អានតួអត្ថបទ
កម្ពុជា-បោះឆ្នោត

សមាជិក​សភា​អាស៊ាន អំពាវនាវ​ឲ្យ​មាន​ការ​បោះ​ឆ្នោត​ដោយ​សន្តិវិធី​និង​បើក​ចំហ​នៅ​កម្ពុជា

សមាជិក​សភា​អាស៊ាន​ដើម្បី​សិទ្ធិ​មនុស្ស APHR អំពាវនាវ​ឲ្យ​បញ្ចប់​ការ​គំរាម​កំហែង អំពើ​ហិង្សា និង​បំភិត​បំភ័យ​ប្រជាពលរដ្ឋ​នៅ​មុន​ការ​បោះ​ឆ្នោត​។ នេះ​បើ​តាម​សេចក្ដី​ថ្លែងការណ៍​ចុះ​ថ្ងៃ​ទី​៣១​ឧសភា​នេះ​។ តាម​រយៈ​សេចក្ដី​ថ្លែងការណ៍​ដដែល APHR ក៏​បានសុំ​ឲ្យ​អាជ្ញាធរ​ធានាការពារ​សិទ្ធិ​បោះ​ឆ្នោត​របស់​ប្រជាពលរដ្ឋ​ផង​ដែរ​។

រូបភាព​តំណាង៖​ យុទ្ឋានាការ​​​ឃោសនា​​បោះ​ឆ្នោត​​របស់​​គណបក្ស​​ប្រជាជន​​កម្ពុជា
រូបភាព​តំណាង៖​ យុទ្ឋានាការ​​​ឃោសនា​​បោះ​ឆ្នោត​​របស់​​គណបក្ស​​ប្រជាជន​​កម្ពុជា
ផ្សាយពាណិជ្ជកម្ម

លោក Charles Santiago ប្រធាន APHR និង​ជា​សមាជិក​សភា​ម៉ាឡេស៊ី បាន​ថ្លែង​នៅ​ក្នុង​សេចក្ដី​ថ្លែងការណ៍​ថា បាន​ទទួល​របាយការណ៍​ជា​ច្រើន​ពី​ការ​គំរាម​កំហែង ដែល​បង្ក​ឲ្យ​មាន​ការ​ព្រួយ​បារម្ភ​ពី​ការ​បោះ​ឆ្នោត​។ ការ​គំរាម​កំហែង​ទាំង​នោះ​រួម​មាន ការ​ព្រមាន​របស់​លោក​នាយករដ្ឋ​មន្ដ្រី​ហ៊ុន សែន ពី​លទ្ធភាព​នៃ​សង្គ្រាម​ និង​ការ​ព្រមាន​របស់​លោក​រដ្ឋ​មន្ដ្រី​ការពារ​ជាតិ ទៀ បាញ់ អំពី​ការ​ត្រៀម​បង្ក្រាប​ការ​តវ៉ា​ដែល​អាច​កើត​មាន​ក្រោយ​ពេល​បោះ​ឆ្នោត។

វោហាសាសន៍​ដូច្នេះ ត្រូវ​បាន​លោក Santiago គូស​បញ្ជាក់​ថា មិន​ត្រឹម​តែ​បាន​គំរាម​កំហែង​ដល់​គណបក្ស​ប្រឆាំង​នោះទេ តែ​វា​ក៏​ជា​ការ​បំភិត​បំភ័យ​ប្រជាពលរដ្ឋ​កម្ពុជា​រាល់​ថ្ងៃ ដើម្បី​ឲ្យ​បោះ​ឆ្នោត​ឲ្យ​គណបក្ស​កាន់​អំណាច​។ នេះ​បើ​តាម​ប្រធាន APHR ដដែល​។ សម្រាប់​ប្រធាន​ស្ថាប័ន​នីតិបញ្ញត្តិ​អន្ដរជាតិ​នេះ លទ្ធិ​ប្រជាធិបតេយ្យ គឺ​និយាយ​អំពី​ការ​អនុញ្ញាត​ឲ្យ​ពលរដ្ឋ​ជ្រើស​រើស​ដោយ​ខ្លួន​ឯង​ផ្ទាល់​នៅ​ក្នុង​ប្រអប់​ឆ្នោត មិន​មែន​គំរាម​កំហែង​ពួក​គេ​ដោយ​អំពើ​ហិង្សា បើ​មិន​ធ្វើ​តាម​ការ​ណែនាំ​ឡើយ​។

ជា​ការ​កត់​សម្គាល់ ក្រៅ​ពី​ការ​គំរាម​កំហែង​របស់​មន្ដ្រី​រដ្ឋាភិបាល សមាជិកសភា​អាស៊ាន​ដើម្បី​សិទ្ធិ​មនុស្ស​ក៏​បាន​សម្ដែង​ការ​ព្រួយ​បារម្ភ​អំពី​ទឹក​ខ្មៅ​ជ្រលក់​ដៃ​ដែល​សង្គម​ស៊ីវិល​អះអាង​ថា​អាច​លុប​ជ្រះ ការ​បោះ​ពុម្ព​សន្លឹក​ឆ្នោត​លើស​២០​ភាគ​រយ​ច្រើន​ជាង​ការ​ចាំ​បាច់ និង​ការ​រំខាន​យុទ្ធនាការ​ឃោសនា​បោះ​ឆ្នោត​របស់​បក្ស​ប្រឆាំង​ផង​ដែរ​។

ក្រុម​សមាជិក​សភា​លើក​ឡើង​ថា ការ​វិវត្តន៍​ទាំង​នេះ​ត្រូវ​តែ​យក​ទៅ​ពិភាក្សា​ដោះ​ស្រាយ​ជា​បន្ទាន់ ដើម្បី​ធានា​បាន​នូវ​ការ​បោះ​ឆ្នោត​ដោយ​សេរី​និង​ត្រឹម​ត្រូវ​។ ចំពោះ​លោក Charles Santiago ប្រធាន APHR ការ​បោះ​ឆ្នោត​​នៅ​ថ្ងៃ​អាទិត្យ​ចុង​សប្ដាហ៍​នេះ គឺ​ជា​ការ​ធ្វើ​តេស្ត​លម្អិត​មួយ​អំពី​បរិយាកាស​នយោបាយ​មុន​ការ​បោះ​ឆ្នោត​ថ្នាក់ជាតិ ដែល​នឹង​ត្រូវ​រៀបចំ​ធ្វើ​នៅ​ឆ្នាំ​២០១៨​ខាង​មុខ​។ ហើយ​វា​ក៏​មាន​សារៈ​សំខាន់​ណាស់ដែរ​ សម្រាប់​ប្រជាធិបតេយ្យ​ថ្នាក់​មូលដ្ឋាន។ នេះ​បើ​តាម​លោក Santiago៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ