អានតួអត្ថបទ
កម្ពុជា

ក្រសួង​​ដែនដី​​បដិសេធ​​របាយការណ៍​​ជម្លោះ​ដីធ្លី​​របស់​​អង្គការ​​លីកាដូ​

ក្រសួង​​ដែនដី ​នគរូបនីយកម្ម​​និង​​សំណង់​​បាន​​បដិសេធ​​របាយការណ៍​​ស្តីពី​​ជម្លោះដីធ្លី​​របស់​​អង្គការ​លីកាដូ​​ថា​​ជា​​របាយការណ៍​​ដែល​​មិន​​ឆ្លុះ​បញ្ចាំង​​ការ​ពិត​។​ ​ក្រសួង​នេះ​​អះអាងថា​ ចាប់​ពី​​ឆ្នាំ​ ២០០២ ​ដល់ ​២០១៤​ ក្រសួង​​បាន​ទទួល​​ពាក្យ​បណ្តឹង ​ជាង ​៦ ៥០០ ​ករណី ​ប៉ុន្តែ ​រហូតដល់​​ដំណាច់​ឆ្នាំ ​២០១៤ ​នៅ​សល់​​វិវាទ​​តែ​៧៥០​ ករណី​​ប៉ុណ្ណោះ​​ដែល​​កំពុង​​បន្ត​​ដោះស្រាយ។ ​តួលេខ​​នេះ​​ផ្ទុយ​​ពី​​អង្គការ​លីកាដូ​​ដែលថា​ ជម្លោះដីធ្លី​​កើន​ឡើង​​យ៉ាង​ខ្លាំង។

ពលរដ្ឋក្រីក្ររងគ្រោះដោយការបំពានយកដីធ្លី
ពលរដ្ឋក្រីក្ររងគ្រោះដោយការបំពានយកដីធ្លី
ផ្សាយពាណិជ្ជកម្ម

ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់​បាន​បដិសេធថា តួលេខ​ករណី​ទំនាស់​ដីធ្លី​របស់​អង្គការ​ការពារ​សិទ្ធិមនុស្ស​លីកាដូ​មិន​ឆ្លុះបញ្ចាំង​ពី​ការពិត​ទេ។ ក្នុង​សេចក្តីជូនដំណឹង​របស់​ខ្លួន​ដែល​ចេញផ្សាយ​នៅ​ថ្ងៃ​សុក្រ​ទី២០ កុម្ភៈ​នេះ  ក្រសួង​ទទួលបន្ទុក​បញ្ហាដីធ្លីរ​បស់​រដ្ឋាភិបាល​បាន​បញ្ជាក់ថា ចាប់ពី​ឆ្នាំ ២០០២ ដល់ ២០១៤ ក្រសួង​ទទួលបាន​ពាក្យបណ្តឹង​ទាក់ទង​នឹង​ជម្លោះដីធ្លី​ចំនួន​ជាង ៦ ៥០០ ករណី​នៅ​ទូទាំងប្រទេស។

ប៉ុន្តែ នៅ​ដំណាច់ឆ្នាំ ២០១៤ កន្លងទៅ នៅសល់តែ​ករណី​ចំនួន ៧៥០ ប៉ុណ្ណោះ​ដែល​កំពុង​ដោះស្រាយ។ ក្រសួង​នេះ​បានបញ្ជាក់​ទៀតថា ជម្លោះដីធ្លី​បាន​ថយចុះ​យ៉ាងច្រើន​ដោយសារតែ​ការខិតខំ​ដោះស្រាយ​របស់ខ្លួន។ របាយការណ៍​នេះ​ផ្ទុយស្រឡះ​ពី​តួលេខ​របស់​អង្គការ​លីកាដូ​ដែល​បង្ហាញថា ជម្លោះដីធ្លី​បាន​កើនឡើង​យ៉ាងខ្លាំង។ ក្រសួង​ដែនដី នគរូបនីយកម្ម និង​សំណង់​ក៏បាន​ផ្ញើលិខិត​មួយច្បាប់​ទៅកាន់​លោកស្រី ពង្ស ឈីវហ្គិច នាយិការ​អង្គការ​លីកាដូ​ដើម្បី​សុំ​ផ្ទៀងផ្ទាត់​តួលេខ​ផងដែរ។

កាលពី​ថ្ងៃ​ព្រហស្បតិ៍​ទី ១៩ កុម្ភៈ អង្គការ​លីកាដូ​បានចេញ​ផ្សាយ​របាយការណ៍​មួយ​ដែល​បង្ហាញថា យ៉ាងហោចណាស់​ប្រជាពលរដ្ឋ​ជាង មួយ​ម៉ឺន​គ្រួសារ​ឬ​ត្រូវជា ជិត៥ម៉ឺន​នាក់ បាន​ទទួលរង​ផលប៉ះពាល់​ដោយសារ​ជម្លោះដីធ្លី​នៅក្នុង​ឆ្នាំ២០១៤។ ករណី​ទាំងនោះ ភាគច្រើន​កើតឡើង​នៅក្នុង​ខេត្ត​ចំនួន១៣នៅ​ទូទាំងប្រទេស។ លីកាដូ បាន​បន្តថា ចំនួន​នេះ​កើនឡើង​បី​ដង​បើ​ប្រៀបធៀប​នឹង​ឆ្នាំ២០១៣ ។

ក្នុង​របាយការណ៍​រប​ស់​ខ្លួន​ក្រោម​ចំណងជើង​ថា “ការកើនឡើង​ជាថ្មី​នៃ​ជម្លោះដីធ្លី គួរតែ​ត្រូវបាន​ដោះស្រាយ​ជាបន្ទាន់” លីកាដូ បាន​សម្តែង​ការព្រួយបារម្ភ​ជាខ្លាំង​ចំពោះ​ទិន្នន័យ​នៃ​ការកើនឡើង​ខ្លាំង​បែបនេះ។ ប៉ុន្តែ របាយការណ៍​នេះ​ត្រូវបាន​មន្ត្រី​រដ្ឋាភិបាល​ច្រានចោល។

លោក ផៃ ស៊ី​ផាន រដ្ឋលេខាធិការ​និង​ជា​អ្នកនាំពាក្យ​ទីស្តី​ការ​គណៈរដ្ឋមន្ត្រី​​បានចាត់ទុក​របាយការណ៍​របស់​អង្គការ​លីកាដូ​ថា​ជា​រឿងប្រឌិត​ដើម្បី​បំពេញចិត្ត​ម្ចាស់ជំនួយ​តែប៉ុណ្ណោះ។ នេះ​មិនមែនជា​លើក​ទី១ទេ​ដែល​របាយការណ៍​ស្តីពី​បញ្ហាដីធ្លី​មាន​ភាពផ្ទុយ​​គ្នា​ស្រឡះ​រវាង​សង្គម​ស៊ីវិល និង​ក្រសួង​របស់​រដ្ឋ។ យ៉ាងណាក៏ដោយ អង្គការ​លីកាដូ​អះអាងថា ខ្លួន​មាន​មូលដ្ឋាន​ទិន្នន័យ​ច្បាស់លាស់​ក្នុងការ​សរសេរ​របាយ​ការណ៍​នេះ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ