អានតួអត្ថបទ
កម្ពុជា-បោះឆ្នោត

ចិន​ផ្ដល់​ជំនួយ​៣០​មុខ​ដល់ គជប សម្រាប់​ការ​បោះ​ឆ្នោត​ជាតិ​ឆ្នាំ​២០១៨

សម្ភារៈ បរិក្ខារ ចំនួន​៣០​មុខ ត្រូវ​បាន​ប្រទេស​ចិន​សម្រេច​ផ្ដល់​ជំនួយ​ដល់​គណៈកម្មាធិការ​​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត ហៅ​កាត់​ថា គជប សម្រាប់​ការ​បោះ​ឆ្នោត​ជាតិ​ឆ្នាំ​​ក្រោយ ឆ្នាំ​២០១៨​។ ជា​ការ​កត់​សម្គាល់ ជំនួយ​នេះ ធ្វើ​ឡើង​បន្ទាប់​ពី​សហភាព​អឺរ៉ុប និង​អាមេរិក សម្រេច​ផ្អាក​ផ្ដល់​ជំនួយ​ដល់ គជប ដោយ​សារការ​សម្រេច​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​ពី​សំណាក់​តុលាការ​កំពូល​កម្ពុជា​។

គណៈកម្មាធិការ​​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត
គណៈកម្មាធិការ​​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត NEC
ផ្សាយពាណិជ្ជកម្ម

ជំនួយ​សម្ភារៈ​និង​បរិក្ខារ​ទាំង​៣០​មុខ ដែល​ចិន​នឹង​​ផ្ដល់​មក​ឲ្យ គជប នៅ​មិន​ទាន់​អាច​វាយ​តម្លៃ​ជា​ទឹក​ប្រាក់​បាន​នៅ​ឡើយ​ទេ។ ប៉ុន្តែបើ​តាម គជប ជំនួយ​ទាំង​នោះ​រួម​មាន៖ កុំព្យូទ័រជាង​១០០​គ្រឿង វិទ្យុ​ទាក់ទង​៥៥០​គ្រឿង កាមេរ៉ា៣០​គ្រឿង ម៉ាស៊ីន​បញ្ចាំង​ស្លាយ២​គ្រឿង ម៉ាស៊ីន​ថត​ចម្លង​៣​គ្រឿង ម៉ាស៊ីន​ព្រីន​៧​គ្រឿង តុ​កៅអី​ការិយាល័យ ទូរ​ដាក់​សម្ភារៈ ប្រអប់​ដាក់​សន្លឹក​ឆ្នោត១​ម៉ឺន​៥​ពាន់ប្រអប់ បន្ទប់​សម្ងាត់​សម្រាប់​បោះឆ្នោត​ចំនួន​៦​ម៉ឺន ព្រម​ទាំង​សម្ភារៈ​បរិក្ខារ​ចាំ​បាច់ផ្សេង​ៗ​ទៀត​។

គួរ​កត់​សម្គាល់​ថា នេះ​គឺជំនួយ​លើក​ដំបូង​បង្អស់​របស់​ចិន មក​កាន់ គជប បន្ទាប់​ពី​សហភាព​អឺរ៉ុប និង​អាមេរិក សម្រេច​ដក​ខ្លួន​ចេញ​លែង​ផ្ដល់​ជំនួយ​ដល់​ស្ថាប័ន​រៀបចំ​ការ​បោះឆ្នោត​នៅ​ស្រុក​ខ្មែរ​ នៅ​ខែ​ធ្នូនេះ​។

ចិន​បាន​សន្យា​ថា នឹង​ផ្ដល់​ជំនួយ​ដល់ គជប បន្ថែម​ទៀត សម្រាប់​ការ​បោះ​ឆ្នោត​ជា​បន្ត​បន្ទាប់​ឲ្យ​ប្រព្រឹត្ត​ទៅ​ដោយ​រលូន មាន​ភាព​ត្រឹម​ត្រូវ មាន​តម្លា​ភាព និង​គណនេយ្យភាព​។ សូម​រំឭក​ថា កាល​ពី​ឆ្នាំ​២០១៦​កន្លង​ទៅ ចិន​​បាន​ផ្ដល់​ជំនួយ​១២​លាន​ដុល្លារ​ដល់ គជប សម្រាប់​ដំណើរការ​បោះ​ឆ្នោត​ជ្រើស​រើស​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់ ថ្ងៃ​ទី​៤​មិថុនា ឆ្នាំ​២០១៧​។

ក្រៅ​ពី​ចិន ជប៉ុន​ក៏​បាន​ប្រកាស​ជួយ គជប ក្នុង​ការ​ធានា​ដំណើរការ​បោះ​ឆ្នោត​ជាតិ​នៅ​ឆ្នាំ​២០១៨​ផង​ដែរ​។ បើ​តាមគម្រោង ជប៉ុន​នឹង​ផ្ដល់​ជំនួយ​៧,២​លាន​ដុល្លារ ដល់ គជប សម្រាប់​រៀបចំ​ការ​បោះ​ឆ្នោត​ខាង​មុខ​។

ដោយ​ឡែក ​រដ្ឋាភិបាល​កម្ពុជា​វិញ បាន​ប្រកាស​ថា ខ្លួន​ត្រៀម​ថវិកា​គ្រប់​គ្រាន់​ហើយ សម្រាប់​រៀបចំ​ការ​បោះ​ឆ្នោត​នៅ​កម្ពុជា​នា​ពេល​ខាង​មុខ​។ ក្នុង​នោះ ថវិកា​ជាង​២​លាន​ដុល្លារ​ត្រូវ​បាន​ត្រៀម​ទុក​សម្រាប់​រៀបចំ​ការ​បោះ​ឆ្នោត​ជ្រើស​សមាជិក​ព្រឹទ្ធសភា។ ចំណែក​ការ​បោះឆ្នោត​ជ្រើស​រើស​តំណាងរាស្ត្រ ត្រៀម​ចំណាយ​ថវិកា​ជាង​៥២​លាន​ដុល្លារ​។ ការ​បោះ​ឆ្នោត​សមាជិក​ព្រឹទ្ធសភា​អាណត្តិ​ទី​៤ នឹង​ត្រូវ​រៀបចំ​ធ្វើ​នៅ​ថ្ងៃ​ទី​២៥​កុម្ភៈ ឆ្នាំ​២០១៨ ខណៈ​ការ​បោះ​ឆ្នោត​ជ្រើស​តាំង​តំណាង​រាស្ត្រ អាណត្តិ​ទី​៦ នឹង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​ទី​២៩កក្កដា ឆ្នាំ​២០១៨​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ