អានតួអត្ថបទ
កម្ពុជា

អាជ្ញាធរ​អប្សរា​នឹង​ពង្រឹង​កម្លាំង​យាមល្បាត​បន្ថែម​ ខណៈ​ទេសចរ​បរទេស​លួតថត​រូប​អាក្រាតកាយ​ជា​បន្ត​បន្ទាប់!

អាជ្ញាធរ​ជាតិ​អប្សរា​ទើប​តែ​បាន​ឃាត់ខ្លួន​ស្ត្រី​ជនជាតិ​អាមេរិក​ពីរនាក់​ថ្មី​ទៀត​ ដែល​បាន​លួត​ថត​រូប​អាក្រាត​កាយ​របស់​ខ្លួន​នៅ​ក្នុង​បរិវេណ​ប្រាសាទ​ព្រះខ័ន​ កាល​ពី​វេលា​ម៉ោង​១០​ ព្រឹក​ថ្ងៃ​សុក្រទី​ ៦កុម្ភៈ​ម្សិលមិញនេះ។​ ទន្ទឹម​នឹង​កើត​មាន​ហេតុការណ៍​ថតរូប​អាសអាភាស​នេះ​ជា​បន្តបន្ទាប់​មក​ អាជ្ញាធរ​ជាតិ​អប្សរា​បាន​បញ្ជាក់​ខ្លួន​នឹង​ពង្រឹង​ការ​យាមល្បាត​ និង​បន្ថែម​ស្លាកសញ្ញា​ស្តី​ពី​ការ​ហាម​មិន​ឲ្យ​ស្លៀក​សំលៀកបំពាក់​មិន​សមរម្យ ​ឲ្យបាន​ច្រើន​នៅ​តាម​តំបន់​ប្រាសាទ​នានា។

រូបភាព​ស្ត្រី​បរទេសថ​ត​អាក្រាត​កាយ​ផ្នែក​ខាងលើ​​នៅ​ប្រាសាទ​ខ្មែរនាពេលកន្លងមក។
រូបភាព​ស្ត្រី​បរទេសថ​ត​អាក្រាត​កាយ​ផ្នែក​ខាងលើ​​នៅ​ប្រាសាទ​ខ្មែរនាពេលកន្លងមក។ @Facebook
ផ្សាយពាណិជ្ជកម្ម

ស្ត្រីជនជាតិ​អាមេរិក​ពីរ​នាក់​ បាន​នាំ​គ្នា​លួច​ថត​រូប​អាក្រាត​កាយ​របស់​ខ្លួន​នៅ​ក្នុង​បរិវេណ​ប្រាសាទ​ព្រះខ័ន​ កាល​ពី​ថ្ងៃ​សុក្រ​ ហើយ​ត្រូវ​បាន​អាជ្ញាធរ​ជាតិ​អប្សរា​ ឃាត់​ខ្លួន​ ហើយ​បញ្ជូន​ទៅ​ឲ្យ​នគបាល​ទេសចរណ៍​ប្រចាំ​ខេត្ត​សៀមរាប​ជា​អ្នក​ដោះស្រាយ។ ​ស្ត្រីទាំងពីរ​នាក់​នេះ​មាន​ឈ្មោះ​ថា​ Lindsey Kate ADAMS ​អាយុ​២២ឆ្នាំ ​និង​ម្នាក់​ទៀត​មាន​ឈ្មោះ​ថា​ Leslie Jan ADAMS អាយុ២០ឆ្នាំ។

ករណី​នេះ​បាន​កើត​មាន​ឡើង​តែ​មួយ​សប្តាហ៍​បន្ទាប់​ពី​បុរស​ភ្ញៀវទេសចរ​ សញ្ជាតិ​បារាំង​បីនាក់​ បាន​លួត​ថតរូបអាក្រាត​កាយ​នៅ​ក្នុង​តំបន់​បរិវេណ​ប្រាសាទ​បន្ទាយ​ក្តី​កាល​ពី​ថ្ងៃ​ទី​ ២៩មករា​កន្លង​ទៅ​នេះ។ យុវជន​បារាំង​ទាំង​បី​នាក់​ដែល​មាន​អាយុ​ចាប់​ពី​២០​ ដល់ ២២ឆ្នាំ ​ត្រូវ​បាន​តុលាការ​ខេត្ត​សៀមរាម​បាន​សម្រេច​កាត់​ក្តី​ ដោយ​ពិន័យ​ជា​ប្រាក់​ក្នុង​ម្នាក់​ៗ ចំនួន​ ១លាន​រៀល, ឲ្យ​ជាប់ពន្ធនាគារ​៦ខែ ​និង​មិន​ឲ្យ​ចូល​ទឹកដី​ខ្មែរ​ រយៈពេល៤ឆ្នាំ​ កាល​ពី​ថ្ងៃ​ទី​ ៣១មករា។ ប៉ុន្តែ​ទោស​ជាប់ពន្ធនាគារ​នោះ​ មិន​ត្រូវ​បាន​អនុវត្ត​នោះ​ទេ។

អគ្គនាយក​អាជ្ញាធរជាតិអប្សរា​ លោកប៊ុន​ ណារិទ្ធ​បាន​បញ្ជាក់​ប្រាប់​វិទ្យុបារំាង​នៅ​ព្រឹក​ថ្ងៃ​សៅរ៍​នេះថា​ អាជ្ញាធរ​អប្សរា​នឹង​បង្កើន​កម្លាំង​យាមល្បាត​របស់​ខ្លួន​ឲ្យកាន់​តែ​តឹង​រឹង​បន្ថែម​ទៀត​ ហើយ​ក៏​នឹង​ដាក់​ពង្រាយ​ស្លាក​សញ្ញា​ស្តី​ពី​ការ​ហាម​មិន​ឲ្យ​ស្លៀកសំលៀក​បំពាក់​វៀលខ្លី​ មិន​សមរម្យ​ចូល​ក្នុង​តំបន់​ប្រាសាទ​អង្គរ​ផង​ដែរ។

គួរ​ជម្រាបជូន​ផងដែរ​ថា ​វិធាន​ការ ចាប់ខ្លួន​ភ្ញៀវ​ទេសចរ​បរទេស​ ដែល​ថត​រូប​អាក្រាត​មិន​សមរម្យ ​នៅ​លើ​ប្រាសាទ​ខ្មែរ​នេះ​ បាន​ចាប់​ផ្តើម​ឡើង ​បន្ទាប់​ពី​មាន​ការ​បង្ហោះ​រូប​ភាព​ស្រី្ត​អាក្រាត​កាយ​ នៅ​ប្រាសាទខ្មែរ​ជា​ច្រើន ទៅ​លើ​ទំព័រ​បណ្តាញ​សង្គម ដែល​បង្ក​ឲ្យ​មានការ​រិះគន់​ដល់​អាជ្ញាធរ​ជាតិ​អប្សរា​ជា​ខ្លាំង។ អជ្ញាធរ​ជាតិ​អប្សរា​ ដែល​នៅ​ពេល​នេះ​ បាន​បញ្ជាក់​ថា ​កំពុង​តែបន្ត​ស៊ើប​អង្គេត ​និង​ចាត់​វិធាន​ការ​ លើ​គ្រប់​ករណី​ការ​ថតរូប​អាក្រាត្រ ឬ​ការ​ថតរូប​មិន​សមរម្យ នៅ​ក្នុង​ប្រាសាទ​ខ្មែរ​នោះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ