​ចំពោះ​ការស្នើសុំ​ជួប​របស់​ស្ត្រី​តំណាង​ទាំងនោះ។ អ្នកនាំពាក្យ​សាលា​រាជធានី​ភ្នំពេញ លោក​ឡុង ឌី​ម៉​ង់ បាន​លើកឡើងថា​ចំពោះ​ជម្លោះដីធ្លី​នៅ​តំបន់​បឹងកក់ និង​បូរី​កីឡា នឹង​ឈានដល់​ទីបញ្ចប់​នៅ​ខែមេសា​ខាងមុខ ព្រោះថា​ទាំង​សាលាក្រុង​ភ្នំពេញ និង​បូរី​កីឡា គឺ​កំពុង​បង្ហាញ​ឯកសារ​ស្របច្បាប់​ដើម្បី​ទទួលបាន​គេហដ្ឋាន ចំណែកឯ​អ្នក​មិនមាន​ឯកសារ​ស្របច្បាប់​សាលាក្រុង​បានផ្តល់​ទីតាំង​លំនៅដ្ឋាន​ក្នុងភូមិ​អណ្តូង។

ដោយឡែក​ជម្លោះដីធ្លី​នៅ​បឹងកក់ គឺ​នៅសល់តែ​គ្រួសារ​មួយចំនួន​តូច​តែប៉ុណ្ណោះ ហើយ​គ្រួសារ​ទាំងនេះ​កំពុង​ដោះស្រាយ។ មួយវិញទៀត​អ្នក​ដែល​រស់នៅ​ជិត​ផ្លូវ​រថភ្លើង​ក៏​រដ្ឋាភិបាល​កំពុង​ពិចារណា​ដើម្បី​សម្រេច​ផ្តល់​លំនៅដ្ឋាន​ច្បាស់លាស់​ដល់​ពលរដ្ឋ​ទាំងនោះ​ផងដែរ។ ប៉ុន្តែ​លោកស្រី​ច្រាយ នឹម​បាន​លើកឡើងថា ដំណោះស្រាយ​របស់​សាលា​រាជធានី​ភ្នំពេញ​នៅពេលនេះ​គឺ​មិនបាន​ផ្តល់​សំណង​ដល់​អ្នក​ទាមទារ​គ្រប់គ្នា​នោះទេ។

លោកស្រី​មី​ឆែ​ល អូ​បា​ម៉ា នឹង​មក​បំពេញ​ទស្សនៈ​នៅ​កម្ពុជា​ចាប់ពី​ថ្ងៃទី២១ ដល់​ថ្ងៃទី២២នៅ​ខេត្តសៀមរាប។ សូមបញ្ជាក់ថា ដំណើរ​ទស្សនៈកិច្ច​រប​ស់​ភរិយា​ប្រធានាធិបតី​អាមេរិក លោកស្រី​មី​ឆែ​ល​អូ​បា​ម៉ា គជា​ដំណើរ​ទស្សនៈកិច្ច​ជា​លើក​ទី១ដែល​ស្វាមី​គឺ​លោក​អូ​បា​ម៉ា​កំពុង​កាន់អំណាច។ ដោយឡែក​កាលពី​ឆ្នាំ១៩៦៧ ក្នុងសម័យ​សង្គមរាស្ត្រនិយម​ភរិយា​អតីត​លោក​ប្រធានាធិបតី​អាមេរិក John F. kenady ក៏​ធ្លាប់​មក​បំពេញ​ទស្សនៈកិច្ច​ជា​ផ្លូវការ​នៅ​កម្ពុជា​ផងដែរ។ យ៉ាងណាក៏ដោយ ថា​តើ​អ្នកមាន​ជម្លោះដីធ្លី​ក្នុង​ទីក្រុង​ភ្នំពេញ​នឹង​អាច​ជួប​ជាមួយ​ភរិយា​ប្រ​ធានាធិបតី​អាមេរិក​បានដែរ​ឬទេ ហើយ​ថា​តើ​លោកស្រី មី​ឆែ​ល​អូ​បា​ម៉ា​នឹង​អាចជួយ​ដូច​ការទាមទារ​របស់​សហគមន៍​ជម្លោះដីធ្លី​បានដែរ​ឬទេ?

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ