អានតួអត្ថបទ
កម្ពុជា

​សេចក្តី​ព្រាង​ច្បាប់​គជប ​និង​ច្បាប់​បោះ​ឆ្នោត ​បង្ហាញ​មុន​សិក្ខា​សាលា​ នៅ​ថ្ងៃ​ចន្ទ

សេច​ក្តី​ព្រាង​សេច​ក្តី​ស្នើ​ច្បាប់​គជប​ និង​សេច​ក្តី​ស្នើ​ច្បាប់​បោះ​ឆ្នោត​ថ្មី​ ត្រូវ​បាន​លោក​សម​រង្ស៊ី​ ផ្សព្វ​ផ្សាយ​តាម​ទំព័រ​ហ្វេសប៊ុក​ នៅ​ព្រឹក​ថ្ងៃសៅរ៍​ ទី៧ ​ខែមីនា​នេះ។​ សេចក្តី​ស្នើច្បាប់​ទាំង​ពីរ​ នឹង​ត្រូវ​បង្ហាញ​ក្នុង​សិក្ខាសាលា​ពិគ្រោះ​យោបល់​ នា​ព្រឹក​ថ្ងៃចន្ទ​ ទី៩ ​ខែមីនា ​នៅ​រដ្ឋ​សភា។​ ប៉ុន្តែ​អង្គការ​សង្គម​ស៊ីវិល​ ស្នើ​ឲ្យ​មាន​សិក្ខា​សាលា​ពិគ្រោះ​យោបល់​ ១​ ទៀត ​ព្រោះ​ថា ​សិក្ខាសាលា​រយៈ​ពេល ​១ ​ព្រឹក​ នៅ​ថ្ងៃ​ចន្ទ​ ទី៩​មីនា ​មាន​រយៈ​ពេល​ខ្លី​ ដែល​សង្គម​ស៊ីវិល ​មិន​មាន​ពេល​ពិនិត្យ​លើ​សេច​ក្តី​ព្រាង​ច្បាប់​ទាំង​ពីរ ​ដើម្បី​ផ្តល់​មតិ​យោបល់​ឲ្យ​បាន​ពេញលេញ​ឡើយ។​

ប្រធាន​ក្រុម​ការងារ​ខាង​គណបក្ស​ប្រជា​ជន​កម្ពុជា​ និង​គណបក្ស​សង្គ្រោះ​ជាតិ​ ប្រជុំ​ចរចា​កម្រិត​បច្ចេក​ទេស ​ដើម្បី​កែ​ច្បាប់​ស្តី​ពី​ការ​រៀប​ចំ ​និង​ការ​ប្រព្រឹត្តិ​ទៅ​នៃ​គណៈ​កម្មា​ធិការ​ជាតិ​រៀប​ចំការ​បោះឆ្នោត​ នៅថ្ងៃទី ១៧ វិច្ឆិកា ២០១៤។
ប្រធាន​ក្រុម​ការងារ​ខាង​គណបក្ស​ប្រជា​ជន​កម្ពុជា​ និង​គណបក្ស​សង្គ្រោះ​ជាតិ​ ប្រជុំ​ចរចា​កម្រិត​បច្ចេក​ទេស ​ដើម្បី​កែ​ច្បាប់​ស្តី​ពី​ការ​រៀប​ចំ ​និង​ការ​ប្រព្រឹត្តិ​ទៅ​នៃ​គណៈ​កម្មា​ធិការ​ជាតិ​រៀប​ចំការ​បោះឆ្នោត​ នៅថ្ងៃទី ១៧ វិច្ឆិកា ២០១៤។ @RFI/ Siv Channa
ផ្សាយពាណិជ្ជកម្ម

ពីរ​ថ្ងៃ ​មុន​ថ្ងៃ​ចន្ទ ទី៩ ខែមីនា​ ដែល​ជា​ថ្ងៃ​សិក្ខាសាលា​រៀប​ចំ​នៅ​រដ្ឋសភា​ ដើម្បី​ជជែក​ពិភាក្សា​លើ​ច្បាប់​បោះ​ឆ្នោត ​និង​ច្បាប់​គជប ​គឺ​នៅ​ព្រឹក​ថ្ងៃ​សៅរ៍​នេះ​តែម្តង ​លោក​សមរង្ស៊ី បាន​ផ្សព្វ​ផ្សាយ​នូវ​សេចក្តី​ព្រាង​ចុង​ក្រោយ​នៃ​ច្បាប់ ​គ.ជ.ប.​ និង​ច្បាប់​បោះ​ឆ្នោត។

ច្បាប់​ស្តីពី​ការ​បោះ​ឆ្នោត​ជ្រើស​តាំង​តំណាង​រាស្ត្រ ​មាន​ ១៧១ ​មាត្រា ​និង​ ១២​ ជំពូក​ ជា​សេចក្តី​ព្រាង​ចុង​ក្រោយ​ ដែល​បាន​ឯក​ភាព​ដោយ​ក្រុម​ការងារ​នៃ​គណ​បក្ស​ទាំង​ពីរ​ នៅ​ថ្ងៃទី៦​ ខែមីនា​ ឆ្នាំ២០១៥។​ ចំណែក​សេច​ក្តីព្រាង​សេចក្តី​ស្នើច្បាប់​គជប​ ដែល​បាន​ឯកភាព​ដោយ​ក្រុម​ការងារ​នៃ​គណបក្ស​ប្រជាជន​កម្ពុជា ​និង​គណបក្ស​សង្គ្រោះ​ជាតិ ​កាលពី​ថ្ងៃទី៨​ ខែធ្នូ ​ឆ្នាំ២០១៤​ មាន​ ៧ ​ជំពូក​ និង​ ៦៦ ​មាត្រា។

សេចក្តីព្រាង​ច្បាប់​បោះឆ្នោត​ និង​ច្បាប់​គជប​ ដែល​ទើប​តែ​ផ្សព្វផ្សាយ​នៅ​ថ្ងៃ​សៅរ៍​នេះ ហាក់​ដូច​ជា​ប្រថុច​ញុច ​ដែល​សង្គម​ស៊ីវិល ​មិន​មាន​សិទ្ធិ​ពេល​ពេញ​លេញ​ ដើម្បី​ពិនិត្យ​តាម​វិជ្ជាជីវៈ ​និង​តាម​បច្ចេក​ទេស​ សម្រាប់​ផ្តល់​ជា​មតិ​យោបល់ ​នៅ​ថ្ងៃ​ចន្ទ ​ទី​៩មីនា​នោះទេ។​ នេះ​បើ​តាម​លោក​ ព្រាប​ កុល​ ប្រធាន​អង្គការ​តម្លាភាព​កម្ពុជា។ ​ទោះបីជា​ស្វាគមន៍​នូវ​ការ​បញ្ចេញ​សេច​ក្តីព្រាង​ច្បាប់​ទាំង​ពីរ​ នៅ​ពេល​នេះ ​តែ​លោក​ព្រាប​កុល​ នឹង​មិន​ចូលរួម​ក្នុង​សិក្ខាសាលា នៅ​ព្រឹក​ថ្ងៃ​ចន្ទ​នោះ​ទេ​។

សិក្ខា​សាលា ​នៅ​ព្រឹក​ថ្ងៃ​ចន្ទ​ ត្រូវ​បាន​លោក​ គល់​ បញ្ញា ​នាយក​ប្រតិបត្តិ​អង្គការ​ឃ្លាំមើល​ការ​បោះ​ឆ្នោត ​ខុមហ្វ្រែល​ បាន​ចាត់​ទុកថា​ជា​សន្និ​សីទ​កាសែត​ ដែល​គណបក្ស​ទាំង​ពីរ​ គ្រាន់​តែ​បង្ហាញ​សេច​ក្តីព្រាង​ច្បាប់​ ព្រោះ​តាម​សេច​ក្តីព្រាង​កម្មវិធី​ សិក្ខា​សាលា នឹង​ធ្វើ​ឡើង​តែមួយ​ព្រឹក​ រីឯ​កម្មវិធី​សំណួរ​-ចម្លើយ​ និង​ការ​ផ្តល់​មតិ​យោបល់ ​មាន​ពេល​តែ ​១ ​ម៉ោង​ ១០​ នាទី​ប៉ុណ្ណោះ។  

តាម​លោក​ គល់​ បញ្ញា ​គណបក្ស​ទាំង​ពីរ ​ត្រូវ​រៀប​ចំ​សិក្ខា​សាលា​ពិគ្រោះ​យោបល់​ពេញលេញ​មួយ​ នៅ​ក្រោយ​ថ្ងៃ៩មីនា​ ដោយ​មាន​អ្នក​ជំនាញ​ការ​ជាតិ​អន្តរ​ជាតិ​ និង​ភាគី​ពាក់ព័ន្ធ​ចូល​រួម។ ​សិក្ខាសាលា ​ក្រោយ​ថ្ងៃ៩​មីនា ​ក៏​ត្រូវ​ធ្វើ​យ៉ាង​ហោច​ណាស់ ​១ ​ថ្ងៃ ​ដើម្បី​ឲ្យ​សង្គម​ស៊ីវិល​ មាន​ពេល​គ្រប់​គ្រាន់​ក្នុង​ការ​ពិនិត្យ ​និង​ផ្តល់​មតិ​យោបល់​លើ​សេច​ក្តីព្រាងច្បាប់​ទាំង​ពីរ​នោះ។

យ៉ាង​ណាក៏ដោយ​ សម្រាប់​លោក​ គួយ​ ប៊ុន​រឿន​ តំណាង​ក្រុម​ការងារ​ចរចា​គណបក្ស​សង្គ្រោះ​ជាតិ ​មិន​ទាន់​ដឹង​ថា ​គណបក្ស​ទាំង​ពីរ ​អាច​នឹង​រៀប​ចំ​សិក្ខាសាលា​ផ្សេង​ទៀត ​ក្រោយ​ថ្ងៃ៩មីនា ​ឬ​មិន​មាន​នោះ​ទេ ​ដោយ​លោក​អះ​អាង​ថា ​ចាំ​មើល​មតិ​យោបល់​អ្នក​ចូល​រួម​ក្នុង​សិក្ខា​សាលា ​នា​ព្រឹក​ថ្ងៃ​ចន្ទ។

ចំណែក​ការ​ព្រួយ​បារម្ភ​ និង​សំណើ​ឲ្យ​លុប​ចោល​ កែសម្រួល ​ឬក៏​បន្ថែម​ចំណុច​ណាមួយ​ក្នុង​ពង្រាង​ច្បាប់​បោះ​ឆ្នោត​ និង​ច្បាប់​គជប ​ត្រូវ​បាន​លោក​ គួយ ​ប៊ុន​រឿន​ បញ្ជាក់ថា ​ក្រុម​ការងារ​គណបក្ស​ទាំង​ពីរ​ នឹង​ពិនិត្យ​លើ​មតិយោបល់​ទាំង​នោះ ​មុន​នឹង​បញ្ជូន​ច្បាប់​ទាំង​ពីរ​ ទៅ​រដ្ឋសភា ​ប្រជុំ​អនុម័ត​ ឲ្យ​បាន​រួចរាល់​នៅមុន​ពិធីបុណ្យ​ចូល​ឆ្នាំថ្មី ​នា​ពាក់​កណ្តាល​ខែ​មេសា​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ