អានតួអត្ថបទ
កម្ពុជា

សហជីព​គាំទ្រ​ការ​បង្កើត​ច្បាប់​ប្រាក់​ឈ្នួល​អប្បបរមា​នៅ​កម្ពុជា​របស់​ក្រសួង​ការងារ

ក្រសួង​ការងារ​កំពុង​ពិភាក្សា​ជាមួយ​អ្នក​ជំនាញ​ការ​ផ្នែក​ប្រាក់​ឈ្នួល​របស់​អង្គការ​អន្តរជាតិ​ខាង​ការងារ (ILO) ដើម្បី​រៀបចំ​សេចក្តី​ព្រាង​ច្បាប់​ស្តីពី​ប្រាក់​ឈ្នួល​អប្បបរមា​នៅ​កម្ពុជា។ បើ​តាម​លោក​អ៊ិត សំហេង រដ្ឋ​មន្ត្រី​ក្រសួង​ការងារ សេចក្តី​ព្រាង​ច្បាប់​នេះ គឺ​ដើម្បី​ធានា​ដំណើរ​ការ​យន្ត​ការ​កំណត់​ប្រាក់​ឈ្នួល​អប្បបរមា និង​ធានា​ភាព​សុខដុម​រមនា​នៃ​ទំនាក់​ទំនង​វិជ្ជាជីវៈ ក៏​ដូចជា​ការ​លើក​កម្ពស់​កម្រិត​ជីវភាព​របស់​កម្មករ​និយោជិត ព្រម​ទាំង​ធានា​នូវ​ស្ថិរភាព និរន្តរភាព នៃ​វិស័យ​ពាណិជ្ជកម្ម​អន្តរជាតិ និង​ការ​ទាក់ទាញ​ការ​វិនិយោគ​នៅ​កម្ពុជា​ផង​ដែរ។ មេ​សហជីព​សំខាន់​ៗ​កម្ពុជា បាន​គាំទ្រ​ចំពោះ​សេចក្តី​ព្រាង​ច្បាប់​ថ្មី​មួយ​នេះ។

រូបភាពចាស់៖ កម្មករ​-​កម្មការិនី​ខ្មែរ​ឈរលើក​ស្ទីកឃ័រ​ពណ៌​បៃតង ​នៅ​ក្នុង​យុទ្ធនាការ​ទាមទារ​ប្រាក់​ឈ្នួល​សមរម្យ​​នាពេលកន្លងមក។
រូបភាពចាស់៖ កម្មករ​-​កម្មការិនី​ខ្មែរ​ឈរលើក​ស្ទីកឃ័រ​ពណ៌​បៃតង ​នៅ​ក្នុង​យុទ្ធនាការ​ទាមទារ​ប្រាក់​ឈ្នួល​សមរម្យ​​នាពេលកន្លងមក។ @/Facebook
ផ្សាយពាណិជ្ជកម្ម

លោក​អាត់ ធន់ ប្រធាន​សហភាព​ការងារ​កម្ពុជា បាន​លើក​ឡើង​ថា សេចក្តី​ព្រាង​ច្បាប់​ថ្មី​នេះ នឹង​ផ្តល់​អត្ថប្រយោជន៍​ច្រើន​ដល់​កម្មករ និយោជិត ដូចជា​កម្មករ​នៅ​ក្នុង​វិស័យ​ខ្លះ​ ដែល​មិន​ទាន់​ត្រូវ​បាន​គេ​គិត​គូរ​នោះ នឹង​ចាប់​ផ្តើម​មាន​ការ​គិត​គូរ​ឡើង​វិញ។ សម្រាប់​លោក​អាត់ ធន់ និយាយ​ជា​ទូទៅ សេចក្តី​ព្រាង​ច្បាប់​ស្តីពី​ប្រាក់​ឈ្នួល​អប្បបរមា​នៅ​កម្ពុជា​នេះ នឹង​ធ្វើ​ឲ្យ​ការ​កំណត់​ប្រាក់​ឈ្នួល​សម្រាប់​កម្មករ​និយោជិត​នឹង​កើត​មាន​ជា​ទៀង​ទាត់ ហើយ​នឹង​ច្បាស់​លាស់។

ចំណែកលោក​មឿង តុលា នាយក​ប្រតិបត្តិ​នៃ​មជ្ឈមណ្ឌល​សម្ព័ន្ធ​ការងារ និង​សិទ្ធិ​មនុស្ស​វិញ លោក​យល់​ថា បើ​កម្ពុជា​មាន​ច្បាប់​ស្តីពី​ប្រាក់​ឈ្នួល​អប្បបរមា​នេះ នោះ​ប្រាក់​ឈ្នួល​អប្បបរមា​សម្រាប់​កម្មករ​នឹង​ត្រូវ​បាន​កំណត់​នៅ​ក្នុង​ស្តង់ដារ​តែ​មួយ ឫ​និយាយ​ឲ្យ​ស្រួល​យល់​ទៅ គឺ​មាន​ប្រាក់​ឈ្នួល​ជា​គោល​មួយ​ច្បាស់​លាស់។ បន្ថែម​លើ​នេះ សម្រាប់​លោក​មឿន តុលា អ្វី​ដែល​សំខាន់​នៃ​ច្បាប់​ថ្មី​នេះ គឺ​វា​នឹង​ជួយ​ឲ្យ​និយោជក​ ដែល​មាន​បំណង​មក​រក​ស៊ី​នៅ​ស្រុក​ខ្មែរ​មាន​ត្រី​វិស័យ​ច្បាស់​លាស់​ក្នុង​ការ​ផ្តល់​ប្រាក់​ឈ្នួល​សមរម្យ​ដល់​កម្មករ​ខ្មែរ។ ជាមួយ​គ្នា​នេះ​ដែរ លោក​មឿង តុលា ក៏​បាន​ចង្អុល​បង្ហាញ​ថា ការ​ធ្វើ​សេចក្តី​ព្រាង​ច្បាប់​នេះ គឺ​ស្រប​ទៅ​នឹង​ច្បាប់​ស្តី​ពី​ការងារ​ថែម​ទៀត។

ទន្ទឹម​នឹង​ការ​គាំទ្រ​នេះ ក្រុម​សហជីព​ក៏​មាន​ការ​ព្រួយ​បារម្ភ​មួយ​ចំនួន​ផង​ដែរ​លើ​សេចក្តី​ព្រាង​ច្បាប់​ស្តីពី​ប្រាក់​ឈ្នួល​អប្បបរមា​នៅ​កម្ពុជា។ លោក​មឿង តុលា បារម្ភ​ខ្លាច​ថា ការ​កំណត់​ប្រាក់​ឈ្នួល​តាម​ច្បាប់​ថ្មី​នេះ មិន​ឈរ​ទៅ​តាម​តម្រូវ​ការ​ចាំបាច់​របស់​កម្មករ។ ដូច្នេះ​លោក​ស្នើ​ឲ្យ​មាន​ការ​កំណត់​ប្រាក់​ឈ្នួល​បំពេញ​ទៅ​តាម​តម្រូវ​ការ​របស់​កម្មករ។ ម៉្យាងទៀត ការ​កំណត់​ត្រូវ​ធ្វើ​ឡើង​តាម​លក្ខណៈ​វិទ្យាសាស្រ្ត ដោយ​ជៀស​វាង​ការ​កំណត់​តាម​លក្ខណៈ​កេង​ចំណេញ​នយោបាយ។ រីឯ​លោក​ប៉ាវ ស៊ីណា ប្រធាន​សម្ព័ន្ធ​សហជីព​ចលនា​កម្មករ​វិញ បាន​ទាមទារ​ឲ្យ​កំណត់​ប្រាក់​ឈ្នួល​តាម​ច្បាប់​ថ្មី​នេះ មាន​តម្លាភាព​ដោយ​ភាគី​ ដែល​ត្រូវ​ចរចា​តំណាង​ឲ្យ​កម្មករ​ត្រូវ​កំណត់​ឲ្យ​បាន​ច្បាស់។

ចំពោះ​លោក​អាត់​ ធន់ លោក​ខ្លាច​ច្បាប់​ថ្មី​នេះ កាត់​បន្ថយ​សិទ្ធិ​ជា​មូលដ្ឋាន​របស់​កម្មករ ដូចជា​មិន​ឲ្យ​មាន​ការ​តវ៉ា​ពាក់ព័ន្ធ​នឹង​បញ្ហា​ប្រាក់​ឈ្នួល​ជា​ដើម។ ដូច្នេះ​លោក​ទាមទារ​ចង់​ពិនិត្យ​មើល​សេចក្តី​ព្រាង​ច្បាប់​នេះ​ឲ្យ​បាន​លម្អិត និង​ស្នើ​ឲ្យ​ក្រសួង​រៀបចំ​សិក្ខាសាលា​ពិគ្រោះ​យោបល់​ជាមួយ​ក្រុម​សហជីព​ឲ្យ​បាន​ច្រើន​ដង​សិន មុន​បញ្ជូន​ឲ្យ​រដ្ឋសភា​ពិនិត្យ និង​សម្រេច​អនុម័ត​នោះ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ