អានតួអត្ថបទ
កម្ពុជា

មហោស្រព​​ភាពយន្ត​​អន្តរជាតិ​​កម្ពុជា​​លើក​​ទី៥​​ បាន​​បើក​​ជា​​ផ្លូ​វ​ការ​

មហោស្រព​ភាពយន្ត​​អន្តរជាតិ​​កម្ពុជា​​លើក​​ទី៥ ​បាន​​បើក​​ជា​​ផ្លូវ​ការ​​ កាលពី​​យប់​មិញ​​ ដោយ​​មាន​​ការ​អញ្ជើញ​​ចូលរួម​​ពី​​រដ្ឋ​មន្ត្រី​​ក្រសួង​​ការ​​ព័ត៌មាន​​ លោក​​ ខៀវ​ កាញារិទ្ធ​ ​និង​​លោក​ស្រី​ ​ភឿង​ សក្កណា ​​រដ្ឋមន្ត្រី​ក្រសួង​​វប្បធម៌​​និង​​វិចិត្រ​សិល្បៈ។​ ​ក្នុង​​រយៈ​ពេល​​៥​ថ្ងៃ​​នៃ​​មហោ​ស្រព​​នេះ​​ ខ្សែ​​ភាព​យន្ត​ជាតិ​-​អន្តរជាតិ​​ និង​​ភាពយន្ត​​ឯកសារ​​សរុប​​ជាង​​៨០​រឿង​​ មក​​ពី​២៦​​ប្រទេស​ ​នឹង​​ត្រូវ​​ចាក់​​បញ្ចាំង​​ដោយ​​ឥត​គិត​ថ្លៃ​​ នៅ​​តាម​​រោងកុន​​ចំនួន​​៨​​នៅ​ក្នុង​​ទីក្រុង​​ភ្នំពេញ។​

ការ​បើក​សម្ភោធន៍​ មហោ​ស្រប​ភាពយន្ត​អន្តរជាតិ​ កម្ពុជា​លើក​ទី៥​ នៅ​រោង​ភាពយន្ត​Major Cineplex​ ថ្ងៃ​ទី​០៥​ ខែ​ធ្នូ​ ឆ្នាំ​២០១៤។​
ការ​បើក​សម្ភោធន៍​ មហោ​ស្រប​ភាពយន្ត​អន្តរជាតិ​ កម្ពុជា​លើក​ទី៥​ នៅ​រោង​ភាពយន្ត​Major Cineplex​ ថ្ងៃ​ទី​០៥​ ខែ​ធ្នូ​ ឆ្នាំ​២០១៤។​ សហការី
ផ្សាយពាណិជ្ជកម្ម

ពិធី​បើក​មហោស្រព​ភាពយន្ត​អន្តរជាតិ​កម្ពុជា​លើក​ទី៥ បាន​ធ្វើឡើង​នៅក្នុង​សាល​នៃ​រោងភាពយន្ត ​Major Cineplex​ by​ Cellcard​ ក្នុង​ផ្សារ​ទំនើប​អ៊ីអនម៉ល​ (EAON Mall)​ ដោយ​មាន​ការ​អញ្ជើញ​ចូល​រួម​ពី​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​ លោក ​ខៀវ កាញារិទ្ធ​ លោកស្រី ​ភឿង សក្កណា ​រដ្ឋមន្ត្រី​ក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ​ រួមទាំង​សមិទ្ធិករ​ភាពយន្ត​ជាតិ​-អន្តរជាតិ​ និង​តារាភាពយន្ត​ក្មេង​ចាស់​ប្រុស​ស្រី​ ជាច្រើនរូប​ ដូចជា​អ្នកស្រី​ ឌី សាវេត​ និង​កញ្ញាម៉ារីណែត​តួឯក​ស្រី​រឿង​ដុំ​ហ្វីល​ចុងក្រោយ​ជាដើម។​ 

មហោស្រព​ភាពយន្ត​អន្តរជាតិ​កម្ពុជា​លើក​ទី៥​ ចាប់ផ្តើម​ពី​យប់​ថ្ងៃ​សុក្រ​ទី៥ធ្នូ​តទៅ ​រហូតដល់​ថ្ងៃ​ពុធ​ទី១០ខែធ្នូ​ ដោយ​មាន​ការ​ចាក់​បញ្ចាំង​ខ្សែភាពយន្ត​ខ្នាត​ធំ​ ខ្នាត​ខ្លី ​និង​ភាពយន្ត​ឯកសារ​សំខាន់ៗ​ នៅ​តាម​បណ្តា​រោងភាពយន្ត​ធំៗ​ចំនួន​៨​ក្នុង​រាជធានី​ភ្នំពេញ។ ​មហោស្រព​ភាពយន្ត​នេះ​ គ្រោង​ចាក់​បញ្ចាំង​ខ្សែភាពយន្ត​ល្បីៗ​ចំនួន​ជាង​៨០​រឿង​ មក​ពី​២៦​ប្រទេស​ នៅ​ជុំវិញ​ពិភពលោក​ ដោយ​ឥតគិតថ្លៃ។​ លោកស្រី ​ភឿង សក្កណា ​រដ្ឋមន្ត្រី​ក្រសួង​វប្បធម៌​និង​វិចិត្រ​សិល្បៈ​ បាន​ប្រៀបធៀប​ថា ​មហោស្រព​ភាពយន្ត​នេះ ​ដូចជា​ការ​បើក​ចំហ​ជើង​មេឃ​មួយ​សំរាប់​យុវជន​កម្ពុជា​ ដើម្បី​ស្វែង​យល់​ពី​ពិភពលោក​ខាងក្រៅ​ ពិសេស​គឺ​ដើម្បី​ផ្សព្វផ្សាយ​វិស័យ​ភាពយន្ត​ខ្មែរ។

មហោស្រព​ភាពយន្ត​អន្តរជាតិ​កម្ពុជា​បាន​ក្លាយជា​ព្រឹត្តិការណ៍​ភាពយន្ត​ដ៏​សំខាន់​ជាងគេ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ ក្នុង​ការ​ផ្សព្វផ្សាយ​ផលិតផល​ភាពយន្ត​ក្នុងស្រុក​យ៉ាង​ទូលំទូលាយ​ទៅ​កាន់​ឆាក​អន្តរជាតិ​ និង​ជា​ឱកាស​ផ្លាស់ប្តូរ​បទពិសោធន៍​ ចំណេះដឹង​ទៅវិញ​ទៅមក​ រវាង​ផលិតករ​ភាពយន្ត​ខ្មែរ​ និង​បរទេស។ ​ហើយ​អ្វី​ដែល​មាន​មោទនភាព​នៅក្នុង​មហោស្រព​ភាពយន្ត​អន្តរជាតិ​កម្ពុជា​លើក​ទី៥នេះ​ គឺ​​ខ្សែ​ភាព​យន្ត​​ខ្នាត​ធំ​ពីរ​ដែល​ផលិត​ដោយ​កូន​ខ្មែរ​ ត្រូវ​បានដាក់​បញ្ចាំង​ ទី១​គឺ ​"រឿង​ទ្វាររបង"​ ដែល​និយាយ​ពី​សម័យ​ខ្មែរក្រហម។ ​ជា​រឿង​ដែលផលិត​ដោយ​សមិទ្ធិករ​បារំាង លោក​Régis Wargnier ដែល​ធ្លាប់​បាន​ទទួល​ពានរង្វាន់​អូស្ការ ​សម្រាប់​រឿង​Indochine ក្នុង​ឆ្នាំ ១៩៩២ ​និង​ទី២ គឺ​រឿង "ដុំ​ហ្វីល​ចុងក្រោយ" ​ដែល​ទើប​នឹង​ទទួល​បាន​ពានរង្វាន់​ព្រលឹង​អាស៊ី ​ពី​មូលនិធិ​ភាពយន្ត​ប្រទេស​ជប៉ុន​ កាល​ពី​ខែតុលា​កន្លង​ទៅ​ថ្មី​ៗ​នេះ​។

មហោស្រព​ភាពយន្ត​អន្តរជាតិ​កម្ពុជា​ ត្រូវ​បាន​បង្កើតឡើង​នៅ​ឆ្នាំ២០១០​ ដែល​រៀបចំឡើង​ដោយ​មជ្ឈមណ្ឌល​បណ្តុះបណ្តាល​ជំនាញ​ភាពយន្ត​ ក្រោម​កិច្ចសហការ​គាំទ្រ​ពី​ក្រសួង​វប្បធម៌​ និង​វិចិត្រសិល្បៈ​ ក្រសួង​ព័ត៌មាន​ និង​អង្គការ​យូនីស្កូ​ប្រចាំ​នៅ​កម្ពុជា។

លោកស្រី ភឿង សក្កណា ​រដ្ឋមន្ត្រីក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ​ បាន​ថ្លែង​បើក​សម្ពោធ​មហោស្រព​ភាពយន្ត​នេះ​ កាល​ពី​យប់​មិញ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ