អានតួអត្ថបទ
កម្ពុជា

ឧទ្ធរណ៍​នឹង​លើក​យក​ករណី​លោក មាជ សុវណ្ណារ៉ា និង​សកម្មជន​បក្ស​ប្រឆាំង មក​បើក​សវនាការនៅ​ពាក់​កណ្តាល​ខែ​មិនា

តុលាការ​សាលា​ឧទ្ធរណ៏ នឹង​លើក​យក​ករណី​របស់​លោក មាជ សុវណ្ណារ៉ា និង​សកម្មជន​គណបក្ស​ប្រឆំាង​ចំនួន​១១​រូប​ផ្សេង​ទៀត មក​បើក​សវនាការ​ជា​ថ្មី នៅ​ពាក់​កណ្តាល​ខែ​មិនា​ខាង​មុខនេះ​។ ជា​សវនាការ​លើ​បណ្តឹង​ប្រឆាំង​នឹង​សេចក្តី​សម្រេច​របស់​តុលាការ​ក្រុង​ភ្នំពេញ ​ពាក់​ព័ន្ធ​នឹងសំណុំ​រឿង​រំដោះ​ទី​លាន​ប្រជាធិបតេយ្យ​កាល​ពី​ឆ្នាំ​២០១៤។ ក្រុម​មេធាវី​ការពារ​ក្តីរំ​ពឹង​ទុក​ថា​ សវនាការ​របស់​សាលា​ឧទ្ធរណ៍ នឹង​ផ្តល់​យុត្តិធម៌​ដល់​ពួក​គេ។

លោក​ មាជ សុវណ្ណារ៉ា ​សកម្មជន​មួយ​រូប​ក្នុង​ចំណោម​សកម្មជន​ទាំង​១១​រូប​ផ្សេតទៀត ​ដែល​​ត្រូវ​​បាន​​តុលាការ​ក្រុង​ភ្នំពេញ​កាត់​ទោស​ដាក់​ពន្ធនាគារ។​
លោក​ មាជ សុវណ្ណារ៉ា ​សកម្មជន​មួយ​រូប​ក្នុង​ចំណោម​សកម្មជន​ទាំង​១១​រូប​ផ្សេតទៀត ​ដែល​​ត្រូវ​​បាន​​តុលាការ​ក្រុង​ភ្នំពេញ​កាត់​ទោស​ដាក់​ពន្ធនាគារ។​ RFI/ Siv Channa
ផ្សាយពាណិជ្ជកម្ម

បើ​គ្មាន​ការ​ប្រែ​ប្រួល​ទេ សវនាការ​លើ​សំណុំ​រឿង​រំ​ដោះ​ទី​លាន​ប្រជាធិបតេយ្យ​កាល​ពី​ឆ្នាំ២០១៤ នឹង​ត្រូវ​តុលាការ​សាលា​ឧទ្ធរណ៍ លើក​យក​មក​បើក​សវនការ​ឡើង​វិញ នៅ​ថ្ងៃ​ទី​១៧​ខែមិនាខាង​មុខ​នេះ។ នេះ​បើ​តាម​ការ​ឲ្យ​ដឹង​ពី លោក សំ សុខគង់ មេធាវី​ការពារ​ក្តី​ឲ្យ​លោក មាជ សុណ្ណារ៉ា នៅ​ថ្ងៃទី២ កុម្ភៈ ឆ្នាំ២០១៦។

គួរ​ជម្រាប​ជូន​ថា លោក មាជ សុវណ្ណារ៉ា មន្រ្តី​ជាន់​ខ្ពស់​គណបក្ស​សង្រ្គោះ​ជាតិ រួម​ទាំង​សកម្ម​ជន​​គណបក្សប្រឆាំង​១០​នាក់​ផ្សេង​ទៀត ត្រូវ​បាន​តុលាការ​ក្រុង​ភ្នំពេញ​កាត់​ទោស​កាលពី​ខែ​កក្កដា ឆ្នាំ​២០១៥ ឲ្យ​ជាប់​ពន្ធនាគារ​ក្នុង​ម្នាក់​ចាប់​ពី​៧​ទៅ​២០​ឆ្នាំ​ ពី​បទ​ចូល​រួម និង​ដឹក​នាំ​កុប្បកម្ម​រំដោះ​ទី​លាន​ប្រជាធិបតេយ្យ ដែល​បាន​ប្រព្រឹត្តិ​ទៅ​នៅ​ថ្ងៃ​ទី​ ១៥ កក្កដា ឆ្នាំ២០១៤។ ជារយៈ​ពេល​អន្តរកាល នៃ​ភាព​តាន​តឹង​ខាង​ផ្នែក​នយោបាយ​រយៈ​ពេល​ជាង​១​ឆ្នាំ ក្រោយ​ពី​ការបោះ​ឆ្នោត​ជាតិ​ នៅ​ឆ្នាំ​២០១៣​មក។

គិត​ត្រឹម​ថ្ងៃ​ទី​២ កុម្ភៈ ឆ្នាំ២០១៦ គឺ​មាន​រយៈពេល​៧​ខែ​មកហើយ ដែល​សកម្មជន​គណបក្ស​សង្រ្គោះ​ជាតិ​ទាំង​១១រូប កំពុង​ជាប់​ឃុំ​នៅ​ក្នុង​ពន្ធនាគារ​ព្រៃសរ​ ហើយ​នេះ ក៏​ជា​សវនាការ​សាលាឧទ្ធរណ៍​លើក​ទី​១​ដែរ បន្ទាប់​ពីតុ​លាការ​ក្រុង​ភ្នំពេញ​បានកាត់​ទោស​ឲ្យ​ពួក​គេ​ជាប់​ពន្ធនាគារ​កាល​ពី​ខែ​កក្កដា​ឆ្នាំ២០១៥នោះ។

គួរ​បញ្ជាក់​ដែរ​ថា លោក មាជ សុវណ្ណារ៉ា ដែល​គេ​ដឹង​ថា មាន​សញ្ជាតិ​អាមេរិកកាំង​ផងនោះ ត្រូវ​បាន​កូន​ស្រី​ច្បង​របស់​ខ្លួន ផ្ញើ​លិខិត​សុំ​អន្តរាគមន៍​ដោះ​លែង ជា​បន្ត​បន្ទាប់​ទៅ​កាន់​ប្រធានា​​ធិបតី​អាមេរិក លោក បារ៉ាក់ អូបាម៉ា និង​ប្រមុខ​ការ​ទូត​អាមេរិក លោក ចន ឃែរី កាលពី​អំឡុង​ខែ​មករា​កន្លង​ទៅ។ ក៏​ប៉ុន្តែ គេ​មិន​ឃើញ​មាន​ការ​ប្រែ​ប្រួល ឬ​សញ្ញា​វិជ្ជមាន​ណា​មួយនោះ​ទេ ខណៈ​ដែល​ប្រមុខ​ការ​ទូត​អាមេរិក​លោក ចន ឃែរី បាន​មក​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា​កាល​ពី​ចុង​ខែ​មករា​កន្លង​ទៅ​នេះ​។

យ៉ាង​ណា​ក៏​ដោយ លោក សំ សុខគង់ មេធាវី​ការពារ​ក្តី​ឲ្យ​លោក មាជ សុវណ្ណារ៉ា បានសរសេរ​នៅ​លើ​បណ្តាញ​សង្គម​ហ្វេស​បុក​របស់​លោក​ថា ការ​ទន្ទឹង​រង់​ចំា​ទទួល​បាន​នូវ​យុត្តិធម៌របស់​ពួក​អ្នក​ជាប់​ចោទ ដែល​លោក​មេធាវី​បាន​ហៅ​ថា ជា​អ្នក​ទោស​មនសិការ​នេះ និង​កើតមាន​នៅ​ពេល​តុលាការ​សាលាឧទ្ធរណ៍​បើក​សវនាការ​នៅ​ពាក់​កណ្តាល​ខែ​មិនា​ខាង​មុខ​នេះ។​

លោក​មេធាវី​បាន​បញ្ជាក់​ថា នៅ​ក្នុង​អំឡុង​ពេល​នៃ​សវនាការ​សាលាឧទ្ធរណ៍​ខាង​មុខ លោកនឹង​ដាក់​ភស្តុតាង​បន្ថែម​ទៅ​កាន់​អង្គ​សវនាការ ដើម្បី​ប្រឆាំង​នឹង​សាលក្រម​របស់​តុលាការ​ក្រុងភ្នំពេញ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ