អានតួអត្ថបទ
កម្ពុជា-តុលាការ

ឧទ្ធរណ៍​​រ​ក​ឃើញ​​សកម្ម​​ជ​ន​ដីធ្លី​ទាំង​៤នាក់​ មាន​ទោស​ដូច​នឹង​ការ​សម្រេច​របស់​សាលា​ដំបូង

នៅ​ព្រឹក​ថ្ងៃទី​២៧ ខែ​កុម្ភៈ នេះ​សាលា​ឧទ្ធរណ៍​បាន​សម្រេច​តម្កល់​សេច​ក្តី​សម្រេច​របស់​តុលាការ​សាលា​ដំបូងរាជ​ធានី​ភ្នំពេញ ទុក​ជា​បាន​ការ​ដដែល​។ ដូច្នេះ​សកម្ម​ជន​ដីធ្លី​ទាំង​៤នាក់ ​ត្រូវ​ជាប់​ទោស​ដដែល​ នៅ​ក្នុង​បទប្រមាថ​អ្នក​រាជការ​សាធារណៈ និង​បទ​ប្រឆាំង​នឹង​អ្នក​រាជ​ការសាធារណៈ​មាន​ស្ថាន​ទម្ងន់​ទោស។    

សកម្មជនដែលយំមិនសុខចិត្ត នៅ តុលាការសាលាឧទ្ធរណ៍ ថ្ងៃទី ១១ កុម្ភៈ
សកម្មជនដែលយំមិនសុខចិត្ត នៅ តុលាការសាលាឧទ្ធរណ៍ ថ្ងៃទី ១១ កុម្ភៈ RFI-ចាន់ណា
ផ្សាយពាណិជ្ជកម្ម

អ្នកស្រី ទេព វន្នី និង​ស្ត្រី​សកម្ម​ជន​បឹង​កក់ ៣នាក់ ទៀត រួម​មាន៖ អ្នក​ស្រី គង់ ចន្ថា អ្នកស្រី បូ ឆវី និង​អ្នក​ស្រី ហេង មុំ ត្រូវ​ជាប់​ទោស​ដដែល ក្នុង​បទ ជេរ​ប្រមាថ​មន្ត្រី​សាធារណៈ និង​បទ​ប្រឆាំង​នឹង​អ្នក​រាជ​ការ​សាធារណៈមាន​ស្ថាន​ទម្ងន់​ទោស​។ នេះ​បើ​តាម​ការ​សម្រេច​របស់​សាលា​ឧទ្ធរណ៍​នៅ​ព្រឹក​ថ្ងៃ​ទី​២៧ ខែ​កុម្ភៈ​នេះ។

ការ​សម្រេច​របស់​តុលាការ​សាលា​ឧទ្ធរណ៍ នៅ​ព្រឹក​នេះ ធ្វើ​ឡើង​ក្រោម​សម្រែក​តវ៉ា​ពី​សកម្ម​ជន​បឹង​កក់​ដូច​គ្នានៅ​ខាង​ក្រៅ​តុលាការ​សាលា​ឧទ្ធរណ៍។ តំណាង​ក្រុម​សកម្ម​ជន​ដីធ្លី​បាន​ចាត់​ទុក​ការ​សម្រេច​នេះ ថា​តុលាការស្រុក​ខ្មែរ​មិន​អាច​ផ្តល់​យុត្តិធម៌ និង​តម្លាភាព​ដល់​ក្រុម​របស់​ពួក​គាត់​ទេ ហើយ​ទី​បំផុត​ពួក​គាត់​មាន​តែ​ការសោក​ស្តាយ​ប៉ុណ្ណោះ។

សកម្មជន​ដីធ្លី​ទាំង​៤នាក់​ត្រូវ​បាន​សាលា​ដំបូង​រាជធានី​ភ្នំពេញ កាលពីថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៦ ​បាន​សម្រេច​ផ្តន្ទាទោសឲ្យ​ជាប់​ពន្ធនាគារ​ម្នាក់​ៗ​ រយៈ​ពេល​៦​ខែ ពី​បទ​ «ប្រមាថ​អ្នក​រាជការ​សាធារណៈ និង​បទ​ប្រឆាំង​នឹង​អ្នក​រាជការ​សាធារណៈ​ មាន​ស្ថាន​ទម្ងន់​ទោស» តាម​មាត្រា ៥០២ និង​មាត្រា ៥០៤ នៃ​ក្រម​ព្រហ្មទណ្ឌ ប្រព្រឹត្ត​នៅ​មុខ​សាលា​រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី​ ២៨ ខែ​វិច្ឆិកា ឆ្នាំ​២០១១។

ក្រោយ​មក​សំណុំ​រឿង​នេះ​បាន​បញ្ជូន​ដល់​ឧទ្ធរណ៍ ហើយ​ត្រូវ​បាន​តុលាការ​សាលា​ឧទ្ធរណ៍ បាន​បើក​សវនាការ ជំនុំ​ជម្រះ កាល​ពីថ្ងៃទី​១៥ ខែ​កុម្ភៈ ឆ្នាំ​២០១៧។

ដោយ​ឡែក កាល​ពី​ថ្ងៃទី២៣ ខែ​កុម្ភៈកន្លង​ទៅ ​លោក​ស្រី ទេព វន្នី ត្រូវ​បាន​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ ​ប្រកាស​សាលក្រម​ផ្តន្ទា​ទោស ​ដាក់​ពន្ធនាគារ​រយៈពេល​ ២​ឆ្នាំ​ ៦​ខែ​ ពាក់​ព័ន្ធ​ការ​ប្រើ​អំពើ​ហិង្សា​លើ​សន្តិសុខ​សាលា​ខណ្ឌ​ដូន​ពេញ​ពីរ​នាក់​ ។ ​

តុលាការ ក៏​បាន​ពិន័យ​ជា​ប្រាក់​លើ​លោក​ស្រី​ ទេព​ វន្នី​ ចំនួន​ ៥​លាន​រៀល​ និង​ បង្គាប់​ឲ្យ​សង​សំណង​ជំងឺ​ចិត្ត​ដល់​ជន​រង​គ្រោះ​ពីរ​នាក់​ចំនួន​ ៩​លាន​រៀល។ លោក​ស្រី​ ទេព​ វន្នី​ ជាប់​ចោទ​ពី​បទ​ហិង្សា​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់​ទោស ប្រព្រឹត្ត​នៅ​ក្បែរ​វិមាន​ឯករាជ្យ សង្កាត់ ទន្លេ​បាសាក់ ខណ្ឌ ដូនពេញ រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី ១៣ ខែ​មិនា ឆ្នាំ ២០១៣ តាម​មាត្រា ២១៨ នៃ​ក្រម​ព្រហ្មទណ្ឌ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ