អានតួអត្ថបទ
កម្ពុជា-សង្គម

​កម្ពុជា​រំពឹង​ថា​ភ្ញៀវ​ទេសចរ​នឹង​កើន​ឡើង​២ទៅ៣​ដង ក្រោយ​ដោះ​ស្រាយ​ចប់​ជំងឺ Covid-19​

កម្ពុជានៅតែបើកចំហជើងមេឃវិស័យទេសចរណ៍ទៅកាន់ពិភពលោក គឺមិនមានការ​បិទការ​ធ្វើ​ដំណើរ​ណាមួយ​ដូចបណ្តា​ប្រទេសមួយចំនួន​ដែលបារម្ភពីការរីករាល​នៃជំងឺCovid-19​នោះទេ។ នេះជាការលើក​ឡើង​របស់​រដ្ឋលេខាធិការ​ក្រសួង​ទេសចរណ៍ នៅក្នុង​សន្និសិទកាសែតនាព្រឹក​ថ្ងៃចន្ទនេះ។ តាមរយៈ​វិធានការ​ដែល​បានដាក់​ចេញ​ដើម្បី​ស្រោចស្រង់​ការធ្លាក់ចុះ​វិស័យទេសចរណ៍ថ្មីៗនេះ ក្រសួងទេសចរណ៍​រំពឹងថា​វិស័យ​នេះ​នៅតែរីកចម្រើន ខណៈ​ចំនួនភ្ញៀវទេសចរនៅខេត្តសៀមរាប និងក្រុងព្រះសីហនុ ​ធ្លាក់ចុះយ៉ាងគំហុក។ 

ទង់ជាតិកម្ពុជា (រូបតំណាង)
ទង់ជាតិកម្ពុជា (រូបតំណាង) @Internet
ផ្សាយពាណិជ្ជកម្ម

ក្រោយពីដោះស្រាយចប់បញ្ហារីករាលដាលនៃជំងឺ Covid-19 នៅរង្វង់៤ឬ៥ខែទៀត ចំនួនភ្ញៀវទេសចរណ៍​មកកម្ពុជាអាចនឹងកើន២ទៅ៣​ដង។ នេះការរំពឹងទុក​របស់​លោក ទិត្យ ចន្ថា រដ្ឋលេខាធិការ​ក្រសួង​ទេសចរណ៍។ ប៉ុន្តែ​លោកទទួលស្គាល់ថា នៅពេលនេះ​ចំនួនភ្ញៀវទេសចរចិន​ដែលបានមកកម្ពុជាកាលពីឆ្នាំ២០១៩ចំនួនជាង២,៥ លាននាក់នោះ ​នៅឆ្នាំនេះ​កំពុង​ធ្លាក់ចុះយ៉ាងគំហុក ខណៈ​ភ្ញៀវពីអឺរ៉ុប​ថយចុះ​តិចតួចប៉ុណ្ណោះ។

បើតាម​ លោក ទិត្យ ចន្ថា ក្នុង​រយៈពេល២ខែ​ដើម​ឆ្នាំ​២០២០​នេះ ចំនួនភ្ញៀវទេសចរ​ធ្លាក់ចុះជារួម១៥% ប៉ុន្តែការ​រំពឹងទុក​រយៈពេល​ពេញ​មួយ​ឆ្នាំ​ ភ្ញៀវទេសចរបរទេសអាចថយចុះតែប្រមាណ១០%ប៉ុណ្ណោះ។

ជំនួសឲ្យការធ្លាក់ចុះ​ចំនួនទេសចរណ៍បរទេសនេះ ប្រមុខ​រដ្ឋាភិបាល​ជាថ្មី​ម្តងទៀត នៅថ្ងៃចន្ទនេះ បានអំពាវនាវឲ្យមានកំណើនភ្ញៀវទេសចរណ៍​ក្នុង​ស្រុក ដោយ​កាត់​បន្ថយ​ពលរដ្ឋខ្មែរ ធ្វើ​ដំណើរ​ចេញ​ក្រៅប្រទេស ដែល​ក្នុងមួយឆ្នាំប្រមាណ១លាននាក់។

ក្រៅពីនោះ ក្រសួងទេសចរណ៍ បាន​បង្កើត​​បណ្ណ​ដំណើរ​កម្សាន្ត​មានតម្លៃ​សមរម្យ សម្រាប់​ពលរដ្ឋ​ខ្មែរ​ដែល​ចង់​ធ្វើដំណើរ​កម្សាន្ត​ទូទាំងប្រទេស ដែលអាច​កាត់បន្ថយ​ការចំណាយ​ចាប់ពី ២០ទៅ៣០​ភាគរយ ប្រើ​ប្រៀបធៀប​ទៅនឹង​ការធ្វើដំណើរ​ផ្ទាល់​ខ្លួន​។​ បណ្ណ​ដំណើរ​កម្សាន្ត​នេះ គឺ​ផ្តល់នូវ​អត្ថប្រយោជន៍​ជាច្រើន ដូចជា ធានា​លើ​សុវត្ថិភាព​ការធ្វើដំណើរ ថវិកា និង​ផ្តល់​ទំនុកចិត្ត​ខ្ពស់ ការសម្រួល​ដល់ពេល​វេលា និង​ផ្ដល់​ភាពងាយស្រួល​ក្នុងការ​ស្វែងរក​តំបន់​គោលដៅ​ទេសចរណ៍​។

ចំណែក​ម្ចាស់សណ្ឋាគារ និង​ផ្ទះ​សំណាក់វិញ ​ត្រូវបាន​លើកលែងការ​បង់​ពន្ធ​ចំនួន៤ខែ ហើយ​បុគ្គលិក​ផ្នែក​នេះ​នឹងត្រូវ​ទទួលបានការបណ្តុះបណ្តាល​ជំនាញបន្ថែម។ នេះជាការ​គូសបញ្ជាក់​របស់​លោក ទិត្យ ចន្ថា​។

បើតាមរដ្ឋ​លេខា​ធិការរូបនេះ ចំនួនភ្ញៀវទេសចរបរទេសមកកម្ពុជា នៅឆ្នាំ២០១៩ មាន ៦,៦លាននាក់ ដែលគិតជាទឹកប្រាក់ចាក់ចូលសេដ្ឋកិច្ច​កម្ពុជាប្រមាណ៥ពាន់លានដុល្លារ ខណៈភ្ញៀវក្នុង​ស្រុកមាន​ចំនួន១១លាននាក់គិតជាទឹកប្រាក់ប្រមាណ៥រយលានដុល្លារ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ